ទិសដៅនៃការចម្រើនភាវនា
គឺការសម្រេចឲ្យដល់បរមត្ថធម៌ជាន់ខ្ពស់ ទាំងផ្នែកងងឹត និងភ្លឺ
ទាំងភាពច្របូកច្របល់ក្រវល់ក្រវាយ និងសេចក្ដីស្ងប់សុខ និងត្រូវស្គាល់ឲ្យច្បាស់អំពីបរមត្ថធម៌ជានិច្ច
។ ប្រសិនបើប្រាថ្នាចង់ឲ្យសច្ចធម៌បង្ហាញខ្លួនឡើងមានភាពយូរអង្វែង
ក៏ត្រូវចាំក្លំមើលរក្សាចិត្តរបស់ខ្លួនឲ្យបានជាប់ជានិច្ច “ចិត្តំ រក្ខេថ
មេធាវី អ្នកប្រាជ្ញរមែងតាមរក្សាចិត្តរបស់ខ្លួន” សិល្បៈនៃការរៀនស្គាល់ខ្លួនឯង
។
ព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញឲ្យមនុស្សសម្រេចឲ្យដល់ទីបំផុតនៃការប្រកាន់មាំទាំងពួង
សម្រេចមគ្គផល ចូលដល់បរមត្ថធម៌ពេញបរិបូណ៌នៃដំណើរការជីវិតដោយសីល សមាធិ បញ្ញា ដល់ព្រមក្នុងភាពបរិបូណ៌នៃសច្ចធម៌ក្នុងដំណើរជីវិតប្រចាំថ្ងៃ
“ថ្ងៃនេះអាកាសធាតុក្ដៅហួតហែង” ។
បរមាចារ្យតាក់ម៉ប្រាប់ថា “ចង់ឃើញត្រីឲ្យមើលទឹក
ចង់បានពុទ្ធៈឲ្យក្លំមើលចិត្ត” ។ ក្នុងភាសិតខ្មែរថា “រកបាយឲ្យរក្នុងឆ្នាំង
រកធម៌ឲ្យរកក្នុងកាយ” ។ នេះជាការបង្ហាញផ្លូវនៃការបដិបត្តិល្អណាស់
តែកុំស្វែងរកភាពជាអនត្តាដោយការទទួលដឹងដោយការញែក ក្នុងការប្រើគំនិតកម្រិតហេតុផលពិចារណារឿងដែលមានសភាពផ្ទុយពីខ្លួនឯង
។ បុព្វចិត្តដែលមិនទាន់យកមកលាបពណ៌ វាមានសភាពធម្មតារបស់វាហើយ ។
តើអាចទៅរួចទេដែលយើងអាចក្លំមើលចិត្តប្រក្រតីរបស់យើងបាន? ដូច្នេះ
ការហ្វឹកហ្វឺនដុសខាត់សម្អាត ឬបដិបត្តិភាវនាដើម្បីតម្រង់ទិសនៅលើវិថីចិត្ត ដែលមានភាពប្រក្រតីនេះឯងជារឿងចាំបាច់
ជាការហ្វឹកហាត់ដ៏អស្ចារ្យ និងមានសិល្បៈដ៏ឆ្លាតវៃ ។
ប្រសិនបើយើងមានសទ្ធា
ចំពោះចិត្តដ៏ភ្លឺស្វាងរបស់យើងយ៉ាងក្រៃលែង
ហើយប្រើចិត្តដ៏ភ្លឺស្វាងជាប្រធានក្នុងការបតិបត្តិភាវនា
ទើបជាការបតិបត្តិដ៏ត្រឹមត្រូវ កើតការយល់ដ៏ត្រឹមត្រូវ ។
បញ្ញាញាណក៏ស្ទង់ចុះដល់បាតបឹងនៃចិត្ត យល់ដល់សភាវៈរបស់ខ្លួនឯង
ហើយបង្ហាញឲ្យឃើញដល់សកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ
ដែលជាវិថីរបស់ធម្មជាតិនៃពុទ្ធៈ ហើយដឹងច្បាស់ដល់សភាវៈអង្គរួមនៃអ្វីៗទាំងអស់គ្រប់ខណៈនៃដំណើរការរស់នៅគឺ
“ឯកាយនមគ្គ” នេះគឺជាវិថីនៃសភាវៈឯកភាពរបស់ពោធិចិត្តនៃពុទ្ធៈ
។
យើងនឹងមិនយល់ដល់សភាវសិល្បះនៃដំណើរការរស់នៅបានឡើយ
ប្រសិនបើយើងនៅរក្សាដំណើរជីវិតដោយអារម្មណ៍ថា មានខ្លួនជាមជ្ឈមណ្ឌលនៃការទទួលដឹងដោយការបែកខ្ញែក
ហើយឃើញអ្វីៗផ្សេងៗគ្នា ត្រង់នេះគឺជាចំណុចសំខាន់បំផុត
ដែលយើងទាំអស់គ្នាត្រូវកម្ចាត់ចោល ឬគេចឲ្យផុតពីវា (បុគ្គលដឹង អារម្មណ៍ដែលត្រូវដឹង
នាមរូប) ។
ការសិក្សាសច្ចភាព
ការសិក្សសច្ចភាព នឹងធ្វើឲ្យយើងទាំងអស់គ្នា
