Sunday, May 3, 2020

ធ្វើនយោបាយតាមរយៈអំណាន?



តើនឹងមានរឿងអ្វីកើតឡើង បើស្រុកយើងមានអ្នកអានត្រឹម ១លាននាក់ ឬលើសនេះ? ទស្សនៈ អំណានជាអំណាច វាមិនមែនជាទស្សនៈត្រឹមត្រូវ ១០០% ទេ តែគ្រាន់តែវាខុសតិចប៉ុណ្ណោះ។ បើប្រើពាក្យ អំណានជាអំណាច នេះហើយ ធ្វើឱ្យយុវជនយើង និងពលរដ្ឋយើង នាំគ្នាគិតគូររឿងអានសៀវភៅ តើនឹងមានរឿងអ្វីកើតឡើង? មួយជីវិតខ្ញុំមកដល់ថ្ងៃនេះ ខ្ញុំរស់នៅអព្យាក្រឹតចំពោះខ្លួនឯងនិងអ្នកដទៃ ហើយក៏មិនដែលលម្អៀងទៅខាងខ្លួនឯងហួសហេតុដែរ ។ បើខ្ញុំជាមនុស្សពុករលួយចំពោះខ្លួនឯង ឬលម្អៀងមកខាងខ្លួនឯង ម្លោះហើយជីវិតខ្ញុំប្រហែលជាស្អុយរលួយដូចសង្គមមួយដែលមានវប្បធម៌ពុករលួយអ៊ីចឹងដែរ។

រស់មកដល់ថ្ងៃនេះ អនាគតជីវិតមិនអមតៈ ហើយក៏មិនមែនស្លាប់ថ្ងៃស្អែកដែរ ។ ខ្ញុំជឿលើការទទួលបានអ្វីមួយដោយការប្រឹងប្រែង តែមិនមែនបានអ្វីមួយដោយឯកឯង ឬព្រេងវាសនាទេ ។ សង្គមទៅមុខ ព្រោះមានមនុស្សប្រឹង។ ចង់ឱ្យសង្គមរីកចម្រើន គឺត្រូវមានកន្លែងចាប់ផ្តើមមួយ ។ អ្នកខ្លះចាប់ផ្តើមគិតដល់កុមារបន្តវេន ។ អ្នកខ្លះចាប់ផ្តើមគិតដល់រឿងនេះ ឬរឿងនោះ...។ ជាទស្សនៈ ភាពជាក់ស្តែងបំផុត គឺត្រូវគិតពីរឿងយុវជន ។ អ្នកដែលមានកម្លាំងធ្វើ គឺធ្វើបានច្រើន ហើយអ្នកដែលមានគំនិតច្រើន គឺធ្វើហើយ ទទួលបានជោគជ័យ ។ បើមានអ្នកអានច្រើន តើកើនអ្វី? ពេលសម្លឹងមើលសង្គម គឺយើងត្រូវសម្លឹងមើលវិស័យអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ។ ការសិក្សានៅសាលា គឺជាការចាំបាច់ ហើយការសិក្សាចំណេះដឹងក្រៅសាលា ក៏មិនអាចកាត់ផ្តាច់បានដែរ ។

អំណានគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះមូលធនមនុស្ស ។ អ្នកអានកើន អ្នកសរសេរក៏នឹងត្រូវតែកើនឡើងដែរ ។ បើអ្នកសរសេរកើនឡើងហើយ កុំថាឡើយចង់ឬមិនចង់ គឺនយោបាយនឹងប្រែប្រួលទៅតាមចំណេះដឹងរបស់យុវជន ។ បើអ្នកសរសេរកើនឡើងហើយ គំនិតនឹងមានប្លែកៗគ្នាច្រើន ហើយជាពិសេសក៏នឹងមានសំណេរដែលនិយាយពីសង្គមក៏កាន់តែច្រើនឡើងផងដែរ។ យុវជនឆ្លាត គឺចេះរើសមេដឹកនាំល្អ ឬបើមានមេដឹកនាំមិនល្អ ក៏មានវិធីស្ថាបនាតាមរបៀបត្រឹមត្រូវដែរ។ អំណាន គឺជាវិស័យដ៏រសើបក្នុងពេលបច្ចុប្បន្ន តែមិនដឹងថា តើអ្នកនយោបាយជំនាន់ក្រោយបានគិតគូរពីយុទ្ធសាស្រ្តស្រូបមនុស្សតាមរយៈវិធីនេះដែរឬទេ?

ខ្ញុំប្រហែលជាគិតខុសពីអ្នកដទៃ ព្រោះដោយសារខ្ញុំគិតក្នុងរយៈពេលវែងជាងគិតក្នុងរយៈពេលខ្លី ។ រឿងបែបនេះគឺតូចណាស់សម្រាប់អ្នកនយោបាយ ពីព្រោះនៅឆ្ងាយពីអំណាច ឬឋានៈភ្នែកមុខ (គ្មានអ្នកនយោបាយណាដែលធ្វើនយោបាយថ្ងៃនេះ ដោយមានទស្សនវិស័យថា នឹងធ្វើនាយករដ្ឋមន្រ្តីនៅ ២០ឆ្នាំក្រោយឡើយ)។ ផ្ទុយទៅវិញ បើយើងចេះមើល ១០ឆ្នាំ ឬ២០ឆ្នាំក្រោយ គឺរឿងតូចៗប្រមូលផ្តុំ គឺធំនឹងកើតឡើង ។ បណ្តុះយុវជនឱ្យអាន នឹងបានអ្នកនិពន្ធ ។ អ្នកនិពន្ធច្រើន អ្នកស្រាវជ្រាវច្រើន (R&D - Research and Development)។ ការស្រាវជ្រាវនិពន្ធក៏ច្រើន សៀវភៅច្រើនមានប្រភេទ មនុស្សអានច្រើន ចំណេះដឹងទូលាយ...។ អត្ថបទនេះ ខ្ញុំសរសេរទំនងបែបស្រមើស្រមៃបន្តិច ហើយរឹតតែមិនអាចទៅរួចឡើយ ដែលខ្ញុំមកទាញចំណាប់អារម្មណ៍ឱ្យមនុស្សធ្វើនយោបាយតាមរយៈការបណ្តុះអ្នកអាន៕
____________________________
Cr. អំណានជាអំណាច

No comments:

Post a Comment