Saturday, February 1, 2020

មនុស្សបែបថ្មរមៀល




​ដើមឈើ​មួយ​ដើម​ ​ពេល​កំពុង​លូតលាស់​ ​គ្មាន​សំឡេង​ទេ​ ​តែ​វា​មាន​សំឡេង​ពេល​ស្លឹក​ជ្រុះ​មក​ដី​ ​ឬ​ពេល​ដើម​រលំ​ដួល​។​ ​ការ​រីកចម្រើន​ ​គឺ​ត្រូវ​ប្រឹងប្រែង​ ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​អត់ធ្មត់​ដោយ​មិន​ស្រែក​ត្អូញត្អែរ​ឡើយ​។​ ​មនុស្ស​ដែល​ស្ងប់ស្ងាត់​ ​មិនសូវ​និយាយ​ស្តី​ច្រើន​ទេ​ ​ហើយ​ភាគច្រើន​ជា​មនុស្ស​ដែល​រីក​លូតលាស់​​ផ្នែកខាងក្នុង​មុន​។​ ​លុះដល់​មានឱកាស​ ​ក៏​នឹង​បង្ហាញ​សមត្ថភាព​ចេញ​មក​ខាងក្រៅ​ ប្រៀប​ដូចជា​ដែកគោល​ក្នុង​ថង់​ ​ដែល​នឹង​ចាក់​ថង់​ឱ្យ​ធ្លាយ​។​ ​នេះ​ជា​អំណាច​នៃ​ភាព​ស្ងប់ស្ងាត់​។​
​អ្នកខ្លះ​និយាយ​ច្រើន​ ​តែ​គិត​តិច​ ​រី​ឯ​អ្នកខ្លះ​គិត​តិច​ ​តែ​និយាយ​ពាក្យ​ដែល​មិន​គិត​មក​យ៉ាងច្រើន​។​ ​នេះ​ជា​ចំណុច​នៃ​ការ​ប្រមូល​ផ្តុំ​គំនិត​ខាងក្នុង​មុន​។​ ​ជីវិត​ ​ពេលខ្លះ​ឈឺចាប់​យ៉ាង​ស្ងប់ស្ងាត់​ ​តែ​រីករាយ​យ៉ាង​អឺងកង​។​ ​មនុស្ស​ភាគច្រើន​មិនដឹង​ថា​នៅ​ពីក្រោយ​សមិទ្ធផល​នី​មួយ​ៗ​ ​គឺ​មានការ​ឈឺចាប់​រាប់មិនអស់​ ​ឬ​ពេលខ្លះ​ដង្ហើម​ដក​មិនទាន់​គ្នា​ផង​ក៏​មាន​។​ ​ជោគជ័យ​ថ្ងៃនេះ​ ​វា​កើត​ចេញពី​ការឈឺចាប់​ដ៏​ជូរចត់​កាលពី​ថ្ងៃម្សិលមិញ​។​ ​តើ​អ្នកណា​ទៅ​ដឹង​ថា​ ​“​មនុស្ស​ម្នា​ក់ៗ​ឈឺចាប់​ប៉ុនណា​ ​ទម្រាំ​មាន​ថ្ងៃ​រីករាយ​មួយថ្ងៃ​ ​ឬ​បើ​និយាយ​ពី​ជោគជ័យ​វិញ​ ​ពេលខ្លះ​ឈ្នះ​មួយថ្ងៃ​ ​រី​ដល់​ស្អែក​ក៏​ត្រូវ​គេ​វាយ​ដួល​វិញ​ក៏​ថា​បាន​ដែរ​”​។​
​នេះ​ហើយ​ ​ទើបបាន​ជា​ខ្ញុំ​រក្សាខ្លួន​ជា​ ​“​មនុស្ស​បែប​ដំ​ថ្ម​រមៀល​”​ ​ដ្បិត​ថ្ម​រមៀល​ស្លែ​មិន​កាន់​ឡើយ​ ​ប្រៀប​ដូចជា​មនុស្ស​ដែល​រក្សា​ការ​ប្រឹងប្រែង​ជានិច្ច​ ​មិន​ភ្លេចខ្លួន​សប្បាយ​ដាច់​បង្ហៀរ​ ​គឺ​នឹង​រក្សា​ជ័យជម្នះ​បាន​យូរអង្វែង​។​ ​ជីវិត​ ​វា​មាន​ឡើង​មាន​ចុះ​ ​តែបើ​ភ្លេចខ្លួន​មួយ​ភ្លេត​ ​ឬ​គិតខុស​តែ​បន្តិច​ ​វា​នឹង​ចុះ​ហើយ​ចុះ​ទៀត​ ​គឺ​ចុះ​រហូតដល់​បាត​តែម្តង​។​ ​ការ​រក្សា​ជ័យជម្នះ​ ​គឺ​អាច​ប្រព្រឹត្តទៅ​បាន​ក្នុង​ខណៈ​ដែល​យើង​រឹងមាំ​ប៉ុណ្ណោះ​ ​តែបើ​ថ្ងៃណាមួយ​យើង​ខ្សោយ​ ​មិនថា​ខ្សោយ​ការ​ប្រឹងប្រែង​ ​ឬ​ខ្សោយ​ការ​អត់ធ្មត់​ទេ​ ​គឺ​យើង​ងាយ​នឹង​ត្រូវា​យ​ដួល​ដោយសារ​បញ្ហា​ជីវិត​ណាស់​។​ ​ចូរ​រស់នៅ​ស្ងប់ស្ងាត់​ ​ប្រឹង​ឱ្យ​ខ្លាំង​ ​កុំ​តក់ស្លុត​ ​ហើយ​បន្តដំណើរ​ជាមួយនឹង​គោលការណ៍​ប្រឹងប្រែង​ជានិច្ច​។​ ​ទឹកដែល​ហូរ​ ​វា​មិន​ងាយ​ល្អក់​ទេ​ ​រី​ឯ​ជីវិត​ដែល​ប្រឹង​ជានិច្ច​ ​ក៏​មិន​ងាយ​នឹង​បរាជ័យ​ដែរ​។​ ​យើង​ត្រូវ​រស់នៅ​ប្រឹងប្រែង​ឱ្យ​ដូច​ថ្ម​រមៀល​ ​និង​ប្រឹងប្រែង​ទៅមុខ​ឱ្យ​ដូច​ទឹកហូរ​៕

No comments:

Post a Comment