មានរឿងសព្វគ្រប់លើភពផែនដី
ឲ្យមនុស្សប្រុសស្រីគប្បីសង្វេគ កុំឲ្យសង្វាតប្រមាទខ្លាំងពេក
ក្រោមមេឃលើដីមានអ្វីមិនខ្វល់។ ហេតុដែលកើតមានពុំហ៊ានប្រឌិត
គឺជារឿងពិតមិនគិតស្មានដល់ យានយន្តខ្វែងខ្វាត់ស្ងាត់បាត់ពីថ្នល់
ទីផ្សារទៅដល់នៅសល់តែរាន។
សត្វលោកក្អេងក្អាងអាងវិទ្យាសាស្ត្រ
ឥឡូវឃើញច្បាស់ណាស់កុំបំពាន រោគឆ្លងសម្លាប់ស្លាប់ពុំធ្លាប់មាន
មនុស្សរាប់ពាន់លានគ្មានអ្វីធានា។
ធម្មជាតិសម្រេចមិនបាច់ប្រទូស
ឲ្យមនុស្សខ្លាចមនុស្សទោះបីស្គាល់គ្នា មិនថាមន្រ្តីរាស្រ្តព្រះរាជា
ជួបប្រស្រ័យគ្នាជាការលំបាក។
ឱធម្មជាតិអើយម្ដេចឡើយកំណត់
ទាំងអ្នកក្រខ្សត់ឲ្យហត់ឥតស្រាក ខំធ្វើការងារទោះជាលំបាក ព្រោះបើសម្រាកកូនអត់អាហារ។
ធ្វើការមួយថ្ងៃគ្រាន់ហូបមួយថ្ងៃ
លក់នំចំណីបន្លែបង្ការ រកបានតែត្រឹមចិញ្ចឹមគ្រួសារ ឥឡូវស្ងាត់ផ្សារអ្នកណាមិនភ័យ។
អ្នកឆ្លងរោគហើយគ្មានឡើយញាតិមិត្ត
ពុំអាចនៅជិតញាតិមិត្តប្រុសស្រី ទោះម្តាយនឹងកូនក៏ឥតប្រណី បើក្ស័យសពក្តីក៏ជួបពុំបាន។
នេះហើយប្រវត្តិកត់ត្រាផ្ដែផ្ដាំ
ជាទារុណកម្មប្រចាំភពស្ថាន បានសុខលោកីយ៍ភ្លេចថ្ងៃក្ស័យប្រាណ
រោគមករុករានឲ្យមានស្មារតី។
ពេញពិភពលោកមេរោគកូវិដ
ដប់ប្រាំបួនពិតឥតត្រាប្រណី ឆ្លងដែនប្រទេសលឿនរហ័សក្រៃ អ្នកជិតខាងភ័យបាត់ក្ដីរាប់អាន។
រោគអេដស៍មានសពដុតកប់ជួបជុំ
កូវិដសពរុំពុំអាចឲ្យបាន ព្រោះអាចឆ្លងផ្ទាល់ដល់ញាតិសន្តាន
ចុងបញ្ចប់បានត្រឹមសោកសង្រេង។
ស្រណោះគ្រូពេទ្យត្បិតហេតុកូរ៉ូណា
ប្រតិបត្តិការគួរឲ្យស្ញប់ស្ញែង ឃ្លាតក្រុមគ្រួសារសែនមហាចំបែង
ប្រយុទ្ធជាក់ស្ដែងកន្លែងរងគ្រោះ។
សូមគុណតេជះនៃព្រះបារមី
ព្រះរតនត្រៃជួយអ្នកទាំងអស់ ឲ្យបានជោគជ័យក្នុងការសង្រ្គោះ
ឆ្លងផុតទុក្ខទោសរស់ទាំងអស់គ្នា៕៚
សូមអនុមោទនា!
-------------------------------------------------------
ថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣ (22/3/2020)
ដោយ អ៊ុំប្រុស គុយ សុធន
រូបភាព ហ្វេសប៊ុក
No comments:
Post a Comment