Monday, May 11, 2020

ការប្រណិប័តន៍ ៦ប្រការ លុបចោលសេចក្ដីទុក្ខ



សេចក្ដីទុក្ខជាបញ្ហាធំណាស់ សម្រាប់ដំណើរការជីវិតរបស់មនុស្សម្នាក់ៗ ដែលកើតមកក្នុងលោកិយមួយនេះ គ្មានបុគ្គលរូបណាអាចគេចផុតពីសេចក្ដីទុក្ខនេះបានទេ ។ សេចក្ដីទុក្ខគឺជាសច្ចភាពរបស់ជីវិត ទីណាមានជីវិតទីនោះមានទុក្ខ ។ ដើម្បីកាត់បន្ថយចិត្តពីសេចក្ដីទុក្ខនេះបានខ្លះ សូមលើកយកគោលការណ៍ ៦ ចំណុចមកសរសេរ ដើម្បីបានជាប្រយោជន៍ដល់អ្នកអានយកទៅអនុវត្ត តាមកាលវេលាមួយដ៏សមរម្យ ក្នុងការកំចាត់បង់ទុក្ខឲ្យបានធូរស្រាលឡើង ដូចមានសេចក្ដីជាអាទិ៍ថា៖

១) បុគ្គលដែលអត់ទ្រាំក្នុងរឿងដែលអ្នកដទៃអត់ទ្រាំបានដោយលំបាក ធ្វើក្នុងរឿងដែលអ្នកធ្វើបានដោយលំបាក បុគ្គលនោះ នឹងខិតចូលទៅជិតភាពជោគជ័យនៃជីវិតរបស់ខ្លួនហើយ  ។ ការស៊ូទ្រាំ ការទប់ទល់ ការអត់សង្កត់ចិត្ត នឹងកើតឡើងដំបូងនៃការធ្វើអំពើល្អ តែត្រូវទទួលបាននូវការកោតសរសើរចុងក្រោយបង្អស់នោះវិញ ។

២) មនុស្សយើងកើតមក ត្រូវបានមនុស្សម្នានិន្ទាក៏ល្អ សរសើរក៏ល្អ តែកុំយកមកទុកក្នុងចិត្តខ្លួនច្រើនពេក លែងវាចោលខ្លះទៅ ព្រោះចិត្តយើងមិនមែនជាទូរក្លាសេរបស់អន់ៗនោះច្រើនទេ ហើយក៏មិនមែនជាម៉េមរីសម្រាប់ដាក់រឿងអាក្រក់ច្រើនដែរ ។

៣) បណ្ដាមនុស្សសត្វទាំងឡាយ កាលបើទុក្ខមិនទាន់មកដល់ខ្លួន ច្រើនតែមើលរំលងគុណសាសនា មានសេចក្ដីធ្វេសប្រហែសច្រើន បណ្ដោយកាយបណ្ដោយចិត្តធ្វើនូវអំពើទុច្ចរិតប្រាសចាកសីលធម៌កើតក្នុងចិត្តជាប្រចាំ មើលឃើញខុសថាជាត្រូវ មើលឃើញកងចក្រ សម្គាល់ថាជាផ្កាឈូកទៅវិញ ។ កាលណាសេចក្ដីទុក្ខនេះធ្លាក់មកលើខ្លួនភ្លាម រកទីអាងលែងបាន ទើបរត់រកព្រះធម៌ រត់រកព្រះ គិតដល់វត្ត គិតដល់សាសនា តែអាចជារឿងយឺតពេលបាត់ទៅហើយ ។

៤) រឿងដែលកន្លងហួសឲ្យវាហួសទៅចុះ យើងមិនអាចអារកាត់ តវារកខុសត្រូវអ្វីពីវាបានឡើយ បើរឿងដែលខ្លួនបានធ្វើនោះជារឿងល្អ គឺវាល្អហើយ ឲ្យវាកន្លងទៅ ផុតទៅចុះ បើវាជារឿងអាក្រក់ ក៏ឲ្យវាកន្លងទៅផងដែរ កុំទៅគិត កុំទៅខ្វល់ជាមួយវាធ្វើអ្វី អនាគតមិនទាន់មកដល់ យើងក៏មិនទាន់ដឹងហេតុការណ៍នោះយ៉ាងណាដែរ យ៉ាងច្រើន បានតែគិតស្មាន គិតព្រាលៗ  ថានឹងយ៉ាងនេះមួយ យ៉ាងនោះមួយប៉ុណ្ណោះ ថាឲ្យប្រាកដនោះ ថាមិនទាន់បាន វាអាចនឹងកើត និងមិនកើតដូចអ្វីដែលខ្លួនយើងគិតស្មាននោះក៏ថាបាន ។

តែអ្វីដែលអាចជឿទុកចិត្តបាន គឺក្នុងពេលបច្ចុប្បន្ន យើងអាចឃើញពិត បានប៉ះពាល់ត្រូវពិត  ព្រោះដូច្នេះ អំពើល្អគ្រប់យ៉ាងត្រូវចាប់ធ្វើក្នុងពេលបច្ចុប្បន្ន ថា្នក់ទានក៏ល្អ ថ្នាក់សីលក៏ល្អ និងចម្រើនមេត្តាភាវនាក៏ល្អ គឺត្រូវធ្វើក្នុងកាលដែលខ្លួនយើងកំពុងមានជីវិតរស់ បើយើងត្រូវការអំពើល្អ ក៏ត្រូវធ្វើអំពើល្អក្នុងកាលឥឡូវនេះ បើខ្លួនត្រូវការសេចក្ដីសុខ ក៏ត្រូវចម្រើន ត្រូវធ្វើក្នុងកាលឥឡូវនេះដែរ កុំរង់ចាំ ព្រោះថាជីវិតមនុស្សយើង មិនទៀងគ្រប់វិនាទី គ្រប់ដង្ហើមចេញចូលទាំងអស់ ។

៥) រឿងរ៉ាវពេញពិភពលោក ពេញស្រុកទេស ម្ដងក៏ស្រួល ម្ដងក៏យ៉ាប់ រកអ្វីមួយប្រាកដការណ៍មិនបាន កុំទៅបន្ទោសអ្វីខាងក្រៅខ្លួន ព្រោះហេតុការយ៉ាងនេះ កើតព្រោះតែខ្លួនចូលចិត្តទៅសន្សំទុករឿងអតីត និងអនាគតក្នុងចិត្តច្រើនពេក  ម្លោះហើយចិត្តមួយនេះក៏កើតទុក្ខ លះបង់កាត់ចេញមិនចេះអស់ ។

៦) ការមានកំហុសរបស់មនុស្សយើង គឺជារឿងធម្មតា  បើគិតរកឃើញកំហុសខ្លួនហើយ ត្រូវចេះកែលំអ ត្រូវចេះតាំងចិត្តកុំឲ្យកំហុសនោះកើតឡើងម្ដងទៀត ។

ជារួម សង្ឃឹមថា អ្នកអានទាំងឡាយ អាចយកពាក្យពេចន៍ទាំងនេះទៅគិតពិចារណា ហើយប្រណិប័តន៍ ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនក្នុងពេលនេះ ក៏ដូចជាទុនសម្រាប់ទៅអនាគត កុំឲ្យមានគតិវិបត្តិកើតឡើង ។ សេចក្ដីប្រមាទ គឺជាប្រធាននៃសេចក្ដីស្លាប់ ។ ស្លាប់ក្នុងទីនេះ សំដៅយកស្លាប់ប្រយោជន៍ទាំងពីរគឺលោកនេះផង និងលោកខាងមុខផង ៕
---------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment