Sunday, June 7, 2020

គួរបន្ទោសអ្នកណា?


គ្រាប់ពូជ​ដំណាំ​ដែល​នឹង​លូតលាស់​បាន​ល្អ គឺ​ត្រូវ​ដាំ​លើ​ដី​ល្អ​ដែរ។ មនុស្ស​ខ្លាំង ក្រៅតែ​ពី​មានខ្លួន​ឯង​ខ្លាំង​ហើយ ក៏​ត្រូវការ​អ្នក​ជ្រោមជ្រែង​ដែរ។ ចេះ​ជួយ​ខ្លួនឯង តែ​ព្រះ​មិន​អាណិត​ជួយ​បន្ថែម ក៏​ពិបាក​នឹង​លូតលាស់​ល្អ​បំផុត ឬបើ​ព្រះ​ជួយ​យើង តែ​យើង​មិន​ជួយ​ខ្លួនឯង​ទេ ក៏​មិន​លូតលាស់​ល្អ​បំផុត​ដែរ។ ក្នុង​សង្គម​ក៏​អ៊ីចឹង​ដែរ បើ​មានតែ​មេដឹកនាំ​ល្អ តែ​ខ្វះ​ប្រជាជន​ចេះ ក៏​មិនបាន ឬបើ​មាន​ប្រជាជន​ចេះ តែ​ខ្វះ​មេដឹកនាំ​ល្អ ក៏​ពុំកើត​ដែរ។

បន្ថែម​ពីនេះ រឹតតែ​វេទនា រឹតតែ​លំបាក គឺ​មេដឹកនាំ​មិន​ចេះ ប្រជាជន​មិន​ចេះ តើ​អ្នកណា​ជ្រោមជ្រែង​អ្នកណា ប្រៀប​ដូចជា​ក្សត្រ​អត់​ទីប្រឹក្សា ឬទីប្រឹក្សា​មានតែ​ចំណេះដឹង តែ​មិនដឹង​ប្រើ​សមត្ថភាព​ជាមួយ​ក្សត្រ​អង្គ​ណា។ នៅពេល​ណា​ដែល​យើង​នៅតែ​អវិជ្ជា យើង​នឹង​មិន​អាច​ដឹង​ថា តើ​មេដឹកនាំ​ណា​ដែល​យើង​គួរ​ដើរតាម ឬមេដឹកនាំ​ណា​ដែល​សម្តែង​ធ្វើល្អ​ដើម្បី​បោក​យើង​...?

តើ​យើង​អាច​នឹង​មាន​សមត្ថភាព​មើល​មេដឹកនាំ ឬតាមទាន់​ល្បិច​អ្នកនយោបាយ​អាក្រក់​បែប​ណា បើ​គ្រាន់តែ​សៀវភៅ​ពីរបី​ក្បាល យើង​មិន​អាច​អាន​យល់​ផង​? កុំថាឡើយ​ដល់​អាន​បាន​យល់ តែ​សូម្បីតែ​ចិត្ត ចង់​អាន​ឱ្យ​យល់​ ក៏​មិនទាន់​មាន​ផង។ ពុំ​ចាំបាច់​សួរ​ថា អាច​អាន​យល់ ឬអត់ ទេ តែ​តើ ចិត្ត​ចង់​ ឬមិន​ចង់។

នឹង​អាន​យល់ បើ​យើង​ចង់ ព្រោះ ចិត្ត​ចង់​ចេះ​ វា​នឹង​ធ្វើ​ឱ្យ​យើង​រក​វិធី​អាន​ឱ្យ​យល់ ព្យាយាម​អាន​មិនឈប់ រហូតដល់​យល់។ ពេលខ្លះ​ទៀត បើ​សូម្បីតែ​អ្នក​ដែល​ប្រឹង​ជួយ​យើង យើង​មិនដឹង​ថា​គេ​ជួយ​ផង ឬបើ​សូម្បីតែ​គេ​បោក​យើង យើង​មិនដឹង​ថា​គេ​បោក​ផង​, តើ​អនាគត​យើង​ទៅជា​យ៉ាងណា​? មិន​ស្គាល់​មិត្ត​មិន​ស្គាល់​សត្រូវ ច្រឡំ​អ្នកជួយ​ថា​អ្នក​បោក ច្រឡំ​អ្នក​បោក​ថា​អ្នកជួយ​...។ គួរ​បន្ទោស​អ្នកណា​? បន្ទោស​ព្រោះ​យើង​មិន​ចេះ​? ត្រូវតែ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​!!

------------------------------------
Cr. Lam Lim

No comments:

Post a Comment