ជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ
គឺតែងតែមានទំនាស់ ដែលការទាស់ទែងនេះ វាតែងកើតឡើងចេញពីខ្លួនឯងមុន
ទើបបង្កដល់អ្នកជុំវិញខ្លួនតាមក្រោយ។ នៅពេលណាដែលសួរថា “ហេតុអ្វីអ្នកខ្លះចេះដឹងដែរ
តែហាក់បីដូចជាមិនមានសន្តិភាពជាមួយខ្លួនឯងសោះ?” មូលហេតុ
គឺគ្មានអ្វីផ្សេង ក្រៅតែពីការទាស់ទែងជាមួយខ្លួនឯងមុនទេ។ សង្គមក៏ដោយ
គឺសង្គមដែលមានទំនាស់ មនុស្សចូលចិត្តទាស់ទែងគ្នា កាច់មួលគ្នា
យកប្រាជ្ញាឈ្លាសវៃមកជាន់ឈ្លីអ្នកតូចតាច....គឺដោយសារតែការទាស់ទែងជាមួយនឹងខ្លួនឯង។
ឥរិយាបថបែបនេះ ពីព្រោះតែបញ្ហាចំណេះដឹង ហើយនិងចិត្តមិនទាន់ស្របគ្នា។ ចំណេះ
(ខួរក្បាល) វាអាចទាស់ទែងនឹងចិត្ត (បេះដូង)។ ខួរក្បាលថ្នាក់ហេតុផល
វាអាចទាស់ទែងនឹងចិត្តថ្នាក់បេះដូង។ ទ្រឹស្តី វាអាចទាស់ទែងនឹងការអនុវត្ត។
អ្នកទ្រឹស្តី អាចទាស់ទែងនឹងអ្នកចិត្តវិញ្ញាណ។ បើនិយាយឱ្យងាយយល់
គឺចិត្តនិងគំនិត ទាស់ទែងគ្នា ឬបើភាសាស្នេហា
គឺខួរក្បាលនិងបេះដូងប្រឆាំងគ្នា។ នៅក្នុងលោកយើងនេះ មានគំនិតជាច្រើន
មានទស្សនៈជាច្រើន មានការបង្រៀនជាច្រើន មានបុគ្គលត្រាស់ដឹងជាច្រើនរាប់មិនអស់ទេ។
បើនិយាយក្នុងសាសានា អ្នកខ្លះគោរពសាសនាព្រះពុទ្ធ អ្នកខ្លះគោរពសាសនាហិណ្ឌូ
អ្នកខ្លះគោរពអ៊ីស្លាម អ្នកខ្លះគោរពស៊ិក អ្នកខ្លះគោរពលទ្ធិតៅ...។
ក្រៅពីទំនាស់សាសនា ជាពិសេសការបែកបាក់និកាយ ក៏មានទំនាស់ផ្នែកគំនិតរវាងទស្សនវិទូនិងទស្សនវិទូ
អ្នកប្រាជ្ញនិងអ្នកប្រាជ្ញផងដែរ...។
ខ្ញុំសុំអនុញ្ញាតបើកវង់ក្រចកបន្តិច។
អ្នកខ្លះរៀនសូត្របានច្រើន ចេះទ្រឹស្តីអ្នកប្រាជ្ញច្រើន
យល់ដឹងគំនិតទស្សនវិទូច្រើន ក៏ចេះយកមកបង្ហាញ ហើយកំណត់ថា “គំនិតអ្នកប្រាជ្ញ
គឺត្រូវដាច់ខាត”។
មិនមែនសូក្រាតមានទស្សនៈត្រឹមត្រូវទាំងអស់ទេ។ មិនមែនអាល់ប៊ឺត អាញស្តាញ
មានគំនិតត្រឹមត្រូវទាំងអស់ទេ...។ ការយល់ថាឱ្យតែអ្នកប្រាជ្ញ ឬទស្សនវិទូ
គឺត្រូវគ្រប់រឿង ឬមានទស្សនៈត្រឹមត្រូវទាំងអស់
