Wednesday, May 13, 2020

ឈ្វេងយល់ពីខ្លួនឯងឲ្យច្បាស់ជាមុនសិន



ការ​ដែល​មិនស្គាល់​ពីខ្លួន​ឯងច្បាស់គឺចាត់​ទុកថា​ជា​ឧបសគ្គដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកមិនមាន​សមត្ថភាពនិង​ការត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងការ​ទទួលបាន​ជោគជ័យ​នៅ​ក្នុង​ឆាកជីវិត ។

ប្រសិនបើ​យើង​នៅតែមើល​ធាតុពិត​របស់ខ្លួន​យើង​មិន​ឃើញ​ ឬមិន​ទាន់ច្បាស់​ថា ខ្លួនស្រឡាញ់​អ្វី ​ចូល​ចិត្ត​អ្វី ហើយ​ស្អប់អ្វី ខ្លួន​ឯង​សក្តិសម និង​មាន​ជំនាញ​ទៅ​លើអ្វី​ឲ្យប្រាកដ? បើមិនដឹងដូច្នេះ ប្រៀប​ដូចជា​មនុស្ស​ខ្វាក់​ដែល​ដើរ​នៅ​លើ​ដង​វិថី​ដ៏​ធំ​ល្វឹងល្វើយ ដែល​ពិបាក​ក្នុងការ​ដើររក​ច្រកចូល​នៃភាព​ជោគ​ជ័យ​បាន ព្រោះ​ថាមនុស្ស​ដែលមាន​កែវ​ភ្នែកល្អ ក៏​ពិបាក​ឈានទៅ​ដល់​ច្រក​នោះ​ទៅហើយ ចុះ​ទម្រាំ​តែអ្នក​ខ្វាក់ភ្នែក​ទៀត​នោះ តើពិបាកប៉ុនណា?

មនុស្ស​យើងកើត​មកម្នាក់ៗ​តែង​តែទទួល​បានឥទ្ធិពល​ពីមនុស្ស​ដែលនៅ​ជុំវិញ​ខ្លួន​អូសទាញ​ឲ្យ​គិត ទើបខ្លួនរៀនគិត ចេះគិត ស្គាល់វិធីគិត​នូវអ្វី​ដែល​មនុស្ស​ទាំងឡាយ​ទាំង​ពួង​គិត​ថាល្អ ទើប​ធ្វើការផ្លាស់​ប្តូរគំនិត​របស់​ខ្លួន​បន្តិចម្តងៗជ្រៅ​ទៅៗ រហូតដល់ស្វែង​រកធាតុ​ពិតរបស់​ខ្លួនលែង​ឃើញ​នៅ​ទីបំផុត ។

ក្នុងការនេះ មានអ្នក​ខ្លះទទួល​បានជោគ​ជ័យលើ​តួនាទី​នៃការងារ​របស់​ពួក​គេយ៉ាង​ត្រចេះត្រចង់ តែ​ពួកគេ​មិនទទួលបាន​ក្តីសុខ​ពីភាព​ជោគជ័យ​ ដែលពួក​គេបាន​ទទួល​នោះឡើយ​ប្រៀបដូច​ជាជីវិត​នៅខ្វះ​អ្វីម្យ៉ាង នោះមក​ពីពួក​គេ​ទាំងនោះ មិន​បានចូល​ទៅឲ្យ​ស្គាល់​ធាតុពិត​របស់​ពួកគេតាំង​ពីដើមរៀង​មក ។

ចុង​ក្រោយ​ទោះ​បីពួក​គេទទួល​បានជោគ​ជ័យ​ក៏ដោយ វាគ្រាន់​តែជាជោគ​ជ័យ​សំបក​ក្រៅប៉ុណ្ណោះ ហើយ​វានឹង​ធ្វើបាប​ចិត្ត​របស់​ពូកគេ​កាន់​តែខ្លាំង ដោយ​ភាព​ជោគ​ជ័យ​ក្លែង​ក្លាយ​នោះ ។ ការ​ដែលបាន​ឈ្វេង​យល់​ពី​ខ្លួនឯង ត្រូវតែ​ចាប់ផ្តើមកម្ចាត់​អារម្មណ៍​ដែល​ខ្លួនឯង​មាន​តាំង​ពី​ក្មេងវ័យ ។ ការ​កំចាត់​រនាំង​ឃុំឃាំង​នៃការ​គិត​របស់​អ្នក​គ្រប់​ពេល ​បណ្តោយ​ឲ្យការ​គិត​និង​ចិត្ត​គំនិត​គ្រប​ដណ្តប់​លើ​ភាព​ការ​ពិត​ជាក់​ស្តែង​ ដែល​ខ្លួន​ឯង​មានហើយ ​ចាប់ផ្តើម​ធ្វើការ​ពិចារណា​ខ្លួនឯងថា តើខ្លួនបាន​ធ្វើ​អ្វីខ្លះ ? តើ​ទទួល​បាន​ផលល្អ ឬ​ផល​អាក្រក់​យ៉ាង​ម៉េច​ដែរ?

