Wednesday, May 20, 2020

រនាំងអត់ស្រមោល​



មិនសួរ មិនស្តី​ មិនពន្យល់ន័យមិនរៀបរាប់ គឺជាទម្លាប់ដែលមិនចេះទទួលខុសត្រូវ​ និងអយុត្តិធម៌ណាស់ចំពោះខ្លួនឯងព្រមទាំងអ្នកដទៃ ។ នេះជារូបមន្តមួយសម្រាប់ទុកឲ្យអ្នកទាំងអស់គ្នាគិត ដើម្បីផ្លាស់ប្ដូរទម្លាប់ក្នុងវប្បធម៌សន្ទនា ក្នុងជីវិតរស់នៅ ជាពិសេសក្នុងការទំនាក់ទំនងដៃគូជីវិត បើមិនចង់ឮពាក្យថា ឃ្លាតឆ្ងាយ ណាយចិត្ត នោះ ។

ខ្ញុំមិនសួរ​ + អ្នកមិនស្តី​ =​ សោះអង្កើយ
ខ្ញុំព្យាយាមសួរ​ +​ អ្នកគេចវេះ​ =​ គំលាត
ខ្ញុំសួរ​ +​ អ្នកឆ្លើយ​ =​ គោរព​
ខ្ញុំចង់សួរ​ +​ អ្នកចង់ប្រាប់​ =​ ដឹងចិត្ត​
ខ្ញុំមិនសួរ​ +​ អ្នកប្រាប់​ =​ ទុកចិត្ត

បើដាក់ចិត្តនៅក្បែរ​ ហើយនៅតែរក្សាភាពស្និទ្ធស្នាលបាន ​ទោះជួបម្តងម្កាល​ ទាំងសម្តីទាំងកាយវិការ ​និងបង្ហាញតាមអារម្មណ៍ធម្មជាតិរបស់ខ្លួននោះបាន វាមានន័យថា ខ្លួននៅតែរក្សាតម្លៃរសដើមបានដដែល ។ តែចិត្តឆ្ងាយ ទោះបីក្បែរ​កាយ ខំកែថាមិនប្រែប្តូរ​ ប៉ុន្តែសម្តីកាយវាចានឹងបញ្ជាក់ថា​ ​គ្រប់ម៉ាត់ប្រៀបបីដូច​ជាវាលស្រែខែប្រាំងស្ងួតហួតហែងគ្មានសំណើម​ នោះ មិនយូរទេ ច្បាស់ណាស់ថា មានចិត្តប្រែ ព្រោះគ្មានអ្នកណាមួយចូលចិត្តនៅក្បែរមនុស្សគ្មានទឹកចិត្តទេ គ្មានអារម្មណ៍ទេ ។

គ្មានអ្វីគួរឲ្យបារម្ភជាងនៅក្បែរ​ តែឆ្ងាយចិត្ត​ ។ វប្បធម៌សន្ទនា​ គឺជារឿងសំខាន់​បំផុតសំរាប់រក្សារទំនាក់ទំនងមួយនេះ ។ របស់ខ្លះ បានមកស្រួលពេក ទើបធ្វើឲ្យយើងមិនសូវជាយកចិត្តទុកដាក់ក្នុងការមើលថែរក្សាវាឲ្យបានល្អ ។ របស់ខ្លះទម្រាំស្គាល់ពីតម្លៃរបស់វា អាចជាពេលតែមួយដែលវាបាត់បង់បាត់ទៅហើយ ។ មានរឿងខ្លះនៅស្ថិតក្នុងជីវិតរបស់យើងក៏ពិតមែន តែយើងគ្មានសិទ្ធិនឹងចាប់ផ្តើមវាជាថ្មី ។ ហើយក៏មានរឿងខ្លះ ក៏គ្មានថ្ងៃផុតកំណត់ដែរ ឲ្យតែយើងភ្ញាក់រលឹក ហើយធ្វើវាដោយការយកចិត្តទុកដាក់ ។

មនុស្សត្រូវមានក្តីស្រមៃ ពេលខ្លះពាក្យថា ក្តីស្រមៃ ធ្វើឲ្យយើងស្គាល់ជាតិនៃការព្យាយាមថា វាមានន័យយ៉ាងម៉េច ស្គាល់ពីភាពខុសប្លែកនៃបុគ្គលម្នាក់ៗកាន់តែច្បាស់ឡើង ។ សេចក្តីសុខ វាមិនពិបាករកទេ វាអាស្រ័យលើយើងខ្លួនឯង អាចមើលរំលងសេចក្តីទុក្ខដែលមាននៅពេលបច្ចុប្បន្ននេះបានដែរឬអត់ប៉ុណ្ណោះ ៕

No comments:

Post a Comment