គឺជាការយល់មិនត្រឹមត្រូវឡើយ ដ្បិតគំនិតទស្សនវិទូទាំងឡាយក្នុងលោក
មានគំនិតប្រឆាំងគ្នា ស៊ីសាច់ហ៊ុតឈាមគ្នាច្រើនណាស់
ឬសូម្បីតែអ្នកត្រាស់ដឹងក្នុងផ្នែកសាសនា
ក៏មានចំណុចមិនស្របគ្នាច្រើនណាស់ដែរ។ អ៊ីចឹង តើមួយណាត្រូវ មួយណាខុស
ហើយយើងប្រកាន់ច្រើនក្នុងរឿងដែលមិនគួរប្រកាន់ តើបានប្រយោជន៍អ្វី? ខ្ញុំពេញចិត្តជាខ្លាំងចំពោះទ្រឹស្តីពុទ្ធនិយមត្រង់ចំណុចគម្ពីរកាឡាមសូត្រ
ដែលលើកឡើងពី “ការឱ្យជឿឬមិនឱ្យជឿ
តែត្រូវពិសោធខ្លួនឯងសិន”។
បុរសម្នាក់ដែលមានជំនឿលើព្រះរាម - Rama (បុរសម្នាក់នេះបានជឿថាមានព្រះរួចហើយ
តែគ្រាន់តែចង់បញ្ជាក់ឱ្យច្បាស់ ដ្បិតទាន់ឱកាសអ្នកត្រាស់ដឹងនៅទីនេះ)
បានទៅសួរព្រះពុទ្ធដែលជាបុគ្គលត្រាស់ដឹងថា “តើមានព្រះឬទេ”? ព្រះពុទ្ធមានពុទ្ធដីកាថា
“មិនមានទេ”។
បុរសម្នាក់ដែលមិនមានជំនឿលើព្រះសោះ (បុរសម្នាក់នេះបានជឿថាគ្មានព្រះរួចហើយ
តែគ្រាន់តែចង់បញ្ជាក់ឱ្យច្បាស់ ដ្បិតទាន់ឱកាសអ្នកត្រាស់ដឹងនៅទីនេះ)
បានសួរព្រះពុទ្ធថា “តើមិនមានព្រះទេ
មែនទេ”? ព្រះពុទ្ធតបថា
“មានព្រះ”។
រឿងអប់រំនេះត្រូវពិចារណាដោយខ្លួនឯង។
ទស្សនៈខ្លះ វាត្រូវសម្រាប់យើង
តែខុសម្រាប់គេ ឬត្រូវសម្រាប់គេ តែខុសសម្រាប់យើង។
កាក់មួយដែលមានពីរខាង។ នេះជារឿងធម្មតាក្នុងសង្គមមនុស្សទូទៅ
ហើយការប្រកាន់ពេកនេះ ក៏នាំឱ្យមនុស្សមានទុក្ខច្រើនដែរ។ សម័យនេះ
គឺជាយុគព័ត៌មានដ៏សម្បូរបែប ដ្បិតអ្នកណាដែលពូកែស្រាវជ្រាវ ពូកែអាន
គឺនឹងទទួលបានព័ត៌មានច្រើន។ លក្ខណៈពិសេសរបស់ព័ត៌មាន
គឺការបម្លែងព័ត៌មានឱ្យក្លាយទៅជាចំណេះដឹង
ហើយបម្លែងចំណេះដឹងឱ្យទៅជាការអនុវត្តជាក់ស្តែងដែលនាំប្រយោជន៍។
អ្នកដែលជាប់នូវសេចក្តីប្រកាន់ខ្ជាប់ គឺមិនសូវខ្វល់ពីលទ្ធផលដែលជាប្រយោជន៍ទេ
តែខ្វល់ថា “តើព័ត៌មាននេះ
ចំណេះនេះ ឬគំនិតនេះមកពីណា? អ្នកអាចចាំគម្ពីរប៊ីបបានច្បាស់,
អ្នកអាចចាំព្រះត្រៃបិដកបានច្បាស់, អ្នកអាចចាំគម្ពីគួរអានបានច្បាស់....
