Monday, May 25, 2020

២០ គតិអប់រំរបស់ម៉ែចំពោះកូនស្រី



កូនៗធំឡើងព្រមជាមួយនឹងពាក្យបង្រៀនទូន្មានប្រៀនប្រដៅរបស់ពុកនិងម៉ែ មិនថាកន្លងទៅយូរប៉ុនណា យើងនៅបន្តបណ្ដុះដល់កូនចៅជំនាន់ក្រោយៗទៀត ព្រោះក្នុងក្រសែភ្នែករបស់លោក យើងនៅតែជាក្មេងរហូត  ។ ការនេះកើតឡើងដោយសារការព្រួយបារម្ភ ដែលមនុស្សទទួលបានឋានៈថាជាឪពុកម្ដាយនេះឯង ។  ការនេះអាចជឿបានថា ស្ទើរតែគ្រប់មនុស្សដែលបានអាន និងស្ដាប់ពាក្យពេចន៍របស់ម៉ែដែលបានបង្រៀនទូន្មានប្រៀនប្រដៅមកនោះ ប្រហែលយើងគ្រប់គ្នាយល់រឿងដែលពួកគាត់កំពុងនិយាយនោះគឺពាក្យរអ៊ូរទាំរបស់ពួកគាត់ទៅវិញ ។ ម្លោះហើយ ពួកយើងស្ដាប់ខ្លះ មិនស្ដាប់ខ្លះ តាមពិតអ្វីដែលពួកគាត់កំពុងនិយាយនោះ សុទ្ធតែជីវិតដែលពួកគាត់ធ្លាប់ហែលឆ្លងកាត់មកហើយ នៅឡើយតែយើងមិនទាន់បានជួប ។

នៅពេលណាមួយដែលពួកយើងដើរឆ្លង់កាត់លើចំណុចនេះ យើងនឹងនឹកឃើញថា រឿងហ្នឹងអ្នកម៉ែធ្លាប់បានទូន្មានយើងមកហើយ គ្រាន់តែយើងមិនបានយកត្រចៀកស្ដាប់គាត់ប៉ុណ្ណោះ ។ កិច្ចនេះ ធ្វើឲ្យគេហ.គោលគំនិតល្អដើម្បីជិវិត លើកយកមកសរសេរចុះផ្សាយ ទុកជាគ្រឿងដាស់តឿនចិត្តកូនៗ ជាពិសេសកូនស្រីៗ ដែលមានបំណងចង់សម្រេចកិច្ចការអ្វីមួយ ឬកំពុងស្វែងរកចំណុចល្អៗ សម្រាប់អបស្ទបចិត្តគំនិតខ្លួនបន្ត ។ ដូចនេះ គោលគំនិតល្អដើម្បីជីវិតក៏សម្រេចចិត្ត លើកយក២០គតិអប់រំរបស់ម៉ែមកសរសេរចុះផ្សាយ ក្រែងលោបានជាគំនិត ប្រទីបបំភ្លឺចិត្តដល់កូនស្រីៗគ្រប់គ្នាបាន ។ ២០ គតិអប់រំរបស់ម៉ែចំពោះកូនស្រី ដូចមានសេចក្ដីខាងក្រោម ៖ 

១) កូនអើយខ្លួនម៉ែមិនត្រូវការក្ដីស្រឡាញ់ពីកូនច្រើនក៏បាន
គ្រាន់តែកូនស្រឡាញ់ខ្លួនឯងឲ្យបានច្រើន គឺវាគ្រប់គ្រាន់ហើយ
(មិនថាកូនស្រឡាញ់អ្នកណាទេ បើស្រឡាញ់គេច្រើន កូនក៏ត្រូវស្រឡាញ់ខ្លួនឲ្យបានច្រើនដូចគ្នា  មិនដូចនោះទេ អ្នកដែលឈឺចាប់ខ្លាំងគឺរូបកូនហ្នឹងឯង )។

២) កិត្តិនាម និងកិត្តិយសរបស់កូន ត្រូវរក្សាទុកឲ្យបានល្អ
(ទោះបីមានអ្នកណាមកបំផ្លាញកិត្តិនាម និងកិត្តិយសរបស់យើងក៏មិនថ្វី តែកូនកុំបំផ្លាញកិត្តិនាម និងកិត្តិយសរបស់កូនខ្លួនឯង កូនត្រូវរក្សាវាទុកឲ្យបានល្អណ៎ាកូន) ។

៣) កុំគិតពឹងនរណាណ៎ាកូន
(ពេលណាដែលយើងពឹងពាក់លើគេពេក កូនត្រូវបង្ការចិត្តទុកសម្រាប់នៅពេលណាដែលពឹងគេមិនបាន ហើយអ្វីគ្រប់យ៉ាងកុំពឹងគេណ៎ាកូន) ។

៤) លុយការប្រើចាយវាយមិនស្រណុកចិត្តស្មើនឹងលុយរបស់យើងទេណ៎ា
(បើកូនមានលុយច្រើនចាយ ដោយការកើតទុក្ខក៏គួរឈប់ចាយ មិនមានលុយអ្វីចាយទៅមានក្ដីសុខជាងចាយលុយខ្លួនឯង ដែលខ្លួនរកមកបាននោះទេ) ។

៥) ធ្ងន់យកស្រាលស៊ូ
(ប្រសិនបើកូនធំឡើង មិនថាកូនទៅជួបជាមួយបញ្ហាអ្វីទេ កុំរាថយ កុំអស់សង្ឃឹម ឬឈប់បន្តដំណើរ បើវាធ្ងន់ចូរយកស្រាលស៊ូ មិនថាបញ្ហានោះជាបញ្ហាអ្វីឡើយ) ។

៦) កុំត្រចៀកស្រាល
(មនុស្សច្រើនណាស់ អ្នកខ្លះក៏មានបំណងល្អដាក់កូន តែអ្នកខ្លះទៀតក៏មានបំណងអាក្រក់ដាក់កូន ។ អ្វីដែលកូនត្រូវធ្វើគឺ កុំស្ដាប់ត្រចៀកម្ខាងចេញពីត្រចៀកម្ខាងទៀត កុំធ្វើជាត្រចៀកស្រាលគេថាអ្វីក៏ជឿស្ដាប់គេស្លុងតាមនោះទៅ) ។

៧) ចូរវាយតម្លៃខ្លួនឯងឲ្យឃើញ
(ពេលណាក៏ដោយដែលមានមនុស្សចូលមក ឬកូនត្រូវការមានគេ ចូរកូនសម្លឹងគយគន់រំពៃរ៍រកឲ្យឃើញថា តើខ្លួនគួរនៅជាមួយ ឬមិន ? មិនខុសពីយើងដើរផ្សារទេ ដូចជាយើងជ្រើសរើសទិញរបស់របរត្រូវល្អ តម្លៃនោះសមរម្យ ទើបកូនសម្រេចចិត្តទិញវា) ។ 

៨)ឲ្យអភ័យ អ្វីដែលកូនត្រូវឲ្យ 
(មិនថាគេល្អឬអាក្រក់ដាក់កូនទេ តែអ្វីដែលកូនត្រូវមានគឺ ការអត់ឱនឲ្យគេ ។ ចាំណ៎ាកូន ! ការអត់ឱននេះ វាធ្វើឲ្យកូនកើតមានក្ដីសុខក្នុងចិត្ត) ។

៩) កូនត្រូវចេះសុំទោស និងអរគុណនេះឲ្យបាន
(មិនថាកូនទៅដល់ទីណា នៅទីណាក៏ដោយ កូនត្រូវចេះពាក្យថា អរគុណ និងពាក្យសុំទោស កូនត្រូវចងចាំពាក្យទាំងពីរនេះឲ្យបានថ្នឹករត់មាត់ ។ បើកូនចេះប្រើពាក្យទាំងនេះគ្រប់ស្ថានភាព នោះកូនម៉ែនឹងមានមនុស្សគេអាណិតអាសូរ ជួយយកអាសាច្រើន) ។

១០) បើខុសធ្វើជាថ្មី
(ម៉ែតែងនិយាយជារឿយៗថា មិនថ្វីទេ អ្វីគ្រប់យ៉ាងតែងតែមានខុសភ្លាត់ខ្លះហើយ គ្រាន់តែកូនអាចចាប់ផ្ដើមធ្វើវាឡើងវិញ អ្វីដែលវាខុស សូមកូនទុកវាធ្វើជាមេរៀនសម្រាប់កិច្ចការរបស់កូនបន្តទៀតចុះ) ។

១១) មានការជួបតែងមានការបែក
(ត្រៀមធ្វើចិត្តទុកឲ្យហើយណ៎ាកូន កាលណាមានការជួប កាលនោះក៏មានការបែក កុំទៅខូចចិត្តជាមួយវាធ្វើអ្វី ព្រោះនេះជាសច្ចភាពរបស់រឿងក្នុងលោក )។

១២) បើកូនចង់បានគូជីវិត ចូររើសឲ្យល្អ
(ម៉ែមិនចង់បានកូនប្រសារអ្នកមាន ឬឋានៈជាសេដ្ឋី គហបតី ឧកញ៉ាអ្វីទេ សុំត្រឹមតែកូនប្រសារនោះល្អ និងចេះស្រឡាញ់កូនតែម្នាក់នុ៎ះ គឺម៉ែសប្បាយចិត្តណាស់ទៅហើយ) ។

១៣) បើមានកូន ក៏ត្រូវចិញ្ចឹកគេឲ្យបានល្អដូចគ្នា
 (មិនបាច់ខ្វល់ថែម៉ែទេ ម៉ែសុំត្រឹមតែឲ្យកូនចេះចិញ្ចឹមកូនខ្លួនឯងឲ្យបានល្អ ដូចអ្វីដែលម៉ែចិញ្ចឹមកូនមកអ៊ីចឹង) ។

