សុភាសិតចិនពោលថា “មាត់ធំ
គឺជាប្រភពនៃបញ្ហា។ អណ្តាតដែលចូលចិត្តត្អូញត្អែរ គឺជាប្រភពនៃទុក្ខសោក”។
មនុស្សយើងមិនគួររីករាយជាមួយនឹងសំណាងចៃដន្យទេ ជាពិសេសលទ្ធផលអ្វីមួយដែលវាមិនបានមកដោយសារតែសកម្មភាពនៃការប្រឹងប្រែងខ្លួនឯង។
ជោគជ័យមួយដែលបានមកដោយការប្រឹងប្រែងដោយខ្លួនឯង
និងជោគជ័យដែលបានមកដោយសារជំនួយពីអ្នកដទៃ គឺមិនដូចគ្នាឡើយ។ មិនដូចគ្នា
គឺដោយសារតែអារម្មណ៍របស់យើង ដ្បិតគ្មានជោគជ័យណាដែលធ្វើឱ្យយើងរីករាយ
ជាងជោគជ័យដែលបានមកដោយការប្រឹងប្រែងយ៉ាងស្វិតស្វាញដោយខ្លួនឯងឡើយ។
តម្លៃនៃជោគជ័យពីរនេះ គឺមិនដូចគ្នាឡើយ។ អ្នកដែលអាចយល់ដល់ចំណុចនេះ
គឺនឹងដឹងថា “តើតម្លៃនៃការប្រឹងប្រែងដោយខ្លួនឯង
គឺមានន័យយ៉ាងណា?”
វិបត្តិនៃអ្នកបរាជ័យ
គឺចូលចិត្តត្អូញត្អែរច្រើន តែប្រឹងប្រែងធ្វើសកម្មភាពតិចបំផុត
ឬមិនធ្វើអ្វីសោះ។ វិបត្តិនៃអ្នករៀនសូត្រដំបូងៗ គឺទ្រឹស្តីច្រើនពេក
តែអំពើធ្វើជាក់ស្តែងតិចតួចបំផុត។ អ្នកចូលចិត្តនិយាយខ្លះ
ច្រើនតែមិនសូវចូលចិត្តធ្វើ ហើយអ្នកចូលចិត្តធ្វើមែនទែន
ច្រើនតែមិនសូវចូលចិត្តនិយាយឡើយ។ អ្នកខ្លះនិយាយក៏ច្រើន ធ្វើក៏ច្រើន។
មុនរៀនមន្តវិជ្ជាការផ្សេងៗ គឺត្រូវសម្អាតចិត្ត ប្រៀបដូចជាអ្នកធ្វើ
មុនធ្វើ គឺត្រូវរៀនទ្រឹស្តី។ ការរៀនសូត្រ ការរៀនទ្រឹស្តី
គឺមានគោលដៅដើម្បីអនុវត្តយកលទ្ធផលជាផ្កាផ្លែ
តែមិនមែនរៀនដើម្បីនិយាយច្រើនទេ។ សម្តីមួយម៉ឺនម៉ាត់
គឺគ្មានតម្លៃស្មើនឹងសកម្មភាពពិតប្រាដកមួយទេ។ ធ្វើល្អប្រសើរជាងនិយាយល្អ។
សម្តី វាគ្មានអំណាចទេ តែទង្វើទើបជាអំណាចពិតប្រាកដ។
យើងអាចនិយាយសម្តីរាប់លានម៉ាត់ថាស្រឡាញ់នរណាម្នាក់
តែបើគ្មានទង្វើជាក់ស្តែងទេ គឺសម្តីនៅតែជាសម្តី។
យើងអាចនិយាយថាស្រឡាញ់សង្គម តែបើមិនប្រឹងរៀនសូត្រ
ឬមិនអានសៀវភៅឱ្យបានច្រើនទេ គឺសម្តីនៅតែជាសម្តីដែលវាចេញពីមាត់យើង
ចូលទៅក្នុងបរិយាកាសដោយឥតន័យ។
អត្ថបទនេះ ខ្ញុំចង់សង្កត់ធ្ងន់លើការប្រឹងប្រែងធ្វើ
ជាពិសេសយកទ្រឹស្តីដែលចេះទៅអនុវត្តឱ្យកើតជាផ្លែផ្កាក្នុងជីវិត។
អំណាចនៃទង្វើនេះ គឺវាមានឥទ្ធិពលខ្លាំងណាស់។
អ្នកល្អនិយាយពាក្យល្អរាប់ពាន់ម៉ាត់ មិនស្មើនឹងមនុស្សអាក្រក់ស្ងប់ស្ងាត់
ធ្វើសកម្មភាពជាក់ស្តែងម្តងផង។ យើងអាចវាស់មនុស្សតាមរយៈសកម្មភាពនិងទង្វើ
តែមិនមែនវាស់នឹងសម្តីទេ។ សម្តីអាចល្អ អាចពីរោះ តែពិតឬមិនពិត
ពីរោះមែនឬអត់ គឺត្រូវវាស់ដោយសកម្មភាព។ មិនខ្វះទេមនុស្សនិយាយពីរោះស្តាប់
និយាយត្រឹមត្រូវ និយាយល្អ តែខ្វះតែមនុស្សធ្វើល្អ។
ក្នុងល្បើកដែលទិនទានពីសត្វ (Fables) មិនខ្វះទេសត្វដែលចេះចាំធម៌
ចេះសូត្រពាក្យពីរោះ ដែលសូម្បីតែក្រពើក៏ចេះនិយាយពីធម៌ដែរ
តែទង្វើគឺភស្តុតាងពិត។
តើហេតុអ្វីខ្ញុំបរិយាយពីចំណុចេះនេះក្នុងអត្ថបទ? សង្គមយើង
គឺមានទំនាស់ច្រើនណាស់ មិនថាទំនាស់សាសនា ទំនាស់នយោបាយ ទំនាស់អ្នកចេះដឹង
ទំនាស់យុវជន...ហើយការទាស់ទែងនេះមានគ្រប់ច្រកល្ហកទាំងអស់។
ការគោរពគ្នាខ្លះ
គឺគោរពត្រឹមតែសម្បកដែលមិនទាន់ចូលជ្រៅដល់ជម្រៅនៃគុណធម៌បុគ្គលនៅឡើយទេ។
អ្នករៀនសូត្រចេះដឹង
បើរកមិនឃើញតម្លៃនៃចំណេះដឹងទេ គឺឱ្យតម្លៃគ្នាត្រឹមតែសម្បក។
ការសិក្សាវិជ្ជាទាំងឡាយ គឺចិត្តត្រូវតែអប់រំជាមុន ដ្បិតចិត្តនេះ
វានឹងដឹកនាំចំណេះដឹងរបស់យើង។ បើចិត្តមិនស្អាត បូកនឹងចំណេះដឹងខ្លាំង
គឺស្មើនឹង “ក្លាយទៅជាមនុស្សអាក្រក់ខ្លាំង”។ បើចិត្តស្អាតហើយ
បូកនឹងចំណេះដឹងខ្លាំង គឺស្មើនឹង “ក្លាយទៅជាមនុស្សកាន់តែខ្លាំង
ជាទីពឹងនៃអ្នកទន់ខ្សោយដទៃ”។ អ៊ីចឹងហើយ
យើងចេះតែឃើញ ដោយមិនថាសង្គមណាទេ គឺតែងមានអ្នកខ្លាំង អ្នកពូកែ
ហើយអ្នកខ្លាំងខ្លះក៏ជាមនុស្សល្អ អ្នកខ្លាំងខ្លះក៏ជាមនុស្សអាក្រក់ដែរ។
អាឌុល អ៊ីត្លែរ ខ្លាំង តែអាក្រក់ និងអ្នកផ្តាច់ជាច្រើនទៀតខ្លាំង
តែឃោរឃៅ។ តើយើងធ្លាប់ឆ្ងល់ពីចំណុចនេះទេ? ហេតុអ្វីត្រូវខុសត្រូវជាមួយខ្លួនឯង?
អ្វីដែលរៀបរាប់ខាងលើ គឺជាបញ្ហាវប្បធម៌ និងសង្គមវិជ្ជា។
អ្វីដែលខ្ញុំចង់បង្ហាញជាទស្សនៈ គឺ “យើងត្រូវធ្វើជាអ្នកអនុវត្តទ្រឹស្តីដោយខ្លួនឯង
ទោះខុសត្រូវយ៉ាងណា ចូរធ្វើសិន ដោយកុំទាន់ឈ្លោះគ្នាជាមួយអ្នកដទៃ”។ រឿងខ្លះ
បើយើងយល់ថា “ខុស” ក៏និយាយត្រឹមតែមួយឬពីរម៉ាត់ហើយ
ក៏ចប់ទៅចុះ ដ្បិតអ្នកដទៃយល់ខុសឬត្រូវ វាលែងជារឿងរបស់យើងទៀតហើយ
តែរឿងរបស់យើង តួនាទីរបស់យើង គឺបានបញ្ចប់ហើយ
ពេលដែលយើងប្រាប់ពីវិធីត្រូវ។
ក្រៅពីនោះ អ្វីៗ
គឺបុគ្គលអ្នកយល់បែបណា ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។ អ្នកគិតបែបណា
ធ្វើបែបហ្នឹង។ ធ្វើបែបណា លទ្ធផលបែបហ្នឹង។ លទ្ធផលទុក្ខឬសោក គឺបុគ្គលជាអ្នកគិត
ត្រូវទទួលកម្មផលដោយខ្លួនឯង។ ចំពោះការជំទាស់នេះ
ខ្ញុំពុំមានន័យថាពុំឱ្យមានការទាស់ទេ តែសំខាន់ឱ្យប្រាកដថាខ្លួនឯងត្រូវ
និងមានដល់សង្គម។ មានអ្នកទាស់ត្រូវជាច្រើន ដូចជាអ្នកប្រាជ្ញចិន ស៊ូ តុងប៉
ជាដើម។ ស៊ូ តុងប៉ ជាអ្នកមានសមត្ថភាពដែលមិនថាអ្នកណា
គឺសុទ្ធតែចង់បានស៊ូតុងប៉មករួមការងារជាមួយ តែចរិតអ្នកប្រាជ្ញនេះ
គឺរឹងរួសបន្តិច។ ការរឹងរួសនេះ គឺពុំមែនហៅថារឹងរួសទេ
តែជាចរិតមនុស្សមានគោលការណ៍ច្បាស់លាស់
ដ្បិតដោយសារតែស៊ូតុងប៉ដឹងខ្លួនឯងថាខ្លួនកំពុងធ្វើអ្វី
ហើយហេតុផលអ្វីត្រូវធ្វើបែបនេះ។ ស៊ូ តុងប៉
អាចយកតំណែងជាឧបរាជពេលណាក៏បានដែរ ឬបើមិនចង់ធ្វើការបម្រើនគរ
គឺចាំតែសរសេរអត្ថបទកំណាព្យល្អៗ សរសើរមន្រ្តីអាក្រក់ៗ
ក៏អាចរស់ស្រួលដែរ។ បើសួរខ្ញុំថា “តើខ្ញុំចង់ក្លាយទៅជាអ្នកសរសេរទេ
ឬជាស្មេរសរសេរអត្ថបទទេ?”
បើឱ្យខ្ញុំជ្រើសរើស
ខ្ញុំរើសយកការធ្វើជាក់ស្តែង ហើយមិនធ្វើជាអ្នកសរសេរទេ ដ្បិតការសរសេរ
គឺត្រូវស្រាវជ្រាវច្រើន រៀនពីបទពិសោធចាស់ៗច្រើន យកចំណេះដឹង
និងបទពិសោធមកអង្គុយវាស់ថ្លឹង ពិចារណា ហើយថែមទាំងប្រើថាមពលគិតអស់ច្រើនណាស់។
សរុបចុងក្រោយ ធ្វើទើបបានផលមកខ្លួនឯង តែមិនមែននិយាយទេ។
ការនិយាយបានត្រឹមតែចែកគំនិតប៉ុណ្ណោះ។ មិនខ្វះទេ “អ្នកដែលចេះយល់ឃើញ” តែខ្វះតែអ្នកដែលយកការយល់ឃើញទៅធ្វើជាក់ស្តែងប៉ុណ្ណោះ។
យើងអាចនិយាយស្រែកដាក់មេក្រូ តែសំឡេងដែលឮបំផុត
គឺជាសំឡេងនៃទង្វើជាក់ស្តែង។ នៅក្មេង វ័យរៀន ត្រូវប្រឹងរៀនឱ្យចេះច្បាស់
ហាត់ចិត្តឱ្យចាស់ទុំ ហើយជៀសវាងការនិយាយឈ្លោះគ្នាឥតប្រយោជន៍។
គោលដៅនៃចំណេះដឹង គឺយកចំណេះទៅប្រើឱ្យចេញជាលទ្ធផលល្អ។ ពេលកំពុងប្រើចំណេះដឹង
បើចេះគេច ក៏គេចពីរឿងឈ្លោះខ្លះ ជាពិសេសពេលកំពុងអនុវត្តទ្រឹស្តី
ដ្បិតការរវល់ឈ្លោះ គឺនាំឱ្យខាតពេលធ្វើ។ អ្នកឆ្លាត
កុំឆោតឱ្យអ្នកដទៃនាំឈ្លោះបាន។ ឈ្លោះខ្លះមានប្រយោជន៍ ឈ្លោះខ្លះខាតពេល
តែបើត្រូវតែឈ្លោះហើយ គឺត្រូវឈ្លោះឱ្យត្រូវ។ ប្រឹងប្រែងរៀនសូត្រ
និងយកចំណេះដឹងទៅបង្កើតជាផ្លែផ្កាសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម!!
Cr. Lam Lim
No comments:
Post a Comment