Saturday, May 9, 2020

មិនមែនមានតែយើងទេ



មានមនុស្សជាច្រើនចូលចិត្ដត្អូញត្អែរពេលដែលចួបឧបសគ្គម្ដងៗ ។ ត្អូញត្អែររឿងការងារលំបាក ត្អូញត្អែររឿងស្នេហា ត្អូញត្អែររឿងដាច់លុយ ឬត្អូញត្អែររឿងខកបំណង ពេលខ្លះពួកគេត្អូញត្អែរស្ទើរគ្រប់រឿង ឱ្យតែធ្វើឱ្យផ្លូវចិត្តយ៉ាប់យឺនតែបន្ដិច គឺគិតតែពីត្អូញត្អែរហើយ ។

ពួកគេចូលចិត្ដដើរតួកម្សត់ ឱ្យគេអាណិត ជាជាងដើរតួជាមនុស្សរឹងមាំ ។ ពួកគេតែងតែយល់ថាការត្អូញត្អែរ ជាវិធីបន្ធូរអារម្មណ៍ តែការពិតវាពុំបានធ្វើឱ្យយើងធូរស្រាលទេ ផ្ទុយទៅវិញវាធ្វើឱ្យផ្លូវចិត្ដកាន់តែយ៉ាប់លើសដើម ។ ការត្អូញត្អែរគ្មានបានការអ្វីទេ ហើយបើយើងនៅតែបន្ដ វាក៏នៅតែនៅជាមួយយើងរហូតដែរ គឺរហូរដល់យើងចេះងើបឡើងតតាំងនឹងជីវិតដោយខ្លួនឯង ។

រស់ដល់ពេលនេះ អាយុប៉ុននេះទៅហើយ ចាត់ទុកថាធំហើយ ។ តទៅមុខនៅមានរឿងជាច្រើនទៀតដែលរង់ចាំយើងទៅឆ្លងកាត់ មានរឿងស្រួលៗ និងលំបាកៗជាច្រើននៅខាងមុខ ហើយការត្អូញត្អែរវាពុំមែនជាវិធីដោះស្រាយបញ្ហាទេ តែវាជាកញ្ចក់ឆ្លុះបញ្ចាំងថាយើងជាមនុស្សទន់ជ្រាយ គ្មានបានការ ។

គ្មាននរណាស្រណុកជាងអ្នកណាទេ អ្នកមានទុក្ខមួយបែប អ្នកក្រទុក្ខមួយបែប ។ អ្នកកម្សត់មានច្រើនណាស់ គ្រាន់តែពេលខ្លះគេខ្ជិលត្អូញត្អែរ ។ មួយនាទីដែលយើងត្អូញត្អែរ វាពិតជាខាតពេលណាស់ ។ ពាក់ស្បែកជើងតម្លៃ 5$ មិនអន់ទេព្រោះអ្នកខ្លះគ្មានសូម្បីជើងសម្រាប់ពាក់ស្បែកជើង ។ មានជីវិតមានឧបសគ្គ សំខាន់កុំចុះចាញ់ ងើបដើរទៅមុខកុំរវល់ត្អូញត្អែរ ព្រោះបើយើងនៅតែទន់ជ្រាយ យើងនៅតែបានពិន្ទុជីវិតតិចជាងគេរហូត ៕

Cr. Sun Veasna

No comments:

Post a Comment