វាមិនមែនជារឿងចាំបាច់ទេ
ដែលយើងនឹងត្រូវគេសាទរពេលដែលយើងជោគជ័យ ។ រឿងដែលចាំបាច់បំផុនោះ គឺថាតើនរណាខ្លះ
ជាអ្នករុញយើងពីក្រោយរហូតមក ? តើនរណាខ្លះ ដែលតែងហុចទឹកឱ្យយើងផឹក
ពេលដែលយើងហេវហត់អស់កម្លាំង ? តើនរណាខ្លះ ដែលតែងតែហុចដៃឱ្យយើងតោងពេលដែលយើងដួលម្ដងៗ
? តើអ្នកណាខ្លះ ដែលតែងទុកយើងជាចំណែកសំខាន់នៃជីវិតរបស់គេ
ហើយតែងតែសង្គ្រោះយើង ? ពួកគេជាមនុស្សមានតម្លៃបំផុត
ហើយតម្លៃដែលពួកគេបានលះបង់ ពុំមែនជាអ្វីដែលយើងអាចទិញបានដូចរបស់ក្នុងផ្សារនោះទេ ។
អ្នកខ្លះជួយយើងក្នុងន័យសម្ដែង
អ្នកខ្លះជួយយើងអស់ពីចិត្ត ប៉ុន្ដែសម្ដែងឬការពិត មានតែយើងទេដែលដឹងច្បាស់ ។ កុំស្អប់នរណាម្នាក់ដោយសារតែគេគ្មានចំណែកលើជីវិតយើង
ចូរទុកទង្វើពួកគេជាបទពិសោធជីវិត ។ កុំស្អប់អ្នកដែលព្យាបាទយើង
ចូរប្រឹងអភិវឌ្ឍខ្លួនឯងឱ្យខ្លាំង ។ កុំតបតនឹងអំពើអាក្រក់
ព្រោះថ្ងៃណាមួយទង្វើរបស់គេ គង់នឹងរត់ទៅរកគេវិញ ។ ចូរសន្សំសុចរិតជាមួយអ្នកដទៃ
នោះជីវិតនឹងមានតម្លៃ ។
ចូរចាំថាស្លាបដ៏រឹងមាំមួយគូ
ដែលបក្សីមួយក្បាលអាចហើរបានតាមចិត្ត គឺជាស្លាបដែលទទួលបានពីមេរបស់វា ។
ជីវិតជោគជ័យដែលយើងទទួលបាននៅថ្ងៃនេះ ឬថ្ងៃណាមួយ ទោះតិចឬច្រើន ចូរកុំភ្លេចស្នាមញញឹមរបស់មនុស្សដែលបានផ្ដល់អ្វីៗទាំងនោះឱ្យយើង
ហើយតកស្នងពួកគេឱ្យបានល្អ ។ សុភាសិតខ្មែរតែងប្រដៅថា "
ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ " ៕
Cr. Sun Veasna
No comments:
Post a Comment