Tuesday, February 18, 2020

មនុស្សតូចដូចដុំក្រួស?



​កិច្ចការ​ងារ​ខ្លះ​ ​វា​គ្រាន់តែ​ជា​ទង្វើ​តូចតាចបំផុត​ ​មិន​ស្មើនឹង​ទំហំ​នៃ​កូន​ដុំ​ថ្ម​មួយ​គ្រាប់​ផង​។​ ​ប៉ុន្តែ​ ​ទោះជា​តូច​ឬ​ធំ​ក៏ដោយ​ចុះ​ ​បើ​យើង​តាំងចិត្ត​ធ្វើ​វា​ប្រាកដជា​មាន​លទ្ធផល​តូច​ឬ​ធំ​ ​ស្រប​ទៅតាម​ហេតុ​នៃ​អំពើ​។​ ​ដុំ​ក្រួស​មួយដុំ​ ​វា​មានតម្លៃ​មិន​ស្មើនឹង​មាស​ទេ​ ​តែពេល​វេ​លា​យូរ​ៗ​ទៅ​ ​អាច​ធ្វើ​ឱ្យ​ដុំ​ថ្ម​ក្លាយទៅជា​មាស​ក្នុង​កាលៈទេសៈ​ណាមួយ​ជាមិនខាន​។​ ​ដុំ​ក្រួស​ដែល​យើង​យល់ថា​គ្មាន​តម្លៃ​ ​ដុំក្រួសដែល​យើង​យល់​ថា​មានទំហំតូច​ៗ​ទាំងអស់​ ​បើ​យើង​គប់​វា​ចូលក្នុង​ទឹក​ ​គឺ​វា​នឹង​បង្កើត​ជារ​លក​បោក​ច្រាំង​។​ ​នេះ​មានន័យថា​ ​“​ដុំ​ក្រួស​តូច​មួយ​ ​ក៏អាច​ធ្វើឱ្យទឹករលក​បាន​ដែរ​ ​សំខាន់​ឱ្យ​តែ​យើង​តាំងចិត្ត​គប់​វា​ចូលក្នុង​ទឹក​”​។​ ​ក្នុង​សង្គម​មួយ​ ​គឺ​ត្រូវការ​ធាតុផ្សំ​ ​និង​គ្រឿងផ្សំ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​នៅនឹង​ថ្កាល់ ​ឬ​ថយក្រោយ​ ​ឬទៅ​មុខ​បាន​។​ ​

ការ​រីកចម្រើន​ទៅមុខ​កើតឡើង​ទៅ​បាន​ ​លុះត្រា​ណា​តែ​ផ្សំគ្រឿង​ឱ្យ​គ្រប់​សិន​ ​ប្រៀប​ដូចជា​សម្ល​រក​កូ​រអ៊ីចឹង​។​ ​ពេលណា​គ្រឿងផ្សំ​គ្រប់គ្រាន់​ហើយ​ ​ចង់​ឬមិន​ចង់​ ​គឺ​វា​នឹង​កើតជា​សម្ល​រក​កូ​រដែល​យើង​អាច​ញុំា​បាន​។​ ​ការ​កម្ទេច​សង្គម​មួយ​ក៏​អ៊ីចឹង​ដែរ​ ​ពេល​មិនទាន់​គ្រប់គ្រឿង​ផ្សំ​ដែល​ផ្តុំ​ឱ្យ​សង្គម​ខ្ទេច​ ​គឺ​មិន​អាច​ខ្ទេច​បាន​ឡើយ​។​ ​រងើកភ្លើង​ ​ទោះបី​សល់​ត្រឹមតែ​កម្ទេច​ក៏ដោយ​ ​តែបើ​យើង​តាំងចិត្ត​យកចិត្ត​ទុកដាក់​ផ្លុំ​បន្តិច​ម្តង​ៗ​ ​វា​អាច​ដុត​ព្រៃធំ​ទាំងមូល​បាន​។​ ​​ជីវិត​យើង​ម្នា​ក់ៗ​មិន​អាច​គេចខ្លួន​ផុត​ពី​នយោបាយ​ដាច់ខាត​។​ ​ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​ ​យើង​ភ្លេច​ខ្វល់​ពី​គ្រឹះ​កសាង​សង្គម​។​ ​ទ្រព្យសម្បត្តិ​ ​ជា​ចុង​ ​ហើយ​គុណធម៌​ជា​ឫស និង​ដើម​។​ ​នយោបាយ​ជា​ចុង​ ​(​លទ្ធផល​)​ ​ហើយ​មូលធន​មនុស្ស​ ​(​គ្រឹះ​ចំណេះដឹង​)​ ​គឺជា​ឫស និង​ដើម​។​ ​

