ផ្តើមចេញពីការយល់ត្រូវ
នាំដល់សកម្មភាពត្រូវ ចេញពីសកម្មភាពត្រូវ ទើបនាំដល់លទ្ធផលត្រូវ ។ អ្វីៗគ្រប់យ៉ាងដែលជប៉ុនមានថ្ងៃនេះ
គឺបានដោយសារធនធានក្នុងក្បាល មិនមែនធនធានព្រៃឈើ មិនមែនធនធានរ៉ែ មិនមែនធនធានសមុទ្រ
មិនមែនធនធានវប្បធម៌ តែជាធនធានមនុស្ស ។ សម្រាប់ជនជាតិជប៉ុន ធនធានមនុស្សសំខាន់ណាស់
គេយល់យ៉ាងច្បាស់ថា មានតែធនធានមនុស្ស(ក្បាលចេះ)នេះទេ អាចមានអ្វីៗគ្រប់បែបយ៉ាងបាន ទោះបីគ្មានព្រៃឈើលក់យកលុយ
គ្មានរ៉ែតំលៃថ្លៃខ្វេះធ្វើវត្ថុធាតុដើម គ្មានសម្បត្តិវប្បធម៌ល្បីៗនាំចំណូលដល់ជាតិ ដូចជាប្រសាទអង្គរវត្តខ្មែរក៏ដោយ
តែធនធានមនុស្សនៅតែអាចខ្វេះបាន សម្បត្តិធនធាននៅជុំវិញពិភពលោកមកចិញ្ចឹមជនជាតិខ្លួនគេបានដែរ
។ យើងឆ្លាត យើងចេះ ខួរក្បាលយើងមានគុណភាព ធនធានណាក៏ដោយនៅជុំវិញពិភពលោកត្រូវតែហូរមកកន្លែងយើង
តែបើយើងល្ងង់ភ្លីភ្លឺ កុំថាឡើយយើងក្រគ្មានអ្វីសោះ សូម្បីសំបូរសម្បត្តិធនធានក្នុងទឹក
លើដី ក្រោមមេឃច្រើនយ៉ាងណា ក៏គង់មានបរទេសមកដណ្តើមស៊ីអស់ដែរ ។
ជប៉ុនយល់ពីតំលៃធនធានក្នុងខួរក្បាលបែបនេះហើយ ទើបដូនតានៃជនជាតិជប៉ុនគ្រប់ជំនាន់ថែរក្សាខួរក្បាលពលរដ្ឋជប៉ុនណាស់
រហូតបង្កើតច្បាប់ដាក់ទោសដល់ឪពុកម្តាយណាដែលមិនបញ្ជូនកូនទៅសាលាទៀតផង ។ រដ្ឋជប៉ុនថែរក្សាខួរក្បាលកូនក្មេងជប៉ុនណាស់
ចំណាយអស់ប៉ុន្មានក៏ជប៉ុនចំណាយដែរ ដើម្បីរដោះភាពល្ងង់ខ្លៅចេញពីខួរក្បាលពលរដ្ឋគេ
ព្រោះគេយល់ថាបើទុកឲ្យពលរដ្ឋគេល្ងង់ ដប់ទៅម្ភៃឆ្នាំក្រោយពលរដ្ឋល្ងង់ទាំងនេះនឹងនាំទុក្ខលំបាកដល់សង្គមផង
គ្រួសារគេផង និងខ្លួនគេផង ។ នេះជាការយល់ត្រូវរបស់ដូនតាជប៉ុន
ការយល់ត្រូវនេះនាំដល់សកម្មភាពត្រូវ ហើយលទ្ធផល គឺប្រទេសជប៉ុនសព្វថ្ងៃនេះ ។
អត្ថន័យ អត្ថរសនៃអត្ថបទនេះបង្រៀនយើងថា៖
ការយកចិត្តទុកដាក់លើភាពចេះដឹងរបស់ពលរដ្ឋ គឺជាកិច្ចការងារសំខាន់ជាងគេក្នុងដំណើរការអភិវឌ្ឍក្នុងចក្ខុវិស័យរយៈពេលវែងឆ្ងាយក្នុងប្រទេសនេះ
៕
No comments:
Post a Comment