Wednesday, October 9, 2019

មានបានតែកុំក្អេងក្អាង



ឃ្លាមួយនៅក្នុងសៀវភៅ ស្រីហិតោបទេស បានអប់រំថា " បុគ្គល​លើក​យកដុំថ្ម ឡើង​លើ​កំពូល​ភ្នំ​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​ធំ តែបើទម្លាក់​ចុះ​ពីលើ​កំពូល​ភ្នំ​វិញ​បាន​ដោយ​ងាយ ។ ខ្លួន​យើង​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់​ដោយ​គុណ គឺសេចក្ដី​ព្យាយាម​ដ៏​ធំ តែបើ​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ​ថោក​ទាប​វិញ​ក៏ធ្លាក់ដោយ​ទោស​ដ៏​ងាយៗ​ដូច​នោះ​ដែរ "

ទម្រាំកីឡាករឆ្នើមម្នាក់អាចឡើងដល់ចំណុចកំពូល គេបានលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ។ ទម្រាំមនុស្សម្នាក់យកដុំថ្មឡើងដល់កំពូលភ្នំបាន គេក៏បានលះបង់មិនចាញ់កីឡាករឆ្នើមនោះដែរ ។ ប៉ុន្ដែប្រសិនបើកីឡាករម្នាក់នោះ បន្ថយការខិតខំ គេនឹងចាញ់នៅពេលក្រោយ ។ បើអ្នកយកដុំថ្មដល់កំពូលភ្នំដោយមិនមើលមុខមើលក្រោយ ប្រុងប្រៀបមិនបានល្អទេ វាអាចនឹងរមៀលធ្លាក់មកវិញ ។

មានមហាសេដ្ឋីជាច្រើនបានធ្លាក់ខ្លួនក្រ ដោយសារសេចក្ដីប្រមាថ ។ មានមេដឹកនាំជាច្រើនបានធ្លាក់ពីដំណែង ហើយមានទោស ដោយសារសេចក្ដីប្រមាថ ។ មានមនុស្សបរាជ័យជាច្រើន ដែលចាញ់ដោយសារសេចក្ដីប្រមាថ ។ ប្រមាថនៅត្រង់នេះចង់សំដៅលើមនុស្សដែលប្រមាថលើភាពសុក្រឹតនៃបទវិន័យជីវិត ។ មហាសេដ្ឋី ប្រមាថភាពសុក្រឹតដោយសំអាងទឹកលុយ ។ មេដឹកនាំប្រមាថភាពសុក្រឹតដោយសំអាងអំណាច ។ មនុស្សបរាជ័យ ប្រមាថភាពសុក្រឹតដោយសំអាងលើពាក្យថា " វាមិនអីទេ វាជារឿងតូចតាច " ។ ការធ្លាក់ខ្លួនថោកទាបអាចជារឿងងាយ (ដោយសារតែសេចក្ដីប្រមាថដែរ ) តែការកសាងគុណតម្លៃឡើងវិញទើបជាងរឿងមិនងាយ ។ ព្រះចៅអធិរាជបារាំង ណាប៉ូលេអុង បានណែនាំថា " រយៈចម្ងាយពីភាពថ្លៃថ្នូរទៅកាន់សភាពថោកទាប គឺជិតបំផុត ប៉ុន្ដែរយៈចម្ងាយពីភាពថោកទាប ទៅសេចក្ដីថ្លៃថ្នូរវិញ គឺមានចំងាយឆ្ងាយជាទីបំផុត "

មានបានតែកុំក្អេងក្អាង ខ្ពង់ខ្ពស់តែកុំភ្លើតភ្លើន ស្តុកស្តម្ភតែកុំភ្លេចខ្លួន នោះទើបជីវិតមិនងាយធ្លាក់តម្លៃ ។ ដ្បិតតម្លៃនៃជីវិតគឺជាការ "មិនប្រមាថ " ព្រោះការមានសេចក្ដីប្រមាថ គឺជាប្រភពនៃទុក្ខទោស ។ ពាក្យខ្មែរតែងនិយមហៅថា " កុំចេះតែហ៊ាន "

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment