Monday, February 17, 2020

តើខ្ញុំកាច?



ខ្មែរយើងខ្លះបានបោះបង់ចោលនូវពាក្យ ប្រឹងប្រែង, តស៊ូ, អត់ធ្មត់, ហ្មត់ចត់, ម៉ឺងម៉ាត់...។ ពាក្យទាំងនេះត្រូវបានអ្នកខ្លះឱ្យនិយមន័យថា កាច, គ្មានមនោសញ្ចេតនា, គ្មានបេះដូង, ផ្តាច់ការ, ចិត្តអាក្រក់...។ ចរិតអ្នកខ្លះទៀត បើណាត់គ្នាម៉ោង៧ព្រឹក តែពេលទៅដល់ទីតាំងណាត់ជួបគឺម៉ោង ៧កន្លះ។ ជាទូទៅ បើមកមុន១០នាទី គឺស្មើនឹងមកជួបទៀងពេល តែមកដល់ទៀងពេល គឺស្មើនឹងមកយឺត។ ទាំងយុវជនខ្លះ ទាំងមនុស្សខ្លះ ចាត់ទុកមនុស្សហ្មត់ចត់ថា តឹងតែង ផ្តាច់ការ ឬត្រឹមត្រូវពេក។ បើឃើញនរណាម្នាក់មានវិន័យត្រឹមត្រូវប្រាកដប្រជាពេក គឺគេហៅថា ផ្តាច់ការ។ វប្បធម៌នេះកើតមកពីថ្នាក់លើមកមុន។ នេះជាច្បាប់ធម្មជាតិដែលមិនអាចដោះសារបានឡើយ។

មនុស្សយើងខ្លះនិយាយថាស្រឡាញ់ខ្លួនឯង មានចិត្តស្រឡាញ់ខ្លួនឯង តែស្រឡាញ់ត្រឹមតែមាត់ ស្រឡាញ់ត្រឹមតែចិត្ត។ សេចក្តីស្រឡាញ់ដែលគ្មានទង្វើ គឺជាសេចក្តីស្រឡាញ់ដ៏ជូរចត់បំផុត។ យើងថាស្រឡាញ់ខ្លួនឯង តែយើងមិនប្រឹង។ យើងមានអារម្មណ៍ខ្លោចផ្សា ពេលខ្លួនឯងរងទុក្ខ តែយើងរវល់តែលន្លង់លន្លោច ដោយមិនប្រឹងធ្វើ។ ស្រឡាញ់នឹងដៃ (ប្រឹងធ្វើ) វាខុសពីស្រឡាញ់នឹងមាត់ (បានតែនិយាយថាស្រឡាញ់)។ ពាក្យស្រឡាញ់ដែលឥតមានសកម្មភាព គឺជាសេចក្តីស្រឡាញ់ដែលនាំមកនូវអន្តរាយកាយ។ មនុស្សឈឺចាប់ចិត្តដោយសារតែស្រឡាញ់ ហើយរឹតតែឈឺចាប់ថែមទៀត នៅពេលណាដែលមិនប្រឹងធ្វើអ្វីសោះដើម្បីសេចក្តីស្រឡាញ់។ ចេះឈឺ តែមិនចេះប្រឹង។ ចេះខឹង តែមិនចេះអត់ធ្មត់។ ការស្រឡាញ់ខ្លួនឯងបែបនេះ វាមិនខុសពីបរិស័ទក្នុងសាសនាហាមាត់បួងសួងសុំសុខ តែដៃមិនព្រមប្រឹងធ្វើអ្វីសោះ

សេចក្តីស្រឡាញ់ដែលមិនពាល់ គឺជាចិត្តអាត្មានិយមបំផុត។ ស្រឡាញ់ដោយចង់បាន តែដល់ពេលមិនបាន ក៏ខូចចិត្តឈឺចាប់។ នៅពេលណាដែលយើងពាល់ត្រូវសេចក្តីស្រឡាញ់ដ៏ត្រឹមត្រូវ គឺយើងនឹងដឹងថាតើតម្លៃនៃសេចក្តីស្រឡាញ់ វានៅត្រង់ណាពិតប្រាកដ។ ស្រឡាញ់មនុស្សម្នាក់ គឺត្រូវប្រឹងលះបង់គ្រប់យ៉ាង ធ្វើគ្រប់យ៉ាង ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់បានសុខ។ ស្រឡាញ់ខ្លួនឯង គឺត្រូវយកកាយមកប្រឹង យកកាយមកលះបង់ ដើម្បីរកសេចក្តីសុខឱ្យខ្លួនឯង។ មិនយល់ពីសេចក្តីស្រឡាញ់នាំឈឺចាប់។ មួយជីវិតខ្ញុំនេះ ខ្ញុំប្រឹងណាស់ គឺប្រឹងពីទទេ មកទទេដដែល។ ប្រឹងពីអ្នកស្រែ ក៏នៅតែមិនចោលស្រែ។ ប្រឹងពីមនុស្សសាមញ្ញ ក៏នៅតែមិនបោះបង់ធម្មជាតិជាមនុស្សសាមញ្ញ។ តើសាមញ្ញយ៉ាងណា? បើអាច ទៅស្រែជាមួយខ្ញុំ, បើអាច ប្រឹងប្រែងអានសៀវភៅដូចខ្ញុំ, បើអាច រស់នៅសាមញ្ញដូចខ្ញុំ គឺចាត់ទុកថាខ្លាំងទៅហើយ។ អ្នករៀនសូត្រពិតប្រាកដមានលក្ខណៈខ្សោយមួយ គឺកំសាក។

អ្នកទីក្រុង គឺមានលក្ខណៈខ្សោយម្យ៉ាង គឺមិនអាចធ្វើស្រែដែលជាការងារលំបាក។ អ្នកកាន់ប៊ិក អន់ម្យ៉ាង គឺមិនចេះកាន់ចបធ្វើស្រែ។ អ្នកផឹកកាហ្វេ គឺខ្សោយម្យ៉ាង គឺមិនអាចផឹកតែ។ អ្នកមានឋានៈ ខ្សោយម្យ៉ាង គឺមិនអាចរស់នៅដោយគ្មានការគោរពពីអ្នកដទៃ។ អ្នកសាសនាខ្សោយម្យ៉ាង គឺមិនអាចឃ្លាតពីចិត្តមេត្តា។ បើជីវិតយើងអាចដើរចេញផុតពីរឿងដែលផ្ទុយពីខ្លួនឯង គឺមានន័យថាក្រោមមេឃលើដី ទីណាក៏ជាផ្ទះរបស់យើងដែរ។ មួយរយៈចុងក្រោយនេះ មានរឿងជាច្រើនដែលប្រាប់ខ្ញុំថា អ្នកដទៃអាចយល់ពីខ្ញុំ តែសុទ្ធតែយល់បណ្តោះអាសន្ន។ អ្នកដទៃសុទ្ធតែប្រឹង តែពេលដួល គឺបាក់ស្បាត ចិត្តអស់សង្ឃឹម...។ អ្នកដែលស្រឡាញ់ខ្លួនឯង តែមិនប្រឹង គឺសមនឹងឈឺចាប់។ អ្នកដែលស្រឡាញ់សង្គម តែមិនប្រឹង គឺសមនឹងអ្នកនយោបាយបោក។ អ្នកខ្សោយ តែមិនប្រឹង គឺសមនឹងធ្វើជាជនរងគ្រោះ។ អ្នកប្រឹងខ្លាចហត់ គឺសមនឹងដួល។ នេះជារណ្តៅជីវិតដ៏ជូរចត់។ ដៃទាំងពីរទុកឱ្យទំនេរធ្វើអ្វី? ជើងទាំងពីរ ទុកឱ្យអង្គុយធ្វើអ្វី? យក្សក្នុងខ្លួន ទុកឱ្យដេកឥតប្រយោជន៍ធ្វើអ្វី? ខ្ញុំប្រើពាក្យ ខ្ញុំតែគ្រាន់ជាតំណាងប៉ុណ្ណោះ៕


No comments:

Post a Comment