Sunday, May 10, 2020

កម្លាំងចិត្ត



 កម្លាំងចិត្ត គឺថាមពលដែលចេញពីខ្លួនយើង ធ្វើឲ្យចិត្តនេះមានកម្លាំងឡើង ធ្វើឲ្យអាចហ៊ាន អាចស៊ូ អាចមានះពុះពារគ្រប់ឧបសគ្គដែលកើតឡើងចំពោះមុខ ដោយគ្មានភាពរួញរាឡើយ ។ កម្លាំងចិត្តនេះ មនុស្សគ្រប់គ្នា សុទ្ធតែត្រូវការមិនអាចខ្វះបាន ។ ការឲ្យកម្លាំងចិត្តនេះស្មេរបានសរសេរខ្លះៗហើយពីការឲ្យកម្លាំងចិត្ត លើកទឹកចិត្តដល់បុគ្គលណាម្នាក់ ដែលមានស្នាដៃ សម្រេចបានភាពជោគជ័យក្នុងសង្គម មិនថាកូន មិនថាប្ដី មិនថាប្រពន្ធ មិនថាបុគ្គលិក មិនថាអ្នកនយោបាយ ស្ថាប័ន អង្គភាព ឬក្រសួងទេ សុទ្ធតែត្រូវបានគេផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្ត តាមក្របខណ្ឌណាមួយ ។ ចុះក្នុងប្រធានបទនេះ យ៉ាងណាដែរ?

ការឲ្យកម្លាំងចិត្ត កើតចេញពីយើង ចេះពីការយល់របស់យើងម្នាក់ៗ នៅពេលឃើញអ្នកណាម្នាក់ជួបនូវបញ្ហា ដែលមិនអាចដោះស្រាយចេញ យើងចូលទៅរកគេ ហើយបានផ្ដល់កម្លាំងចិត្តដល់គេនោះ ដោយសម្ដីលួងលោម បបោសអង្អែលចិត្តឲ្យគេបានយល់ពីបញ្ហាជីវិត ថាមិនមែនតែយើងទេ មានរឿងបែបហ្នឹង មានមនុស្សជាច្រើនណាស់ ដែលជួបបញ្ហាបែបហ្នឹងរាប់មិនអស់ ។ ដូចជាគេរៀនមិនពូកែ ប្រឡងធ្លាក់ យើងតែងតែនិយាយថា កុំតូចចិត្តអី ការរៀនមិនពូកែនេះ មិនមែនមានន័យថាខ្លួនអន់ ខ្សោយទេ គ្រាន់តែយើងរកចំណុចរៀនពូកែនោះមិនទាន់ឃើញប៉ុណ្ណោះ ឬដូចជាការឃើញគេប្រឡងធ្លាក់ យើងតែនិយាយលួងចិត្តគេថា ការបរាជ័យនេះ គ្មានអ្វីគួរឲ្យខ្មាសទេ តែគេថា ការបរាជ័័យគឺជាមាតានៃជ័យជំនះទេតើ  ក្នុងន័យនេះអាយ ស្ដាយ និយាយថា ការបរាជ័យមួយរយម្ដង មិនមែនជាវិធីអស់សង្ឃឹមទេ គ្រាន់តែយើងរកឃើញវិធីបានមួយរយម្ដងក្នុងភាពបរាជ័យរបស់យើងប៉ុណ្ណោះ ។