ការ​ធ្វើបែប​នេះគឺជា​ការ​ធ្វើដើម្បី​អភិវឌ្ឍ​លើ​គោល​គំនិត ធ្វើឲ្យ​អ្នកមើល​ឃើញ​នូវភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​បាន ។ នៅ​ទីបំផុត​អ្នកនឹង​អាចឈាន​ចូលទៅ​ដល់ចិត្ត ឬ​អារម្មណ៍​ពិតប្រាកដ​របស់​ខ្លួន​ឯង​បាន មើល​ឃើញ​ថាខ្លួន​ឯង​មាន​សមត្ថភាព ឬ​មាន​ការ​ស្រឡាញ់​ពេញចិត្ត​លើ​ផ្នែក​ណា​មួយ​ឲ្យ​ប្រាកដ រួម​ជា​មួយ​នឹង​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ដែល​ខ្លួន​ឯង​ខ្វះខាត​បាន​គ្រប់​ពេលវេលា ។ ជា​ពិសេស​ចំពោះ​ការ​ដែល​ដោះ​ស្រាយ​បញ្ហា​ដែល​អាក្រក់ៗ​ទាំង​ឡាយ​នោះ ទាំង​ក្នុង​រយៈ​ពេល​ខ្លីនិង​រយៈ​ពេល​វែង ។ អ្វីៗ​ទាំងឡាយ​នេះ បើយើង​អាច​ប៉ះ ឬ​មើល​ឃើញ​ដោយ​កែវភ្នែក​ទទេ​នៃ​ធាតុ​ពិត ​ដែល​ខ្លួន​មាន​ស្រាប់ វា​នឹងអាច​ធ្វើឲ្យ​យើងទទួល​ស្គាល់​នូវធាតុ​ពិត​របស់​ខ្លួន​បាន​កាន់​តែ​ច្រើន​ឡើង ។

យើង​នឹង​យល់​ថា ហេតុ​អីក៏​យើង​ចាំ​បាច់​ត្រូវ​ជ្រើស​ផ្លូវនោះ? ហេតុអ្វីក៏យើង​ចាំបាច់​ធ្វើអ្វី​ទាំងឡាយ​នេះ? អ្វី​ដែល​ធ្វើ​ហើយ​មិនមែន​ជា​ធាតុ​ពិត​របស់​យើង​នោះវា​នឹង​ថយ​ចុះ ធ្វើ​ឲ្យយើង​មើល​សមត្ថភាព​ពិសេស​ដែល​លើស​ពីអ្វី​ទាំងឡាយ​ដែល​នៅ​គ្រប់​ជ្រុង​ជ្រោយ​របស់​ខ្លួនឯង ។ នោះ​គឺជា​ចំណុច​ផ្តើម និង​ជាការ​ចាប់ផ្តើម​ដ៏សំខាន់​ចម្បង ​ក្នុង​ជីវិតរស់​នៅ​របស់​អ្នក​ ប្រៀប​ដូចជាត្រីវិស័យ​ចង្អុលទិសមិនឲ្យ​យើង​វង្វេង​ផ្លូវ ​ចំពោះអ្វី​គ្រប់យ៉ាង​ដែលឈាន​ចូលមក ​ក្នុងជីវិត​យើង ។

ក្រៅ​ពីនេះ ការស្គាល់់​ពីធាតុ​ពិត​របស់ខ្លួន ជា​វិធីមួយ​ដ៏ងាយ​ស្រួលក្នុង​ការឈាន​ទៅរក​ការយល់​ចិត្ត​អ្នក​ដទៃ​បាន​កាន់​តែច្រើន​ឡើង​ ធ្វើ​ឲ្យយើង​ងាយស្រួល​ក្នុងការ​ធ្វើការងារ​ជាមួយ​អ្នកដទៃ​បានងាយ​ស្រួល​ជាង​មុន អាច​ចាត់​ទុក​ថាយើង​កាន់​សន្លឹក​បៀ​ធំ​ជាងគេដែល​វានឹង​អាច​ធ្វើឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ជា​អ្នក​ដឹក​នាំគេ និង​ទទួល​ជ័យជំនះ​បានគ្រប់​ពេលវេលាដូច​ដែល​លោក​ឈុនវ៉ូ បាន​មាន​ប្រសាសន៍​ក្នុងសៀវភៅ​ដ៏ល្បី​មួយ​អ៊ីចឹង ទោះ​បីវាយូរ​ឆ្នាំមក​ហើយ​ក៏ដោយ ។

ស្គាល់​គេស្គាល់​ខ្លួនឯងប្រកួត​១០០​ដង​ឈ្នះ​ទាំង​១០០ដង មិន​ស្គាល់​ពី​គេតែយើង​ស្គាល់ពី​ខ្លួនឯងឈ្នះម្តង​ចាញ់ម្តង មិន​ស្គាល់​ពីគេមិន​ស្គាល់ពីខ្លួន​ឯង ប្រកួត​១០០​ដង ចាញ់​ទាំង​១០០ដង ។ ការដឹង​និងការស្គាល់​ពីខ្លួន​ឯង ពិត​ជាសំខាន់​ខ្លាំង​ណាស់ សំខាន់​ដល់ថ្នាក់​ថា ជា​តួអង្គ​ក្នុង​ការកំណត់​ពីក្តី​សុខ​និង​ភាពជោគជ័យ​តែ​ម្តង​ក៏​ថា​បានដែរ ៕
----------------------------
Cr. គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment