Sunday, October 6, 2019

ស្តាប់យកចំណេះ



ការសិក្សារៀនសូត្រ គឺគ្មានដែនកំណត់ទេ ដ្បិតយើងត្រូវរៀនពេញមួយជីវិត។ ជីវិត គឺជាការសិក្សានូវរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ។ ក្នុងលក្ខខណ្ឌខ្លះ បើត្រឹមតែមួយរស់ គឺរៀនត្រឹមល្មមៗបាន ដូចជាចេះជំនាញបច្ចេកទេស មានបំនិនជីវិត មានទំនាក់ទំនងសង្គមល្អ និងចេះពីសិល្បៈនៃការរស់នៅ។ ប៉ុន្តែបើចង់លើសពីរស់ ចង់សង្គ្រោះអ្នកទន់ខ្សោយ គឺរៀនតិចៗ រៀនសើរៗ រៀនល្មមៗ គឺពុំបានឡើយ។ បើទោះបីជាយើងរៀនក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ត្រូវឆ្លាតក្នុងការរៀនដែរ ហើយត្រូវប្រឹងរៀន ចេះស្រូបយកចំណេះដឹងគ្រប់ទិសទី និងរៀនគ្រប់មនុស្សទាំងអស់។

ទីណាក៏យើងអាចរៀនបានដែរ សំខាន់ឱ្យតែយើងតាំងចិត្តថាចង់ចេះ។ អ្នកណាក៏ជាគ្រូរបស់យើងដែរ សំខាន់ឱ្យតែយើងចង់រៀន។ អ្វីៗនៅជុំវិញសុទ្ធតែអាចរៀនសូត្របានទាំងអស់ សំខាន់ថាតើយើងចង់រៀនដែរឬទេ? មនុស្សដែលអាចរៀនសូត្របានលឿន និងឆាប់ចេះដឹងលឿនជាងមនុស្សធម្មតា គឺជាបុគ្គលដែលមានលក្ខណៈជាអ្នកតាំងចិត្តរៀន និយាយស្តីតិច ស្តាប់ច្រើន និងមិនចំណាយពេលតវ៉ាចំពោះបញ្ហាឥតប្រយោជន៍។ តើហេតុអ្វីខ្ញុំលើកឡើងយ៉ាងដូច្នេះ?

លក្ខណៈរបស់អ្នករៀន គឺគួរតែជាមនុស្សដែលពូកែប្រើត្រចៀក ពូកែប្រើភ្នែកសង្កេត និងចេះឆ្ងល់ច្រើន។ អ្នកដែលពូកែស្តាប់ គឺជាអ្នកដែលអាចស្រូបយកព័ត៌មានបានច្រើនជាងអ្នកដែលពូកែនិយាយ ដ្បិតការនិយាយវាគ្រាន់តែរបៀបនៃការរឭកនូវអ្វីដែលយើងធ្លាប់បានចេះប៉ុណ្ណោះ។ តាំងពីតូចមក ខ្ញុំចាត់ទុកខ្លួនឯងថាជាអ្នកដែលពូកែស្តាប់ម្នាក់ ដ្បិតខ្ញុំចេះត្រឹមតែញញឹម និងសម្លឹងមើលអ្នកដទៃជជែកគ្នា។ ការរស់នៅកន្លងមក ក្នុងនាមជាអ្នករៀន ខ្ញុំស្តាប់មនុស្សជាច្រើននិយាយគ្នា មិនថាអ្នកខិលខូច អ្នកផឹក អ្នកល្អ អ្នកចេះដឹង ឬបុគ្គលណាទេ។ តើហេតុអ្វីខ្ញុំត្រូវស្តាប់? មូលហេតុ គឺដោយសារតែខ្ញុំចង់ដឹងថា តើមនុស្សប្រភេទនេះមានចិត្តគំនិតបែបណា? តើមនុស្សបែបនេះចេះដឹងកម្រិតណា?

កាលនៅជាសិស្សបឋមសិក្សា ខ្ញុំដើរកាត់ដុបកាត់ព្រៃដោយជើងទៅសាលារៀនរយៈពេលជិត៣០នាទី, ដើរបណ្តើរ ខ្ញុំទន្ទេញមេរៀនសង្គមវិជ្ជារហូតដល់រៀនរត់មាត់។ ពេលរៀនដល់ថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្វើដំណើរផង និងទន្ទេញនូវពាក្យស្លោក ភាសិត សុភាសិត ពាក្យចាស់ៗរបស់ខ្មែរគ្រប់ពេល។ មានឃ្លាជាច្រើនដែលខ្ញុំចាំ ហើយពាក្យខ្មែរមួយដែលខ្ញុំយកមកពិចារណារហូតមកនោះគឺ ពាក្យសម្តី គឺជារូបភាពនៃចិត្តគំនិត។ រហូតដល់ពេលនេះ ខ្ញុំនៅតែចូលចិត្តស្តាប់។ អត្ថប្រយោជន៍នៃការស្តាប់ច្រើន គឺខ្ញុំចេះដឹង និងបានរៀនសូត្រច្រើនថែមទៀត។ បើនិយាយតាមត្រង់តាមបទពិសោធ សម្តីអ្នកខ្លះ និយាយមក១០០ម៉ាត់ គឺអាចយកជាការណ៍បានត្រឹមតែមួយម៉ាត់គត់។

បើទោះបីជាយ៉ាងណា ក៏ខ្ញុំនៅតែទទួលប្រយោជន៍ពីសម្តីមួយម៉ាត់នោះដែរ។ ក្នុងរឿងខ្លះទៀត ខ្ញុំអាចនិយាយបានល្អជាង តែខ្ញុំសុខចិត្តមិននិយាយ ដ្បិតទីមួយបើគ្មានប្រយោជន៍ចាំបាច់ណាមួយ ឬគ្មានកិច្ចការចំបាច់ណាមួយទេ គឺដាច់ខាតខ្ញុំមិននិយាយ។ ដល់ពេលឆ្លុះបញ្ចាំងមកយុវជនខ្លះ ពេលឃើញអ្នកចេះដឹង មិនសូវចូលចិត្តរៀនសូត្រពីគេទេ ហើយថែមទាំងដណ្តើមគេនិយាយផងក៏មាន។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនព្យាយាមឱ្យតម្លៃអ្នកចេះដឹង អ្នករៀនសូត្រ ចាស់ទុំ ព្រមទាំងចេះសួរយោបល់ស្វែងរកចំណេះដឹង។ បើទោះបីជាយើងចេះដល់ណា ក៏ត្រូវតែចេះឱនដែរ។ ខ្មែរយើងថា ងើយស្កក ឱនដាក់គ្រាប់។ នៅក្នុងគម្ពីរ តៅ តេ ជីងរបស់អ្នកប្រាជ្ញចិន ឡៅ ជឺ បានលើកឡើងពីរឿងមួយថា តើហេតុអ្វីទន្លេនិងសមុទ្រមានទឹកប្រមូលផ្តុំគ្នាច្រើន? នេះគឺដោយសារតែទន្លេនិងសមុទ្រចេះជាទីដែលទាប។ នៅវ័យរៀន គឺត្រូវប្រឹងស្រូបយកចំណេះឲ្យបានច្រើនតាមដែលខ្លួនឯងអាចធ្វើបាន៕



No comments:

Post a Comment