Monday, February 17, 2020

ខ្ចិលអាន?



ពេលយើងឈឺ ការលេបថ្នាំ គឺវាអាចធ្វើឱ្យយើងឆាប់ជាសះស្បើយបាន។ ពេលខ្លះទៀត ជំងឺខ្លះមិនអាចលេបថ្នាំជាសះស្បើយទេ តែទាល់តែចាក់ថ្នាំ។ អ្នកខ្លះមិនចូលចិត្តការលេបថ្នាំ រីឯអ្នកខ្លះជាមនុស្សខ្លាចម្ជុល ជាងខ្លាចសេចក្តីស្លាប់ទៅទៀត។ យើងយល់ស្របថា ការអាន វាអាចជួយឱ្យជីវិតយើងល្អប្រសើរ តែពេលខ្លះយើងមិនព្រមអានទេ ដោយយកលេសថាងងុយគេង យកលេសថាសៀវភៅអានពិបាកយល់ ដោយយកលេសថាខ្វះលុយទិញសៀវភៅអាន យកលេសថារវល់ច្រើនគ្មានពេលអាន និងរកលេសដោះសារមួយរយជំពូក

ការអាន គឺមិនខុសគ្នាពីការព្យាបាលជំងឺទេ បើយើងមិនសុខចិត្តលេបថ្នាំ (ទោះចូលចិត្តឬមិនចូលចិត្តក៏ដោយ) ឬបើយើងមិនព្រមឈឺសាច់ខ្លះៗ ដោយសារតែម្ជុលចាក់ថ្នាំទេ គឺយើងនឹងមិនអាចសះស្បើយពីជំងឺជីវិតឡើយ។ បើយើងល្ងង់ហើយ មិនរៀនមិនសូត្រ មិនប្រឹងអានថែមទៀត តើអាចរស់នៅមានវិជ្ជាម្តេចកើត? បើយើងក្រហើយ ខ្ជិលទៀត តើអាចរស់នៅមានសេចក្តីសុខបានម្តេចនឹងកើត? បើយើងមានតែលេសដោះសាររហូតអ៊ីចឹង តើយើងនឹងរំពឹងលទ្ធផលម្តេចកើត? បើមិនធ្វើអ្វីសោះ តើយើងនៅមានចិត្តតវ៉ាចង់បានអ្វីល្អប្រសើរដូចអ្នកប្រឹងធ្វើសកម្មភាពម្តេចកើត?

មើលសៀវភៅដែលមនុស្សម្នាក់កាន់អាន បើចង់ដឹងថាហេតុអ្វីមនុស្សនេះខ្លាំង ឬខ្សោយ។ មើលសកម្មភាពនៃទង្វើថ្ងៃនេះ បើសិនជាចង់ដឹងថាតើអនាគតគាត់នឹងក្លាយទៅជាអ្វី។ មើលមនុស្សដែលគាត់រាប់អាន បើចង់ដឹងថាគាត់ជាមនុស្សបែបណា និងមានចរិតបែបណា។ មើលចរិតតស៊ូឬអត់ មើលចរិតអត់ធ្មត់ឬអត់ និងមើលចរិតខាំមិនលែងឬអត់ បើចង់ដឹងថាតើគាត់នឹងខ្លាំងក្នុងកម្រិតណា បើធៀបនឹងមនុស្សម្នាផ្សេងៗទៀត។ បើចង់ដឹងថាហេតុអ្វីខ្ញុំមានថ្ងៃនេះ ចូរមើលអតីតកាលរបស់ខ្ញុំ។ បើចង់ដឹងពីថាពីមុនខ្ញុំមានចរិតបែបណា សូមទៅមើលសកម្មភាពអតីតកាលរបស់ខ្ញុំ។

បើចង់ដឹងថាអនាគតខ្ញុំជានរណា ចូរមើលសកម្មភាពថ្ងៃនេះរបស់ខ្ញុំ។ ចង់ដឹងថាតើខ្ញុំចេះអ្វី យល់បែបណា ចូរស៊ើបឱ្យដឹងថាសៀវភៅអ្វីដែលខ្ញុំចូលចិត្តអានបំផុត។ ត្រូវដឹងថាគំនិតដែលយើងប្រកាន់ថ្ងៃនេះ វានឹងកំណត់សម្មភាពរបស់យើង។ យើងធ្វើអ្វី គឺនឹងបានផលហ្នឹង។ ផលបែបណា វានឹងកំណត់ថាយើងខ្លាំងប៉ុនណាឬខ្សោយប៉ុនណា។ អធ្យាស្រ័យផង សុំនិយាយដោយត្រង់ មនុស្សណាដែលអានសៀវភៅពីរបីទំព័រ ហើយកើតចិត្តខ្ជិលនេះ១, មនុស្សណាដែលអានអត្ថបទពីរបីនាទី ហើយកើតចិត្តរអ៊ូថាវែងណាស់នេះ១, មនុស្សដែលធ្វើអ្វីក៏ដោយ ឱ្យតែគ្មានការតាំងចិត្ត មានផ្នត់គំនិតរកតែស្រួលស្រាប់ នេះ១ គឺពិបាករស់នៅក្លាយទៅជាមនុស្សមានកំណើតខ្លាំងណាស់។ លើសពីនេះ ការរស់នៅបែបនេះ គឺរស់នៅក្នុងនាមជាអ្នកចាញ់ខ្លួនឯង ព្រមទាំងបម្រើតែតណ្ហាខ្លួនឯងប៉ុណ្ណោះ
___

No comments:

Post a Comment