អ្វីៗក្នុងលោកនេះ ដែលធម្មជាតិបង្កើតមក សុទ្ធតែបង្កប់អត្ថន័យអប់រំទាំងអស់
គ្រាន់តែថា រូបភាពខ្លះ
មនុស្សយើងមិនទាន់ផ្ដល់និយមន័យនៃតម្លៃរបស់វាបានត្រឹមត្រូវនៅឡើយ
ម្លោះហើយវាក៏មិនទាន់មានតម្លៃគ្រប់គ្រាន់ក្នុងការលើកយកមកធ្វើជាឧទាហរណ៍ក្នុងការអប់រំ
។ មានរូបភាពខ្លះទៀត មនុស្សបានទាញតម្លៃរបស់វា យកមកប្រើ មកអប់រំ ធ្វើជាគតិបាន
ដូចជាម្រាមដៃទាំងប្រាំរបស់មនុស្សយើង ដែលបានបង្កប់អត្ថន័យអប់រំដល់មនុស្ស និងកូនៗ
ដូចខាងក្រោម ៖
១) ម្រាមមេដៃ
ជាមូលដ្ឋានគ្រឹះនៃជីវិត
តាមទ្រឹស្ដីតម្រូវការជាមូលដ្ឋាន (Hierarchy of Needs
Theory) របស់ Maslow វត្ថុដែលមនុស្សត្រូវការជាមូលដ្ឋាន
ដើម្បីបំពេញសេចក្ដីប្រាថ្នាក្នុងគ្រាដំបូងនោះ គឺតម្រូវការផ្នែករាងកាយ
និងសុវត្ថិភាព ។ ដូចនេះ ក្រៅពីបច្ច័យ ៤ ដែលអាណាព្យាបាលគ្រប់រូបត្រៀមបម្រុងទុកឲ្យកូនតូចៗហើយ
វត្ថុសំខាន់មួយទៀត គឺការធ្វើឲ្យកូនៗមានអារម្មណ៍ឈ្វេងយល់ដល់ស្ថេរភាពក្នុងជីវិត
ទាំងផ្នែករាងកាយ និងចិត្តគំនិតផងដែរ ។
អាណាព្យាបាលគ្រប់រូបត្រូវអប់រំកូនៗឲ្យស្គាល់ច្បាស់អំពីខ្លួនឯង ចេះរៀនប្រឈមមុខជាមួយការភ័យខ្លាច
ដោយមានខ្លួនម្ដាយឪពុកធ្វើជាគំរូ ។
២)
ម្រាមចង្អុលដៃ ជាពាក្យណែនាំ
ក្រៅពីស្ថេរភាពជីវិតហើយ គ្រួសារ
ឬអាណាព្យាបាលគ្រប់រូបត្រូវចង្អុលបង្ហាញណែនាំក្នុងរឿងផ្សេងៗឲ្យដល់កូនៗផង ។
ពេលកូនៗច្រឡំធ្វើអ្វីមួយខុស ឬចាប់ផ្ដើមសង្ស័យធ្វើក្នុងរឿងមិនសមរម្យ ពាក្យណែនាំល្អបំផុតរបស់ម្ដាយឪពុកប្រៀបដូចម្រាមចង្អុលដៃចាំចង្អុលប្រាប់កូនៗឲ្យប្រព្រឹត្តធ្វើក្នុងរឿងដ៏ត្រឹមត្រូវ
និងផ្លូវដែលគួរ ។ ក្នុងន័យនេះ សូមរំលឹកផងដែរថា រឿងដែលសំខាន់ក្នុងការអប់រំកូនៗ
ក្នុងពេលដែលពួកគេធ្វើខុស គឺជាពាក្យណែនាំដែលប្រកបដោយហេតុផល ។ ម្ដាយឪពុកមិនត្រូវប្រើពាក្យសម្លុតគំរាមជេរស្ដីថាកូនៗដោយកំហឹងទេ
ព្រោះក្រៅពីធ្វើឲ្យស្ថានភាពផ្សេងៗមានសភាពអាប់អួរឡើង ហើយថែមទាំងបង្អាក់ដំណើរការលូតលាស់របស់កូនៗទៀតផង
