Wednesday, February 19, 2020

ប្រភពនៃការបំផ្លាញ



មានប្រភពចម្បងពីរយ៉ាង ត្រូវបានគេសន្មតថាអាចបំផ្លាញសង្គមជាតិមួយឱ្យវិនាសអន្តរាយ ហើយគេពុំអាចចាប់ថ្នាក់បានថាជាអំពើឧក្រិដ្ឋកម្មថែមទៀតផង ។ ប្រភពទីមួយ គឺច្បាប់អាក្រក់ ហើយប្រភពទីពីរ គឺមនុស្សអាក្រក់ ។ ភាពអាក្រក់ទាំងពីរយ៉ាងខាងលើនេះ បើបានចួបគ្នាពេលណា ការវិនាសនឹងកើតមានដោយពុំមាននរណាម្នាក់បានដឹងខ្លួនឡើយ ។ សាកនឹកស្រមៃទៅមើលថា នៅពេលមនុស្សអសីលធម៌ម្នាក់បានកាន់កាប់អំណាច ហើយអនុវត្តទៅតាមច្បាប់អាក្រក់ តើគេនឹងធ្វើអ្វីដើម្បីសង្គម? គឺបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គម និង បណ្ដោយឱ្យមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធមែនទេ?

ប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញអំពីការពិតដ៏អមតៈមួយថា មនុស្សដែលកាត់បំពង់កជាតិសាសន៍របស់ខ្លួន នៅទីបញ្ចប់ពួកគេក៏បានដាច់បំពង់កខ្លួនឯងដែរ ។ ប៉ុន្តែ មុននឹងពួកគេត្រូវវិនាសដោយមកអំពីសកម្មភាពរបស់ខ្លួន មានមនុស្សច្រើនណាស់បានរងគ្រោះព្រោះតែសកម្មភាពនេះ ។ ហេតុដូច្នេះហើយ បានជាសង្គមត្រូវការច្បាប់មួយដែលល្អ កាលណាមានច្បាប់ល្អមនុស្សអាក្រក់ក៏មិនអាចធ្វើសកម្មភាពទៅតាមទំនើងចិត្តរបស់ខ្លួនបានឡើយ ។ ពិតមែនហើយថា យើងមិនអាចកម្ចាត់មនុស្សអាក្រក់បានទាំងស្រុងនោះទេ ពីព្រោះពួកគេក៏កំពុងតែរកវិធីដើម្បីបានគេចចេញពីសំណាញ់ច្បាប់ដែរ ។ ប៉ុន្តែ បើមនុស្សល្អមានសេចក្តីក្លាហានក្នុងការអនុវត្តច្បាប់ ហើយបន្តបង្កើនចំនួនឱ្យកាន់តែច្រើន នោះមនុស្សអាក្រក់នឹងមិនអាចធ្វើសកម្មភាពបានដោយស្រួលឡើយ ។

មនុស្សយើងម្នាក់ៗមានសតិសម្បញ្ញៈ ដែលជាអ្នកមានតួនាទីចាំឃ្លាំមើលរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង ។ មែនទែនទៅវាមិនត្រឹមតែចាំឃ្លាំមើលតែនៅលើការប្រព្រឹត្តមួយមុខនោះទេ សូម្បីតែការគិតក៏ឋិតនៅក្រោមការត្រួតពិនិត្យរបស់សន្តិសុខ ដែលអត់ទទួលយកប្រាក់ខែនេះដែរ ។ ប៉ុន្តែ មានមនុស្សច្រើនណាស់ បានក្បត់នឹងសតិសម្បញ្ញៈរបស់ខ្លួនទៅប្រព្រឹត្តទង្វើអសីលធម៌ និងដែលបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅកាន់សង្គម ។ ត្រូវចងចាំថា យើងគ្រប់គ្នាមានករណីយកិច្ចមួយយ៉ាងសំខាន់ គឺការទទួលខុសត្រូវនូវរាល់សកម្មភាពរបស់ខ្លួន ដែលស្តែងចេញតាមរយៈ កាយ វាចា និង ចិត្ត ។ មនុស្សដែលព្យាយាមបំពេញករណីយកិច្ចរបស់ខ្លួន មានន័យថា គេកំពុងតែដើរនៅលើមាគ៌ាមួយដ៏ឧត្តម ពោលគឺលាងជម្រះភាពអវិជ្ជាដែលមាននៅក្នុងសន្ដានចិត្ត និង គំនិតរបស់គេ ៕


No comments:

Post a Comment