Tuesday, December 3, 2019

រឿងល្អដែលយើងបានសាង



វាពុំចាំបាច់អ្វី ដែលផ្កាម្លិះត្រូវដើរប្រាប់មនុស្សគ្រប់គ្នាថាខ្លួនជាផ្កាម្លិះនោះទេ ក៏ពុំចាំបាច់អ្វីដែលការសាងអំពើល្អរបស់យើងត្រូវសុំការមើលឃើញពីអ្នកដទៃនោះដែរ ។ ផ្កាម្លិះក្រអូបព្រោះសារជាតិរបស់វាជាផ្កាក្រអូប មនុស្សគ្រប់គ្នាស្គាល់ផ្កាម្លិះ ក៏ព្រោះតែក្លិនរបស់វា ។ ជាក់ស្ដែងមនុស្សស្គាល់លាមកព្រោះតែវាជាលាមក ទោះបាញ់ទឹកអប់ដាក់លាមក ក៏លាមកនៅតែជាលាមក ។ យ៉ាងណា មនុស្សអាក្រក់ក៏ដូច្នោះដែរ ទោះប្រឹងសម្ដែង ឬសម្អិតសម្អាងខ្លួនយ៉ាងណា ក៏គង់មិនអាចលាក់ចរិតបានដូចគ្នា ។ ដរាបណាមនុស្សអាក្រក់មិនព្រមកែខ្លួន គេក៏មិនខុសពីលាមកដែរ កែយ៉ាងណាក៏កែមិនឡើង ឬមនុស្សខ្លះគ្មានបំណងកែទាល់តែសោះ ។

សង្គមបានសម្គាល់មនុស្សល្អតាមរយៈទង្វើ ហើយសង្គមក៏មិនខ្វល់ថាវាជាការសម្ដែងឬមិនសម្ដែងនោះដែរ ព្រោះអ្វីដែលសង្គមត្រូវការ " គឺការសង្គ្រោះ " ទោះវាឋិតក្នុងលក្ខខណ្ឌបែបណា ក៏ប្រសើរជាងបុគ្គលដែលពុំមានពលីកម្មសោះនោះដែរ ឬទោះបីវាជាការសម្ដែងក៏ដោយ ឱ្យតែពលីនោះក្នុងន័យជួយសង្គម ជួយអ្នកដទៃ ឬជួយជាតិមាតុភូមិ យើងគួរតែមានការលើកទឹកចិត្តបន្ដ ។ ប៉ុន្ដែបើពុំដូច្នោះទេ សង្គមយើងនឹងពិបាកក្នុងការសាបព្រោះសេចក្ដីល្អ ដ្បិតលែងហ៊ានសាងអំពើល្អ ដោយសារខ្លាចគេថាសម្ដែង ។ សម្ដេចសង្ឃ ដាឡៃឡាម៉ា( Dalai Lama ) បានលើកឡើងថា " បច្ចុប្បន្ន ពិភពលោកលែងត្រូវការបុគ្គលជោគជ័យទៀតហើយ ប៉ុន្ដែពិភពលោកត្រូវការអ្នកសង្គ្រោះ "

បើឃើញគេសាងអំពើល្អ ប្រសិនបើអាចយើងគួរជួយលើកទឹកចិត្ត ។ បើឃើញគេធ្វើរឿងត្រឹមត្រូវ ប្រសិនបើអាចយើងគួរតែចូលរួម ។ សង្គមស្អាត គឺត្រូវការពពួកមនុស្សល្អចាប់ដៃគ្នាទៅពិនិត្យព្យាបាល ពុំមែនរួមដៃគ្នា ចោទប្រកាន់គ្នានោះទេ ។ អំពើដែលបុគ្គលម្នាក់បានសាងក្នុងសង្គម តែងចង់បន្សល់ស្នាដៃ ហើយគតិនៃការចង់បន្សល់ស្នាដៃ ឬគតិនៃការចង់ឱ្យអ្នកដទៃដឹងថាខ្លួនបានសាងល្អ វាក៏ពុំខុសដែរ ហើយក៏ពុំអាចចោទថាជាការសម្ដែងបានទេ ដ្បិតសេចក្ដីល្អមិនត្រូវការ ការតបស្នង ប៉ុន្ដែត្រឹមការបន្សល់ឈ្មោះ វាមិនធ្ងន់ធ្ងរទេ ។ ចូររួមបណ្ដុះគ្រាប់ពូជនៃអំពើល្អ ប្រសិនបើយើងចង់បានប្រជាពលរដ្ឋដែលចេះស្រឡាញ់គ្នា ។ ចូររួមបង្ហាញនូវសេចក្ដីជាគំរូភាព ប្រសើរជាងការរិះគន់គ្នា ក្នុងអត្ថន័យមិនត្រឹមត្រូវ ។ ប្រសិនបើយើងគឺជាផ្កាម្លិះមែន យើងក៏គ្មានហេតុផលអ្វីដែលត្រូវខ្លាចអ្នកដទៃច្រឡំថាយើងជាលាមកនោះដែរ ៕

____________________

Cr. Sun Veasna

No comments:

Post a Comment