ការសិក្សារៀនសូត្រតែងមានរបៀបល្អៗជាច្រើនដែលយើងអាចរៀនសូត្របាន។
យើងអាចរៀនបានតាមរយៈការអានសៀវភៅ ការរៀនពីគ្រូ ការស្តាប់ ការគិតពិចារណា
និងការសួរពីអ្នកដទៃ។ ទោះនរណាម្នាក់រៀនតាមរបៀបណាក៏បានដែរ តែគោលបំណង
គឺដើម្បីទទួលបានចំណេះដឹង។ ចំពោះខ្ញុំ ខ្ញុំជ្រើសយកការអានសៀវភៅ
និងការសិក្សាស្រាវជ្រាវ។ អ្នកអានសៀវភៅ អ្នកសិក្សាស្រាវជ្រាវ
គឺប្រៀបដូចជាមានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿង
ដែលអាចដឹកនាំយើងឱ្យធ្វើដំណើរទៅជួបអ្នកប្រាជ្ញ អ្នកចេះដឹង
និងវិញ្ញុជនទូទាំងពិភពលោក ឆ្លងកាត់សម័យកាលមួយៗ។
យើងអាចពុំមានឱកាសបានជួបនរណាម្នាក់ដោយផ្ទាល់ តែយើងអាចមានឱកាសបានក្រេបចំណេះពីអ្នកទាំងនោះតាមរយៈអំណាន
ឬការសិក្សាស្រាវជ្រាវ។ ជាធម្មតា បើយើងនៅក្បែរអ្នកណា
យើងនឹងចម្លងចរិតលក្ខណៈ ចម្លងឥរិយាបថ
និងមានជំនឿនឹងចំណេះដឹងដែលបុគ្គលនោះមាន ថា “ជាចំណេះដឹងត្រឹមត្រូវជាងអ្នកផ្សេង”។
កាលបើអ្វីៗក្លាយទៅទម្លាប់ហើយ គឺសេចក្តីស្រឡាញ់ចូលចិត្ត
ក៏នឹងលុបនូវចំណុចអវិជ្ជមានរបស់បុគ្គលដែលយើងគោរពស្រឡាញ់ផងដែរ។
អ៊ីចឹងហើយទើបបុគ្គលអ្នកសម្រេចការងារធំៗ
ត្រូវការអ្នកនិយាយការពិតនិងនិយាយត្រង់ៗ ច្រើនជាងអ្នកនិយាយយល់មុខ
និងលើកជើង។ តើខ្ញុំចង់សរសេរពីអ្វីទាក់ទងនឹងប្រធានបទនេះ?
ចំណេះដឹងមានច្រើន
ដូចដែលទឹកទន្លេជាច្រើនហូរទៅកាន់សមុទ្រ តែចុងក្រោយ
គឺជួបជុំគ្នានៅសមុទ្រឯណោះ។ ចំណេះដឹងដែលយើងចេះ ទោះចេះដល់ណា
ពូកែសូត្រដល់ណា ទ្រឹស្តីដល់ណា ក៏នៅតែសម្រេចថា “បានការណ៍ឬមិនបានការណ៍
ស្ថិតនៅត្រង់សកម្មភាព និងលទ្ធផលជាក់ស្តែង”។
ខ្ញុំនឹងប្រតិដ្ឋបង្ហាញពីរឿងអប់រំមួយ ដែលនិយាយពីការប្រឆាំងគ្នា
ទាស់ទែងគ្នា ជម្លោះទ្រឹស្តី ទំនាស់ការគិតពិចារណា
ដោយយកអ្នកប្រាជ្ញបុរាណមកធ្វើជាខ្នងបង្អែក។ មានមនុស្ស ៥នាក់
ជាបុគ្គលមានចំណេះដឹង ដែលទើបបានរៀនសូត្រពីគ្រូពូកែៗដទៃផ្សេងពីគ្នា។
បុរសទី១ រៀនពីរូបវិទូ អាល់ប៊ឺត អាញស្តាញ, បុរសទី២
រៀនពីទស្សនវិទូ សូក្រាត, បុរសទី៣ រៀនពី មហាត្មៈ
គន្ធី, បុរសទី៤ រៀនពី ខុង ជឺ, បុរសទី៥
រៀនពី ឡៅ ជឺ។ បុរសទាំង៥ បានជួបគ្នាក្នុងគ្រារដូវចូលឆ្នាំ ហើយក៏ចង់ដឹងថា “តើអ្នកណាពូកែជាងអ្នកណា
