Friday, June 5, 2020

និទានកង្កែបក្នុងឆ្នាំងទឹកក្ដៅ


ប្រសិនបើអ្នកដាក់កង្កែបចូលទៅក្នុងឆ្នាំង រួចដាក់ទឹកដាំ នោះកម្ដៅនឹងកើនឡើងបន្តិចម្ដងៗ ហើយកង្កែបអាចសម្របទៅតាមការឡើងនៃកម្ដៅនេះបាន។
នៅពេលទឹកជិតពុះ ទឹកពិតជាក្ដៅណាស់ កង្កែបមិនអាចទ្រាំបានទៀតទេ វាត្រូវតែសម្រេចចិត្តលោតចេញពីឆ្នាំង តែវាមិនអាចលោតចេញបានទេ ព្រោះវាបានប្រើកម្លាំងសម្របនឹងកម្ដៅដែលកើនឡើងបន្តិចម្ដងៗ អស់ទៅហើយៗវានឹងងាប់។
តើអ្វីដែលធ្វើឲ្យកង្កែបងាប់?
សូមមេត្តាគិតបន្តិចទៅមើល!
ខ្ញុំដឹងថា ភាគច្រើនប្រាកដជាឆ្លើយថា ទឹកពុះ!
ប៉ុន្តែតាមការពិត អ្វីដែលសម្លាប់កង្កែប មិនមែនទឹកពុះទេ គឺជាការមិនមានលទ្ធភាពសម្រេចចិត្តថា ត្រូវលោតចេញពីឆ្នាំងនៅពេលណា ឲ្យបានទាន់ពេលវេលា!
ក្នុងជីវិតពិត យើងត្រូវសម្របសម្រួល និងដោះស្រាយជាមួយមនុស្ស ក៏ដូចជាមួយស្ថានការណ៍នានា តែយើងត្រូវដឹងថា ពេលណាដែលយើងចាំបាច់សម្របសម្រួលនិងដោះស្រាយ ហើយនៅពេលណាទៀតដែលយើងត្រូវលោតចេញឲ្យទាន់ពេល។ វាមានពេល ដែលយើងត្រូវប្រឈមនឹងស្ថានការណ៍ និងពេលមួយ ដែលយើងត្រូវចាត់វិធានការសមស្របណាមួយ ដើម្បីដោះស្រាយ។
ប្រសិនបើយើងបណ្ដោយឲ្យគេកេងប្រវ័ញ្ចយើង ផ្នែករាងកាយ ផ្លូវចិត្ត សតិអារម្មណ៍ និងប្រាក់កាស នោះគេនឹងកេងប្រវ័ញ្ចយើងរហូត។ ដូចនេះ យើងត្រូវតែលោតចេញ!
ចូរយើងសម្រេចចិត្តលោតចេញ នៅពេលដែលយើងមានកម្លាំងគ្រប់គ្រាន់!
សូមមេត្តាកុំចាំដល់ពេលគេកេងប្រវ័ញ្ចយើងអស់ នោះយើងមិនមានកម្លាំងលោតចេញទេ ពេលនោះទឹកពុះហើយៗយើងនឹងស្លាប់ដូចកង្កែបជាមិនខានទេ!!!
 ----------------------------------------
ប្រែសម្រួលពីអត្ថបទបរទេស 
Cr. ទុត បូ

No comments:

Post a Comment