Wednesday, February 19, 2020

ដើរលើមាគ៌ាដ៏ត្រឹមត្រូវហើយកុំភ្លេចប្រឹងឱ្យខ្លាំងផង



ជីវិតមនុស្សយើងកើតចេញពីធាតុនៃធម្មជាតិ ដូច្នេះ មានតែធម្មជាតិប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិនៃសរីរៈរបស់យើង ។ ដោយឡែកខ្លួនយើងវិញ គ្រាន់តែមានសិទ្ធិបន្តិចបន្តួចសម្រាប់មើលថែប៉ុណ្ណោះ តែពុំអាចប្រមូលផលពីកិច្ចខិតខំប្រឹងប្រែងនោះបានឡើយ ។ វាហាក់ដូចជាទាសករម្នាក់ ដែលត្រូវបាននាយរបស់ខ្លួនប្រើឱ្យឃ្វាលចៀម គេអាចមើលថែចៀមនោះយ៉ាងល្អ តែពុំមានសិទ្ធិក្នុងការទទួលផលឡើយ ។

អ្វីដែលខ្ញុំបានលើកឡើងខាងលើហាក់បង្កប់ភាពស្រពេចស្រពិលបន្តិច ចំពោះបុព្វហេតុនៃជីវិត ។ មិនមែនខ្ញុំមានការចេះដឹង រហូតអាចបង្កើតបានជាប្រស្នាក្នុងលាក់បាំងអ្វីនោះទេ ។ ប៉ុន្តែ ប្រហែលជាការយល់ដឹងអំពីជីវិតរបស់ខ្ញុំវានៅមានកម្រិត ទើបខ្ញុំពុំមានលទ្ធភាពអាចលើកយកឧទាហរណ៍ ដែលងាយយល់សម្រាប់បង្ហាញក្នុងទីនេះ ។ ទោះជាយ៉ាងណា ចេតនារបស់ខ្ញុំ គ្រាន់តែចង់ឱ្យដឹងថា យើងជាចំណែកនៃធម្មជាតិ ពុំមែនធម្មជាតិជាចំណែកនៃកម្មសិទ្ធិរបស់យើងនោះទេ ។ សូម្បីសរីរៈរបស់យើងក៏កំពុងត្រូវបានធម្មជាតិទាមទារយកទៅវិញដែរ ។

ចំណុចចាប់ផ្តើមនៃជីវិត គឺជាចំណុចបញ្ចប់នៃការស្លាប់ ។ ក្នុងខណៈពេលដែលយើងកំពុងសោកសៅពីការបាត់បង់ គឺជាពេលដែលមនុស្សជាតិកំពុងកើតថ្មី ។ ការចួបជុំគ្នា គឺជាចំណុចចាប់ផ្តើមនៃសេចក្តីបញ្ចប់ ពោលគឺបញ្ចប់ ដោយការព្រាត់ប្រាសគ្នាវិញ ។ ក្នុងខណៈពេលនេះ គឺជាពេលដែលមនុស្សយើងគ្រប់គ្នាបានដើរតម្រង់ទៅរកសេចក្តីស្លាប់ ហើយដំណើរនេះមានតាំងពីពេលចាប់កំណើតក្នុងផ្ទៃនៅថ្ងៃដំបូងមកម្ល៉េះ!... ជីវិតដែលស្របតាមដំណើរធម្មជាតិ នឹងពេញប្រៀបដោយសុភមង្គល និង សន្តិភាព ។

ការលើកស្ទួយគុណភាពជីវិត ស្រេចលើទង្វើជាគុណប្រយោជន៍សម្រាប់មនុស្សជាតិដូចគ្នា ។ បើបានជាដឹងថា ផ្លូវដែលយើងកំពុងដើរគឺជាផ្លូវដ៏ត្រឹមត្រូវ មានតែបង្កើនការប្រឹងប្រែងឱ្យបានខ្លាំងក្លាបំផុត ។ ក្នុងធម្មជាតិនេះមានតែធាតុប្រឹងប៉ុណ្ណោះ ។ ធម្មជាតិខ្លួនឯងបានប្រឹង រហូតធ្វើឱ្យចក្រវាឡទាំងមូលមានលំនឹង និង អាចអនុញ្ញាតឱ្យយើងមានជីវិតរស់នៅបាន ។ ដូច្នេះ ខ្លួនយើងត្រូវប្រឹងរៀន ប្រឹងគិត និង ប្រឹងប្រព្រឹត្តល្អ ដើម្បីឱ្យស្របទៅតាមដំណើររបស់ធម្មជាតិដែរ ។
____

Cr. Ratha Mom

No comments:

Post a Comment