កម្លាំងចិត្ត ដែលយើងឲ្យដល់មនុស្សដែលមានសង្សារ ភាពរីករាយនៃជីវិតគូស្នេហ៍ គ្មានអ្វីផ្អែមប្រៀបបាន តែដល់បែកបាក់វិញ វាគ្មានអ្វីល្វីជូរចត់ដូច ។ ការផ្ដល់កម្លាំងចិត្តដល់មនុស្សប្រភេទនេះ គឺការលួងលោមចិត្តគេឲ្យស្ងប់រម្ងាប់ពីការឈឺចាប់នោះចោលចេញ ។ ជួនកាលយើងតែនិយាយថា ជាធម្មតា ស្នេហា តែងតែមានការឈឺចាប់ជៀសមិនផុត ដូចជាអ្នកស្រឡាញ់ផ្កាកូឡាបអ៊ីចឹង បើចង់ចាប់កាន់ផ្កាកូឡាបមកថើបផ្អិបនឹងនាសាត្រូវហ៊ានឈឺចាប់ជាមួយបន្លារបស់វាសិន ។ គ្មានស្នេហាណា គ្មានឧបសគ្គឡើយ បើគ្មានមិនមែនជាស្នេហាឡើយ ។ ជួនកាលយើងនិយាយប្រាប់គេថា កុំគិតច្រើនអី បើគ្មានគេម្នាក់ក៏យើងមិនអីដែរ ធ្វើយ៉ាងណាខំថែរក្សាសម្រស់ គិតពីសុខភាព រកការងារធ្វើ មានប្រាក់ខែច្រើន ដើរលេងឲ្យសប្បាយចិត្តមិនស្រួលជាងឬ ។ ពេលខ្លះយើងនិយាយថា សុខចិត្តរើសមនុស្សដែលគេស្រឡាញ់ខ្លួន ប្រសើរជាងរើសមនុស្សដែលខ្លួនស្រឡាញ់ ។ ពេលខ្លះ យើងនិយាយថា បើចង់យំ យំវាចេញមក កុំទុកវាធ្វើអី បើចង់និយាយ និយាយវាចេញមកកុំលាក់ទុកវាធ្វើអ្វី ក្រែងលោកវាបានធូរចិត្តខ្លះ ។ ជួនកាលយើងថា បើមិនអាចបំភ្លេច កុំបង្ខំវាអី កាលណាយើងខំបំភ្លេច វាកាន់តែនឹកឃើញឡើង ដូចនេះ ទុកឲ្យវាទៅតាមដំណើររឿងរបស់វាទៅ រកនេះរកនោះធ្វើជំនួសវិញ អាចប្រសើរឡើង មានតែពេលវេលាទេ ដែលអាចបំភ្លេចអ្វីៗបាន ។ ជួនកាលយើងថា កុំខ្វល់មនុស្សម្នាក់ហ្នឹង មិនខ្វះទេមនុស្សដែលល្អ មានសមត្ថភាពជាងហ្នឹងច្រើនណាស់ ដូចចាស់ពោលថា ប្រុសពេញដី ស្រីពេញនគរ

កម្លាំងចិត្ត ដែលយើងតែងឲ្យដល់មនុស្សមានគ្រួសារ ។ នៅពេលណាដែលយើងបានជួប បានឃើញមនុស្សដែលជួបនូវវិបត្តិគ្រួសារ មានការបែកបាក់គ្នា មិនចុះសម្រុងនឹងគ្នា រកកលបែកបាក់គ្នានោះ យើងតែចូលទៅលួងលោមដល់មនុស្សដែលជួបវិបត្តិផ្លូវចិត្តបែបនេះថា ធម្មតាចានក្នុងរាវតែងរណ្ដំគ្នាហើយ ឬអណ្ដាតនិងធ្មេញតែងតែប៉ះគ្នាជារឿងធម្មតា ។ មុននឹងអ្នកសម្រេចចិត្តដើរចេញ អ្នកត្រូវគិតថា មនុស្សក្នុងលោកនេះ មិនមានភាពល្អឥតខ្ចោះទេ ខុសត្រូវបន្តិចបន្តួចត្រូវចេះអត់ឱនអាធ្យាស្រ័យឲ្យគ្នាទៅ ដូចពេលដែលចូលផ្ទឹមសំពះមេប៉ា លោកអាចារ្យតែងតែពោលថា ឲ្យត្រូវចេះអត់ឱនឲ្យគ្នា បើប្ដីប្រឹង ប្រពន្ធខំអត់ បើប្រពន្ធប្រឹង ប្ដីខំអត់ ឬពាក្យលេង តែក្នុងន័យអប់រំថា បើប្ដីឡើង ឲ្យប្រពន្ធចុះ បើប្រពន្ធឡើង ឲ្យប្ដីចុះ  រហូតដល់លោកអាចារ្យឲ្យទៀតថា ឲ្យចេះស្រឡាញ់គ្នារហូតដល់ខាំពោតរបូតខាំពោតរបេះ ខ្មោចចាញ់តម្រិះធ្វើមិនត្រូវទៀតផង ។ ការចាប់ដៃគ្នាជាគូជីវិតនេះ ត្រូវគិតថា យើងត្រូវទទួលយកកំហុសភាគីម្ខាងៗឲ្យបាន បើមិនដូច្នេះទេ នោះនឹងមានបញ្ហា ក្នុងពុទ្ធនិយម មុននឹងឲ្យកូនស្រីទៅនៅខាងស្វាមី ម្ដាយឪពុកអប់រំកូនថា កុំយកភ្លើងក្នុងចេញក្រៅ កុំយកភ្លើងក្រៅចូលក្នុង រក្សាភ្លើងក្នុងនេះឲ្យបានល្អ។ល។ដើម្បីរក្សាបាននូវសុខភមង្គលក្នុងគ្រួសារនេះបាន ។