១៤) ចូរពេញចិត្តនូវអ្វីដែលកូនមាន
(មានច្រើនក៏ពេញចិត្តប្រើច្រើន មានតិចក៏ប្រើតិច តែបើវាមានតិច កូនចង់បានច្រើន  វានាំឲ្យកូននឿយហត់ និងមិនបានប្រើវា ចូរកូនក្រោកឡើងពេញចិត្តនូវអ្វីដែលខ្លួនកូនមាន កុំទៅច្រណែនតូចចិត្តនឹងវាសនាបុណ្យសំណាងរបស់គេ ព្រោះការធ្វើ ការសន្សំរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ) ។

១៥) មេដឹកនាំដែលល្អបំផុតក្នុងជីវិតគឺខ្លួនកូនផ្ទាល់
(កុំគិតរវល់តែពឹងពររកនរណាឲ្យមកដឹកនាំ គ្មានបុគ្គលណាដឹកនាំល្អ ប្រសើរហើយកូនអាចងាយស្រួលរកបាននោះ គឺខ្លួនកូនហ្នឹងឯង ។

១៦) ចូរកូនទន់ភ្លន់ កុំទន់ជ្រាយ
(ការរស់នៅជាមួយនរណាបានស្រួលល្អ កូនត្រូវចាំជានិច្ចថា ភាពទន់ភ្លន់ ចេះដាក់បន្ទាបខ្លួនគ្រប់ពេល កូននឹងទទួលបាននូវការអាណិតអាសូរពីមនុស្សទូទៅក្នុងសង្គម តែបើកូនជួបមានបញ្ហា សូមកូនធ្វើចិត្តឲ្យរឹងមាំ ស្វាហាប់ កុំមានចិត្តទន់ជ្រាយចុះញ៉មជាមួយបញ្ហានោះ) ។

១៧) ភាពរលូន
(ពេលណាក៏ដោយដែលកូនបានល្អ ចូរកុំភ្លេចខ្លួនថា ខ្លួនកូនបានមកពីចំណុចណា កុំបែងចែកថ្នាក់ និងធ្វើគ្រប់យ៉ាងដូចដើម ដូចដែលកូនធ្លាប់ធ្វើរហូតមកនោះ រឿងនេះគេនឹងចងចាំកូនក្នុងផ្លូវល្អច្រើនជាង) ។

១៨) ពេលមានតម្លៃ
(កុំនិន្ទាច្រណែនអ្នកណា យកពេលវេលាហ្នឹងទៅលំហែកាយ ធ្វើសកម្មភាពណាដែលមានប្រយោជន៍ល្អជាង ហើយអ្វីដែលកូនមិនធ្លាប់ធ្វើ កូននឹងចងចាំរឿងនោះមានតម្លៃរហូត) ។

១៩) អំពើល្អមិនមែនវាស់គ្នាត្រង់ខោអាវ ផ្លាកតម្លៃមិនបានប្រាប់ឋានៈសង្គមទេ (បើកូនចង់ឲ្យគេដឹងថា កូនជាមនុស្សល្អ រឿងដែលសំខាន់គឺកូនត្រូវធ្វើល្អជាមួយគេសិន និងស្មើលើស្មើក្រោម ហៅថាសមានត្តតា ដែលមានកាយ វាចា ចិត្តស្មើគ្នា) ។

២០) ភាពក្រៃលែងជាងសេដ្ឋី គឺមានទឹកចិត្តឲ្យដោយគ្មានចង់បានអ្វី
(កូនសាកសម្លឹងរកមើលមនុស្សដែលជួបការលំបាក លុយទិញបាយហូបមិនមាន ដើរសុំលុយគេតាមចិញ្ចើមផ្លូវមួយថ្ងៃៗដើម្បីរស់ តែអ្វីដែលពួកគេបានមកនោះ ពួកគេមានចិត្តចេះចែករំលែកឲ្យដល់សត្វ ពួកគេដឹងថា ការឲ្យទៅរបស់ខ្លួនម្ដងៗនោះមិនមានផលប្រយោជន៍អ្វីដល់ពួកគេទេ តែពួកគេធ្វើឡើងដោយមានទឹកចិត្ត ដែលចេញពីក្រអៅបេះដូងរបស់ពួកគេបរិសុទ្ធ ដូចនេះ សូមកូនកុំមើលរំលងការមានទឹកចិត្តមួយនេះឲ្យសោះ) ។

គ្មានម្ដាយរូបណា ត្រូវការជេរស្ដី ជេរប្រមាទកូនដោយគ្មានហេតុផលទេ ពួកគាត់ចង់បង្រៀននូវអ្វីដែលល្អ និងអាក្រក់ឲ្យកូនៗបានឈ្វេងយល់ និងចងចាំទុកក្នុងចិត្ត ព្រោះថាអ្វីដែលម្ដាយគ្រប់រូបបានបង្រៀនទៅនោះ មិនចង់ឃើញកូនៗដើរតាមគន្លងចាស់របស់ពួកគាត់ ចូរកូនៗគិត និងត្រិះរិះពិចារណានូវអ្វីដែលអ្នកម៉ែបានបង្រៀនខាងលើ ដើម្បីជាគុណប្រយោជន៍សម្រាប់ជីវិតកូនៗទាំងអស់គ្នា ៕

-------------------------------------------- 
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក

No comments:

Post a Comment