មនុស្សអាក្រក់ដែលមានចំណេះវិជ្ជា
បើយកចំណេះទៅអនុវត្ត គឺនឹងបានផលអាក្រក់កាន់តែច្រើនឡើង
រីឯបុគ្គលល្អដែលមានចំណេះវិជ្ជាវិញ បើពុំយកចំណេះទៅអនុវត្តទេ
គឺបានត្រឹមតែល្អមើល។ មនុស្សអាក្រក់ ធ្វើសកម្មភាពបានច្រើន
លទ្ធផលអាក្រក់ក៏ច្រើន។ មនុស្សល្អ ចេះច្រើន តែមិនធ្វើសកម្មភាពជាក់ស្តែងសោះ
លទ្ធផលក៏ពុំមានដែរ ប្រៀបដូចជាផ្ទះអ្នកឧស្សាហ៍ តែងមានមាសប្រាក់
តែផ្ទះអ្នកខ្ជិល មានតែក្តីក្តៅក្រហាយ។ ក្នុងគម្ពីរ “បញ្ចតន្រ្តៈ
- Panchatantra” មាននិទានពី
“ព្រាហ្មណីនិងសត្វស្ការ”៖ នៅនគរមួយ
មានព្រាហ្មណ៍ម្នាក់ដែលមានភរិយាទើបតែបង្កើតបានកូនប្រុសមួយ។ ថ្ងៃមួយ
បុរសជាប្តីបានចេញទៅព្រៃ ហើយក៏បានជួបនឹងស្ការមួយក្បាល ដែលកំពុងតែសោកសៅ
ព្រោះកូនខ្លួនស្លាប់។ ព្រាហ្មណ៍ឃើញដោយក្តីអាណិតអាសូរ
ក៏បាននាំស្ការញីមកចិញ្ចឹមនៅផ្ទះខ្លួន។
គ្រាមួយ
ភរិយារបស់ព្រាហ្មណ៍បានទុកកូនប្រុសខ្លួនចោលនៅនឹងអង្រឹង
ហើយបានចេញទៅដងទឹកនៅមាត់បឹង។ មួយសន្ទុះក្រោយមក
ស្រ្តីជាភរិយាបានត្រលប់មកវិញ ហើយក៏បានឃើញមាត់សត្វស្ការ
ដែលខ្លួនបានចិញ្ចឹមប្រឡាក់សុទ្ធតែឈាម។
សត្វស្ការសម្លឹងមកព្រាហ្មណីយ៉ាងរីករាយ តែព្រាហ្មណីតក់ស្លុតយ៉ាងខ្លាំង
ព្រោះស្មានតែសត្វស្ការខាំសម្លាប់កូនប្រុសខ្លួន
ក៏បានវាយស្ការរហូតដល់ស្លាប់ទៅ។
ព្រាហ្មណីបានស្ទុះរត់យ៉ាងលឿនចូលទៅក្នុងខ្ទម
ហើយក៏បានឃើញកូនប្រុសខ្លួនកំពុងគេងលក់យ៉ាងស្រួលលើអង្រឹង។ នៅក្រោមអង្រឹង
គឺមានពស់វែកស្លាប់មួយក្បាល។ ចុងក្រោយ ទើបព្រហ្មណីដឹងថា “ខ្លួនយល់ច្រឡំនឹងសត្វស្ការថា
សម្លាប់កូនប្រុសខ្លួន តែតាមពិតស្ការបានជួយកូនខ្លួនមិនឱ្យពស់វែកចឹក”។
តើមានប្រយោជន៍នឹងកែប្រែកំហុសដែលខុសមកត្រូវយ៉ាងណា
បើអង្ករក្លាយជាបាយទៅហើយ? តើនិទាននេះបានអប់រំអ្វីខ្លះដល់យើង?
