មនុស្សយើង កាលបើគ្មានចំណេះវិជ្ជា
តែងបារម្ភថានឹងគ្មានឱកាសរៀនសូត្រនូវចំណេះវិជ្ជា។ កាលបើមានចំណេះវិជ្ជាហើយ
ក៏កើតក្តីបារម្ភថានឹងគ្មានឱកាសបានប្រើប្រាស់វិជ្ជា។
កាលបើមានឱកាសបានប្រើប្រាស់វិជ្ជាហើយ ក៏បារម្ភខ្លាចប្រើប្រាស់ខុសផ្លូវ
ប្រើប្រាស់មិនបានត្រឹមត្រូវ។ បុគ្គលឆ្លាតចេះរៀនសូត្រវិជ្ជាពីជនដទៃ
ទោះបីជាអ្នកនោះក្មេងជាងខ្លួនក៏ដោយ
ប្រៀបដូចជាពន្លឺទៀនមួយដើមអាចបំភ្លឺរាត្រីងងឹតបានមួយគ្រា
ពេលគ្មានសុរិយា។ ចំណេះវិជ្ជានេះ បើគ្មាន ក៏នាំទុក្ខទោស ឬបើមាន
មិនចេះប្រើប្រាស់ឱ្យត្រឹមត្រូវ ក៏នាំទុក្ខទោស។
ទោសមួយជាទោសបំផ្លាញអ្នកដទៃ ទោសមួយទៀត ជាទោសបំផ្លាញខ្លួនឯង។
នេះហើយទើបលោកអ្នកចេះដឹងគ្រប់សម័យកាលតែងនិយាយថា “វិជ្ជាជាអំណាច”។
អត្ថបទនេះខ្ញុំនិយាយតែអំពីការប្រើប្រាស់ចំណេះតែប៉ុណ្ណោះ។ អ្នកមានចំណេះដឹង
អ្នកមានចំណេះវិជ្ជាទាំងឡាយ គឺត្រូវផ្អោបខ្លួនឱ្យជាប់នឹងសីលធម៌ គុណធម៌
មេត្តាធម៌ ឧត្តមគតិ និងប្រើប្រាស់ចំណេះដឹងប្រព្រឹត្តតែសេចក្តីល្អ។
ការសាបព្រោះចំណេះដឹងដល់មនុស្សអាក្រក់ គឺជារឿងគ្រោះថ្នាក់សម្រាប់សង្គម។
ចំណេះដឹងស្ថិតនៅនឹងមនុស្សល្អ នឹងនាំមកនូវសេចក្តីចម្រើនរុងរឿង។
ចំណេះដឹងស្ថិតនៅនឹងមនុស្សអាក្រក់ នឹងនាំឱ្យសេចក្តីអាក្រក់ឱ្យចម្រើនរុងរឿង។
បើសេចក្តីអាក្រក់រុងរឿង តែសេចក្តីល្អអន់ថយ គឺនឹងធ្វើឱ្យមនុស្សល្អៗ
ពិបាករស់នៅក្នុងសង្គម។
នេះជាវិបត្តិនៃការប្រើប្រាស់ចំណេះដឹង។
តើហេតុអ្វីត្រូវប្រើប្រាស់ចំណេះដឹងឱ្យត្រឹមត្រូវ? មនុស្សអាក្រក់ពីធម្មជាតិ
អាចប្រើចំណេះដឹងខុស។ មនុស្សល្អដែលគ្រប់គ្រងចិត្តខ្លួនឯងមិនបាន
អាចរំជើបរំជួលនឹងចំណេះដឹងដែលខ្លួនមាន។ ពេលមានចំណេះដឹង ចេះតែចង់និយាយ
ចេះតែចង់ឱ្យគេដឹងថាខ្លួនចេះ ចេះតែចង់អួតសម្ញែងចំណេះដឹង
ចេះតែដើរប្រកួតប្រជែងជាមួយអ្នកដទៃ ចេះតែចង់វិភាគវែកញែក
ទោះឥតប្រយោជន៏នឹងវែកញែកក៏ដោយ។ លក្ខខណ្ឌនេះ
គឺចំណេះដឹងជាអ្នកគ្រប់គ្រងមនុស្សហើយ
តែមិនមែនមនុស្សជាចៅហ្វាយនាយលើចំណេះដឹងទេ។ ក្នុងសង្គ្រាម
មេទ័ពដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានល្អ
គឺមិនត្រឹមតែចេះយុទ្ធសាស្រ្តទេ តែដឹងពេលត្រូវវាយ
និងដឹងពេលមិនត្រូវវាយ។ ពេលណាគួរធ្វើសង្គ្រាម ពេលណាមិនគួរធ្វើសង្គ្រាម?