អ្នកណាឆ្លាតជាងអ្នកណា អ្នកណាមានវិជ្ជាគ្រាន់បើជាងអ្នកណា”។
ទាំងប្រាំនាក់ក៏បង្កើតប្រធានបទមួយ ហើយជជែកគ្នា។ ជជែកវែកញែកចុះវែកញែកឡើង
ក៏ឈ្លោះគ្នា ហើយក៏ទៅជាស្អប់គ្នា។ ម្នាក់ៗយល់ថាអ្វីដែលខ្លួនរៀននេះ
គឺត្រឹមត្រូវ មិនខុសសោះ ដ្បិតវាជាគំនិតរបស់អ្នកប្រាជ្ញ។ ទ្រឹស្តី ចំណេះ
និងគតិទាំងឡាយក៏អសារបង់ខូចការ ដ្បិតដោយសារតែចរិតឈ្លោះគ្នា
ហើយគ្មានសីលធម៌ក្នុងការជជែក។
ចំណុចនេះ យើងត្រូវចោទជាសំណួរថា “តើចំណេះដឹងទាំងឡាយដែលខ្លួនចេះ
បានយកមកប្រើការណ៍ឱ្យកើតផលជាក់ស្តែងហើយឬនៅ? តើចំណេះដឹងដែលខ្លួនមាន
បានត្រឹមតែយកមកបង្អួតគ្នាបែបនេះ មែនឬទេ? តើតម្លៃនៃចំណេះដឹងនៅឯណា
ដ្បិតម្នាក់ៗឈ្លោះប្រកែកគ្នា បាត់បង់ម្ចាស់ការរៀងៗខ្លួន?” កាលបើមនុស្សមានចរិតសម្ញែងចំណេះដឹង
ហើយពុំមានចិត្តរកឱកាសប្រើប្រាស់ចំណេះដឹងឱ្យកើតប្រយោជន៍ទេ
វាគឺជាទស្សនៈខុសឆ្គងនៃអ្នកចេះដឹង។ ខ្ញុំសុំលើកយកល្បើកមួយមករៀបរាប់ពី “សត្វក្ងោក
និងសត្វក្រៀល”៖
ក្នុងព្រៃដ៏ស្រស់ស្អាតមួយ មានសត្វជាច្រើនរស់នៅ ទៅតាមក្រុម តាមប្រភេទ។
សត្វខ្លះមិនមែនជាសត្រូវនឹងគ្នាទេ ហើយសត្វខ្លះស្អប់គ្នា។
មានក្ងោកមួយក្បាល ជាសត្វដែលមានរូបឆោម លោមពណ៌
មានរោមស្រស់ស្អាតជាងសត្វនានាដទៃ។ សត្វណាដែលបានឃើញក្ងោក
តែងតែសរសើរមិនដាច់ពីមាត់។ គ្រានោះ មានសត្វក្អែកមួយក្បាល
ដែលតែងតែអាក់អន់ចិត្តនឹងខ្លួនឯង ព្រោះមានសម្បុរស្បែកខ្មៅខុសគេ
ហើយតែងចង់ស្អាតដូចសត្វក្ងោកដែរ។
ក្អែកបានហោះជួបនឹងក្ងោកស្លាប់មួយក្បាល ហើយក៏យកស្បែកក្ងោកមកពាក់។
ក្អែកដែលពាក់ស្បែកក្ងោក គឺទៅណាមកណាតែងមានគេសរសើរថាស្អាត។
និយាយពីក្ងោកមួយក្បាល ដែលតែងតែមានសត្វដទៃសរសើរវិញ, ក្ងោកបានដើរទៅក្បែរមាត់ទឹក
រួចហើយក៏បានឃើញសត្វក្រៀល។ រីឯក្រៀលដើររកចំណីនៅមាត់ទឹកធម្មតា។
ក្ងោកដឹងថាសត្វក្រៀលឃើញខ្លួន
តែក្រៀលធ្វើមិនដឹង ធ្វើមិនខ្វល់ ហើយជាពិសេសពុំបានសរសើរខ្លួន, ក្ងោកក៏សួរទៅក្រៀលថា
“តើហេតុដូចម្តេច
ទើបានជាក្រៀលឯងមិនសរសើរខ្ញុំ? ក្រៀលឯង កុំច្រណែននឹងខ្ញុំ
ដែលមានរូបរាងស្អាតអី ព្រោះមិនដឹងធ្វើយ៉ាងណា បើខ្ញុំកើតមកស្អាតអ៊ីចឹង
ហើយកិត្តិយសខ្ញុំល្បីសព្វក្នុងប្រឹក្សានេះ”។
ក្រៀលហួសចិត្ត ក៏ឆ្លើយថា “ក្ងោកអើយ!!
