Sunday, May 24, 2020

ម៉ែបង្រៀនកូនថា…



ខ្លួនម៉ែប្រហែលបង្រៀនកូនឲ្យឆ្លាតមិនបាន
តែកូនត្រូវប្រឹងរៀន និងឆ្លាតវៃដោយខ្លួនកូនផ្ទាល់បាន ។

ម៉ែចង់ឲ្យកូនរៀនគិត និងមើលលោកនេះក្នុងផ្នូវវិជ្ជមាន
កូនកុំគិតថាក្រោមមេឃលើដីនេះ មានតែរឿងធ្វើមិនបាន
ធ្វើមិនកើត ខ្លួនទៅមិនរួច រៀនហាត់គិតក្នុងផ្លូវវិជ្ជមានខ្លះ
ខ្លួនកូននឹងបានប្រសើរឡើង ។

ម៉ែចង់ឲ្យកូនហាត់រៀនសុបិន
ពេលណាកូនសុបិនកើត មិនថាត្រូវពុះពារត្រូវអត់ធ្មត់
កូននឹងដឹងថា លោកមួយនេះវាគួរឲ្យចង់រស់នៅប៉ុនណា ?

ម៉ែចង់ឲ្យកូនគិតរឿងល្អ និយាយតែរឿងស្អាត
ចូរធ្វើជាមនុស្សដែលអាក្រក់ចុងក្រោយ និងធ្វើជាមនុស្សល្អដំបូង
ដែលផ្ដល់កម្លាំងចិត្ត និងពាក្យសរសើរ ។

ម៉ែចង់ឃើញកូនធ្វើរឿងប្លែកៗ
កូនមិនចាំបាច់ត្រូវដើរតាមជីវិតប្រចាំថ្ងៃរបស់អ្នកណាមួយទេ
កុំលាក់ទុកគំនិតចម្លែក គ្រាន់តែកូនយល់ថា វាមិនដូចគេ ។

ម៉ែចង់បង្រៀនកូនឲ្យហ៊ានហាលថ្ងៃហាលភ្លៀង
ព្រោះនៅក្រោមកំដៅអ៊ុនៗនៃព្រះអាទិត្យ កូននឹងទទួលបាននូវវិតាមីន D
ហើយនៅក្រោមដំណក់ទឹកភ្លៀង នឹងធ្វើឲ្យកូនយំ
ដោយគ្មានអ្នកណាមួយមើលឃើញ ។

ម៉ែចង់បង្រៀនកូនឲ្យហាត់ប្រាណរាល់ថ្ងៃ
យ៉ាងហោចណាស់ មនុស្សត្រូវមានសកម្មភាពធ្វើចលនាខ្លះ
បើកូនបានបញ្ចេញកម្លាំងខ្លះ កូននឹងរឹងមាំស្វាហាប់
និងមិនងាយទន់ជ្រាយឡើយ ។

ម៉ែចង់ឃើញកូនញញឹម និងរស់នៅក្នុងលោកនេះដោយក្ដីស្រឡាញ់
ការញញឹមមិនអាចយកឈ្នះគ្រប់រឿងបានពិតមែន
ការញញឹមពេក អាចមើលទៅហាក់ដូចកូនជាមនុស្សឆ្កួត
តែនៅគ្រាន់បើជាងធ្វើមុខស្អុយបែស មុខមិនរីកដែរ ។

ម៉ែចង់បង្រៀនកូនឲ្យចេះស៊ូទ្រាំអត់ធ្មត់
កូនត្រូវរៀនទទួលស្គាល់ថា
កូនគ្មានផ្លូវណាបានអ្វីគ្រប់យ៉ាងដូចកូនសង្ឃឹមទុកទេ
អត់ធ្មត់ និងកុំទៅខូចកម្លាំងចិត្ត កុំបោះបង់
ហើយសូមកូនចាប់ផ្ដើមសាជាថ្មីដោយកម្លាំងចិត្តរបស់កូន ។

ម៉ែចង់បង្រៀនកូនឲ្យជំទើតជើងឡើងឲ្យខ្ពស់
គ្មានអ្វីខ្ពស់ហួសពីហត្ថាទាំងគូរបស់កូនដែលឈោងចាប់ទេ
គ្រាន់តែថាកូនឈរ នៅត្រង់ទីដែលកូនមិនឈរពីមុនប៉ុណ្ណោះ ។

ម៉ែចង់បង្រៀនកូនឲ្យមានក្ដីសុខ តែកុំភ្លេចទុក្ខផងណ៎ា
មនុស្សដែលមិនធ្លាប់មានសេចក្ដីទុក្ខ គេរកសុខពិតប្រាកដមិនកើតទេកូន ៕

-----------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក

No comments:

Post a Comment