មេទ័ពពូកែ ទាល់តែដឹងថាខ្លួនឈ្នះ ទើបចេញទ័ពច្បាំង
តែបើម្រមើលមើលស្ថានការណ៍ដឹងថាខ្លួនចាញ់ គឺមិនច្បាំងទេ។
ទុកពេលហ្វឹកហាត់ ទុកពេលពង្រឹងទ័ព គឺជាអ្វីដែលមេទ័ពពូកែធ្វើ។
ការពារបន្ទាយឱ្យមាំ គឺស្មើនឹងឈ្នះ។ ក្រៅពីយុទ្ធសាស្រ្តមិនឈ្នះមិនវាយ
គឺបើគ្មានប្រយោជន៍ត្រូវវាយទេ ក៏មិនវាយដែរ។ ជ័យជម្នះខ្លះ បើឈ្នះហើយ
វានាំការខាតបង់ គឺខាតបង់ស្បៀង ខាតបង់ទាហាន ខាតបង់ពេល...។ ខ្ញុំចង់ប្រៀបធៀបជម្លោះក្នុងសង្គមរវាងអ្នកចេះដឹងមួយចំនួន។
ការប្រើភាសាឌឺដង ភាសាចាក់រុក និយាយស្តីខ្លីចប់ និយាយមិនចំនិយាយ
រិះគន់មិនចំរិះគន់ គឺងាយនឹងបង្កជម្លោះណាស់។ ជាអ្នកមិនរៀន
បើមកប្រកួតការគិត និងការវិភាគវែកញែកជាមួយនឹងអ្នករៀន គឺកម្រនឹងឈ្នះអ្នករៀនណាស់។
បើយកអ្នកមិនអានសៀវភៅ មកប្រកួតការគិត
និងការវិភាគវែកញែកគំនិតជាមួយនឹងអ្នកអាន គឺកម្រនឹងឈ្នះអ្នកអានណាស់។
ប៉ុន្តែការជជែក ការវែកញែក វាត្រូវតែមានប្រយោជន៍ដូចមេទ័ពធ្វើសង្គ្រាមដែរ។
តើបានប្រយោជន៍អ្វី បើត្រឹមតែជជែកគ្នា ហើយមិនធ្វើអ្វី? តើបានប្រយោជន៍អ្វី ជជែកបានត្រឹមឈ្នះ តែមិនមានប្រឹងរៀនសូត្រ?
ចំណុចនេះ
វាអាចមានលក្ខណៈត្រូវខុសដទៃផ្សេងទៀត
តែសុំប្រើចិត្តយល់ចេតនានៃអត្ថបទនេះឱ្យច្បាស់។ ពេលវេលាអ្នករៀនសូត្រ
គឺរវល់នឹងការក្រេបចំណេះដឹង ដូចជាការអានសៀវភៅ វិភាគវែកញែក ធ្វើលំហាត់
តាមដានសភាពការណ៍សង្គម...។ បើពេលអ្នកណាមិននិយាយ មិនស្តី មិនជជែកជាមួយយើង
គឺមិនមែនមានន័យថាយើងធ្វើឱ្យគេខ្លាចទេ
តែតម្លៃនៃវេលារបស់អ្នកប្រឹងប្រែង គឺខុសពីតម្លៃពេលវេលានៃអ្នកមិនប្រឹង។
មនុស្សជោគជ័យឬបរាជ័យ គឺខុសគ្នាត្រង់របៀបប្រើប្រាស់វេលានេះឯង។
១០ឆ្នាំដូចគ្នា តែលទ្ធផលខុសគ្នា។ យុវជនយើងត្រូវយល់ឱ្យច្បាស់ពីបញ្ហានេះ
ជាពិសេសរឿងគួរនិងរឿងមិនគួរ...។ ចូរចេញពីការទាស់ទែងដែលឥតប្រយោជន៍
តែមកធ្វើសកម្មភាពខិតខំរៀនសូត្រ ឬធ្វើការងារដែលបង្កើតលទ្ធផលជាក់ស្តែងវិញ។
ខ្ញុំសុំបង្ហាញនិទានមួយអំពី “ព្រាហ្មណ៍ ៤នាក់” ដែលរៀនជាមួយគ្នា។
និទាននេះ គឺបង្ហាញខ្លឹមសារសំខាន់អំពីអ្នកចេះ តែអួតអាង, អ្នកមានវិជ្ជា តែប្រើចំណេះវិជ្ជាមិនត្រឹមត្រូវ, អ្នកមានវិជ្ជា តែមុនធ្វើអ្វី មិនចេះគិត។ មានតំណាលថាមានព្រាហ្មណ៍