បានយល់ដឹងអំពីខ្លួនឯង និងធ្វើឲ្យយើងទាំងអស់គ្នាកើតមានបញ្ញាញាណ យល់អំពីលោកនេះ
មកពីបទពិសោធពិតៗ ដោយការដឹងច្បាស់ថា អ្វីៗគឺជាគ្រឹះនៃដំណើរជីវិតនៃសព្វសត្វ
គឺសុញ្ញតា ហើយធ្វើឲ្យយើងទាំងអស់គ្នា ចូលដល់សភាវពុទ្ធៈក្នុងខណៈនេះឯង ។
វាជាភាពអស្ចារ្យយ៉ាងក្រៃលែង
ដែលយើងទាំងអស់គ្នាទ្រទ្រង់ជីវិតដោយការដឹងច្បាស់ក្នុងសភាវអង្គរួម
ដោយឯកភាពនៃអ្វីៗក្នុងមួយខណៈៗ មិនថាយើងគិត និយាយ និងធ្វើដោយកាយ
យើងក៏ដឹងច្បាស់អំពីសុញ្ញតា ដែលគ្របដណ្ដប់គ្រប់អ្វីៗទាំងអស់ ។
នេះគឺជាការទ្រទ្រង់ជីវិតដ៏អស្ចារ្យដែលប្រាសចាកអំពីបញ្ហាទាំងឡាយទាំងពួង
និងជាគោលដៅខ្ពស់បំផុតនៃការសិក្សា ឬជាគោលដៅខ្ពស់បំផុតនៃការបតិបត្តិភាវនា ។
មនុស្សគឺជារឿងចាំបាច់ខ្លាំងណាស់
ដែលត្រូវរៀនស្គាល់ខ្លួនឯងដើម្បីទៅយល់ថា “What is?” អ្វីដែលយើងមានពិត ក្នុងមួយខណៈៗថា
តើយើងរស់នៅដូចម្ដេចតាមសភាវៈពិត គ្រប់អ្វីទាំងអស់ ដូច សត្វត្រី មាន់ ទា ។ល។
ពួកវាក៏ត្រូវស្គាល់ដើម្បីការទ្រទ្រង់ជីវិតឲ្យផុតពីគ្រោះភ័យផងដែរ ។
ហេតុអ្វី
យើងត្រូវដំណើរការជីវិតដោយញែកពីអ្វីៗទាំងនោះ? ត្រង់នេះគឺជាបញ្ហារបស់ជីវិត
បើយើងនៅមិនទាន់ដឹងច្បាស់ ទោសពៃរ៍នៃដំណើរការជីវិតយ៉ាងនេះ យើងក៏មិនស្វែងរក (ផ្លូវ)
ដែលនឹងទៅឲ្យផុតនោះបានដែរ ។
ចិត្តដ៏ភ្លឺស្វាងរបស់យើងមានតែមួយនឹងអន្តិមសច្ចៈ
ឬសុញ្ញតា ដែលជាធម្មជាតិដែលពិត ហើយជាគ្រឹះនៃដំណើរការតាំងនៅរបស់អ្វីៗទាំងអស់
យើងត្រូវស្វែងរកវា ត្រូវស្ថាបនាវា ឲ្យវាបង្ហាញខ្លួនចេញមករួមជាមួយការធ្វើការងាររបស់ខន្ធ
៥ ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ បញ្ហាផ្សេងៗនឹងអស់ទៅរលត់ទៅ
ហើយយើងក៏ចូលដល់សេចក្ដីសុខដ៏ពិតប្រាកដបាន ។
ពួកបុថុជ្ជនទ្រទ្រង់ជីវិតដោយការទទួលស្គាល់
ដោយផស្សបសាទ ហើយបូកសរុបថា វាជាការពិតតាមអ្វីដែលយើងយល់ឃើញ ដែលមានបដិបក្សនឹងគ្នាជាគូៗ
ដូចជា ខ្ពស់-ទាប ខ្មៅ-ស វែង-ខ្លី ។ល។ ទើបនាំឲ្យកើតការប្រកាន់មាំ
ដែលជាមូលហេតុនៃបញ្ហាផ្សេងៗ ។ វិធីដោះស្រាយមានតែតាមផ្លូវកណ្ដាល
ក្នុងអរិយមគ្គដែលមានអង្គ ៨ ប៉ុណ្ណោះ ។ ចូរកុំយកត្រៃលក្ខណ៍មកតួអង្គបតិបត្តិ
ព្រោះជាហេតុធ្លាក់ចុះក្នុងរបស់គូៗដោយមិនដឹងខ្លួន កើត-រលត់ មានខ្លួន-ឥតខ្លួន
ដែលនៅជាសភាពខ្ពស់បំផុតទាំងពីរ ដែលមិនមែនជា “ផ្លូវ” ។ តួអង្គបតិបត្តិ គឺគោលការណ៍ត្រៃសិក្ខា បានដល់ អធិសីល អធិចិត្ត
និងអធិបញ្ញា នេះទៅវិញទេ ៕
------------------------------------
ស្រងចេញពី
ផ្លូវកណ្ដាលចូលដល់ឥស្សរភាពនៃជីវិត
ដោយលោកឪ ពោធិនន្ទ
ប្រែ.
គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក
No comments:
Post a Comment