Wednesday, February 19, 2020

មិនយល់ចរិតលក្ខណៈ



​មិន​យល់ចិត្ត​សាស្រ្ត​ ​អាន​សៀវភៅ​យុទ្ធ​សាស្រ្ត​យល់​យ៉ាង​លំបាក​។​ ​មិន​យល់​យុទ្ធ​សាស្រ្ត​ ​អាន​សៀវភៅ​នយោបាយ​យល់​យ៉ាង​លំបាក​។​ ​នយោបាយ​ ​គឺជា​សង្គ្រាម​ដែល​មនុស្ស​ម្នា​ក់ៗ​មានជីវិត​ច្រើន​ ​តែ​ក្នុង​សង្គ្រាម​ជាក់ស្តែង​វិញ​ ​មនុស្ស​ម្នា​ក់ៗ​មានជីវិត​តែមួយគត់​។​ ​សម័យ​សង្គ្រាម​ ​អ្នក​សក់ស​ដុត​សព​អ្នកសក់​ខ្មៅ​ ​តែ​សម័យ​សន្តិភាព​ ​អ្នក​សក់ខ្មៅ​ដុត​សព​អ្នក​សក់ស​។​ ​នេះ​មានន័យថា​ ​កិច្ចការ​សង្គ្រាម​និង​នយោបាយ​ ​គឺ​យក​លទ្ធផល​ ​(​ខ្លាំង​)​ ​និង​ជ័យជម្នះ​ជាធំ​។​ ​ចុះ​ចំណែក​ចិត្ត​សាស្រ្ត​វិញ​ ​ពាក់ព័ន្ធ​គ្នា​យ៉ាងណា​?​ ​ចេះ​ចិត្ត​សាស្រ្ត​ ​ងាយ​នឹង​ដឹងចិត្ត​សត្រូវ​។​ ​ដឹងចិត្ត​សត្រូវ​ ​ងាយ​នឹង​រៀប​យុទ្ធ​សាស្រ្ត​ត្រូវ​។​ អ៊ីចឹង​ហើយ​ក្នុង​យុទ្ធ​សាស្រ្ត​សង្គ្រាម​ ​បុគ្គល​ដែល​ជា​អ្នក​រៀបចំ​យុទ្ធ​សាស្រ្ត​ ​គឺ​កម្រ​នឹង​មាន​អ្នក​ស្គាល់​ខ្លាំង​ណាស់​។​ ​មធ្យោបាយ​នេះ​ ​មាន​មេដឹកនាំ​ខ្មែរ​ជំ​នាន់​ចាស់​ៗ​បាន​យក​មក​ប្រើជា​ច្រើន​ ​ដូចជា​អ្នកខ្លះ​មាន​ឈ្មោះច្រើន​ ​ហើយ​អ្នកខ្លះ​ ​អ្នក​ក្រោម​ឬ​សត្រូវ​មិនដឹង​សមាសភាព​ផង​។​ ​នេះ​ជា​យុទ្ធ​សាស្រ្ត​និង​ចិត្ត​សាស្រ្ត​។​ ​ចុះ​យុទ្ធ​សាស្រ្ត​និង​នយោបាយ​?​ ​

