Saturday, May 9, 2020

ឈឺចាប់តែកុំបោះបង់ខ្លួនឯង



អាចមកពីយើងល្អមិនគ្រប់គ្រាន់ ទើបគេមិនអាចស្រឡាញ់យើងបានយូរ ។ អាចមកពីយើងមិនមែនជាជម្រើសរបស់គេ ទើបគេទុកយើងចោលហើយដើរទៅបាត់ ។ អាចមកពីគេមិនបានស្រឡាញ់យើងពិតប្រាកដ ទើបគេទុកមនោសញ្ចេតនាយើងជារឿងលេងសើច ។ អាចមកពីគេអស់ចិត្ត ទើបគេមិនអាចកំដរយើងលេងសើចតទៅទៀតបាន ។ គេទៅព្រោះហេតុផលរបស់គេ នៅស្រឡាញ់គេជាហេតុផលរបស់យើង ទោះឃាត់គេក៏គ្មានន័យដែរ ។ អ្វីដែលយើងអាចធ្វើបាន គឺឈរមើលគេពីចម្ងាយ ។ រំលែកទុក្ខជាមួយគេ ពេលដែលគេត្រូវការ ។ សប្បាយចិត្តព្រោះតែគេសប្បាយចិត្ត ពិបាកចិត្តព្រោះតែគេពិបាកចិត្ត បែបនេះទោះឈឺបន្ដិចមែន តែក៏ជាសុភមង្គលមួយដែរ យើងក៏គ្មានជម្រើសផ្សេងពីហ្នឹង អ្នកណាប្រើឱ្យយើងស្រឡាញ់គេធ្វើអី ?

ស្នេហា ពេលនៅស្រឡាញ់អ្វីក៏ល្អ ។ ពេលគេនៅស្រឡាញ់ យើងធ្វើអ្វីក៏ត្រូវ តែពេលគេអស់ចិត្ដ យើងគ្រាន់ជារបស់ចាស់ដែលគេឈប់ប្រើប៉ុណ្ណោះ ។ យើងគ្មានសិទ្ធិបញ្ជាព្រះអាទិត្យមិនឱ្យរះ មិនឱ្យលិចបានទេ ហើយរឹតតែមិនអាចរារាំងចិត្ដប្រែប្រួលរបស់គេបានដែរ ។ បើគេអស់ចិត្តពីយើងទៅហើយ ទោះទិញទ្រុងដាក់ចាក់សោរច្រើនជាន់យ៉ាងណា ក៏គ្មានន័យដែរ ។ គេមិនមែនសត្វចិញ្ចឹមរបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់នៃជីវិតគេដែរ ។ បើនៅជាមួយយើងធ្វើឱ្យគេគ្មានក្ដីសុខ យើងដោះលែងគេទៅ ឱ្យគេទៅរកក្ដីសុខដែលគេត្រូវការចុះ ។ បើយើងពិតជាស្រឡាញ់គេមែន យើងក៏អាចនឹងរីករាយពេលគេមានក្ដីសុខជាមួយជម្រើសរបស់គេដែរ ។ គ្មានអ្វីសប្បាយចិត្ដជាងឃើញមនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុត រស់នៅយ៉ាងល្អប្រសើរនោះទេ ទោះបីជាផ្លូវមួយនោះគ្មានវត្ដមានយើងក៏ដោយ ។ គេថាស្នេហាជាការលះបង់ មែនហើយលះបង់ក្ដីសុខខ្លួនឯងខ្លះ ដើម្បីស្នាមញញឹមមនុស្សសដែលយើងស្រឡាញ់ វាមានតម្លៃណាស់ ។ ប្រសិនបើយើងពិតជាស្រឡាញ់គេមែន ទោះបីជាការលះបង់នោះ គេដឹងឬមិនដឹងក៏យើងសប្បាយចិត្ដដែរ សប្បាយចិត្ដដែលបានលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ ។ សប្បាយចិត្ដដែលអាចធ្វើជាបង្អែកសម្រាប់គេពេលគេត្រូវការ ។ សប្បាយចិត្ដព្រោះអាចមើលឃើញស្នាមញញឹមរបស់គេ

ក្ដីស្រឡាញ់គ្មានវិធីបញ្ឈប់ទេ ស្នេហាស្មោះរឹតតែពិបាករកអ្នកជំនួស ជ្រុសចិត្តលើនរណាម្នាក់ហើយ ចង់ដកវិញរឹតតែពិបាក ។ ខួរក្បាលរបស់យើងគ្មានប៊ូតុង Delete ទេ បំភ្លេចមនុស្សម្នាក់ពិតជាឈឺចាប់ណាស់ តែពេលវេលានឹងពន្យល់យើងពីវិធីបំភ្លេច ។ ថ្ងៃក្រោយពេលវេលានឹងប្រាប់យើងថា " វាគ្រាន់តែជាអតីតកាលក្នុងភាពអាលោះអាល័យមួយប៉ុណ្ណោះ " ប៉ុន្ដែទម្រាំតែពេលវេលាអាចឆ្លើយប្រាប់យើងបែបនេះ គឺត្រូវការឱ្យយើងចេះអត់ធ្មត់បន្ដិច រៀនទ្រាំបន្ដិច ។ គេទៅចោលយើង ព្រោះហេតុផលរបស់គេ តែយ៉ាងណាយើងមិនអាចចោលខ្លួនឯងបានទេ ។ ឈឺចាប់នឹងស្នេហា ជារឿងមួយ ការដើរទៅមុខសម្លឹងទៅមុខ ឱ្យកម្លាំងចិត្តខ្លួនឯង សង្គ្រោះខ្លួនឯង គឺជារឿងសំខាន់ ។ កុំរវល់ខូចចិត្តច្រើនពេក ថែខ្លួនឯងឱ្យល្អ រស់នៅដោយរីករាយ រក្សាសម្រស់កុំឱ្យចាស់មុនវ័យ ។ មនុស្សល្អៗមានច្រើនណាស់ ហើយពេលខ្លះអ្នកមុនគ្រាន់តែមិនមែនគូយើងប៉ុណ្ណោះ ហើយមនុស្សខ្លះចូលមកក្នុងជីវិតយើង គ្រាន់តែដើម្បីបង្រៀនយើងពីរបៀបប្រើជីវិតនេះតែប៉ុណ្ណោះ ៕

Cr. Sun Veasna

No comments:

Post a Comment