Saturday, February 1, 2020

នេះក៏នឹងប្រែប្រួល



ក្នុងដំណើរហូរទៅនៃជីវិតឥតមាននរណាម្នាក់អាចរក្សាវត្ថុអ្វីមួយឱ្យស្ថិតនៅជាប់នឹងខ្លួនជាអចិន្ត្រៃយ៍បានឡើយ ។ អ្វីៗគ្រប់យ៉ាងគឺជាអង្គនៃការប្រែប្រួល ដោយយល់អំពីសេចក្តីពិតនៃធម្មជាតិបែបនេះ បុគ្គលដែលអាចសម្របខ្លួនទៅនឹងដំណើរឥតទៀងទាត់របស់ធម្មជាតិនឹងរស់នៅជាសុខ ហើយអាចចៀសផុតអំពីភាពអន្ទះអន្ទែងខាងផ្លូវចិត្ត ។ ការសម្របខ្លួនក្នុងទីនេះ គឺជាការព្រលែងចោលគ្រឿងសៅហ្មងមួយចំនួន ដែលវាហួសឆ្ងាយពីវិស័យអាចកែប្រែបានចំពោះអ្វីដែលយើងអាចដោះស្រាយបាន គឺត្រូវតែប្រឹងប្រែងធ្វើ និងដោះស្រាយឱ្យដូចជាយើងនេះអាចរស់នៅជាអមតៈ

ផ្លូវនៃជីវិតមនុស្សយើងប្រៀបដូចជាបន្ទាត់មួយ ដែលស្ថិតនៅក្នុងចន្លោះការខឹងស្អប់ និង ការជាប់ជំពាក់ ។ ប្រសិនបើយើងភ្លាត់ស្នៀតទៅឆ្វេង ឬទៅស្តាំតែបន្តិច គ្រឿងសៅហ្មងទាំងពីរយ៉ាងដូចបានរៀបរាប់ពីខាងដើមនឹងតោងជាប់ចិត្តរបស់យើងមួយរំពេច ។ ការជាប់ផុងក្នុងការខឹងស្អប់ និង មិនយល់ដល់សភាពប្រែប្រួលរបស់ធម្មជាតិ គឺជាការរងទុក្ខមួយយ៉ាងធំក្នុងជីវិត ។ សភាពប្រការបែបនេះនឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សម្នាក់ ដែលរវល់ចងរវល់ស្រាយតែលើបញ្ហាដដែលៗរាប់មិនអស់ ។

អ្វីៗគ្រប់យ៉ាងដែលមកភពប្រសព្វនឹងជីវិតរបស់យើង សុទ្ធតែជាមេរៀន សុទ្ធតែជាអនុស្សាវរីយ៍ ដែលយើងមិនត្រូវមើលរំលង ហើយត្រូវរក្សា និងសន្សំវាទុកនៅក្នុងពែងនៃជីវិត ។ ការក្រេបទឹកពីពែងនៃជីវិត ដែលពោរពេញទៅដោយក្តីជូរចត់អស់សង្ឃឹម ភ័យខ្លាច និង ធុញទ្រាន់ គឺជាផ្នែកមួយជួយបណ្តុះគ្រាប់ពូជគុណធម៌ឱ្យកើតមាននៅក្នុងចិត្ត ។ បទពិសោធទាំងប៉ុន្មាន ដែលយើងបានឆ្លងកាត់សុទ្ធតែធ្លាក់ចូលទៅក្នុងពែងតែមួយ ហើយវានឹងក្លាយជាទឹកដមផ្កាដ៏បរិសុទ្ធលាយនឹងជ័យជម្នះ ដែលកើតចេញពីគោលដៅដ៏ច្បាស់លាស់របស់យើង ។

មនុស្សដែលរៀនសូត្រពិតប្រាកដនឹងមិនខូចអារម្មណ៍ ដោយសារតែចួបនឹងបញ្ហាដដែលនោះទេ ។ ជីវិតដែលនៅសល់ក្នុងពេលបច្ចុប្បន្ននេះ គឺជាឱកាសសម្រាប់យើងក្នុងការលាងសម្អាតកម្មអកុសលពីអតីតកាលផង និង បណ្តុះគ្រាប់ពូជថ្មីសម្រាប់ពេលអនាគតផង ។ ពិតមែនហើយ ការធ្វើខ្លួនឱ្យទៅជាមនុស្សដែលឥតមានការខឹងស្អប់ និង មិនជាប់ជំពាក់ គឺជារឿងលំបាកណាស់ តែការមិនព្រមធ្វើអ្វីសោះនឹងកាន់តែលំបាកថែមលើសមុនទៅទៀត ។ ជីវិតនេះខ្លីណាស់ ដូច្នេះគួរប្រើពេលបច្ចុប្បន្ននេះឱ្យមានប្រសិទ្ធភាព និង មិនត្រូវនៅត្រាំត្រែងជាមួយបញ្ហាដដែលៗយូរពេកទេ គឺត្រូវតែប្រើពេលនេះ ឥឡូវនេះក្នុងការលាងសម្អាត ដើម្បីចេញផុតពីបញ្ហាឆ្ពោះទៅរកសុភមង្គល ។
____

Cr. Ratha Mom

No comments:

Post a Comment