តែបើសមត្ថភាពបញ្ញានៅខ្សោយ មិនចេះជំនាញពិចារណាទេ គឺបានត្រឹមតែចាំ
ហើយសូត្រតាមប៉ុណ្ណោះ។ [...] “បើមិនមកពីព្រះរបស់អញ
បើមិនមកពីបុគ្គលដែលអញបូជា គឺគំនិតនេះមិនត្រឹមត្រូវឡើយ...”។
ការរស់នៅតាមក្បួនខ្នាត វាគឺរឿងសំខាន់
តែសម្រាប់អ្នកចិត្តវិញ្ញាណដែលមិនជាប់ទ្រុងគំនិត គឺបានដើរផុតចំណុចនេះហើយ។
អ្នកចិត្តវិញ្ញាណនិងបុគ្គលត្រាស់ដឹងធំៗលើលោកយល់ថា “មនុស្សមានសមត្ថភាពដ៏អស្ចារ្យ
អាចដឹកនាំ និងគ្រប់គ្រងវាសនាខ្លួនឯងបាន ដោយពុំគួរមានអ្នកបង្គាប់បញ្ជាទេ”។
ទ្រឹស្តីពុទ្ធនិយមមានទស្សនៈថា “នៅពេលណាដែលសិស្សត្រៀមខ្លួនរួចរាល់ហើយ
គ្រូនឹងមកដល់”។
ខ្មែរយើងក៏មានទស្សនៈថា “មនុស្សយើងអាចដឹកគោទៅមាត់បឹង
តែយើងមិនអាចបង្ខំឱ្យសត្វគោផឹកទឹកបានទេ
(សត្វគោត្រូវផឹកទឹកដោយខ្លួនឯង)”។
គ្មាននរណាម្នាក់អាចស្លាប់ជំនួសយើង
ឬអាចរស់ជំនួសយើងបានទេ តែមានតែយើងខ្លួនឯងប៉ុណ្ណោះដែលត្រូវរស់នៅទទួលខុសត្រូវលើខ្លួនឯង។
ចំណេះដឹងក៏វាមានលក្ខណៈស្រដៀងនឹងអ្វីដែលខ្ញុំបានលើកឡើងដែរ
ដ្បិតគ្រូជាអ្នកបង្ហាញផ្លូវយើង តែយើងព្រមបន្តដំណើរ ឬយ៉ាងណា
វាជារឿងរបស់យើង។ ចំណេះដឹងវាជាអ្នកត្រួសត្រាយផ្លូវឱ្យយើង
តែយើងព្រមដើរឬយ៉ាងណា វាជារឿងរបស់យើង។ ក្នុងទ្រឹស្តីចិត្តវិញ្ញាណ
ចំណេះដឹងចាត់ទុកប្រៀបដូចជាទូកសម្រាប់ចម្លងយើងឱ្យឆ្លងសមុទ្រ។ បើទូកល្អ
ទូកមាំ គឺយើងអាចនឹងឆ្លងសមុទ្របានលឿន តែបើទូកមិនល្អ ទូកធ្លុះធ្លាយ
គឺយើងនឹងអាចស្លាប់កណ្តាលសមុទ្រ ប្រៀបដូចជាចំណេះដឹងដែលយើងមាន
បើជាចំណេះដឹងត្រឹមត្រូវ វានឹងលើកជីវិតយើងឱ្យផុតទុក្ខយ៉ាងលឿន
តែបើវាជាចំណេះដឹងគ្មានគុណភាពទេ វានឹងធ្វើឱ្យយើងវង្វេង
ឬលិចខ្លួនកណ្តាលសមុទ្រជីវិត។ ចំណេះដឹង វាសំខាន់នៅគ្រាដំបូង
តែត្រូវបោះបង់ចោលនៅគ្រាបញ្ចប់។ រៀនចេះហើយ តែមិនធ្វើ