បើ​យើង​សិក្សា​ស៊ីជម្រៅ​ច្បាប់​ធម្មជាតិ​ ​យើង​នឹង​ឃើញថា​ ​“​ខ្មៅ​បង្កើត​ស​។​ ​ល្អ​បង្កើត​អាក្រក់​។​ ​ខ្ពស់​បង្កើត​ទាប​។​ ​វែង​បង្កើត​ខ្លី​។​ ​មនុស្ស​ល្អ​បង្កើត​មនុស្ស​អាក្រក់​។​ ​ខ្លាំង​បង្កើត​ខ្សោយ​។​ ​មាន​បង្កើត​អត់​ ​ហើយ​អត់​បង្កើត​មាន​”​​ ​នេះ​ជា​ទ្រឹ​ស្តី​អ្នកប្រាជ្ញ​ចិន​ ​ឡៅ​ ​ជឺ​ ​ហើយ​ព្រះពុទ្ធ​ ​ក៏បាន​សម្តែង​ស្រ​ដៀង​ៗ​ដែរ​ ​ដ្បិត​នេះ​ជា​ច្បាប់​ធម្មជាតិ​។​ ​សម្គាល់​មនុស្ស​ល្អ​ម្តេច​កើត​ ​បើ​គ្មាន​មនុស្ស​អាក្រក់​ប្រៀបធៀប​ផង​ហ្នឹង​។​ ​សម្គាល់​ស្រី​ស្អាត​យ៉ាងម៉េច​ ​បើ​យើង​មិនដែល​ធ្លាប់​ជួប​ ​ឬ​ឃើញ​ស្រី​អាក្រក់​ផង​ហ្នឹង​។​ ​ខ្ញុំ​បាន​អាន​សៀវភៅ​បរទេស​ជាច្រើន​ទាក់ទង​នឹង​ទ្រឹ​ស្តី​នយោបាយ​ ​មិនថា​ចិន​ ​ឬ​អ្នកប្រាជ្ញ​កល​យុគ​សង្គ្រាម​បស្ចិមប្រទេស​ ​និង​ជាពិសេស​ឥណ្ឌា​។​ ​អ្វី​ដែល​ខ្ញុំ​សម្គាល់​ឃើញ​ ​គឺ​នយោបាយ​ ​វា​ផ្តោត​សំខាន់​លើ​រឿង​ឈ្នះ​ ​លើ​រឿង​ខ្លាំង​ ​និង​កម្លាំង​ពិត​។​ ​អ្នក​ដែល​យល់ថា​សីលធម៌​ជាប់ពាក់ព័ន្ធ​នឹងន​យោ​បាយ​ ​គឺ​អ្នកនោះ​មិន​យល់​ពី​នយោបាយ​ទេ​។​ ​រី​ចំពោះ​ទស្សនវិទូ​ ​និង​អ្នកនយោបាយ​ ​គឺ​មាន​ចរិតលក្ខណៈ​ខុសគ្នា​។​ ​យើង​ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​ទស្សនវិទូ​ ​និង​អ្នកនយោបាយ​ ​ដ្បិត​កម្រមាន​ទស្សនវិទូ​ធ្វើនយោបាយ​ណាស់​។​ ​មូលហេតុ​អ្វី​?​

