អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន (១) អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ
(២)អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ (៣)
អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន
(១)
ការប្រកួតប្រជែងគំនិត
គឺត្រូវប្រកួតប្រជែងទៅលើសមត្ថភាពវែកញែក។ ការវែកញែកល្អ ឬមិនល្អ
គឺអាស្រ័យលើពេលវេលានៃការឆ្លងកាត់ការសិក្សាអប់រំ ការៀនសូត្រ ការអានសៀវភៅ។
ចុះបើយើងមិនមែនជាអ្នករៀន មិនមែនជាអ្នកសិក្សាស្រាវជ្រាវ
មិនមែនជាអ្នកអានសៀវភៅ តើយើងជឿប៉ុន្មានភាគរយដែលថា អ្វីដែលយើងយល់
វាត្រឹមត្រូវអាចយកជាការបាន? យើងមិនអាចយកអារម្មណ៍មកវែកញែកខុសត្រូវបានទេ
ប្រៀបដូចជាមនុស្សមិនអាចយកត្រចៀកមកមើលរូបភាពបានឡើយ។ តើត្រូវធ្វើយ៉ាងណា
ទើបអាចដឹងថាអ្វីដែលយើងគិតខុស ឬត្រូវ? អ្នករៀនសូត្រ
អ្នកសិក្សាស្រាវជ្រាវ អ្នកអានច្រើន គឺត្រូវចេះប្រៀបធៀបផ្ទៀងផ្ទាត់គំនិត។
យកអ្វីដែលយើងយល់
ទៅផ្ទៀងនឹងគំនិតចាស់ៗដែលអ្នកចេះដឹងបានបន្សល់ទុកពីមុន ទើបច្បាស់ថាត្រឹមត្រូវ
អាចប្រើការបានឬយ៉ាងណា។ ផ្ទុយទៅវិញ បើយើងមិនមែនជាអ្នករៀន
មិនមែនជាអ្នកសិក្សាស្រាវជ្រាវ មិនមែនជាអ្នកអានទេ
តើយើងអាចទុកចិត្តខ្លួនប៉ុន្មានភាគរយថាអ្វីដែលយើងយល់ វាត្រឹមត្រូវ?
នេះជាដំណាក់កាលវែកញែកថ្នាក់ហេតុផល
ដែលមិនទាន់និយាយដល់លទ្ធផលជាក់ស្តែងផង។ តើគំនិតមួយដែលត្រូវ ឬខុស
ត្រូវវាស់តាមរបៀបណាទៀត?
អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ
(២)
ការគិតត្រូវ ធ្វើត្រូវ
គឺនឹងបានលទ្ធផលល្អ។ គិតខុស នាំឱ្យធ្វើខុស ធ្វើខុស
មិនអាចបានលទ្ធផលត្រូវបានទេ។ ការវាស់វែងគំនិត
ក្រៅពីវាស់នៅលើកត្តាក្នុងខ្លួនរបស់យើងហើយ គឺត្រូវវាស់ដោយលទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តសកម្មភាពពីគំនិត។
លទ្ធផលល្អ វាបង្ហាញថាគំនិតត្រូវ តែលទ្ធផលមិនល្អ វាបង្ហាញថាការគិតខុស។
មនុស្សម្នាក់មានសមត្ថភាពឬមិនមាន គឺគេមិនវាស់លើរបៀបធ្វើការងារទេ
តែគេវាស់លើលទ្ធផលការងារ។ សិស្សម្នាក់ពូកែឬមិនពូកែ
គឺត្រូវវាស់លើពិន្ទុដែលទទួលបានពីសមត្ថភាពពិត។ ក្រៅពីវាស់តាមរបៀបខាងលើ
គឺគុណភាពគំនិតនឹងត្រូវវាស់លើគុណភាពនៃឥរិយាបថ កាយវិការ សុជីវធម៌
សីលធម៌នៃការរស់នៅ...។ មនុស្សម្នាក់អាចមានគំនិតល្អច្រើន តែបើកាយវិការមិនល្អ
សុជីវធម៌មិនល្អ គ្មានសីលធម៌ ច្រងេងច្រងាង និយាយស្តីឈ្លើយ
មិនចេះគោរពឱ្យតម្លៃអ្នកដទៃ ចេះតែប្រើពាក្យសម្តីឌឺដង
សម្តីនិយាយយកតែឈ្នះ...គឺពិបាកនឹងធ្វើខ្លួនឱ្យកើតជាប្រយោជន៍សម្រាប់អ្នកដទៃណាស់។
លក្ខខណ្ឌ គឺវាបង្ហាញថា “ចំណេះដឹងដែលមាន គំនិតល្អៗដែលមាន
គឺទុកសម្រាប់តែលែងល្បែងតក្កវិជ្ជា ឬល្បែងប្រាជ្ញាឈ្លាសវៃប៉ុណ្ណោះ”។ លក្ខខណ្ឌនេះ
ខ្ញុំមិនទាន់បាននិយាយពីលទ្ធផលដែលបានមកពីចំណេះវិជ្ជា
ដែលធ្វើឱ្យចិត្តរួចរដោះខាងក្នុងផង។ ចិត្តរួចរដោះ គឺមិនច្រណែន ខឹងតិច
ខ្វល់ខ្វាយតិច ស្គាល់សកម្មភាពធម្មជាតិ មិនធ្វើការងារយកមុខ
មិនប្រឹងដើម្បីល្បី...។ ប្រឹងធ្វើ បើបានក៏យក បើមិនបានក៏មិនខ្វល់
តែខ្វល់តែម្យ៉ាង គឺអំពើ ឬកម៌។ ចេះធ្វើទាន មានសីល ស្ងប់ស្ងាត់ក្នុងការរស់នៅ
មិនរំជើបរំជួល មិនឱ្យតម្លៃភាពស្អាតត្រឹមសម្បកកាយ
មិនខ្វល់ខ្វាយនឹងកាមតណ្ហាដែលមនុស្សលោក សត្វខ្លះនិយម ស្រីញីអូនបង
ល្បែងញៀនញ៉ាម...។ ចំណុចនេះ ខ្ញុំយល់ថាមិនចាំបាច់ខ្វល់ពេកទេ
(អ្នករៀនសូត្រធម្មតាៗ ក៏គេចមិនផុតដែរ ជាពិសេសរឿងស្រីៗ។ និយាយឱ្យអាក្រក់ស្តាប់
អ្នកខ្លះកាន់តែចេះ កាន់តែល្មោភកាម។ កាន់តែចេះ កាន់តែល្មោភកេរ្តិ៍ឈ្មោះ។
កាន់តែចេះ កាន់តែចង់ឱ្យគេដឹង...) ព្រោះអ្នកដែលអាចយល់បាន
លុះត្រាតែបដិបត្តិសមាធិជាប្រចាំ...។
អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ
(៣)
ចិត្តដែលមិនបានអប់រំល្អ
គឺជាចិត្តដូចកូនក្មេង។
ខ្ញុំធ្លាប់សរសេរអត្ថបទទាក់ទងអំពីចិត្តនេះច្រើនគួរសមដែរ
ជាពិសេសមានអត្ថបទមួយដែលខ្ញុំសរសេរថា “ខួរក្បាលជាបណ្ឌិត
តែចិត្តជាកូនក្មេង”។ ទស្សនៈនេះ
គឺចង់ប្រៀបធៀបអ្នកចេះដឹងថ្នាក់ខួរក្បាល (តែមិនចិត្តស្ងប់)
ទៅនឹងមនុស្សដែលមានចិត្តដូចកូនក្មេង។ កូនក្មេងងាយខឹង ងាយអាក់អន់ចិត្ត
ងាយទទួលអារម្មណ៍ ងាយយំ ងាយសើច ចូលចិត្តពាក្យលួងលោម (ទោះជាកលមាយា
ក្លែងក្លាយក៏ដោយ។ ឧទាហរណ៍ កូនឆ្លាតដាច់គេ កូនល្អដាច់គេ កូនស្អាតដាច់គេ...)...។
មនុស្សគ្រប់រូបមានតណ្ហាដឹកនាំ។
មនុស្សគ្រប់រូបមានវិជ្ជាជាទៀនបំភ្លឺខ្លួន ទោះនៅទីណាក៏ដោយ
មានបញ្ហាអ្វីក៏ដោយ ក៏ទៀននេះនៅតែភ្លឺដែរ។ ចំណែកអ្នកគ្មានវិជ្ជា