ការឲ្យកម្លាំងចិត្តដល់មនុស្សធ្វើការវិញ ។ ការឲ្យកម្លាំងចិត្តដល់អ្នកធ្វើការវិញ មានវិធីច្រើនណាស់នូវពេលដែលត្រូវមេ ត្រូវចៅហ្វាយនាយ ស្ដីបន្ទោស ឬផ្អាក ឬព្យួរពីការងារនោះ អ្នកនោះត្រូវជួបបញ្ហាប្រឈមច្រើនណាស់ ពិសេសសេដ្ឋកិច្ចគ្រួសារ ដែលខ្លួនត្រូវដោះស្រាយ ។ វាជាបញ្ហាសំខាន់ណាស់ ត្រូវមានអ្នកផ្ដល់ប្រឹក្សារកដោះណោះស្រាយដើម្បីជួយសម្រួលដល់បន្ទុកបុគ្គលិកនោះ ។ ដំណោះស្រាយខ្លះ អាចជាសម្ដីលួងលោមចិត្តបុគ្គលិកនោះ ថានឹងឲ្យប្រាក់ប៉ុណ្ណេះប៉ុណ្ណោះ ខ្លួននឹងជួយសម្របសម្រួលជាមួយថៅកែ មេ ចៅហ្វាយនាយឲ្យលោកពិនិត្យសារឡើងវិញ ឬអាចជួយអន្តរាគមន៍ដល់ថ្នាក់លើ ដើម្បីឲ្យលោកជួយដោះស្រាយឲ្យ ។ ការជួយមនុស្សបែបនេះ មានវិធីសាស្ត្រច្រើន ក្នុងការបន្ធូរបន្ថយភាពតានតឹងចិត្ត អ្នកខ្លះនាំទៅដើរលេងកំសាន្តកន្លែងផ្សេងៗ ដើម្បីកាត់សាញ ។ ការផ្ដល់កម្លាំងចិត្តដល់មនុស្សដែលស៊ូការងារមិនបាន ត្រូវឲ្យគេប្រឹងឡើង ថ្ងៃណាមួយវានឹងជោគជ័យ ដូចជាយើងថា ព្យាយាមនៅទីណា ភាពជោគជ័យនឹងនៅទីនោះ ឬនិយាយថា មិនដែលមានភាពជោគជ័យឯណា រត់មករកមនុស្សខ្ជិលទេ ។ អ្នកមានសំណាង មកពីសាង ខំប្រឹងប្រែងធ្វើ ដូចពាក្យមួយថា ព្រេងសំណាងមាន ១០ ភាគរយទេ នៅសល់ ៩០ ភាគរយទៀត ខ្លួនជាអ្នកសាង ។ ការលើកទឹកចិត្តដល់មនុស្សធ្វើការនេះទៀតសោធ យើងតែងនិយាយថា ផ្លូវទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ ឬគេនិយាយលើកទឹកចិត្តថា បោះបង់គឺបរាជ័យ មិនបរាជ័យ គឺមិនបោះបង់ ។

