យើងដើរដល់ចំណុចទ្រឹស្ដី ខណៈដែលគេបានដើរទៅដល់ការធ្វើសកម្មភាពទៅហើយ
ដូច្នេះតើគួរនៅបន្តជជែកតែទ្រឹស្ដីប៉ុណ្ណឹងឬ? ការជជែកអំពីទ្រឹស្ដី
ជួនកាលវាក៏ជាមូលហេតុនាំឱ្យឈ្លោះប្រកែកគ្នាយកចាញ់ឈ្នះផង ហើយនោះគឺព្រោះតែការយល់ឃើញតាមភាពសមហេតុផលខុសគ្នារៀងៗខ្លួនហ្នឹងឯង។
ការពិតទៅ ទ្រឹស្ដីគឺគ្រាន់តែជាស្រមោលគំនិត រីឯលទ្ធផលទើបអាចឆ្លុះបញ្ចាំងតម្លៃនៃទ្រឹស្ដី
និងគុណភាពជីវិតបាន។ វាមិនសំខាន់ពេកទេថាតើយើងអាចនិយាយបានល្អកម្រិតណា? តើគេនឹងជឿយើងកម្រិតណា? ដែលសំខាន់គឺនៅត្រង់ថា តើយើងបានប្រឹងធ្វើហើយឬនៅ?
ហើយបានប្រឹងកម្រិតណា? លទ្ធផលយ៉ាងណា?
ទោះយ៉ាងណា លទ្ធផលល្អឬមិនល្អ
វាគ្រាន់តែជាផ្នែកមួយនៃជីវិតប៉ុណ្ណោះ។ វាមិនមែនជាអ្វីៗគ្រប់យ៉ាងនៃជីវិតនោះទេ។
ពុំគួរយកលទ្ធផលនៃរឿងរ៉ាវណាមួយមកកំណត់ជីវិត ឬដាក់តម្លៃដល់ខ្លួនឯងទេ
ព្រោះថារឿងមួយមានលទ្ធផលមួយ ហើយលទ្ធផលនៃរឿងមួយមិនមែនជាលទ្ធផលនៃរឿងគ្រប់យ៉ាងនោះទេ។
ជីវិតត្រូវជួបនិងត្រូវប្រឹងប្រែងដោះស្រាយរឿងយ៉ាងច្រើនផ្សេងៗទៀត ហើយក៏នឹងទទួលបានលទ្ធផលខុសគ្នាយ៉ាងច្រើនផ្សេងៗផង។
ធម្មជាតិបង្កើតត្រចៀកពីរ ភ្នែកពីរ
ដៃពីរ ជើងពីរ និងមាត់មួយគឺដើម្បីឱ្យយើងប្រឹងស្ដាប់ ប្រឹងមើល និងប្រឹងធ្វើឱ្យបានច្រើនជាងនិយាយតែទ្រឹស្ដី។
ដូច្នេះប្រឹងស្ដាប់ទៅ! ប្រឹងធ្វើទៅ! គេនឹងឃើញដោយខ្លួនឯង ហើយនឹងដឹងដោយមិនចាំបាច់និយាយប្រាប់ទៀតផង។
ប៉ុន្តែនៅចុងបញ្ចប់គឺនៅតែថា ទោះជាគេដឹង ឬមិនដឹងក៏វាមិនទាក់ទងនឹងរឿងដែលត្រូវធ្វើដែរ។
(អត្ថបទនេះមិនឆ្លុះបញ្ចាំងពីនរណាទេ)
No comments:
Post a Comment