ចំណេះក៏គ្មាន ទៀនសម្រាប់បំភ្លឺខ្លួនក៏គ្មាន។
ជាធម្មតាមនុស្សគ្រប់គ្នាមានសេចក្តីល្អក្នុងខ្លួន តែសំខាន់តើយើងចេះមើលទេ។
ចិត្តច្រណែន វាអាចធ្វើឱ្យយើងសម្តែងធ្វើខ្វាក់មើលមិនឃើញនូវទង្វើល្អដែលបុគ្គលណាម្នាក់ធ្វើ។
បើចង់ចោទមនុស្សម្នាក់ថាអាក្រក់ មិនខ្វះទោសចោទទេ
ហើយចង់សរសើរមនុស្សម្នាក់ថាល្អ ក៏មិនខ្វះសេចក្តីល្អលើកយកមកបង្ហាញដែរ។
បើយើងមើលមកខ្លួនឯងឃើញថា “យើងមិនបានធ្វើអាក្រក់ទេ
គឺយើងក៏គួរស្ងប់ចិត្តនឹងខ្លួនឯង ហើយបន្តដំណើរ”។
មនុស្សមិនគ្រប់ទឹកខ្លះអាចចាប់សត្វមាន់ទុក ឬក៏រឹតកសត្វមាន់
មិនឱ្យរងាវពេលព្រឹក ពីព្រោះមិនចង់ឱ្យព្រះអាទិត្យរះ។ ដឹងក្នុងចិត្តថា “តែប៉ុណ្ណេះ
ព្រះអាទិត្យនៅថ្ងៃស្អែក គឺមិនរះទេ”។ មិនចេះ អាចរៀនចេះ។ រៀនចេះ
តែមិនធ្វើ អាចរៀនធ្វើ។ ធ្វើមិនបានល្អ គឺត្រូវរៀនបន្តទៀត។
ផ្តល់តម្លៃទៅជាលើសកម្មភាពមនុស្សជាងសម្តី។ សម្តីល្អ
ល្អបំពេញត្រឹមតែចិត្ត តែទង្វើល្អ បង្ហាញអស់រលីងតែម្តង (និយាយហើយធ្វើ)។
យើងមិនអាចប្រមាថទឹកចិត្តមនុស្សបានទេ ដ្បិតគុណធម៌យើងនៅកន្លែងណា
បើសូម្បីតែសេចក្តីល្អដែលបុគ្គលដទៃបានធ្វើនៅនឹងភ្នែកហើយ
យើងមើលមិនឃើញផង?
បុរសចំណាស់ម្នាក់
មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់នាឡិកាចាស់មួយគ្រឿងទៅឱ្យកូនប្រុសនោះ
និងបានប្រាប់ឱ្យកូនយកនាឡិកានោះទៅលក់នៅហាងនាឡិកា ពេលកូនប្រុសត្រឡប់មកវិញ
ប្រាប់ឪពុកថាគេឱ្យតម្លៃ៥ដុល្លារ ព្រោះនាឡិកានោះចាស់ពេក។
ឪពុកក៏ឱ្យកូនយកទៅលក់នៅហាងកាហ្វេ
កូនត្រឡប់មកវិញក៏និយាយដូចមុន ថាមកពីនាឡិកានោះចាស់ពេក។
រួចហើយលោកពុកក៏ឱ្យកូនយកទៅសារមន្ទីរ កូនត្រឡប់មកវិញញញឹមរីករាយ
និងប្រាប់ពុកទាំងត្រេកអរថា នាឡិកានោះគេហ៊ានឱ្យតម្លៃរាប់លានដុល្លារ។
ពុកញញឹម ចាប់ដៃកូនប្រុសរួចនិយាយថា នេះជាមេរៀនដែលពុកចង់ឱ្យកូនឈ្វេងយល់។
តាមពិតតម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ។
ចូរកុំយកតម្លៃរបស់ខ្លួនទៅចំណាយនៅកន្លែងខុស កុំនៅជាមួយអ្នកដែលមើលមិនឃើញតម្លៃរបស់យើង
ហើយកុំខឹងពេលគេមិនឱ្យតម្លៃយើង ត្រូវចេះរកកន្លែងណាដែលសមនឹងតម្លៃយើងពិតប្រាកដវិញ
ទើបជីវិតយើងពោរពេញដោយក្ដីសុខ៕
ប្រភព៖ បរទេស
No comments:
Post a Comment