ការលើកកម្លាំងចិត្តនេះ មិនមែនសម្រាប់តែឲ្យអ្នកដទៃទេ ខ្លួនឯងក៏ត្រូវការលើកទឹកចិត្តឲ្យខ្លួនឯងដែរ ដូចពាក្យពំនោលពោលទុកថា     ពេលខ្លះកម្លាំងចិត្តទុកឲ្យអ្នកដទៃបាន តែកុំភ្លេចទុកកម្លាំងចិត្តមួយនេះឲ្យខ្លួនឯងផង ។ ជាការពិតណាស់ កម្លាំងចិត្តខ្លះមានប្រយោជន៍សម្រាប់អ្នកដទៃ កម្លាំងចិត្តខ្លះគិតទុកសម្រាប់ខ្លួនឯង ដូចយើងតែងនិយាយលួងលោមខ្លួនឯងថា កុំអស់សង្ឃឹមអី គ្មានអ្វីថាយើងទៅមិនរួចទេ ឲ្យតែចិត្តយើងស៊ូ ។ ម្នាក់នេះអាចរស់បាន បើគ្មានវត្តមានរបស់អ្នកក៏ដោយ ។ ជីវិតគឺជាការតស៊ូ ។ ការឈឺចាប់ក្នុងអតីតកាល គឺជាមេរៀន ជាបទពិសោធ ។ ជីវិតនេះ មិនដែលស៊យរហូតទេ ។ បន្តិចទៀតអស់អីហើយ មិនអីទេណ៎ា ។ មនុស្សខ្លះចូលមកក្នុងជីវិតយើង ទុកធ្វើជាមេរៀនជីវិត អ្នកខ្លះដើរចេញពីជីវិតយើងទៅ ទុកជាបទពិសោធ ។ ក្នុងលោកនេះ គ្មានអ្វីរក្សាគង់នៅជាអមតៈទេ ។ ថ្ងៃស្អែកលែងអីហើយ ។ បើគ្មានអ្នកញញឹមដាក់ខ្លួន ខ្លួនអាចញញឹមដាក់ខ្លួនឯងបាន ។ គ្មានអ្នកស្រឡាញ់់យើង យើងអាចស្រឡាញ់ខ្លួនឯងបាន ។ បើគ្មានអ្នកឲ្យកម្លាំងចិត្ត យើងអាចឲ្យកម្លាំងចិត្តខ្លួនឯងបាន ។ ស៊ូស៊ូណ៎ាខ្លួន!!

ជារួម ការឲ្យកម្លាំងចិត្តនេះ អាចមានពីរផ្លូវ ។ មួយទុកសម្រាប់មនុស្សដទៃ ដែលជួបបញ្ហាផ្សេងៗ មិនថាការសិក្សា ស្នេហា ធ្វើការងារ គ្រួសារ ជាដើម មួយទៀតទុកសម្រាប់ឲ្យខ្លួនឯង ព្រោះពេលខ្លះខ្លួនឯងត្រូវឯកា  គ្មានអ្នកយល់ចិត្ត គ្មានអ្នកផ្ដល់មតិ គ្មានទីប្រឹក្សាឲ្យយោបល់ ខ្លួនឯងហើយជាអ្នកកំដរ អ្នកយល់ចិត្ត អ្នកផ្ដល់មតិ ធ្វើជាទីប្រឹក្សា ដូចពុទ្ធនិយមពោលថា ខ្លួនជាទីពឹងរបស់ខ្លួន ឬការស្រឡាញ់អ្វីស្មើនឹងខ្លួននេះមិនមានឡើយ ៕

---------------------------------------
Cr. លឿង ចាន់

No comments:

Post a Comment