Sunday, May 3, 2020

ច្បាប់ទម្លាប់ក្នុងសង្គមខ្លះៗដែលអាចជួយអ្នកបានទាំង ២១ នេះ



១. មិនត្រូវហៅនរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថា គេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។

២. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថា គេបានឱ្យលុយទៅអ្នកខ្ចី ។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណ:របស់អ្នក ។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីៗផ្សេងទៀតដូចជា ឆ័ត្រ ប៊ិក និងប្រអប់ដាក់អាហារជាដើម ។

៣. មិនត្រូវកុម្មង់អាហារថ្លៃៗនៅក្នុងបញ្ជីអាហារ នៅពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាច សុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។

៤. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា "អ៊ីចឹង ឯងមិនទាន់មានគ្រួសារទេហ្អេហ៎?" ឬក៏ "ឯងអត់មានកូនហេហ៎?" ឬ "ថីបានជាឯងអត់ទិញផ្ទះហ្នឹងហាហ៎?" ឬក៏ "ម៉េចបានជាឯងមិនទិញឡានមួយទៅ?" ត្រូវចាំថាវា នោះមិនមែនជាបញ្ហារបស់អ្នកទេ ។

៥. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច ។ វាគ្មានទៅអស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ ។ អ្នកមិនអាចនឹងអន់មិនទាបអស់កិត្តិយសឡើយ ក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃ ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់

៦. បើសិនជាអ្នកជិះTaxiជាមួយនឹងមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយ អ្នកត្រូវព្យាយាមចេញម្តង។

៧. ត្រូវឱ្យតម្លៃទៅលើគំនិត ឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅទល់មុខអ្នកនោះ នឹងឃើញជាលេខ9 ។ ម៉្យាងទៀត បើសិនជាគំនិតដំបូងមានបញ្ហា គំនិតទី២អាចប្រើជំនួសបាន ។

៨. មិនត្រូវរំខាននៅពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត ។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅពេលគេកំពុងនិយាយនោះ ត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់ ។

៩. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរពនិង ឱ្យតម្លៃ ។

១០. ពោលពាក្យ "អរគុណ" នៅពេលនរណាម្នាក់បានជួយអ្នក ។

១១. សរសើរជាសាធារណ: រិះគុណប្រាប់កំហុសជាឯកជន ។

១២. គ្មានហេតុផលសំអាងអ្វីទេក្នុងការបញ្ចេញមតិទៅលើទម្ងន់របស់នរណាម្នាក់ថាគេធាត់ ស្គម ឬយ៉ាងណានោះ។ គ្រាន់តែនិយាយថា"ឯងស្អាតណាស់"ទៅបានហើយ ។ បើគេចង់ពិភាក្សាពីការបញ្ចុះទម្ងន់ជាមួយអ្នកនោះ គេនឹងនិយាយហើយ ។

១៣. នៅពេលនរណាម្នាក់បង្ហាញអ្នកពីរូបភាពណាមួយក្នុងទូរសព្ទរបស់គេ ចូរកុំអូសទៅឆ្វេងស្តាំ។ អ្នកគ្មានសិទ្ធិដឹងឬឃើញរូបភាពអ្វីផ្សេងទៀតឡើយ ។

១៤. បើសិនជាមិត្តរួមការងារម្នាក់ប្រាប់អ្នកថា គេត្រូវទៅណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ចូរកុំសួរថាទៅដើម្បីអ្វី គ្រាន់តែនិយាយថា"សង្ឃឹមថាអ្នកមិនអីចុះ"តែប៉ុណ្ណឹងបានហើយ។ កុំព្យាយាមដាក់សម្ពាធឱ្យគេនិយាយប្រាប់ពីជម្ងឺផ្ទាល់ខ្លួនរបស់គេឡើយ ។ បើសិនជាគេពិតជាចង់ឱ្យអ្នកដឹងមែននោះ គេនឹងនិយាយប្រាប់អ្នកមិនចាំបាច់ឱ្យអ្នកសួរនោះទេ ។

១៥. ត្រូវចាត់ទុកអ្នកអនាម័យដូចទៅនឹងCEOដែរ។ គ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ពេញចិត្តទៅលើការមើលងាយរបស់អ្នកទៅលើអ្នកដែលស្ថិតក្រោមបង្គាប់ខ្លួននោះទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នានឹងសរសើរអ្នកនៅពេលអ្នកផ្តល់ការគោរពទៅកាន់ពួកគេ។

១៦. បើសិនជាមនុស្សម្នាក់កំពុងតែនិយាយមកកាន់អ្នក តែអ្នកបែរជាសម្លឹងមើលទូរសព្ទ នេះមិនមែនជាទង្វើសមគួរឡើយ ។

១៧. មិនចាំបាច់ទូន្មានបង្រៀនគេទេ បើសិនជាគេមិនបានសុំឱ្យទូន្មាននោះ ។

១៨. ពេលដែលជួបមិត្តដែលខានឃើញគ្នាយូរ ចូរកុំសួរគេពីអាយុ និងប្រាក់ចំណូលរបស់គេឡើយ ទាល់គេចង់និយាយពីរឿងនេះ ចាំនិយាយ ។

១៩. កុំខ្វល់ខ្វាយច្រើនពីរឿងអ្នកដទៃ លើកលែងតែរឿងនោះទាក់ទងនឹងអ្នកដោយផ្ទាល់តែម្តង ។

២០. ត្រូវដោះវ៉ែនតាខ្មៅចេញ បើសិនជាអ្នកនិយាយទៅកាន់នរណាម្នាក់នៅតាមផ្លូវ ។ វាជាសញ្ញានៃការគោរព ។ លើសពីនេះទៅទៀត ការសម្លឹងមើលកែវភ្នែកអ្នកនិយាយ ក៏សំខាន់ប្រដូចនឹងពាក្យសម្តីវាចារដូចគ្នាផងដែរ ។

២១. មិនត្រូវនិយាយពីទ្រព្យពីភាពមានបានរបស់អ្នកនៅក្នុងបរិវេណអ្នកក្រនោះទេ ។ ដូចគ្នានេះដែរ មិនត្រូវនិយាយពីកូនៗរបស់អ្នកចំពោះមុខអ្នកដែលមិនអាចមានកូនឡើយ ។
------------------------------------------
ខ្ញុំសង្ឃឹមថាវាអាចនឹងជួយអ្នក

ប្រភព :ហ្វេសប៊ុក

1 comment: