Sunday, October 6, 2019

មុទិតាសង្គម



ក្រោយពីខ្ញុំបានសរសរអត្ថបទមួយដែលមានចំណងជើងថា ទិដ្ឋភាពខ្លះៗនៃការបែកបាក់សង្គមក៏មានអ្នកខ្លះបានសួរខ្ញុំថា តើហេតុអ្វីទើបបានជាមានការបែកបាក់?”

បញ្ហានៃសង្គ្រាមសង្គមជាច្រើនទស្សវត្សរ៍បានធ្វើឱ្យយើង ប្រែច្រើនណាស់ គឺប្រែរហូតដល់លែងស្គាល់ខ្លួនឯងថាខ្លួនជានរណា។ ខ្មែរនៅតែមានឈាមខ្មែរ និងព្រលឹងខ្មែរនៅជាមួយ តែបញ្ហានៅត្រង់ថាយើងមិនសាមគ្គីនៅក្បែរគ្នា និងមានចិត្តប្រែជាបែកបាក់គ្នា។ មានអ្នកខ្លាំង តែខ្លាំងដោយរស់នៅម្នាក់ឯង រស់នៅដោយដាច់សង្វែងពីអ្នកដទៃ។ ខ្លាំង តែខ្លាំងបានតែម្នាក់ឯង ដ្បិតយើងមិនចេះផ្គុំគ្នា។ កាន់តែខ្លាំង កាន់តែបែកគ្នា និងកាន់តែឆ្ងាយពីគ្នា ដ្បិតដោយសារតែមូលហេតុចិត្តមានអស្មិមានះ។ ការមិនចេះផ្គុំគ្នា គឺដោយសារតែយើងមិនទាន់ចេះឱ្យតម្លៃគ្នា មិនទាន់ចេះគោរពគ្នា មិនទាន់ទុកចិត្តគ្នា និងមានលក្ខណៈកើតចេញនូវចិត្តច្រណែនចំពោះគ្នា នៅពេលណាអ្នកដទៃល្អជាងខ្លួន។ អ្នកល្ងង់មិនសូវស៊ីសង្វាក់គ្នា និងមិនសូវត្រូវរ៉ូវគ្នា វាគឺជារឿងធម្មតាទេ តែបើបញ្ញាជនមិនសូវត្រូវគ្នា មិនចេះសាមគ្គីគ្នា គឺជារឿងដែលគួរឱ្យខ្មាសអៀនជាទីបំផុត ក្នុងនាមជាអ្នកចេះដឹង។ តើបញ្ហានៅត្រង់ណា?

អ្នកចេះដឹងពិត តែងធ្វើការងារពិត យកលទ្ធផលពិត គិតប្រយោជន៍រួមជាធំ។ ប៉ុន្តែអ្នកចេះដឹងខ្លះ បែរជាធ្វើការងារយកមុខ គិតមុខមាត់ តម្កល់កិត្តិយសបុគ្គលធំជាងប្រយោជន៍រួម។ នេះហៅថាខ្វះស្មារតីនៃការលះបង់ និងមិនចេះក្បួនសាមគ្គី។ អ្នកប្រឹងធ្វើការងារពិត មិនទទួលបានការលើកទឹកចិត្តឱ្យតម្លៃ តែបែរជាទទួលបានការវាយតម្លៃយ៉ាងអវិជ្ជមានទៅវិញ។ អ្នកដែលមានគុណធម៌ បែរជាមិនទទួលបានការគោរព ការឱ្យតម្លៃ និងការលើកទឹកចិត្ត។ មនុស្សមិនទាន់ចេះគោរពភាពជាមនុស្ស តែមនុស្សចេះច្បាស់នូវការគោរពទ្រព្យសម្បត្តិ គោរពឋានៈ គោរពតួនាទី...។ ផ្ទុយទៅវិញ អ្នកដែលមានសម្បកក្រៅ ជាអ្នកពាក់ស្រោមមុខ បែរជាទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ បើក្នុងចំណោមអ្នកចេះដឹងដូចគ្នា តើត្រូវឱ្យតម្លៃគ្នាត្រង់ចំណុចណា?

