លោកប្រធានាធិបតីស៊ីជីនពីងធ្លាប់បាននិយាយថា៖
កាលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់
ហើយខ្ញុំតែងតែទាមទារអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំ។
នៅទីបំផុតមនុស្សនៅជុំវិញខ្លួនខ្ញុំបានចាកចេញពីខ្ញុំម្តងមួយៗ
សូម្បីតែមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំមិនដែលបន្ទោសថាមកពីខ្លួនឯងទេ
ហើយតែងតែទម្លាក់កំហុសទៅអ្នកដទៃ ហើយថែមទាំងរិះគន់ទៅលើពួកគេទៀត។
ប៉ុន្តែឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគោលការណ៍មួយដែលខ្ញុំចងចាំជានិច្ច។
ថ្ងៃមួយគាត់បានធ្វើមី
២ចានហើយដាក់វានៅលើតុ។ ចានមួយមានពងមាន់១គ្រាប់នៅពីលើហើយចានមួយទៀតមិនមានពងមាន់នោះទេ។
បន្ទាប់មកគាត់បានឱ្យខ្ញុំរើសយកចានមួយ។ នៅគ្រានោះពងមាន់គឺជារបស់មិនងាយបានញ៉ាំនៅក្នុងគ្រួសារខ្ញុំទេ!
ទាល់តែមានបុណ្យទានឬចូលឆ្នាំថ្មី ទើបយើងបានញ៉ាំវា។
ខ្ញុំក៏បានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ! នៅពេលដែលយើងចាប់ផ្តើមញ៉ាំ
ខ្ញុំគិតក្នុងចិត្តថាខ្លួនឯងឆ្លាតណាស់ និងមានមោទកភាពជាខ្លាំងចំពោះជម្រើសនិងការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ខ្ញុំ
ហើយថែមទាំងញ៉ាំពងមាន់យ៉ាងសប្បាយទៀតផង។
តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុកខ្ញុំមានពងមាន់ដល់ទៅ២គ្រាប់
នៅពីក្រោមមីរបស់គាត់! ខ្ញុំសោកស្តាយខ្លាំងណាស់! ហើយខ្ញុំបានស្តីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តខុសរបស់ខ្ញុំ។
ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថា“ កូនសំលាញ់!
កូនត្រូវតែចងចាំថា អ្វីដែលភ្នែកយើងអាចមើលឃើញ មិនប្រាកដថាវាជាការពិតនោះទេ។
ប្រសិនបើកូនចង់កេងយកប្រយោជន៍ពីមនុស្សដទៃ នោះកូននឹងចាញ់!”
នៅថ្ងៃបន្ទាប់ឪពុកខ្ញុំបានធ្វើមីចំនួន
២ចានទៀត គឺមួយចានដាក់ពងមាន់មួយគ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងមាន់នៅពីលើដដែល។ ជាថ្មីម្តងទៀតគាត់បានដាក់ចានទាំងពីរនៅលើតុហើយនិយាយមកខ្ញុំថា“ កូនពុក!
កូនរើសទៅ! តើកូនចង់បានចានមួយណា?” ពេលនេះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន។
ខ្ញុំបានរើសយកចានដែលគ្មានពងនៅពីលើ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅពេលខ្ញុំញែកមីរបស់ខ្ញុំទៅ មិនមានសូម្បីតែពងមួយគ្រាប់នៅបាតចាននោះទេ!
ឪពុកខ្ញុំញញឹមហើយនិយាយមកខ្ញុំថា“ កូនអើយ!
កូនមិនអាចពឹងផ្អែកទៅលើបទពិសោធដែលកូនធ្លាប់មានជារៀងរហូតនោះទេ
ព្រោះពេលខ្លះជីវិតអាចបោកប្រាស់ឬលេងសើចជាមួយយើងបាន។
ប៉ុន្តែកូនក៏មិនត្រូវខូចចិត្តពេកនោះដែរ។
កូនគួរចាត់ទុកវាថាគ្រាន់តែជាមេរៀនដែលបានរៀនទៅចុះ។ វាជាអ្វីដែលកូនមិនអាចរៀនវាពីសៀវភៅមេរៀននោះបាន។
ថ្ងៃទី៣ ឪពុកខ្ញុំបានធ្វើមីចំនួន
២ចានម្តងទៀតដូចលើកមុនដែរ
ដោយមួយចានដាក់ពងមាន់១គ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងនៅពីលើដដែល។
គាត់បានដាក់ចានទាំង២ នៅលើតុហើយនិយាយមកខ្ញុំម្ដងទៀតថា“ កូនអើយ!
កូន ជ្រើសរើសចុះ។ តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា“
ពុកគួរតែជាអ្នកត្រូវជ្រើសរើសមុនគេ។
ពុកគឺជាមេគ្រួសារហើយពុកបានលះបង់ច្រើនណាស់ដល់គ្រួសារមួយនេះ។
ឪពុកខ្ញុំមិនបានបដិសេធទេ ហើយក៏បានជ្រើសរើសយកចានមួយដែលមានពងមាន់ដាក់នៅពីលើ។
នៅពេលខ្ញុំញ៉ាំមីរបស់ខ្ញុំ ខ្ញុំប្រាកដក្នុងចិត្តណាស់ថាចានរបស់ខ្ញុំគ្មានពងមាន់នៅខាងក្នុងចាននោះទេ។
តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញពងមាន់ដល់ទៅ២គ្រាប់នៅបាតចាន!
ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រឡាញ់នៅក្នុងក្រសែភ្នែករបស់គាត់
ហើយនិយាយថា“
កូនអើយ!កូនត្រូវតែចងចាំណា! នៅពេលដែលកូនគិតពីប្រយោជន៍អ្នកដទៃមុន
នោះរឿងល្អនឹងកើតឡើងចំពោះកូនជានិច្ច!
ចាប់ពីពេលនោះមក
ខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្ញុំដោយឈរលើគោលការណ៍ទាំង៣នេះ។ ទោះខ្ញុំធ្វើអ្វីក៏ដោយ
ទោះបីវាជាបញ្ហាផ្ទាល់ខ្លួនឬបញ្ហាអាជីវកម្ម ខ្ញុំតែងតែប្រាប់ខ្លួនឯងថា
ត្រូវគិតដល់អ្នកដទៃមុនជានិច្ច៕
Cr. ឃឹម ហ្វីណង់