។
៣)
ម្រាមដៃកណ្ដាល ជាផ្លូវកណ្ដាល
ម្រាមដៃកណ្ដាលទុកដូចជាពាក្យទូន្មានអប់រំរបស់ម្ដាយឪពុកក្នុងរឿងផ្លូវកណ្ដាល
តាមគោលការណ៍ព្រះពុទ្ធសាសនានោះគឺមាគ៌ាកណ្ដាល ឬមជ្ឈិមាបដិបទា
គឺការប្រើជីវិតឲ្យមានសមតុល្យ ឬល្មមប្រមាណ មិនខ្ពស់ពេក មិនទាបពេក ទៅតាមមាគ៌ាណាមួយ
ដែលអាណាព្យាបាលអាចនាំយកគោលធម៌ទាំងនេះមកអប់រំផ្សែផ្សំជាមួយពាក្យអបរំផ្សេងៗទៀតក្នុងជីវិតប្រចាំថ្ងៃបាន
ដោយលើកយកឧទាហរណ៍ ដូចជា ពិភពលោកបច្ចុប្បន្នដែលកំពុងគ្របដណ្ដប់ដោយលទ្ធិវត្ថុនិយម ឬ Materialism ។ អាណាព្យាបាលគ្រប់រូបគួរអប់រំកូនៗឲ្យប្រកាន់យកគោលការណ៍គ្រប់គ្រាន់ក្នុងផ្លូវសេដ្ឋកិច្ច
ដោយអប់រំពួកគេចេះរម្ងាប់កិលេស មិនត្រូវចាយវាយខ្ជះខ្ជាយ តែក៏មិនឲ្យកើតចិត្តកំណាញ់ស្វិត
សូម្បីតែការហូបចុករបស់ខ្លួន ។
៤)
ម្រាមដៃនាង ជាការស្រឡាញ់ មានក្ដីមេត្តា
ម្រាមដៃនាងនោះ
លោកទុកដូចវត្ថុតំណាងសេចក្ដីស្រឡាញ់ ។ ការអប់រំកូនៗឲ្យចេះស្រឡាញ់
និងចេះព្រួយបារម្ភចំពោះមនុស្សផងគ្នា រាប់ថាជាពាក្យអប់រំសំខាន់ណាស់
ព្រោះសេចក្ដីស្រឡាញ់ធ្វើឲ្យកើតក្ដីមេត្តា ធ្វើឲ្យកើតចិត្តមិនរឹងរូស
និងចេះព្រួយបារម្ភដល់មនុស្សដទៃ ។ តាមគោលការណ៍ទ្រឹស្ដីគ្រីស្ដសាសនា ក៏ប្រកាន់យក ការស្រឡាញ់មនុស្សដូចគ្នា
គឺជាប្រការសំខាន់បំផុតក្នុងការអប់រំ ។
៥)
ម្រាមកូនដៃ ជាភាពទន់ភ្លន់
ម្រាមកូនដៃទុកដូចជានិមិត្តរូបនៃភាពទន់ភ្លន់
និងចេះឲ្យអភ័យ ។ ប្រសិនបើកូនៗរបស់អ្នកកំពុងខឹងខ្លាំងចំពោះអ្នកណាមួយ
សាកល្បងអប់រំឲ្យពួកគេធ្វើជាភាគីចេះហុចម្រាមកូនដៃតូចនោះចេញមក ឲ្យជានាជាមួយអ្នកដទៃសិន
។ ការធ្វើក្នុងលក្ខណៈដូចនេះ មានប្រសិទ្ធភាពណាស់ ចំពោះទស្សនគតិរបស់ក្មេងៗ ហើយជាប្រការមួយជួយបណ្ដុះគំនិតក្នុងរឿងការឲ្យអភ័យ
និងមានភាពទន់ភ្លន់ដល់កូនតូចៗបានយ៉ាងល្អផង ៕
Cr. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment