Saturday, February 1, 2020

ស្រីល្អគន់និងសៀវភៅអានមិនយល់



សៀវភៅ​ខ្លះ​អាន​ងាយ​នឹង​យល់​ ​តែ​សៀវភៅ​ខ្លះទៀត​អាន​ហើយ​នាំ​ឱ្យ​ឈឺក្បាល​ ​ប្រៀប​ដូច​នារី​ខ្លះ​ល្អគន់​ ​ដែល​បុរស​ណា​សម្លឹង​មើល​មួយ​ភ្លេត​មិនដឹង​ថា​ស្អាត​ទេ​ ​ទាល់តែ​មើល​ឱ្យ​យូរ​ ​មើល​ច្រើនដង​ ​ទើប​ដឹង​ថា​ស្អាត​មែន។​ សមាជិក​អំណាន​ម្នាក់​ប្រាប់​ខ្ញុំ​ថា​ ​“​សៀវភៅ​បង​ ​អាន​ពិបាក​យល់​បែបនេះ​ ​ចុះ​ទម្រាំ​ម្ចាស់​សៀវភៅ​ ​តើ​មិនដឹង​ពិបាក​នឹង​យល់​ប៉ុនណា​ទេ​”​។​ ​ខ្ញុំ​តប​ថា​ ​“​បើ​ចង់​យល់​ពី​ខ្ញុំ​ ​ប្រឹង​អាន​សៀវភៅ​ខ្ញុំ​ឱ្យ​យល់ទៅ​ ​ឬ​មាន​វិធី​មួយទៀត គឺ​​នៅ​ក្បែរ​ខ្ញុំ​ ​គឺ​នឹង​យល់​ពី​ខ្ញុំ​ដោយ​ពុំ​ចាំបាច់​ទិញ​សៀវភៅ​ខ្ញុំ​អាន​ហើយ​”​។​

ក្រោយមក​មាន​សមាជិក​អំណាន​ម្នាក់​នៅ​ក្បែរ​បាន​សើច​ ​រួចហើយ​តប​ថា​ ​“​ខ្ញុំ​សុខចិត្ត​ទិញ​សៀវភៅអាន​វិញ​ប្រសើរ​ជាង​ ​ពីព្រោះ​មនុស្ស​ពិបាក​យល់​ហើយ​ ​ថែមទាំង​មិន​សង្ហា​ទៀត​។​ ​បើ​សង្ហា​តែ​បន្តិច​ ​ចេះតែ​ទ្រាំ​នៅ​ក្បែរ​ខ្លះ​!​!​ ​បើជា​សៀវភៅ​ ​ខ្ញុំ​មិនសូវ​ផ្តោត​លើ​ក្រប​ខាងក្រៅ​ទេ​ ​តែ​ដល់​មនុស្ស​វិញ​ ​ខ្ញុំ​សុំ​មើលរូប​រាង​ខាងក្រៅ​សិន​ហើយ​”​។​ ខ្ញុំ​ញញឹម​បន្តិច​ ​រួច​តប​វិញ​ថា​ ​“​បទ​ពិសោធ​អំណាន​ខ្ញុំ​ច្រើន​ ​ហើយ​សៀវភៅ​ខ្លះ​ ​សាំញ៉ាំ​ដូច​មនុស្ស​ស្រី​អ៊ីចឹង​ ​តែ​ពេលខ្លះ​ក៏​គួរ​ឱ្យ​ស្រឡាញ់​ដែរ​”​។​ ​

ក្រោយមក​ ​នាងស​ម្លឹង​មើល​មក​ខ្ញុំ​ ​រួច​និយាយ​ថា​ ​“​និយាយ​ជាមួយ​អ្នក​ពូកែ​អាន​ ​អាន​សៀវភៅ​បាន​ច្រើន​ ​គឺ​និយាយ​មិន​ឈ្នះ​មែន​។​ ​ខ្លួនឯង​មិន​សង្ហា​ហើយ​ ​នៅ​រកហេតុផល​តទល់​​នឹង​ខ្ញុំ​បាន​ទៀត​!​!​ ​ចាប់ពី​ពេលនេះ​ទៅ​ ​ខ្ញុំ​នឹង​ប្រឹង​អាន​ ​រក​ទ្រឹ​ស្តី​ល្អ​ៗ ​វិភាគ​គំ​និ​ត​ជ្រៅ​ៗ​ ​ហើយ​សង្ឃឹមថានឹង​បាន​ជជែក​ដេញដោល​នឹង​បង​ទៀត​”​។ ចុងក្រោយ​ ​ខ្ញុំ​លួច​ញញឹម​ ​រួច​គិត​ក្នុងចិត្ត​ថា​ ​“អូហ៍!​ ​តែ​ប៉ុន​ណេះ​ ​ដឹង​តែ​ចាញ់ល្បិច​ខ្ញុំ​ហើយ​។​ ​ប្រហែលជា​មិនដឹង​ថា​ខ្ញុំ​លលេង​ឱ្យ​ឈឺចិត្ត​ទេ​ ​ពេល​ឈឺចិត្ត​ ​គឺ​នឹង​ប្រឹង​អាន​សៀវភៅឱ្យ​ពូកែ​ជាង​ខ្ញុំ​!​!​”​

Cr. Lam Lim


No comments:

Post a Comment