ចរិតអ្នកប្រយុទ្ធ
ចរិតអ្នកយុទ្ធសាស្រ្ត ចរិតអ្នកនយោបាយ តែងយល់ថា “គ្មានត្រូវគ្មានខុស គ្មានល្អគ្មានអាក្រក់ គ្មានយុត្តិធម៌គ្មានអយុត្តិធម៌
គ្មានសីលធម៌ឬអសីលធម៌ តែសំខាន់ គឺឈ្នះនិងខ្លាំង”។ យក “ល្អ” ធ្វើអ្វី បើត្រូវចាញ់
ហើយសត្រូវមើលងាយ? យក “ត្រូវ”
ធ្វើអ្វី បើត្រូវឈឺចាប់ ហើយរងគ្រោះ? យក “សីលធម៌” ធ្វើអ្វី
បើត្រូវអ្នកដទៃប្រមាថ ហើយតិះដៀល? ក្នុងគម្ពីរឥណ្ឌាបុរាណ
“បញ្ចតន្រ្តៈ” ក៏បានិយាយពីបញ្ហា
“ល្អ” តែអន់, “ក្រមានមាយាទ” តែត្រូវអ្នកដទៃមើលងាយមើលថោក...។
ល្អបានការអ្វី
សីលធម៌បានការអ្វី ត្រូវបានការអ្វី បើចុងក្រោយអ្វីៗ
អ្នកឈ្នះជាអ្នកសម្រេចវាសនាអនាគត។ ប្រវត្តិសាស្រ្ត
គឺត្រូវបានអ្នកខ្លាំងនិងអ្នកឈ្នះ ជាអ្នកសរសេរទាំងអស់។
មានតែអ្នកដឹងរឿងពិតប្រាកដទេ ទើបឱ្យតម្លៃអ្នកត្រឹមត្រូវ។
ពេលនេះមានអ្នកដឹង តែចុះបើ ១០ឆ្នាំក្រោយ ឬ២០ឆ្នាំក្រោយ តើនៅមានអ្នកដឹងសេចក្តីល្អនិងគុណធម៌របស់យើងទៀតទេ? អ្នកដែលមានទឹកមាត់ប្រៃបំផុត គឺអ្នកឈ្នះ និងអ្នកខ្លាំង
(ស្តេច)។ អ៊ីចឹង មានតែត្រូវគិតរឿង “ឈ្នះ”
ដោយឥតខ្វល់ពីភាពត្រឹមត្រូវ និងគុណធម៌?
រស់នៅត្រឹមត្រូវ
ស្រួលជាងរស់នៅធ្វើអាក្រក់។ រស់នៅត្រឹមត្រូវ
មិនសូវមានសត្រូវចាំសងសឹក។ រស់នៅត្រឹមត្រូវមិនសូវហត់នឿយច្រើន។
តើហត់នឿយយ៉ាងម៉េច?
អ្នកអាក្រក់ ពេលរស់នៅ
គឺត្រូវទប់នឹងសេចក្តីអាក្រក់តបស្នងជានិច្ច។ ការរស់នៅទប់ទល់នឹងការវិលត្រឡប់នៃកម្មអាក្រក់គ្រប់ពេល
បែបនេះគឺហត់នឿយខ្លាំងណាស់។ ថ្ងៃខ្លាំង គេវាយមិនដួល
តែថ្ងៃដែលខ្សោយ គឺនឹងត្រូវទទួលទោសសងវិញ។ ពាក្យខ្មែរលោកថា “រាសីដាក់ អារក្សធ្វើ”។
មនុស្សតែងមានថ្ងៃខ្សោយថាមពលជីវិត។ ធ្វើអាក្រក់កាន់តែច្រើន
ចក្រវាលស្រូបថាមពលចេញ នៅពេលវេលាដែលចិត្តទន់ជ្រាយ
រហូតមនុស្សអាក្រក់ខ្លះឆ្កួតវង្វេងក្នុងពេលខ្សោយថាមពល។
ការប្រព្រឹត្តល្អជាប្រក្រតី
គឺជាវិធីស្រូបថាមពលចក្រវាលម្យ៉ាង ដែលទោះបីរូបរាងកាយជិតបែកធ្លាយហើយក៏ដោយ
(ស្លាប់) ក៏ចិត្តមិនអស់កម្លាំងដែរ។ មនុស្សដែលឆាប់ខ្សោះថាមពល
គឺមនុស្សលេងសើចច្រើន មនុស្សទុក្ខសោកច្រើន។ ចិត្តមិនស្ងប់
អារម្មណ៍មិនមុត ប្រាជ្ញមិនស្រួច។ សំណួរចុងក្រោយ “ចង់រស់ខ្លាំងក្នុងនាមជាអ្នកធ្វើអាក្រក់
ឬចង់រស់នៅក្នុងនាមជាអ្នកធ្វើល្អហើយខ្លាំងថែមទៀត?” ពាក្យមួយម៉ាត់ចុងក្រោយ ល្អហើយ ត្រូវខ្លាំងទៀត
ដ្បិតជីវិតបែបនេះមិនហត់នឿយហើយ មិនរងគ្រោះទៀត។ ល្អហើយ ខ្លាំងទៀត
វាមានប្រយោជន៍ត្រង់ថា “បើយើងល្អ គឺមិនហត់នឹងទប់ទល់ផលអាក្រក់តប ហើយបើយើងខ្លាំង
ក៏មិនដួលដោយសារតែមនុស្សអាក្រក់វាយ ឬមនុស្សល្អច្រឡំវាយដែរ”៕
No comments:
Post a Comment