ខ្ញុំឥតមានចិត្តច្រណែននឹងក្ងោកឯងសូម្បីបន្តិច
ពីព្រោះមើលទៅក្ងោកឯងវង្វេងនឹងសម្តីសរសើររបស់សត្វដទៃ
តែនៅមិនដឹងថាខ្លួនឯងមានតែត្រឹមសម្បកក្រៅឡើយ”។
ក្រៀលនិយាយចប់ ក៏ហើរទៅ ព្រមទាំងផ្តាំក្ងោកថា “តើក្ងោកឯងមានស្លាបដែលអាចហោះហើរបានដូចខ្ញុំទេ? ខ្ញុំចង់ទៅណា
ហើររំលងព្រៃប៉ុន្មានក៏បានដែរ ពីព្រោះតែស្លាបរបស់ខ្ញុំ។ ក្ងោកឯងមានស្លាប
មានរូបសម្រស់ស្រស់ស្អាត តែបានត្រឹមល្អមើល ប្រើការមិនកើត
រស់បានរីករាយនឹងសម្តីសរសើរបញ្ជោររបស់សត្វដទៃ”។ គ្រាចៃដន្យ
ក្អែកដែលពាក់ស្បែកក្ងោកក៏បានឃើញ និងស្តាប់ឮការសន្ទនារវាងក្ងោកនិងក្រៀល
ហើយគិតក្នុងចិត្តថា “ឱអញអើយ
ហេតុអ្វីក៏ល្ងង់ម៉្លេះ!! តើបានប្រយោជន៍អ្វីនឹងសម្បកក្រៅត្រឹមល្អមើល
ដ្បិតវាបានត្រឹមតែអ្នកដទៃសរសើរ ហើយប្រើការមិនកើត។ សូម្បីក្ងោកពិតប្រាកដ ក៏បានត្រឹមល្អមើលនឹងរូបឆោមខ្លួនឯង។
ចុះរូបអញដែលសម្តែងបញ្ឆោតសត្វដទៃថាជាក្ងោកដែរនេះ តើមានប្រយោជន៍អ្វី?”
តម្លៃអប់រំនៃនិទានខាងលើ
គឺពុំមានអ្វីច្រើន ក្រៅតែពីឱ្យដកឃ្លាពីរឿងជជែកឥតសីលធម៌
អះអាងទ្រឹស្តីដែលយើងមាន ថាត្រូវ ឥតខុស
ទាំងមិនបានសាកល្បងឱ្យកើតលទ្ធផលពីសកម្មភាពផង។ ការលើកឡើងបែបនេះ
គឺពុំមែនមិនឱ្យជជែកជំទាស់គ្នាទេ តែត្រូវមានតម្លៃមួយអប គឺក្រមសីលធម៌
សុជីវធម៌ក្នុងការនិយាយស្តីនិងជជែក ពីព្រោះជម្លោះ
វាមិនមែនកើតឡើងដោយសារតែគំនិតទាស់គ្នា តែដោយសារសម្តីនៃការជជែកគ្មានសីលធម៌។
សម្តីគ្មានសីលធម៌ កើតចេញពីចិត្តដែលគ្មានការអប់រំ
រំជើបរំជួលនឹងចំណេះដឹងដែលខ្លួនមាន។ មានអ្នកសរសើរច្រើន ក៏កើតក្តីមោកនភាពជ្រុល
ដូចក្ងោកជាដើម។ ចំណុចមួយទៀត គឺត្រូវឈរលើភាពជាក់ស្តែងនិយម ហើយពុំគួរមោកនភាពនឹងទ្រឹស្តីពេកទេ
តែគួរឱ្យតម្លៃសកម្មភាព និងលទ្ធផលជាក់ស្តែងវិញ។
តើបានប្រយោជន៍អ្វីនឹងសម្តែងធ្វើចេះ តែខ្លួនមិនមែនជាអ្នកចេះផង? តើបានប្រយោជន៍អ្វី
បើខ្លួនចេះ តែមិនធ្វើសកម្មភាពឱ្យបានលទ្ធផល? លក្ខណៈមិនចេះ
តែធ្វើចេះ និងលក្ខខណ្ឌចេះ តែមិនធ្វើ គឺនឹងត្រូវលុបចោលវិញ
បើយើងជាមនុស្សចេះគោរពអ្នកដទៃ ចេះឱ្យតម្លៃអ្នកដទៃ
ហើយមិនមែនជាមនុស្សបំពានសេចក្តីល្អ ព្រោះថា “ចំណេះដឹងត្រឹមត្រូវ
ទោះមិនចេះខ្ពស់ជាងគេឯងក៏ដោយ ក៏មានត្រឹមតែសេចក្តីល្អក្នុងខ្លួនពិត
ចេះគោរពអ្នកដទៃ សម្តីមានសីលធម៌ ក៏ចាត់ទុកថាល្អហើយ”។
សម្រាប់អ្នកចេះ សេរីភាពនៃចំណេះដឹងពិតប្រាកដ គឺជាសេរីភាពដែលមិនមោកនភាពនឹងចំណេះដឹង។
មិនចេះ ត្រូវរៀន។ រៀនចេះ ត្រូវធ្វើ។ ធ្វើហើយ គឺត្រូវបានផលល្អ៕
No comments:
Post a Comment