Tuesday, June 9, 2020

មោកនភាពនឹងអានសៀវភៅចប់?


សម្តី​ច្រើនហួស​ប្រមាណ តែបើ​គ្មាន​លទ្ធផល​ទេ គឺ​ពុំមែន​ជាច​រិត​មនុស្ស​យល់​ពី​តម្លៃ​នៃ​ការរៀនសូត្រ​ឡើយ។ ចំណេះដឹង​កប់​ពពក តែបើ​គ្មាន​ចរិតលក្ខណៈ​ជា​អ្នករៀន​សូត្រ​ពិតប្រាកដ​ទេ ក៏​ពុំមែន​ជាច​រិត​អ្នក​ត្រឹមត្រូវ​ដែរ។ រៀបរាប់​ដល់​ចំណុច​នេះ ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​មនុស្ស​ពីរនាក់ ដែល​ម្នាក់ គឺ​មេដឹកនាំ​ឥណ្ឌា មហា​ត្មៈគន្ធី (Mahatma Gandhi​) និង​ម្នាក់ទៀត គឺជា​អ្នក​និ​ពន្ធ​រូស្សី អូ​ឡុង តុល​ស្តុ​យ (Leo Tolstoy​)។ គន្ធី បាន​លើកឡើង​ពី​ចរិត​អ្នករៀន​សូត្រ តែ​ពុំ​មាន​ចរិត​ជា​អ្នករៀន​សូត្រ ឬ ចំណេះដឹង​ពុំ​ជ្រាប​ជាច​រិត​។ ពាក្យ​ខ្មែរ​លោក​ពោល​ថា ចំណេះ​កប់​ពពក តែ​ជ្រក​អាច​ន៍​ជន្លេន​។ ទស្សនៈ​នេះ គឺ​ចង់​បង្ហាញ​ពី​បរិមាណ​នៃ​ចំណេះដឹង ធៀប​នឹង​គុណភាព​នៃ​ចំណេះដឹង។ តើ​អ្វី​ជា​មោកនភាព​នៃ​ការ​អាន​សៀវភៅ​ចប់​?

ខ្ញុំ​អាន​សៀវភៅ​ជាច្រើន​, ខ្ញុំ​ឆ្លងកាត់​ការងារ​ច្រើនជាង​យុវជន​ដែល​មាន​អាយុ​ស្រ​បាល​គ្នា​, ខ្ញុំ​ចូលចិត្ត​ការងារ​ជា​កសិករ។ សៀវភៅ​ដែល​ខ្ញុំ​បាន​អាន សឹងតែ​សរុប​ខ្លឹមសារ​ចុងក្រោយ គឺ​គ្មាន​អប់រំ​អ្វី​ផ្សេង ក្រៅតែ​ពី​ពាក្យ​ប៉ុន្មាន​ឃ្លា តស៊ូ ប្រឹងប្រែង អត់ធ្មត់​...។ ជីវិត​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់ គឺ​បាន​ជួប​បញ្ហា​មិន​តិច​ពេក ក៏​មិន​ច្រើនពេក​ដែរ ហើយ​ជ័យជម្នះ​ដែល​ខ្ញុំ​បាន​ទទួល គឺ​គ្មានអ្វី​ក្រៅតែ​ពី​ឈ្នះ​ដោយសារតែ​ចិត្ត​អត់ធ្មត់។ អ្នកណា​ពូកែ​អត់ធ្មត់​ជាង អ្នកណា​ពូកែ​ត្រាំត្រែង​នឹង​បញ្ហា​ច្រើនជាង អ្នកណា​មានចិត្ត​មិនឆាប់​បោះបង់ចោល​ច្រើនជាង គឺ​អ្នកនោះ​នឹង​មានឱកាស​ជោគជ័យ​ច្រើនជាង។ អ៊ីចឹង​ហើយ​ទើប​បុគ្គល​ជោគជ័យ​ជាច្រើន​និយាយ​ថា អ្នកឈ្នះ គឺ​មិន​បោះបង់ រី​ឯអ្នក​បោះបង់ មិន​ងាយ​ឈ្នះ​។ ទស្សន​ជនជាតិ​ចិន​ប្រើពាក្យ​មួយ​យ៉ាង​ខ្លី ចិត្តអំណត់​ជា​អំណាច។ កូនប្រុស​រង់ចាំ​សងសឹក​ដប់​ឆ្នាំ មិនយឺត​ពេល​ទេ​។ គំនិត​អប់រំ​បែបនេះ​មាន​លើកឡើង​យ៉ាងច្រើន​ក្នុង​ទស្សនវិជ្ជា​ដឹកនាំ​ចិន ក៏ដូចជា​ឥណ្ឌា​ផង​ដែរ។