គ្រឹះ​មនុស្ស​អាត្មានិយម​ ​គ្រឹះ​មនុស្ស​អវិជ្ជា​ ​ធ្វើ​ឱ្យ​សង្គម​វឹកវរ​។​ ​មនុស្ស​ស្មោកគ្រោក​ធ្វើនយោបាយ​ ​នាំ​ឱ្យ​អន្តរាយ​ដល់​ស្រុកទេស​។​ ​ប្រទេស​មាន​សង្គ្រាម​ ​គេ​និយាយ​ពី​អ្នក​ខ្លាំង​ ​តែ​ក្នុង​សង្គម​គ្មាន​សង្គ្រាម​ ​គេ​និយាយ​ពី​អ្នកចេះ​។​ ​កសាង​សង្គម​ ​ត្រូវ​គិត​ពី​ការ​កសាង​គ្រួសារ​។​ ​កសាងជាតិ​ ​គឺ​ត្រូវ​គិត​ពី​ការ​កសាង​គ្រឹះ​មនុស្ស​។​ ​នេះ​ជា​ទ្រឹ​ស្តី​ទស្សនវិទូ​ចិន​ ​ខុង​ ​ជឺ​ ​និង​ ​ឡៅ​ ​ជឺ​ ​ដែល​ខ្ញុំ​យក​មក​បកស្រាយ​ក្នុង​បរិបទ​សង្គមវិជ្ជា​ខ្មែរ​។ ​ម៉ែឪ​ឈ្លោះ​គ្នា​ ​កូន​មិន​មា​នឱកាស​បាន​រៀនសូត្រ​។​ ​កូន​មានឱកាស​បាន​ទៅ​សាលា​ដែរ​ ​តែ​រៀន​មិន​ចូល​ ​ដ្បិត​រវល់​ឈឺចាប់​។​ ​តើ​អ្វី​ជា​ជំហរ​កសាង​មូលធនមនុស្សក្នុងសង្គម ​ជាពិសេស​ការ​បណ្តុះ​យុវជន​?​ ​ក្នុងនាម​ជា​យុវជន​ម្នាក់​ ​មិនថា​យុវជន​រូប​ណា​ ​ក្នុង​មូលដ្ឋាន​កម្រិត​ចំណេះដឹង​ណា​ទេ​,​ ​អ្នកដទៃ​អាច​ដក​ ឬ​ដាំ​អ្នក​បាន​គ្រប់ពេល​ ​តែ​អ្នក​ខ្លួនឯង​ត្រូវ​ប្រកាន់​ជំហរ​ពង្រឹង​ខ្លួន​ ​ពង្រីកសមត្ថភាព ដាំ​ខ្លួនឯង​ឱ្យ​រឹងមាំ​ ​រៀន​សមាធិ​ដកដង្ហើម​ក្នុង​ស្ថានភាព​ខ្វះ​ខ្យល់​។

ពេល​ខ្លះ​ទៀត ឱន​ខ្លះ​ងើយ​ខ្លះ​ ឱន​មើល​កាលៈទេសៈ​ ​ធ្វើជា​ឱន​មើល​ដី​ ​តែ​ចិត្ត​រំពៃ​សម្លឹង​មេឃ។​ ​ដឹង​ពេល​ធ្វើ​អ្នកដើរតាម​ ​ដឹង​ពេលវេលា​ធ្វើមេ​ដឹកនាំ​។ ដឹង​ពេល​ស្រប​ ​ដឹង​ពេល​ប្រឆាំង​។​ ​ដឹង​ពេល​គ្រប់គ្រង​ ​ដឹង​ពេល​ដឹកនាំ​​។ ក្នុង​សៀវភៅ​ ​“​ប្រតិទិន​ទស្សនៈ​ ​(​៣៦៥ថ្ងៃ​ ​&​ ​២២២ថ្ងៃ​”​ ​ទាំងពីរ​ក្បាល​ ​ខ្ញុំ​បាន​រំលេច​នូវ​ខ្លឹមសារ​ទស្សនៈ​មួយ​ថា​ ​“​បើ​ស្រឡាញ់​សង្គម​ ​គឺ​ត្រូវ​ស្រឡាញ់​ការអប់រំ​។​ ​យុវជន​ដែល​ស្រឡាញ់​សង្គម​ពិតប្រាកដ​ ​គឺ​ត្រូវ​ប្រឹងរៀន​ ​ប្រឹង​អាន​”​។​ ​ក្នុងនាម​ជា​យុវជន​ស្ថិត​ក្នុង​វ័យក្មេង​ខ្ចី​ ​មិនថា​ក្មេងខ្ចី​ក្នុង​ការងារ​ ​ឬមិន​ថា​ក្មេងខ្ចី​ក្នុង​បទ​ពិសោធ​ជីវិត​ទេ​ ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ​គឺ​រៀន​ ​គឺ​ប្រឹង​អាន​។​ ​នេះ​ជា​ការងារ​ចម្បង​បំផុត​។​ ​ពេលណា​អ្នក​ស្រឡាញ់​សង្គម​កាន់តែ​ខ្លាំង​ ​គឺ​សកម្មភាព​រៀន​របស់​អ្នក​នឹង​កាន់តែ​សកម្ម​ ​មិនថា​សកម្ម​លើ​អំណាន​ ​ឬ​សកម្ម​លើ​កិច្ចការ​ងារ​ស្រាវជ្រាវ​ឡើយ​។​ ​មាន​បទ​ពិសោធ​ជាក់ស្តែង​របស់​ស្តេច​ ​អ៊ី​ង​ ​ឈី​លៀង​ ​ដែល​ជា​តួអង្គ​មេដឹកនាំ​សំខាន់​ក្នុង​ភាពយន្ត​ចិន​ ​“​ចក្រ​ភព​ឈីង​”​។​ ​ស្តេច​ ​អ៊ី​ង​ ​ឈី​លៀង​ ​ទទួលរង​សម្ពាធ២ធំៗ​៖​ ​“​ទី១​ ​ឈឺចាប់​ ​និង​ទី២​ ​ត្រូវ​ប្រឹង​អាន​សៀវភៅ​ ​ប្រឹង​ស្វែងរក​វិជ្ជា​ ​និង​ធ្វើការ​ងា​រប្រ​កូ​កប្រកាស​ស្វែង​អ្នកមាន​សមត្ថភាព​ ​រហូតដល់​ជួប​ ​វៃ​ ​យ៉ាង​”​។​

