Saturday, June 6, 2020

សៀវភៅនិទានទសន្សៈកង្កែប



សេចក្ដីផ្ដើម


          ក្នុងលោកនេះ មានអ្វីជាច្រើនបានធ្វើជាគំរូបទដ្ឋាន ក្នុងការដឹកនាំមាគ៌ាជីវិតមួយនេះ ឲ្យមានដំណើរការទៅដោយស្រួល ព្រោះថា មាគ៌ាជីវិតនេះ មានដំណើរទៅមិនមែនដូចជាផ្លូវក្រាលព្រំ ដែលរោយរាយដោយផ្កាកូលាបនោះទេ ។ ជីវិតគឺសភាវៈដែលត្រូវប្រឹង ត្រូវស៊ូមិនចេះឈប់មិនចេះឈរ ព្រោះថាជីវិតនេះ ទំពាស៊ីនូវសុខនិងទុក្ខ ប៉ុន្តែតាមសភាពពិតជីវិតនេះមានសុខតិចតួចណាស់ ។
          គំរូបទដ្ឋានសម្រាប់ឆ្លុះបញ្ចាំងពីជីវិតនេះ គឺមាននៅជុំវិញខ្លួនយើងទាំងអស់ មានទាំងមនុស្ស រុក្ខជាតិ សត្វ វត្ថុកែច្នៃមួយចំនួន ។ ជីវិតមនុស្ស មានគតិទស្សនៈជាច្រើន ដែលមនុស្សលើកយកមកបង្ហាញ ទុកជាមេរៀនបទពិសោធ សម្រាប់ជួយ កែសម្រួល ផ្លាស់ប្ដូរជីវិតដែលធ្លាក់ក្នុងភាពអវិជ្ជមាន ដូចជា ជីវិតជាក់ស្ដែង មិនស្រស់ស្អាតដូចជាអក្សរឆ្លាក់នេះទេ ។ មានថ្ងៃ មានយប់ ជាដំណើរនៃធម្មជាតិ អ្នកមិនដែលតវ៉ាចង់កាត់ពេលយប់ចោលឡើយ ។ ជីវិតក៏ដូចគ្នា មានទាំងសុខ មានទាំងទុក្ខ ជាសច្ចភាព រៀនទទួលទាំងពីរដោយស្មារតី ។
          ក្នុងសក្ខីកម្មនេះ ការលើកយករុក្ខជាតិ មកធ្វើជាមេរៀន ទុកបង្រៀនអប់រំអនុជនជាច្រើន  ឲ្យរៀនធ្វើជីវិតដូចជាដើមឫស្សី ធ្វើជាជីវិតដូចជាស្មៅ កុំធ្វើរុក្ខជាតិជ្រៃពោធិ៍ ដើមបញ្ញើក្អែក កុំធ្វើជីវិតដូចជាផ្លែល្វាជាដើម ។ មានវត្ថុជាច្រើន អាចយកធ្វើជាគំរូក្នុងការតម្រង់ទិសជីវិត នៅពេលដែលជីវិតជួបនូវបញ្ហា ដែលធ្វើឲ្យចិត្តខ្លួនអស់សង្ឃឹម ដូចជា ឲ្យធ្វើជីវិតដូចព្រះអាទិត្យ ដែលរះហើយលិច លិចហើយរះ ធ្វើជីវិតដូចជាថ្មតាន់ ដូចជាភ្នំ ធ្វើជីវិតដូចជាទឹកដែលហូរពីទីទួលទៅកាន់ទីទាប មិនមានច្រក់ទ័លបាន ធ្វើជីវិតដូចជាដែកថែបដែលឆ្លងកាត់ការលុតដំពីភ្លើង និងកុំធ្វើជីវិតដូចជាចកអណ្ដែតទឹក ជាដើម ។
          មានសត្វជាច្រើនអាចបង្រៀនយើងឲ្យចេះតស៊ូក្នុងជីវិត ដូចជាសត្វឥន្ទ្រី បង្ហាញពីការការដឹកនាំ សត្វចាបបង្ហាញពីការចេញរកស៊ី មាន់បង្ហាញពីភាពរហ័សរហួន ដំរីនិងអូដ្ឋបង្ហាញភាពស៊ូទ្រាំ សត្វឆ្មាបង្ហាញពីការសន្សំសំចៃ សត្វឃ្មុំបង្ហាញពីភាពស្អាតស្អំ  សត្វអណ្ដើកជាសត្វមិនចេះលះបង់គោលដៅ ។ល។ ហើយសត្វមួយចំនួនទៀត ក៏ផ្ដល់គំរូមិនល្អដល់ជីវិតមនុស្សយើងដែរ កុំធ្វើជាមនុស្សពស់ មនុស្សកង្កែប មនុស្សកញ្ជ្រោង មនុស្សសត្វក្អែក ជាដើម ។
          អ្វីដែលពិសេសសម្រាប់គំរូជីវិតក្នុងសៀវភៅនេះ ការលើកទស្សនៈកង្កែប មានទាំងវិជ្ជមាន និងអវិជ្ជមាន មកបង្ហាញដល់អ្នកដែលបានកំពុងអានសៀវភៅមួយក្បាលនេះ ដូចជា កុំធ្វើជាសត្វកង្កែបក្នុងបាតអណ្ដូង កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប កុំធ្វើជីវិតដូចជាកង្កែបនៅក្នុងឆ្នាំងភ្លើង និងធ្វើជាគំរូក្នុងការតស៊ូដែលសៀវភៅមួយនេះ លើកយកមកសរសេរលាតត្រដាងអំពីទស្សនៈ ក្នុងនិទានទាំងអស់របស់សត្វកង្កែប ព្រមទាំងបង្ហាញពីការសុបិនឃើញកង្កែប សត្វកង្កែបតំណាងឲ្យទ្រព្យសម្បត្តិក្នុងផ្នាត់គំនិតខ្មែរចិន និងរមណីយដ្ឋានភ្នំម្រេចកង្កែបនៅភ្នំអារ៉ែងក្នុងខេត្តកោះកុងផងដែរ ៕៚      

ជីវិតគឺជាកាសន្មតរបស់រូបធម៌ និងនាមធម៌តែប៉ុណ្ណោះ ហើយការរស់នៅប្រកបដោយសេចក្ដីសុខនិងទុក្ខយ៉ាងណានោះ អាស្រ័យលើសភាវធម៌នោះឯង

ប្រវត្តិសង្ខេបរបស់កង្កែប

តាមការសរសេរចុះផ្សាយរបស់គេហវិគិឌាមួយថា កង្កែបជាសត្វដែលបានបន្តកំណើររបស់ខ្លួនប្រហាក់ប្រហែលជា ២០០ លានឆ្នាំមុន និងជាសត្វមួយប្រភេទដែលបានរួចផុតពីការផុតពូជដ៏ធំក្នុងកំឡុងពេល ៦៥ លានឆ្នាំមុន ក្នុងពេលពពួកសត្វមួយចំនួន ដូចជាដៃណូសឺបានផុតពូជ ដោយពួកវិទ្យាធ្វើការសិក្សស្រាវជ្រាវអំពីរឿងនេះ ដោយពួកគេមានជំនឿថា កង្កែបគឺជាសត្វដែលបានលបគេចទៅជ្រកកោនលាក់ខ្លួនក្នុងដីបានយ៉ាងគត់មត់ និងជាសត្វចេះសម្របសម្រួលខ្លួនបានល្អជាមួយសភាពបរិស្ថានធម្មជាតិ និងមានប្រពន្ធវិសេសមួយរបស់វា ៕៚