ខ្ញុំ​ចេះតែ​ចំណាយពេល​វេលា​គិត​ថយក្រោយ ពី​ចរិតលក្ខណៈ​រឹង​រួស​របស់ខ្ញុំ​ក្នុង​ការរស់នៅ។ ខ្ញុំ​មាន​ចរិត​មួយ គឺ​និយាយតិច ហើយ​សម្តី​ភាគច្រើន​សុទ្ធតែ​ប្រើ​ខួរក្បាល​ច្រើនជាង​បេះដូង។ មនុស្ស​ស្រី​ជាច្រើន មិន​ចូលចិត្ត​នៅ​ក្បែរ​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​មិន​ចេះ​យកចិត្ត មិន​ចេះ​លួងលោម មិន​ចេះ​ផ្អែមល្ហែម​...។ ចំណេះដឹង​ខួរក្បាល​ជា​ស្ពាន​ចម្លង​ជីវិត។ ជីវិត​ខ្ញុំ​ប្រើ​ចំណេះដឹង​ក្នុង​ការរស់នៅ​គ្រប់ពេល តែ​នៅតែ​ជួប​បញ្ហា​រាប់​ភ្លេច។ នឹក​ទៅ​អតីតកាល ខ្ញុំ​ចេះ​ស្រមៃ​ថយក្រោយ​ទៀត​ថា បើ​ជួប​ការ​លំបាក​ដូច​ពីមុន ឬបើ​ការឈឺចាប់​ដូច​ពីមុន មក​ក្បែរ​ខ្ញុំ​ជា​លើក​ទី២ ខ្ញុំ​ប្រហែលជា​មិន​អាច​ប្រយុទ្ធ​ឈ្នះ​ទេ​។ រហូតដល់​ចុងក្រោយ ខ្ញុំ​ដឹង​ថាស​មុទ្រ​ជីវិត​ដែល​ខ្ញុំ​បាន​ហែល​ឆ្លងផុត គឺ​មិនមែន​ដោយសារ​ចំណេះដឹង ឬសមត្ថភាព​ខួរក្បាល​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​មាន​លើស​អ្នកខ្លះ គឺ​ចិត្តអំណត់ ចិត្ត​តស៊ូ ចិត្ត​ខាំ​មិនលែង ចិត្ត​មិន​ចុះញ៉ម​ចំពោះ​អ្វី​ដែល​មិន​ត្រឹមត្រូវ។ ចិត្ត​អត់ធ្មត់ ចិត្ត​មិន​ឆេវឆាវ ចរិត​មិន​អួ​ទី​នួរ គឺជា​រឿង​តូច​មួយ តែ​វា​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ជីវិត​ខ្ញុំ។ គុណភាព​នៃ​ខួរក្បាល គឺ​ត្រូវ​ផ្សារ​ភ្ជាប់នឹង​ចិត្តអំណត់ និង​ផ្សា​រភ្ជាប់នឹង​គុណភាព​នៃ​ការ​ចេះ​តស៊ូ។ អ្នក​ឆ្លា​តៗ​ជាច្រើន​តែង​បរាជ័យ គឺ​មិនមែន​ដោយ​សា​រតែបញ្ហាណា​ផ្សេង​ទេ តែ​ជា​បញ្ហា​គុណភាព​នៃ​ចិត្តអំណត់ ឬបើ​មានចិត្ត​អំណត់ ក៏​អំណត់​បាន​តែក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ។ តើ​គុណភាព​អំណានស្ថិតនៅ​ត្រង់ណា​?