​ទស្សនវិទូ​ភាគច្រើន​ ​គឺជា​អ្នក​សរសេរ​ក្បួន​ ​ផ្តល់​គំនិត​ ​ឬ​អ្នកខ្លះ​សរសេរ​ដើម្បី​គាំទ្រ​បដិវត្តន៍​ ​(​ឱ្យ​មនុស្ស​ចូលរួម​បដិវត្តន៍​)​។​ ​ក្រោយមក​ ​អ្នកនយោបាយ​យក​ក្បួន​យក​ទៅ​ប្រតិបត្តិ​។​ ​យុវជន​យើង​គួរ​ត្រូវ​សង្វាត​ប្រឹង​ស្រាវជ្រាវ​ប្រភព​បរទេស​ ​ឱ្យ​ច្រើនជាង​ប្រភព​ខ្មែរ​ ​ដ្បិត​ចំណេះដឹង​ទស្សនវិជ្ជា​នយោបាយ​ ​ខ្មែរយើង​មិនទាន់​មានការ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ទេ​។ ចរិត​ខ្មែរ​ក្រោយ​សង្គ្រាម​ ​គឺ​ខ្លាច​នយោបាយ​សម្បើម​ណាស់​ ​ដ្បិត​នយោបាយ​ ​គឺ​ស្មើនឹង​សង្គ្រាម​។​ ​ជា​ប្រវត្តិ​សាស្រ្ត​ ​ឱ្យ​តែ​សង្គ្រាម​កើ​ត​ម្តង​ៗ​ ​ពិតជា​វេទ​នា​ណាស់​!​!​ ​អ្នកចេះដឹង​ខ្លះ​ ​ហ៊ាន​វិភាគ​ស្ថានភាព​នយោបាយ​ថៃ​ ​ដែល​ជា​ប្រទេស​ក្បែរ​ខាង​ខ្លួន​ ​តែ​ដល់ពេល​នយោបាយខ្មែរ​កើត​វិប​ត្តិ​ម្តង​ៗ​ ​គឺ​មាន​អ្នក​និយាយតិច​ ​ហើយ​កាន់តែ​តិច​ទៅទៀត​នោះ​ ​គឺ​អ្នក​និយាយ​ការពិត​ ​និយាយ​ឱ្យ​ត្រូវ​ ​និយាយ​ឱ្យ​ក្លាហាន​ ​ឬ​និយាយ​ដោយ​មិន​ជាប់​និន្នាការ​បក្ស​ ​(​មិន​មាន​ច្រើន​)​។​ ​ដោយសារតែ​បែបនេះ​ហើយ​ ​ទើប​យុវជន​ភាគច្រើន​ខ្សោយ​ការ​គិត​ផ្នែក​នយោបាយ​ ​ផ្នែក​ទស្សនៈ​ ​ផ្នែក​យុទ្ធ​សាស្រ្ត​ ​ផ្នែក​ចិត្ត​សាស្រ្ត​ ​ជាពិសេស​សង្គមវិជ្ជា​.​.​.​.​បែងចែក​គ្នា​មិន​ដាច់​ស្រឡះ​ ​កុំ​រស់នៅ​តែ​ក្នុង​ឧត្តមគតិ​និយម​ហួសហេតុ​ពេក​។​

​សំណេរ​នេះ​ ​ខ្ញុំ​ចែករំលែក​ឱ្យ​មនុស្ស​ចេះ​សម្គាល់​អ្នកនយោបាយ​ ​ជាពិសេស​ក្នុង​ស្ថានភាព​អ្នកនយោបាយអនុវត្ត​យុទ្ធ​សាស្រ្ត​ ​តែ​មិនមែន​ឱ្យធ្វើ​ចរិត​ស្មោកគ្រោក​ដូច​អ្នកនយោបាយ​ ​ស្រប​ពេល​ដែល​ខ្លួន​ជា​រាស្រ្ត​ រស់​សាមញ្ញ​ ​ធ្វើស្រែ​ចម្ការ​ ​ហក់លោត​យកគំនិត​សាម​កុក​មក​វាយប្រហារ​គ្នាឯង​ទេ​។​ ​បែងចែក​ឱ្យ​ដាច់​​រវាង​រាស្រ្ត​ ​និង​ចរិត​អ្នកធ្វើ​នយោបាយ​។​ ​មនុស្ស​មាន​ក្បាល​ ​មិន​ប្រាកដ​ថា​ចេះ​គិត​។​ ​មនុស្ស​ចេះ​គិត​ ​មិន​ប្រាកដ​ថា​គិត​ត្រូវ​។​ ​មនុស្ស​គិត​ត្រូវ​ ​មិន​ប្រាកដ​ថា​ធ្វើ​បាន​។​ ​មនុស្ស​ធ្វើ​បាន​ ​មិន​ប្រាកដ​ថា​ធ្វើ​បាន​លទ្ធផល​ល្អ​។​ ​ពេលណា​យើង​មិន​ស្រាវជ្រាវ​ពី​ពិភព​គំនិត​ឱ្យ​ច្រើន​ ​ឱ្យ​ស៊ីជម្រៅ​ ​គឺ​ស្មើនឹង​ហូប​អាហារ​ផ្អូម​។​ ​អ្នក​ដែល​ហូប​អាហារ​ផ្អូម​ ​ពេល​និយាយ​មក​ ​គឺ​ដឹង​តែ​មាន​ក្លិន​មាត់​ផ្អូម​ហើយ​!​!​ ​សំណេរ​នេះ​សម្រាប់​ពិចារណា​ប៉ុណ្ណោះ​៕

No comments:

Post a Comment