អ្នកចេះដឹងដូចគ្នា មានចំណេះដឹងស្មើគ្នា គឺការគោរពឱ្យតម្លៃ ត្រូវស្ថិតនៅលើគុណធម៌។ អ្នកណាដែលមានគុណធម៌ក្រាស់ជាង គឺត្រូវគោរពអ្នកនោះ។ អ្នកអវិជ្ជាត្រូវគោរពអ្នកចេះដឹង ហើយឱ្យតម្លៃអ្នកចេះដឹងពិតប្រាកដ ដ្បិតអ្នកចេះដឹងតែងមានសមត្ថភាពសាងប្រយោជន៍ដល់សង្គមបានច្រើនជាង។ មានរឿងមួយដែលត្រូវប្រុងប្រយ័ត្ន គឺប្រយ័ត្នអ្នកចេះដឹងដែលប្រឹងបង្កាច់បង្ខូចសច្ចភាព។ ពិតនិងក្លែងក្លាយ វាពិបាកវែកញែកណាស់ ប្រៀបដូចជាខ្សាច់និងស្ករ។ ការដឹងល្អ ដឹងអាក្រក់ ដឹងពិតដឹងក្លែងក្លាយ គឺត្រូវការចំណេះដឹងវិភាគវែកញែកច្រើនណាស់។ ពេលណាដែលយើងដឹងល្អ ដឹងអាក្រក់ ដឹងមនុស្សដែលមានត្រឹមតែសម្បក និងដឹងមនុស្សដែលគ្មានខ្លឹមក្នុង គឺយើងនឹងចេះឱ្យតម្លៃមនុស្សពិតប្រាកដ ដឹងថាបុគ្គលណាដែលគួរលើកតម្កើង និងបុគ្គលណាដែលមិនគួរ។

រឿងចុងក្រោយ គឺមនុស្សគ្រប់គ្នាគួរតែចេះពេញចិត្តនឹងសេចក្តីល្អ និងចេះសរសើរតម្កើងសេចក្តីសុចរិត ដ្បិតវាជាគុណធម៌មួយ ដែលអាចចងភ្ជាប់មនុស្សនឹងមនុស្សឱ្យស្អិតរមួតគ្នា និងចេះស្រឡាញ់គ្នា។ តើអ្វីទៅជាគុណធម៌នៃការចេះពេញចិត្ត។ បើបកស្រាយក្នុងទ្រឹស្តីពុទ្ធនិយម គឺហៅថា មុទិតាចិត្តEmpathetic Joy” ឬមានន័យថា ការមិនមានចិត្តច្រណែនឈ្នានីសអ្នកដទៃ និងចេះត្រេកអរជាមួយនឹងអ្វីដែលអ្នកដទៃមាន។ បើបកស្រាយនៅក្នុងខ្លឹមសារនៃភាពជាអ្នកដឹកនាំវិញ គឺយើងប្រើពាក្យថា ការចេះពេញចិត្ត Appreciation” ដែលសំដៅលើការជួយចូលរួមត្រេកអរនឹងជោគជ័យរបស់បុគ្គលណាម្នាក់ ដែលបានកសាងសេចក្តីល្អ និងប្រយោជន៍ចំពោះអ្នកដទៃក្តីឬខ្លួនឯងក្តី។ បើអ្នកធ្វើល្អ បែរជាបានផលអាក្រក់ តើសេចក្តីល្អនឹងកើតឡើងបានដោយរបៀបណាទៀត? អ្នកធ្វើល្អ បែរជាមិនមានមនុស្សល្អគាំទ្រ តើអ្នកដែលមិនគាំទ្រសេចក្តីល្អ គឺជាមនុស្សបែបណា?

