Saturday, May 23, 2020

គតិក្រោយអាពាហ៍ពិពាហ៍



សូមមេត្តាកុំយល់ច្រឡំថា ជីវិតក្រោយអាពាហ៍ពិពាហ៍ គឺជាជីវិតងាយស្រួលឲ្យសោះ ។ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាការសោយសុខសម្បត្តិសួគ៌ាទេលោកអើយ!

ជីវិតអាពាហ៍ពិពាហ៍ គឺជាការរត់ប្រណាំងជាមួយពេលវេលា ដែលស្វាមីភរិយាត្រូវស្ម័គ្រចិត្តរួមគ្នាក្នុងជីវិតតែមួយ ដែលប្ដីរែក និង ប្រពន្ធទូល ដោយមិនខ្លាចហត់ ... ដណ្ដើមយកភាពលំបាកពីគ្នាទៅវិញទៅមក... ប្រឹងប្រែងដោយគ្មានពេលវេលាចូលនិវត្តន៍... រួមគ្នាចូលរៀនសាលានៃជីវិតមួយ ដែលរៀនមិនចេះចប់ មិនចេះហើយ រួចហើយមិនបានទទួលសញាបត្រអ្វីទាល់តែសោះ ...រួមគ្នាចូលប្រយុទ្ធក្នុងសមរភូមិជីវិតមួយ ដែលមិនអាចដកថយ និង ចុះចាញ់បានជាដាច់ខាត ។

អាពាហ៍ពិពាហ៍មានលក្ខណ:រីករាយសម្រាប់តែប្ដីប្រពន្ធ ដែលពូកែខាំមាត់អត់ធ្មត់ និងស្រក់ទឹកភ្នែកជាមួយគ្នាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលចង់បានភាពផ្អែមល្ហែម ដោយមិនចាំបាច់បង្ហូរញើសឈាម និងការឈឺចាប់នោះ ប្រាកដជាខកចិត្តហើយ!

អាពាហ៍ពិពាហ៍មិនមែនសម្រាប់អ្នកមិនតស៊ូ ហើយបម្រុងចាំតែបោះបង់ចោលនោះទេ ។ ការត្រៀមរៀបចំដ៏ល្អសម្រាប់អាពាហ៍ពិពាហ៍ គឺការត្រៀមលះបង់គ្រប់បែបយ៉ាង សូម្បីតែអាយុជីវិត និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្លួន ។

សូមមេត្តាចងចាំថា រាសីរបស់មនុស្សតែងតែមានឡើងមានចុះ នៅពេលរាសីឡើង ប្ដីប្រពន្ធសើចសប្បាយរីករាយជាមួយ តែពេលរាសីចុះ តើប្ដីប្រពន្ធត្រូវគិតដូចម្ដេច បោះបង់គ្នាចោលឬ? ចំណុចនេះទុកឲ្យអ្នកមានចំណងអាពាហ៍ពិពាហ៍ដោះស្រាយក្នុងទិដ្ឋភាពជាក់ស្ដែងចុះ ៕

-----------------------------------
Cr. ស្រមៃ

No comments:

Post a Comment