Sunday, April 5, 2020

ក្រអូបសុចរិត!



មហាសេដ្ឋី​ Carlos Slim Helu បាននិយាយថា អ្នក​ណា​​​ដែល​​ឲ្យ​ផ្កា​កុលាប​ទៅ​អ្នក​ផ្សេង​កាន់តែ​ច្រើន អ្នក​នោះ​នឹង​ទទួល​បាន​ក្លិន​ក្រអូប​ត្រឡប់មក​វិញ​។ កើតជាមនុស្សគឺជារឿងសំណាង ប៉ុន្ដែការច្នៃសំណាងនេះឱ្យមានតម្លៃបែបណានោះ គឺអាស្រ័យលើយើងខ្លួនឯង ។

ក្លិនក្រអូបពិតប្រាកដ ពុំមែនត្រឹមតែជាក្លិនទឹកអប់ទេ តែវាជាសុចរិតភាពរបស់មនុស្សល្អ ។ មនុស្សល្អក្រអូបកេរ្ដិ៍ឈ្មោះ មនុស្សមានតម្លៃថ្លៃលើសុចរិត ។ ចិត្តល្អអាចធ្វើឱ្យមនុស្សមុខមិនស្អាត ក្លាយជាគួរឱ្យស្រឡាញ់បាន ។ ពិភពលោកនឹងស្អាត នៅពេលមនុស្សជាច្រើនចេះស្រឡាញ់គ្នាទៅវិញទៅមក ចេះជួយគ្នាទៅវិញទៅមក ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកបាន ប៉ុន្ដែពិភពលោកនឹងប្រែជាអាក្រក់ ហើយខ្មៅងងឹត ប្រសិនបើមនុស្សគ្រប់គ្នានៅតែមានគំនិតអាត្មានិយម ( ប្រកាន់វប្បធម៌អញនិយម ) ។

ចូរដាំសន្ដិភាពក្នុងចិត្ត ប្រសិនបើយើងចង់បានសុខុមាលភាពជីវិត ។ រួមគ្នាបណ្ដុះគ្រាប់ពូជនៃអំពើល្អ ប្រសិនបើយើងចង់បានសង្គមមួយដ៏ស្រស់ស្អាត ។ សង្គមស្អាត មិនគ្រាន់តែដើម្បីយើងគ្រប់គ្នាទេ តែក៏ដើម្បីអាគតដ៏វែងឆ្ងាយផងដែរ ។ ដ្បិតមនុស្សអាក្រក់មានច្រើន តែក៏មានមនុស្សល្អមិនតិចដែរ ហេតុនេះទើបលោកមហាសេដ្ឋី ​​Li Ka-Shing​ តែងអះអាងថា «មនុស្ស​​មាន​ចិត្ដ​ស្មោះត្រង់​ នឹងព្យាយាមដើរ​ចូល​ក្នុង​ចិត្ត​របស់​អ្នក​ តែ​មនុស្ស​​ពុតត្បុតល្បិចកល់ គង់នឹង​ដើរ​ចេញ​ពី​កែវ​ភ្នែក​របស់​អ្នក "។ វា​គឺ​ជា​​បុណ្យកុសលដ៏ថ្លៃថ្លាបំផុត សម្រាប់​មនុស្ស​ដែល​បាន​​ជួយគ្នា​ទៅវិញទៅមក ប៉ុន្តែ​សម្រាប់​មនុស្ស​​ដែល​អាច​​បន្ត​រួមរស់​ជាមួយ​គ្នា​ជា​យូរអង្វែងបាន គឺ​ទាមទារ​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ភាព​ជឿជាក់លើគ្នា

មហាត្មៈគន្ធី បានបន្ថែមថា " យើងពុំគួរស្អប់មនុស្សអាក្រក់ទេ ដ្បិតនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ដរាបណាអំពើអាក្រក់មិនរលាយសាបសូន្យ "។ ប្រសិនបើយើងមិនអាចកាច់ចង្កូតមនុស្សអាក្រក់បានទេ នោះសូមយើងធ្វើជាចំណែកនៃភាពជាមនុស្សល្អ ចុងក្រោយសេចក្ដីល្អនឹងរក្សាយើងវិញ ។ ចុងក្រោយសង្គមនឹងមិនឱ្យយើងឯកាទេ ។

______
អត្ថបទ : ប្រាជ្ញាជីវិត

No comments:

Post a Comment