​ជា​ទស្សនៈ​សង្គម​របស់ខ្ញុំ​,​ ​ខ្ញុំ​ជឿជាក់​ថា​ ​“​ឱ្យ​តែ​យុវជន​បាន​កាន់​សៀវភៅ​ ​អាន​សៀវភៅ​ដែល​គួរ​អាន​ ​និង​ជ្រើសរើស​សៀវភៅអាន​ត្រឹមត្រូវ​ ​គឺ​សៀវភៅ​នឹង​បង្ហាញផ្លូវ​យើង​ថា​ ​តើ​យើង​គួរ​ធ្វើអ្វី​ ​រៀបចំ​អ្វី​ ​ទ្រាំ​នឹង​រឿង​អ្វី​ ​ហើយ​កសាង​សមត្ថភាព​ដោយ​របៀបណា​ ​ដោយ​វិធី​ណា ​ទើប​អាច​មាន​កម្លាំង​ពិត​ ​ប្រណាំង​យកឈ្នះ​ចរន្ត​មិនល្អ​​ដែល​បាន​ពង្វក់​សង្គម​។​ ​សៀវភៅ​នឹង​ប្រាប់​អ្នក​ពី​វិធី​សាស្រ្ត​ ​យុទ្ធ​សាស្រ្ត​ ​ល្បិចកល​ ​ដើម្បី​ថែរក្សា​អ្វី​ដែល​យើង​នៅសល់​”​។​ ​ជាក់ស្តែង​ ​យើង​គ្មាន​អំណាច​ ​គ្មាន​សមត្ថភាព​ ​គ្មាន​លទ្ធភាព​ឯណា​ទៅ​យក​អ្វី​ដែល​បាត់បង់​មកវិញ​ទេ​ ​តែ​យើង​មានអំណាច​អាច​ធ្វើ​បាន ដោយ​ការ​ប្រឹងប្រែង​ ​គឺរក្សា​អ្វី​ដែល​យើង​កំពុងតែ​មាន​ ​កុំឱ្យ​បាត់បង់​ដោយ​អយុត្តិធម៌​ទៀត​។​ ​ចេះ​ឈឺចាប់​ ​តែ​ហេតុអ្វី​មិន​ចេះប្រឹង​។​ ​ការឈឺចាប់​ដ៏​ត្រឹមត្រូវ​ ​គឺ​ត្រូវ​ប្រឹងប្រែង​ ​តែបើ​បើរវល់​តែ​ដេក​ទ្រាំ​គ្រាំចិត្ត​ ​គឺ​យើង​នឹង​គ្រាំចិត្ត​រហូតដល់​ស្លាប់​។​ ​កុំ​សុខចិត្ត​ដេក​ស្លាប់​ ​តែ​ត្រូវ​ស្លាប់​ឈរ​ ​(​ប្រឹង​ធ្វើ​)​។​ កុំ​សុខចិត្ត​ស្លាប់​ដោយ​មិនព្រម​ធ្វើអ្វី​សោះ​ ​តែ​ត្រូវ​ស្លាប់​ដោយ​បន្សល់​អ្វី​ខ្លះៗ​ដល់​អ្ន​ក​ក្រោយ​ៗ​។​ ​សុខចិត្ត​ហែលទឹក​ ​បើ​គ្មាន​ទូក​ឆ្លង​។​ ​សុខចិត្ត​ញញឹម​ ​បើ​បាន​ជា​ឈឺចាប់​ទៅ​ហើយ​។​ ​សុខចិត្ត​ប្រឹង​ ​បើ​បាន​ជា​លំបាកទៅ​ហើយ​។​ ​សុខចិត្ត​ប្រយុទ្ធ​សិន​ ​បើ​ដឹង​ថាត្រូវ​ស្លាប់​ដដែល​។​ ​មាន​អ្ន​ក​ពញ្ញាក់​ ​តែ​អ្នកខ្លះមិនព្រម​ភ្ញាក់​៕

Cr. Lam Lim

No comments:

Post a Comment