ជា​ចិត្ត​សាស្រ្ត សៀវភៅ​ដែល​ស្តែងៗ អាចអានឆាប់​ចប់ គឺ​នឹង​ធ្វើ​ឱ្យ​អ្នកអាន​មាន​មោកនភាព​ចំពោះ​ចំនួន​ក្បាល​សៀវភៅ​ដែល​ខ្លួន​បាន​អាន។ សៀវភៅ​ដែល​មាន​កម្រា​ស់​ក្រាស់​ៗ សរសេរ​វាង​ចុះ​វាង​ឡើង ទម្រាំ​ចូល​ដល់​ខ្លឹមសារ គឺ​អាច​ធ្វើ​ឱ្យ​អ្នកអាន​ធុញទ្រាន់។ សៀវភៅ​ខ្លះ មានខ្លឹមសារ​សំខាន់​តែ​ពីរបី​បន្ទាត់​ទេ តែ​មុននឹង​ចូល​ដល់​សាច់រឿង ដើរលេង​សិន ទៅ​ឆ្វេង​បន្តិច ទៅ​ស្តាំ​បន្តិច ទៅលើ​បន្តិច ទៅ​ក្រោម​បន្តិច ចំហៀង​បន្តិច បញ្ឈិ​តបន្តិច​...ចុះ​ឡើង​ៗ គឺ​មានខ្លឹមសារ​តែ​បន្តិច​ទេ។ អ្នកអាន​ត្រូវតែ​វិភាគ​ចំណុច​នេះ​ដែរ។ ការ​អាន​សៀវភៅ មិនមែន​ជា​ការ​អាន​បាន​ច្រើន​ក្បាល ឬអាន​បាន​តិច​ក្បាល​ទេ តែ​វា​ជា​គុណភាព​នៃ​សំណេរ និង​សមត្ថភាព​នៃ​ការ​គិត​របស់​យើង។ បើ​យើង​គិត​ច្រើនជាង​អាន​គឺ​ល្អ តែបើ​យើង​អានយ​កចប់ ច្រើនជាង​គិត​ពិ​ចារ​ណា គឺ​មិនសូវ​ល្អ​ទេ។ ការ​គិត​ដ៏​ត្រឹមត្រូវ គឺ​ត្រូវ​មាន​មូលដ្ឋាន​ប្រៀបធៀប។ ខ្វះ​អ្វី​អ្នក​ដែល​ចេះ​គិត តែ​ខ្វះតែ​អ្នក​គិត​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ អ្នក​ដែល​រវើរវាយ​នឹង​គំនិត គឺជា​មនុស្ស​ដែល​គិត​ដោយ​ឥត​មូលដ្ឋាន ខ្វះ​សំណៅ​គំ​និ​តចាស់​ៗមក​បូក​នឹង​ការ​គិ​តថ្មី​ៗ។ ខ្ញុំ​បាន​ឆ្លើយ​សំណួរ តើ​គុណភាព​អំណានស្ថិតនៅ​ត្រង់ណា​? រួចហើយ។ ខ្ញុំ​សុំ​ដាក់​សំណួរ​បន្ត​ថា តើ​អ្វី​ជា​វដ្ត​នៃ​អំណាន​

ខ្ញុំ​សុំ​ចូល​ដល់​គំនិត​របស់​ទស្សនវិទូ អូ​ឡុង តុល​ស្តុ​យ អំពី វដ្ត​នៃ​អំណាច​។ បងប្អូន​អ្នកអាន អាច​ពិសោធ​បាន​ដោយខ្លួនឯង​នូវ​គំនិត​ដែល​ខ្ញុំ​ធ្លាប់​លើកឡើង​ថា សៀវភៅ​ដែល​យើង​ត្រូវ​អាន គឺជា​សៀវភៅ​ដែល​យើង​បាន​អានរួចហើយ​។ អំណាន​លើក​ទី១ វា​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ចំណេះ​ផ្សេង។ អំណាន​សៀវភៅ​ដដែល​លើក​ទី២ ចំណេះដឹង​ដែល​យើង​ទទួល​បាន គឺ​ផ្សេង។ អំណាន​លើក​ទី៣ ចំណេះដឹង​យើង​នឹង​ទទួល​បាន​ផ្សេង​ពី​សៀវភៅ​ដដែល។ ចំនួន​អំណាន​កាន់តែ​ច្រើនដង គឺ​យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ផ្សេង​ៗគ្នា​ពី​សៀវភៅ​ដដែល។ មូលហេតុ គឺ​ដោយសារតែ​គុណភាព​នៃ​ចំណេះដឹង​របស់​យើង​រីកចម្រើន។ បើ​គុណភាព​នៃ​ចំណេះដឹង​យើង​មាន​ច្រើន វា​នឹង​នាំ​ឱ្យ​សមត្ថភាព​គិត​របស់​យើង​កាន់តែ​រីកចម្រើន។ ឡេអុង តុល​ស្តុ​យ បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​ថា តាមរយៈ​សៀវភៅ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​យក​មក​អាន ខ្ញុំ​ហាក់​មាន​អារម្មណ៍​រីកចម្រើន​ច្រើន​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ និង​ផ្នែក​សីលធម៌ [...]។ តើមាន​អ្វី​ដែល​មានតម្លៃ​ជាង​ការ​សន្ទនារា​ល់​ថ្ងៃជា​មួយ​នឹង​គតិ​ជន​ល្បី​ៗលើ​លោក​? អ្នកនិពន្ធ​ដ៏​ពូកែ​កើត​ចេញពី​អ្នកអាន​ឆ្លាត គឺ​ឆ្លាត​ខាង​ជ្រើសរើស​ស្នាដៃ​មក​អាន។ ចំពោះ​ទស្សនៈ​ខ្ញុំ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយទៅជា​ស្មេរ គឺ​គួរតែ​អាន​សៀវភៅ​ច្បាប់ដើម គម្ពីរ​ច្បាប់ដើម ឱ្យ​ចេះច្បាស់ ក្រោយពី​មានចំណេះ​ដឹង​មូលដ្ឋាន​ល្អ​ហើយ