និងធ្វើដោយមិនបានរៀន គឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ជីវិត។
អ្នកខ្លះបដិសេធចំណេះដឹងក្នុងគ្រាអាសន្ន
ស្របពេលដែលជីវិតខ្លួនឯងមិនមានអ្វីសោះ។
តើបុគ្គលត្រូវឆ្លងសមុទ្រយ៉ាងដូចម្តេច បើគ្មានទូក? តើបុគ្គលអាចត្រាស់ដឹងយ៉ាងណា
បើគ្មានចំណេះដឹង? ព្រះពុទ្ធមុនត្រាស់ដឹង
ក៏មានចំណេះដឹងពីក្រៅខ្លួនមិនតិចច្រើនដែរ។
ពេលព្រះអង្គយកចំណេះដឹងដែលបានរៀនសូត្រមកពិសោធ (ពិចារណាឃើញខ្លួនឯង)
ឃើញថាវាមិនអាចនាំឱ្យរួចចាកផុតទុក្ខទាល់តែសោះ។
នេះជាការឧទាហរណ៍ប្រៀបធៀបប៉ុណ្ណោះ ដ្បិតឥរិយាបថព្រះអង្គ
គឺជាបុគ្គលបដិវត្តពិតៗនាសម័យនោះ។ មូលហេតុ
គឺដោយសារតែប្រឆាំងនឹងគំនិតចាស់ៗ របៀបរបបចាស់ៗ ប្រពៃណីចាស់ៗ
និងខុសពីក្បួនចាស់ៗ។
បើសិនជាសិក្សាប្រៀបធៀប
គោលគំនិតរបស់អ្នកប្រាជ្ញចិន ខុង ជឺ និងឡៅ ជឺ ដែលឡៅជឺ គឺអ្នកចិត្តវិញ្ញាណ
ឬបុគ្គលត្រាស់ដឹង ហើយឡៅជឺ មិនឱ្យតម្លៃខុងជឺទេ
ដ្បិតខុងជឺជាមនុស្សដែលបង្រៀនមនុស្សឱ្យនៅជាប់នឹងប្រពៃណី វប្បធម៌
ក្បួនច្បាប់...។ ផ្ទុយទៅវិញ ឡៅ ជឺ គឺជាបុគ្គលដើរផុតពីរបៀបរបបវប្បធម៌
ឬក្បួនច្បាប់ដែលជាទ្រុងនៃជីវិតអ្នកត្រាស់ដឹង។ តើនៅជាប់ទ្រុងកន្លែងណា? ខ្ញុំរកកន្លែងដែលយល់ផ្សេងក្រៅពីនេះមិនបាន
ទោះខ្ញុំបានឈ្វេងយល់ខ្លះៗពីគំនិតរបស់អ្នកប្រាជ្ញ
និងអ្នកចិត្តវិញ្ញាណផ្សេងដោយថា “អ្នកដែលពូកែខាងគំនិត
ទស្សនៈ គឺអាចក្លាយទៅជាត្រឹមទស្សនវិទូប៉ុណ្ណោះ តែអ្នកដែលត្រាស់ដឹង
ឬបុគ្គលចិត្តវិញ្ញាណ ឬអ្នករួចរដោះចិត្ត ឬអ្នកមានចិត្តឥស្សរៈ
គឺអាចក្លាយទៅជាទស្សនវិទូក៏បាន ឬជាអ្នកត្រាស់ដឹងក៏បាន។ ប៉ុន្តែទស្សនវិទូ
ឬអ្នកពូកែខាងគំនិត គឺមិនអាចក្លាយទៅជាអ្នកចិត្តវិញ្ញាណ
ឬអ្នករួចរដោះបានទេ ទោះខ្លួនគេចង់ក៏ដោយ”។
អ្នកដែលប្រកាន់យល់ថា “ការលើកឡើងបែបនេះ
ហាក់បីដូចជាមើលងាយ តែអ្នកដែលយល់ដឹងពីផ្នែកនេះ គឺនឹងយល់ផ្សេងពីនេះ”។
តើយើងហៅព្រះពុទ្ធថាជាទស្សនវិទូ ឬជាអ្វីផ្សេង? នេះជាសច្ចភាព។
ទោះយ៉ាងណា ការរួមចំណែកក្នុងការចូលរួមធ្វើឱ្យមនុស្សជាតិរីកចម្រើន
គឺមានទាំងអ្នកប្រាជ្ញ ទស្សនវិទូ
និងអ្នកត្រាស់ដឹងខាងផ្នែកចិត្តវិញ្ញាណ។ អ៊ីចឹងហើយ
ទើបបានអ្នកប្រាជ្ញខ្លះយល់ថា “អ្នកនយោបាយ
គឺជាអ្នកគ្រប់គ្រងកាយរបស់មនុស្សក្នុងសង្គម រីឯអ្នកសាសនា
គឺជាអ្នកគ្រប់គ្រងដួងព្រលឹង ឬគ្រប់គ្រងសតិអារម្មណ៍របស់មនុស្ស”។
ខ្ញុំសុំអនុញ្ញាតស្លេះត្រឹមនេះសិនចុះ ដ្បិតវាវែងឆ្ងាយណាស់។
អត្ថបទនេះសម្រាប់តែការពិចារណាប៉ុណ្ណោះ
ដ្បិតបើខុស គឺស្មេរជាអ្នកទទួលកម្មដោយខ្លួនឯង។ អ្នកយល់ថាស្មេរខុស
ក៏មិនអាចទទួលកម្មជំនួសស្មេរបាន ឬអ្នកយល់ថាស្មេរត្រូវ
ក៏មិនអាចទទួលកម្មជំនួសស្មេរបាន។ ទោះជាមិច្ឆាទិដ្ឋិ
ឬជាសម្មាទិដ្ឋិរបស់ស្មេរក៏ដោយ គឺស្មេរជាម្ចាស់នៃការយល់ឃើញរបស់ខ្លួន
(តាមសមត្ថភាពនៃការពិចារណា) ហើយក៏ជាអ្នកទទួលខុសត្រូវលើខ្លួនឯងដែរ។
សូមឱ្យការរីកចម្រើនផ្នែកបញ្ញាស្មារតី និងការពិចារណា
ចាក់ធ្លុះដល់ការយល់ត្រូវ
ហើយកើតមានដល់យុវជនខ្មែរដែលមានការព្យាយាមសិក្សា។
សូមឱ្យចំណេះដឹងត្រឹមត្រូវ ផលិតជាប្រយោជន៍សម្រាប់បុគ្គលខ្លួនឯងផង
សម្រាប់សហគមន៍របស់ខ្លួនផង ឈានដល់សង្គមជាតិផង។
សូមឱ្យចន្លោះសម្រាប់ពិចារណា មានច្រើនជាងការប្រតិកម្មតបដោយមិនបានសិក្សាស្រាវជ្រាវ។
សូមសាកល្បងទុកចោលសិននូវអ្វីដែលធ្លាប់ជឿពីថាត្រូវឬខុសពីមុនមួយខណៈ
ហើយមកសាកល្បងពិចារណានូវអ្វីដែលថ្មីមួយខណៈ។ ការមិនជាប់ទ្រុងគំនិត
គឺជាការដោះលែងចិត្តខ្លួនឯងឱ្យមានសេរីភាព ប្រៀបដូចបក្សីហោះចេញពីទ្រុងមាសសំដៅទៅរកព្រៃដ៏ធំល្វឹងល្វើយ៕
-----------------------------------------------------------
No comments:
Post a Comment