បើការគាំទ្រឈរលើការគាំទ្របក្ស ឬគាំទ្រតែក្រុម តែមិនគាំទ្រមនុស្សល្អ, តើមនុស្សយើងត្រូវបង្កើតក្រុម ឬបង្កើតបក្ស ទុកចាំតទល់វាយតប់គ្នាមែនទេ? ឧទាហរណ៍ បងប្អូនស្មេរខ្លះហៅអ្នកអានរបស់ខ្លួនថាជា “Fan” តែបើនិយាយឱ្យមែនទែនទៅ ជាទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ គឺខ្ញុំទំនងរាងដូចជារង្កៀសចិត្តនឹងការប្រើពាក្យ “Fan” នេះបន្តិច។ ខ្ញុំយល់ថាស្មេរ គឺមិនមែនជាតារាចម្រៀង ឬបរវកញ្ញាដែលត្រូវប្រឹងសម្ញែងដងខ្លួន ឬសម្បកខាងក្រៅទេ តែគួរតែជាអ្នកកាន់ដងប៉ាកកាដុសខាត់អ្វីដែលនៅខាងក្នុងខ្លួនមនុស្ស ប្រៀបដូចជាបុព្វជិតក្នុងសាសនាមិនលង់វង្វេងនឹងរឿងលោកធម៌អ៊ីចឹងដែរ។

មានសុភាសិតចិនមួយឃ្លាលើកឡើងថា នារីស្អាត ពីព្រោះតែចិត្តខាងក្នុងស្អាត។ មានពាក្យដំណាលមួយ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ក្រក៏ក្រចុះ ឱ្យតែមាន។ នេះជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ តែបើខុសឆ្គង ក៏សុំអធ្យាស្រ័យផងចុះ។ ចំពោះខ្ញុំ ជាអ្នកអានម្នាក់ ខ្ញុំតាំងចិត្តថានឹងចាត់ទុកអ្នកចេះដឹង (មិនថាជាស្មេរ ឬបុគ្គលចេះដឹងណាទេ) ជាបុគ្គលគំរូម្នាក់ ហើយតាំងចិត្តជួយគាំទ្រដោយចេញពីទឹកចិត្ត តែមិនមែនគាំទ្រក្នុងលក្ខខណ្ឌឱ្យបង្កើតក្រុមបង្កើតបក្សវាយប្រហារគ្នាទេ ឬមិនមែនធ្វើជាទ័ពមុខ ទ័ពស្រួច ទ័ពប្រយុទ្ធទេ។ អ្នកចេះដឹង អ្នកធម៌អាថ៌ គឺមិនគួរជាបុគ្គលសម្បក ដែលកំណត់តម្លៃខ្លួនត្រឹមតែជាកម្រិតសញ្ញាបត្រ រូបរាងស្អាត ចិត្តមាយា (Maya or Illusion) តែគួរតែជាបុគ្គលដែលដើរផុតពីរឿងសម្បកក្រៅ។ ក្នុងលក្ខខណ្ឌធម្មជាតិ មនុស្សល្អតែងចូលចិត្ត និងគាំទ្រសេចក្តីល្អដែលកើតចេញពីចិត្តបរិសុទ្ធ។ ចុះបើមនុស្សល្អមិនគាំទ្រអ្នកធ្វើល្អ និងមិនគាំទ្រសេចក្តីល្អ តើយើងអាចចាត់ទុកខ្លួនឯងថាជាមនុស្សល្អបានដែរឬទេ?

អត្ថបទនេះ វាមានលក្ខណៈក្តៅបន្តិច តែបើត្រូវ ក៏សូមពិចារណាប្រើការណ៍ឱ្យកើតជាប្រយោជន៍នៃការយល់ត្រូវ និងបង្កើតសាមគ្គី។ ប៉ុន្តែបើវាខុសវិញ គឺសូមចាត់ទុកថាជាកំហុសរបស់ខ្ញុំជាស្មេរទៅចុះ។

___

No comments:

Post a Comment