ជីវិតដែលគ្មាន «បទពិសោធ» និង «ការឈឺចាប់» គេមិនអាចហៅថា ជីវិតនោះឡើយ
សុក្រាត

និទានទស្សនៈកង្កែបអវិជ្ជមាន


រឿងកុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

សុភាសិតមួយពោលថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ចូរបកស្រាយ?
មនុស្សគ្រប់រូប មិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននឹងស្លាប់ មនុស្សគប្បីបន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញដោយកេរិ៍្ត ឈ្មោះ បោះសម្លេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិត ឲ្យប្រសើរថ្លៃថ្លា និងអភិវឌ្ឍន៍ឲ្យរីកចម្រើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោលថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ។ តើសុភាសិតខាងលើ មានអត្ថន័យខ្លឹមសារយ៉ាងដូចមេ្តច?
ដើម្បីកុំឲ្យយល់ច្រឡំ ក្នុងការដោះស្រាយបញ្ហាខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ រស់និងស្លាប់ ឲ្យបានច្បាស់លាស់ជាមុនសិន ។ រស់គឺជា ការរក្សាជីវិតឲ្យគង់នៅ ។ ស្លាប់ គឺការរលត់ផុតសង្ខារ ។ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ។
ប្រធានបទខាងលើ មានន័យថា គ្រប់មនុស្សទាំងឡាយ ត្រូវស្លាប់ ដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃ ហើយត្រូវរស់ដោយភាពថ្លៃថ្នូរ និង អភិវឌ្ឍន៍ មិនត្រូវស្លាប់ហើយ និងរស់នៅដោយឥតប្រយោជន៍ ឥតន័យខ្លឹមសារនោះទេ ។
ពាក្យថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប គឺសំដៅលើសត្វពស់ ។ ពស់ ជាសត្វល្មួនមួយប្រភេទ ដែលខ្លះគ្មានពឹស ហើយខ្លះមានពឹសខ្លាំងក្លាគួរឲ្យខ្លាច អាចខាំសម្លាប់ជីវិតមនុស្សបាន ។  ដូចនេះ មនុស្សគ្រប់គ្នា កាលបើឃើញសត្វពស់នេះហើយ   តែងតែវាយសម្លាប់ ដោយឥតពិចារណាឡើយ ហើយពស់ ត្រូវបានស្លាប់ដោយគ្មានការតវា ឬសម្លេងថ្ងូរថ្ងួចអ្វីនុ៎ះទេ ។  ហើយការស្លាប់របស់សត្វពស់នេះ មិនបានបន្សល់ទុកអ្វី   ដែលជាកេរដំណែល និងជាស្នាដៃ សូម្បីបន្តិចក៏គ្មានដែរ មានតែការខ្លាចរអា និងការស្អប់ខ្ពើមតែប៉ុណ្ណោះ ។  ដូចនេះការស្លាប់របស់ពស់ គឺស្លាប់ដោយគ្មានតំលៃ គ្មានន័យខ្លឹមសារ និងគ្មានការអាណិតអាសូរ ពីសំណាក់មនុស្ស ដែលបានឃើញ បានជួបពីភាពកាចសាហាវរបស់វានោះទេ.។
ឯសត្វកង្កែបវិញ ជាប្រភេទសត្វលោតសីុសត្វល្អិតជាអាហារ ស្លូតគ្មានពឹស និងមិនអាចធ្វើអ្វី ដែលប៉ះពាល់ដល់ជីវិតអ្នកណាម្នាក់ឡើយ ។ តែការរស់ នៅរបស់សត្វប្រភេទនេះ ក៏មិនបានសុខជា មិនបានរស់ដោយស្រួលនោះទេ ព្រោះវាជាសត្វមិនឆ្លាត វារស់នៅក្នុងរន្ធ  តែវាមិនអាចមាន សមត្ថភាព ជីកកកាយបង្កើតរន្ធ ដើម្បីជីវិតរស់នៅរបស់វាទេ គឺវាតែងតែ ចូលរស់នៅក្នុងរន្ធក្តាម និងរន្ធសត្វផ្សេងៗ ដែលទំនេរ ។ ជួនកាលវារស់នៅតាមគម្ពោតក្បែរមាត់ទឹក ។ កង្កែបគ្មានពឹស គ្មានចង្កូម គ្មានធ្មង់ សម្រាប់ការពារខ្លួនរបស់វាទេ ជាហេតុធ្វើឲ្យវាងាយក្នុងការយាយីដល់ជីវិតរបស់វា ពីសំណាក់មនុស្ស និងសត្វដទៃទៀត ។ ដូចនេះ ការរស់នៅរបស់កង្កែប ពោពេញដោយភាពភិតភ័យ និងគ្មានការអភិវឌ្ឍ ជីវិតរស់នៅឲ្យបានល្អឡើយ ។
ឯពាក្យ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ក្នុងន័យធៀបវិញ គឺសំដៅការរស់ និងការស្លាប់របស់មនុស្ស ។ គឺមានន័យថា មនុស្សគប្បី បន្សល់ទុកនូវស្នាដៃ និងកេរដំណែលផ្សេងៗ ដែលខ្លួនខំកែច្នៃរិះរកវិធីបង្កើតឡើង កាលពីខ្លួននៅរស់ ។ ដូចនេះមនុស្សគប្បីឧស្សាហ៍ ព្យាយាម ធ្វើការងារផ្សេងៗជាច្រើន……។ ជៀសវាងការស្លាប់ទៅ ដោយសោះសូន្យទទេ គ្មានបន្សល់ទុកអ្វីក្រៅពីកេរ្តិ៍ឈ្មោះអាក្រក់ ស្អុយរលួយងំ គួរឲ្យស្អប់ខ្ពើម ដែលជារឿងមិនល្អ ។ ឯកុំរស់ដូចកង្កែបវិញ គឺមានន័យថា មនុស្សម្នាគ្រប់សញ្ជាតិទាំងអស់ គប្បីចេះកែខៃការរស់នៅ ឲ្យបានល្អប្រសើរ អភិវឌ្ឍន៍រីកចម្រើន មានសេរីភាព និងសុភមង្គល ។ គឺមនុស្ស មិនត្រូវរស់ដោយពឹងលើកម្លាំងអ្នកដទៃ រស់ស្តាប់តាមតែការបញ្ជារបស់គេ ឬរស់នៅក្រោមការប្រមាថមើលងាយ ជិះជាន់ កៀបសង្កត់សព្វបែបយ៉ាង ទាំងផ្លូវកាយវាចាចិត្ត ហើយចេះតែសង្ងំទ្រាំ រស់ដោយគ្មានការតស៊ូ រើបំរាស់ ផ្លាស់ប្តូរជោគវាសនារបស់ខ្លួន ។ ដូចនេះមនុស្សត្រូវរស់ដោយកិត្តិយសថ្លៃថ្នូរ បើស្លាប់ក៏ត្រូវបន្សល់ទុក នូវកេរ្តិ៍ឈ្មោះល្អប្រសើរ តួយ៉ាងដូចជាស-ម្ដេចសង្ឃរាជ ជួន ណាត ថ្វីត្បិតព្រះអង្គបានសុគតចាកលោកនេះយ៉ាងយូរណាស់ទៅហើយក្តី ក៏កិត្តិសព្ទរបស់ព្រះអង្គ នៅតែល្បីរន្ធឺសុះសាយ គ្មានថ្ងៃនឹងសាបសូន្យឡើយ ក៏ព្រោះតែស្នាដៃទាំងឡាយ ដែលព្រះអង្គបានបន្សល់ទុកមុនពេលសុគតហ្នឹងឯង ។ ដូចនេះមនុស្សត្រូវតែកែច្នៃ   ជីរិតរស់នៅឲ្យបានថ្លៃថ្នូរ និងត្រូវបង្កើតស្នាដៃ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ។ សរុបសេចក្តីមក មនុស្សមិនត្រូវស្លាប់ដោយឥតប្រយោជន៍ ហើយក៏មិនត្រូវរស់ ដោយឥតន័យខ្លឹមសារនោះដែរ ។
ឆ្លងតាមការបកស្រាយខាងលើឃើញថា ប្រធានបទនេះ ពិតជាមាន អត្ថន័យល្អត្រឹមត្រូវ សម្រាប់ទូន្មានដល់ជន្នានុជនទាំងឡាយ ឱ្យចេះខ្វល់ខ្វាយ កែច្នៃជីវិតរស់នៅឲ្យបានល្អ និងខិតខំបង្កើតស្នាដៃផ្សេងៗ ទុកជាកេរដំណែល ដល់កូនចៅជំនាន់ក្រោយ មុននឹងខ្លួនលាចាកលោកនេះទៅ ។ ដូចនេះកុលបុត្រកុលធីតាខ្មែរទាំងឡាយអើយ គួរខិតខំរៀនសូត្រ បង្កើតស្នាដៃល្អៗ សម្រាប់ការរស់នៅរបស់ខ្លួនផង សម្រាប់ជាកេរដំណែល ទុកឲ្យកូនចៅ ក្នុងពេលអនាគតផង៕៚



មាននិទានជាច្រើនទៀតនៅក្នុងសៀវភៅមួយនេះ

No comments:

Post a Comment