៤នាក់ ជាមិត្តភក្តិនឹងគ្នា។ ក្នុងចំណោមព្រាហ្មណ៍ទាំង៤នាក់
ដែលកំពុងរៀនមន្តវិជ្ជាការពីអាចារ្យទិសាបាមោក្ខ គឺមានតែព្រាហ្មណ៍ទី៤
ឈ្មោះពុធប៉ុណ្ណោះ ដែលមានចំណេះវិជ្ជាខ្សោយជាងគេ។ ព្រាហ្មណ៍ទី១ ចេះវិជ្ជា <ព្យាបាលរបួសឱ្យជាសះស្បើយ> យ៉ាងស្ទាត់ជំនាញ,
ព្រាហ្មណ៍ទី២ ចេះវិជ្ជា <ផ្គុំបំណែកដែលបែកបាក់ឱ្យជាប់គ្នាវិញ>
យ៉ាងស្ទាត់ជំនាញ, ព្រាហ្មណ៍ទី៣
ចេះវិជ្ជា <ប្រោះជីវិតឱ្យរស់ឡើងវិញ> បានយ៉ាងស្ទាត់ជំនាញ។ រីឯព្រាហ្មណ៍ពុធវិញ គឺតែងតែត្រូវមិត្តដែលព្រាហ្មណ៍ទាំង៣
សើចចំអក ដៀមដាម ឌឺដងឱ្យជានិច្ច។ ព្រាហ្មណ៍ទាំង៣
បានសម្រេចចិត្តលាលោកគ្រូចេញទៅពិភពខាងក្រៅ ព្រោះខ្លួនគិតថា “អ្នកមានវិជ្ជា
ធ្វើយ៉ាងណានឹងក្លាយទៅជាជនពូកែជាងគេបាន
បើប្រើជីវិតរស់នៅក្នុងព្រៃដូចនេះ!!”។
ព្រាហ្មណ៍ទី១ ឧទានថា “ចុះ
តើយើងគួរនាំពុធទៅជាមួយទេ?” ព្រាហ្មណ៍ទី៣
ឆ្លើយតបថា “បុគ្គលអ្នកមានវិជ្ជាពូកែ
មានតួនាទីជួយការពារអ្នកទន់ខ្សោយ។ យើងគួរតែនាំពុធទៅជាមួយដែរ”។
ព្រាហ្មណ៍ទាំងអស់បានលាលោកគ្រូ តែមុននឹងចាកចេញ, អាចារ្យទិសាបាមោក្ខបានផ្តាំយ៉ាងដាច់ខាតថា
“សិស្សទាំងឡាយ
ចូរចងចាំថា មនុស្សឆ្លាតតែងតែគិតយ៉ាងច្បាស់
មុនពេលសម្រេចចិត្តធ្វើអ្វីមួយ។ បុគ្គលណាក៏អាចពូកែ ឬមានចំណេះវិជ្ជាបានដែរ
ប៉ុន្តែចំណេះវិជ្ជាតែម្យ៉ាង វាមិនអាចឱ្យអ្នកសម្រេចកិច្ចការងារបានទេ
លុះត្រាតែចេះប្រើប្រាស់វិជ្ជាទាំងនោះឱ្យល្អប្រសើរ។ អ្នកទាំងឡាយ
ត្រូវមានសុភវិនិច្ឆ័យជានិច្ច ដ្បិតការណ៍នេះនាំឱ្យអ្នកចេះប្រើប្រាស់ចំណេះដឹង
បញ្ញាញាណ និងពុទ្ធិរបស់ខ្លួនបានត្រឹមត្រូវ [...]”។
ព្រាហ្មណ៍ទាំង៤ បានធ្វើដំណើរបានកន្លះថ្ងៃ រហូតអស់កម្លាំង ហើយក៏បានរកកន្លែងសម្រាក។
មិនទាន់នឹងដាក់គូថអង្គុយផង ព្រាហ្មណ៍ពុធបានឃើញគំនរឆ្អឹង។ ព្រាហ្មណ៍ទី១
បានឆ្ងល់ថានេះជាគំនរឆ្អឹងអ្វី? ព្រាហ្មណ៍ទី២
សន្និដ្ឋានថានេះជាគំនរឆ្អឹងសត្វតោ។ ព្រាហ្មណ៍ទី៣ ស្រែកដោយមិនជឿ។
គ្រាន់តែមួយសន្ទុះ ព្រាហ្មណ៍ទាំង៣ ឈ្លោះប្រកែកគ្នា។ ដើម្បីដឹងការពិត
ព្រាហ្មណ៍ទី២ ដែលចេះវិជ្ជា <ផ្គុំបំណែកដែលបែកបាក់ឱ្យជាប់គ្នាវិញ>
បានសូត្រមន្តវិជ្ជាផ្គុំគំនរឆ្អឹងសត្វតោ ហើយនិយាយថា “ឃើញទេ
យើងពូកែណាស់”។
ព្រាហ្មណ៍ទី១ និយាយចំអកដោយច្រណែនថា “ឯងគិតថាឯងពូកែណាស់មែនទេ! ចាំមើល
ខ្ញុំនឹងធ្វើឱ្យសត្វតោនេះមានសាច់មានឈាមឡើងវិញ”។
គំនរសត្វតោបានក្លាយទៅជាមានរូបរាង
មានសាច់ឈាម....ដែលកំពុងតែដេកងាប់លើដី។
ព្រាហ្មណ៍ទី៣ ឃើញហើយ
ក៏កើតចិត្តរំជួលនឹងចំណេះវិជ្ជា ចង់បង្ហាញសមត្ថភាពរបស់ខ្លួនដល់អ្នកដទៃ។
ព្រាហ្មណ៍ពុធ គិតរួចហើយ បានប្រាប់ទៅព្រាហ្មណ៍ទាំង៣ ថា “សូមកុំធ្វើឱ្យតោនេះរស់ឡើងវិញឱ្យសោះ
ព្រោះវាអាចស៊ីយើងទាំងអស់គ្នា” តែព្រាហ្មណ៍ទាំង៣
មិនស្តាប់ទេ។ ពុធក៏សម្រេចចិត្តឡើងដើមឈើម្នាក់ឯង។ ក្រោយមក ព្រាហ្មណ៍ទី៣
ក៏បានសូត្រមន្តវិជ្ជាការប្រោះសត្វតោឱ្យមានជីវិតរស់ឡើងវិញ។ ព្រាហ្មណ៍ទាំង៣
នាំគ្នាសប្បាយបានមួយភ្លែត តែក្រោយពីសត្វតោរស់ឡើងវិញ
តោបានសង្គ្រុបស៊ីព្រាហ្មណ៍ទាំង៣នាក់ ស្លាប់ទៅហោង។ គម្ពីរបញ្ចតន្រ្តៈ
ផ្នែក “អបរីក្សិតការក
- Aparïksitakárakam” ដែលនិយាយពីទង្វើដែលឥតពិចារណាមុន
ឬ Ill-Considered Actions បានបង្ហាញតាមនូវទស្សនៈជាច្រើនអំពីអ្នកធ្វើមិនគិត
ឬអ្នកចំណេះដឹង ដូចជានិទាន <ព្រាហ្មណី
និងសត្វស្ការ> ដែលខ្ញុំរៀបរាប់កាលពីម្សិលមិញជាដើម។
ចំណេះវិជ្ជា បើរៀនចេះ យកត្រឹមតែអួតគ្នា ឬសម្ញែងថាខ្លួនចេះ
គួរពុំចេះល្អជាង។ ចំណេះវិជ្ជា បើចេះហើយ តែមិនធ្វើ មិនអនុវត្ត
ឬបើធ្វើដោយខ្វះសុភវិនិច្ឆ័យដូចនិទានខាងលើ ក៏ពុំគួរចេះល្អជាង។
ចំណេះវិជ្ជាឱ្យផលមានប្រយោជន៍តែចំពោះបុគ្គលណាដែលអនុវត្តជាក់ស្តែងប៉ុណ្ណោះ។
ការយកចំណេះមកឈ្លោះព្រោះរឿងឥតប្រយោជន៍ ក៏ពុំគួរចេះល្អជាង។
ខ្ញុំមិនរៀបរាប់ថែមទៀត នាំតែអត្ថបទកាន់តែវែង
ដ្បិតនិទានពីរឿងព្រាហ្មណ៍ទាំង ៤នាក់ ខាងលើ
គឺល្មមឱ្យអ្នកអានត្រិះរិះពិចារណាដោយសមគួរខ្លួនឯងហើយ។
សូមឧទ្ធិសគំនិត ចំណេះដឹង
ទាំងអស់ដែលខ្ញុំចាំ ចេះ យល់ ដល់អ្នកប្រាជ្ញបុរាណទាំងឡាយ។
ខ្ញុំសុំធ្វើត្រឹមតែជារៀនសូត្រធម្មតា
ដែលជាអ្នកដើរឃើញនូវចំណេះដឹងល្អៗ
មកចែករំលែកដល់បងប្អូនក្មេងៗប៉ុណ្ណោះ។ អ្នកអានអាចអានបន្ថែមគម្ពីរ “បញ្ចតន្រ្តៈ -
Panchatantra” និងគម្ពីរ
“សុភាសិត - Subhāṣita ដែលប្រមូលចងក្រងដោយមជ្ឈមណ្ឌលគន្ធី
(Gandhi Centre) ៕
No comments:
Post a Comment