អ្នកអាន​យល់​គំនិត ខុង ជឺ ស៊ីជម្រៅ គឺ​នឹង​ក្លាយទៅជា​សិស្ស​ជំនិត​របស់ ខុង ជឺ ទោះ​ខុងជឺ​ស្លាប់​បាត់​ហើយក៏​ដោយ។ គម្ពីរ​តៅ តេ ជីញ របស់​ឡៅ ជឺ​, ព្រះ​ត្រៃបិដក​ក្នុង​ព្រះពុទ្ធ​សាសនា​, គម្ពីរ​សញ្ញាចាស់ និង​សញ្ញាថ្មី​របស់​គ្រី​ស្ត​សាសនា​, គម្ពីរ​គួរ​អាន​របស់​ឥស្លាម​, សៀវភៅ​គោល​សំ​ខាន់​ៗផ្សេងទៀត​ដូចជា សៀវភៅ​យុទ្ធ​សាស្រ្ត​របស់ ស៊ុន ជឺ​, គម្ពីរ​ព្រាហ្មណ៍​, គម្ពីរ​សាស​នា​ស៊ិ​ក, គម្ពីរ​ដើម​សំ​ខាន់​ៗផ្សេងទៀត​ដែល​ខ្ញុំ​រៀបរាប់​មិន​អស់។ល។ មុននឹង​បញ្ចប់​អត្ថបទ​នេះ ខ្ញុំ​ចង់​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា អាន​ត្រឹមតែ​មួយ​រស់ ឬត្រឹមតែ​សុខសប្បាយ​ដើម្បី​ខ្លួនឯង វា​ខុសពី​អាន​ដើម្បី​ជួយ​អ្នកដទៃ។ រៀន​ដើម្បី​តែខ្លួន​ឯង​សុទ្ធសាធ វា​ខុសពី​រៀន​ដើម្បី​សង្គម​។ អត្ថបទ​ខាងលើ​នេះ ខ្ញុំ​បាន​ប្រើពាក្យ ខ្ញុំ​ ដែល​ស្តាប់​ទៅ ធ្វើ​ឱ្យ​ខ្ញុំ​ខ្លួនឯង​រអៀសខ្លួន​បន្តិច ព្រោះ​ពាក្យ​ខ្ញុំ​នេះ ខ្ញុំ​មិន​ចង់​ប្រើ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​បើ​រស់នៅ​ក្នុង​បរិយាកាស​សង្គម​ទូទៅ ដែល​មិនមែន​បរិយាកាស​ចិត្ត​វិញ្ញាណ គឺ​មិន​ខុស​អ្វី​ឡើយ។ អ្នក​ដែល​មាន​មោកនភាព​នឹង​អំណាច​ពិតប្រាកដ គឺ​អាន​ហើយ​ចេះ ទទួល​បាន​គំនិត​ត្រឹមត្រូវ​...។ អ្នកចេះ​ពិតប្រាកដ គឺ​យកចំណេះ​ដឹង​ទៅ​អនុវត្ត​បានផល​ល្អ​។ បើ​មាន​ពេលវេលា​គ្រប់គ្រាន់​ណាមួយ ខ្ញុំ​នឹង​រក​ឱកាស​ចែករំលែក​ពី​គំនិត​ស្នូល​នៃ​សៀវភៅ​ច្បាប់​ដើម​ខ្លះ​ៗរបស់​អ្នកប្រាជ្ញ​មួយចំនួន ភ្ជាប់នឹង​បរិបទ​សង្គមវិជ្ជា​ខ្មែរយើង។ សូម​ទទួល​បាន​ប្រយោជន៍​ពី​អំណាន​៕

-----------------------------------------
Cr. Lam Lim

No comments:

Post a Comment