ខ្ញុំនិយាយពីរឿងខ្លួនឯង, ខ្ញុំនិយាយពីសមត្ថភាពនិងសក្ដានុពលមនុស្សម្នាក់ៗ,
ខ្ញុំប្រាប់ពីសៀវភៅដែលមនុស្សម្នាក់ៗគួរអាន, ខ្ញុំនិយាយពីរបៀបទៅមុខដោយប្រើគោលការណ៍ប្រឹង,
ខ្ញុំប្រាប់ពីគន្លឹះដែលយើងអាចរស់នៅបានរឹងមាំ
ប្រៀបដូចជាដើមឈើដែលមានឫសចាក់ជ្រៅទៅក្នុងដី។ល។
ហើយខ្ញុំសង្កេតឃើញមានលទ្ធផលនៃមនុស្សដែលមានអាយុក្មេងៗខ្លះ “កើតចិត្តអំនួត និងមិនចេះដាក់ខ្លួនគោរពបុគ្គលដែលមានគុណធម៌ជាងខ្លួន”។
ពេលណាយើងយកចំណេះដឹងមកធ្វើជាគោលការណ៍ខ្លាំង
គឺវានឹងធ្វើឱ្យយើងមានអំនួតមើលងាយអ្នកដទៃថាអន់ជាងខ្លួន
តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃ
ចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញ
និងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា។ ពីមុនយើងរាប់អានគ្នា
តែដល់ពេលណាដែលយើងស្គាល់ខ្លួនឯង
ចិត្តអំនួតក៏ធ្វើឱ្យយើងវាយស្មើនឹងបុគ្គលដែលមានគុណធម៌ខ្ពស់ជាងខ្លួន។
នេះហើយដែលហៅថា “កាន់តែខ្លាំងរៀងខ្លួន
គឺយើងកាន់តែបែកគ្នា នៅឆ្ងាយពីគ្នា និងមិនចេះសាមគ្គីគ្នា។ កាលក្រលំបាក
កាលមិនស្គាល់ខ្លួនឯង កាលនៅល្ងង់ យើងចេះគោរពឱ្យតម្លៃគ្នា តែដល់ពេលចេះដឹងពេកទៅ
ក៏ទៅជាឃ្លាតគ្នាដោយសារតែចិត្តមានះយល់ថាខ្លួនឯងខ្លាំងដែរ”។
មនុស្សគ្មានគុណធម៌ យកចំណេះជាឈ្នាន់បម្រើតណ្ហានៃភាពអាត្មានិយមរបស់ខ្លួនឯង។
ប៉ុន្តែមនុស្សមានគុណធម៌ គឺប្រឹងរៀន ប្រឹងកសាងខ្លួន និងយកចំណេះដឹងបម្រើអ្នកដទៃ
ឬដឹកនាំមនុស្សឱ្យរីកចម្រើន។ យើងត្រូវចេះរៀនចាប់ដៃគ្នា៕
No comments:
Post a Comment