ធម្មជាតិនៃអំបិល គឺមានរសប្រៃ
តែបើអំបិលគ្មានរសប្រៃទេ តើមានប្រយោជន៍អ្វីទៀត? ប្រៀបដូចជាចំណេះវិជ្ជាដែលបានខិតខំសិក្សារៀនសូត្រមកយ៉ាងលំបាក
តែបើចេះហើយមិនធ្វើ តើចំណេះវិជ្ជាមានប្រយោជន៍ពីណា? មេទ័ពតែងតែអង្គុយរៀបចំយុទ្ធសាស្រ្ត
មុនចេញធ្វើសង្គ្រាម តែបើគ្មានផែនការច្បាស់លាស់
តើមានសេចក្តីសង្ឃឹមនឹងឈ្នះសត្រូវបានប៉ុន្មានភាគរយ? ពាក្យខ្មែរយើងនិយាយថា
“គិតមុនគូរ
តែកុំគូរមុនគិតឱ្យសោះ”។ មេរៀនេះ
គឺចង់បង្ហាញអ្នកអានឱ្យចេះពិចារណា មុនសម្រេចចិត្តថាធ្វើកិច្ចណាមួយ។
មុនធ្វើអ្វីមួយ ចូរគិតឱ្យបាន ១០០ដង តែដល់ពេលដាក់ដៃដាក់ជើងធ្វើហើយ
ទោះដួល ១០០ដង ជួបឧបសគ្គ ១០០ជំពូក ក៏កុំបោះបង់ឱ្យសោះ
ដែលស្រដៀងនឹងការទូន្មានរបស់សម្តេច សង្ឃរាជ ជួន ណាត ថា “ធ្វើអ្វីឱ្យស្បាន់
ធ្វើអ្វីឱ្យបាន ធ្វើអ្វីឱ្យផ្ចង់ ធ្វើអ្វីឱ្យត្រូវ ធ្វើអ្វីឱ្យត្រង់
ធ្វើអ្វីឱ្យគង់ ធ្វើអ្វីឱ្យគាប់”។ គំនិតដែលបរិយាយខាងលើនេះ
ស្រួល សាមញ្ញ ងាយយល់ មិនមានខ្លឹមសារជ្រៅទេ តែពិបាកនឹងធ្វើ។
សូម្បីតែអ្នកមានសំពាយបុណ្យកុសលពីអតីតជាតិក៏ដោយ
តែបើមិនខិតខំប្រឹងប្រែងធ្វើការរកស៊ីទេ គឺក្រនៅតែក្រដដែល។ គិតពិចារណាផ្សារភ្ជាប់កម្ម
បង្កើតផល។ បុគ្គលដែលពុំមានសេចក្តីល្អក្នុងខ្លួនសោះ
កម្រនឹងពេញចិត្តសេចក្តីល្អរបស់បុគ្គលដទៃ។ បុគ្គលដែលមានសេចក្តីល្អតិចតួច
តែងច្រណែនឹងសេចក្តីល្អនៃអ្នកដែលមានសេចក្តីល្អច្រើនជាងខ្លួន។ ដូច្នេះ បុគ្គលដែលមានសេចក្តីល្អតិចតួច
តែបើចេះពេញចិត្តនឹងបុគ្គលដែលមានសេចក្តីល្អជាងខ្លួន
អ្នកប្រាជ្ញបុរាណលោកថា “មានដោយកម្រ”។
ចំណេះវិជ្ជាអាចបំផ្លាញយើង បើយើងមានសេចក្តីប្រមាថ។
វិជ្ជាការពារតែបុគ្គលណាដែលចេះ ហើយមិនប្រមាថប៉ុណ្ណោះ។ ព្រះរាជាបានការគោរពតែពីរាស្រ្តនគរខ្លួនប៉ុណ្ណោះ
តែអ្នកចេះដឹង បើទៅដល់ទីណាហើយ គឺមានអ្នកគោរពឱ្យតម្លៃទីនោះ។
រីចំណែកបុគ្គលដែលមានចំណេះដឹង
បដិបត្តិនូវចំណេះដឹងដែលខ្លួនមានឱ្យកើតជាផលផ្លែផ្កា ទោះស្លាប់ហើយ
ក៏នៅតែរស់ ពោលគឺរស់នៅបានគ្រប់សម័យកាល។
បើសិនជាមនុស្សសម័យអង្គរវត្តមិនប្រឹងប្រែងធ្វើសកម្មភាពជាក់ស្តែងទេ
តើអាចមានសមិទ្ធផលដ៏អស្ចារ្យដូចអង្គរវត្តទេ? ពេលធ្វើហើយ
គឺសល់ទាំងលទ្ធផល សល់ទាំងបទពិសោធ
សល់ទាំងទ្រឹស្តីនិងសល់ទាំងគំនិតល្អៗថែមទៀត។
ប៉ុន្តែបើចេញពីទ្រឹស្តីមិនផុតទេ សមិទ្ធផលអ្វី
ក៏យើងពុំអាចបន្សល់បានដែរ។ សៀវភៅសរសេរដើម្បីប្រាប់ពីក្បួនអនុវត្ត
តែបើមិនធ្វើ ហើយបានត្រឹមតែក្បូរក្បាច់ គឺគ្មានប្រយោជន៍អ្វីទាំងអស់។
ទស្សនៈខាងលើ គឺពុំមែនមើលងាយទ្រឹស្តីទេ។
ខ្ញុំបានសរសេរអត្ថបទទាក់ទងនឹងគំនិតថ្នាក់ទ្រឹស្តីច្រើនមកហើយ
ហើយអត្ថបទមួយរយៈចុងក្រោយនេះ ខ្ញុំនិយាយភាគច្រើនពី “ការអនុវត្ត
ការធ្វើផ្ទាល់ និងជាក់ស្តែងនិយម” ដែលអ្នកអានត្រូវបម្លែងទ្រឹស្តីទៅជាសកម្មភាព៕
No comments:
Post a Comment