Monday, July 20, 2020

ជាប់គាំងនឹងទ្រឹស្តី?


មនុស្ស​ម្នា​ក់ៗ គឺជា​បងប្អូន​នឹងគ្នា តែ​ដោយសារតែ​ការទាស់ទែង​គ្នា ដោយសារតែ​អវិជ្ជា ដោយសារតែ​គ្មាន​ចំណេះដឹង ដោយសារតែ​មិន​យល់​ពីគ្នា ដោយសារតែ​ប្រយោជន៍ ដោយសារតែ​ចិត្ត​អាត្មានិយម ទើប​ធ្វើ​ឱ្យ​យើង​រស់នៅ​ដាច់​ពី​បង​ដាច់​ពី​ប្អូន។ ក្នុង​គ្រួសារ បង​អាច​ទាស់ទែង​នឹង​ប្អូន​ដោយសារ​ទ្រព្យសម្បត្តិ។ ក្នុង​សង្គម​រកស៊ី មនុស្ស​អាច​ទាស់ទែងគ្នា​ដោយសារតែ​ចែក​ប្រយោជន៍​គ្នា​មិន​ស្មើ។ ចំពោះ​យុវជន​ដែល​មានចំណេះ​ថ្នា​ក់​ទ្រឹ​ស្តី គឺ​អាច​ទាស់ទែងគ្នា​ដោយសារតែ​គំ​និ​តរៀង​ៗខ្លួន។ នៅពេល​ណា​ដែល​យើង​មានចិត្ត​ចាស់ទុំ​មែនទែន យើង​នឹង​មើល​លទ្ធផលជាក់​ស្តែង ច្រើន​ជាង​ទ្រឹ​ស្តី ច្រើនជាង​គំនិត ច្រើនជាង​វិធី​សាស្រ្ត ច្រើនជាង​ចរិតមនុស្ស ច្រើនជាង​បញ្ហា​ទាស់ទែង​បន្តិចបន្តួច​ដែល​មិន​ចាំបាច់។ ខ្ញុំ​សុំ​អនុញ្ញាត​យក​សុភាសិត​ខ្មែរ​មក​ភ្ជាប់​បន្តិច​ដែល​ថា វៀច​ធ្វើ​កង់ ត្រង់​ធ្វើ​កាំ​ ដែល​ពាក្យ​អប់រំ​នេះ គឺ​ចង់​បង្រៀន​ឱ្យ​យើង​ចេះ​ធ្វើការ​ជាមួយគ្នា ចេះ​ស្គាល់​តួនាទី​ខ្លួនឯង និង​ចេះ​ដាក់ខ្លួន​ឯង​ឱ្យ​ត្រូវ​តាម​កន្លែង​ដ៏​ត្រឹមត្រូវ។ ឈើត្រង់ ត្រូវ​ធ្វើ​កាំ រី​ឯឈើវៀច​ត្រូវ​ធ្វើ​កង់ តែ​កុំ​យក​ឈើវៀច​ធ្វើ​កាំ ហើយ​យក​ឈើត្រង់​ធ្វើ​កង់។ ខ្ញុំ​ទទួលស្គាល់​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ សូម្បីតែ​ខ្ញុំ​ខ្លួនឯង ខ្ញុំ​ដឹងខ្លួន​ច្បាស់​ថា​ខ្ញុំ​អន់​កន្លែងណា ឬខ្សោយ​កន្លែងណា។ សម្រាប់​អ្នកមាន​ចរិត​ចាស់ទុំ មាន​លក្ខណៈ​ជា​មនុស្ស​ជាក់ស្តែង​និយម គឺ​គេ​មើល​លើ​លទ្ធផល​ចុងក្រោយ។ រី​ចំពោះ​អ្នកមាន​ចំណេះដឹង​ច្រើន គឺ​គេ​លែង​មើល​លើ​ចំណេះដឹង​ទៀតហើយ តែ​គេ​មើល​លើ​ចរិតលក្ខណៈ សីលធម៌ សុជីវធម៌ និង​ការ​ធ្វើ​ប្រយោជន៍​ដល់​ជន​ដទៃ។

ក្រៅពី​នេះ ចំណេះដឹង​នឹង​គ្មាន​តម្លៃ​អ្វី​ទាំងអស់ បើសិនជា​យើង​ពុំ​ចេះ​សម្គាល់ចិត្ត​ខាងក្នុង​របស់​អ្នកចេះដឹង​ថា​ល្អ​ឬអាក្រក់។ តើ​យើង​នឹង​គោរព​មនុស្ស​មានចំណេះ​ដឹង​ខ្ពស់ តែ​ចិត្ត​ខាងក្នុង​ស្មោក​ក្រោ​គ ឬយកចំណេះ​ដឹង​ទៅ​ធ្វើ​ទង្វើ​ថោកទាប ឬទេ​? អត្ថបទ​នេះ ខ្ញុំ​នឹង​សាកល្បង​ចែករំលែក​ពី​ការ​ជាប់​គាំង​នៃ​លទ្ធផល ថា ​យើង​ជាប់​គាំង មិនទៅ​មុខ មិនដល់​លទ្ធផលជាក់​ស្តែង​ នៅ​ចំណុច​ណា​? អ្វី​ដែល​ពិបាក​បំផុត គឺ​ពិបាក​បង្រៀន​មនុស្សម្នាក់​ឱ្យ​ចេញពី​ហ្វូង​ដែល​គាំទ្រ​គ្នា​តកន្ទុយ។ អ្នកខ្លះ​នៅ​ក្បែរ​អ្ន​កខ្សោយ​ៗ ហើយ​ខ្លួន​ជា​សត្វ​តោ​ក្នុងចំណោម​ចៀម។ មនុស្សម្នាក់​អាច​ខ្លាំង​ក្នុងចំណោម​អ្នក​ខ្សោយ​ជាច្រើន ហើយ​បើ​ចង់​ណែនាំ ឬបង្រៀន​មនុស្ស​បែបនេះ គឺជា​រឿង​ដ៏​កម្រ​និង​លំបាក​បំផុត។ ជាក់ស្តែង សម្តី​មិន​អាច​ឈ្នះ​ភាពជា​គំរូ​ទេ។ ការ​បង្រៀន​មនុស្ស​ដ៏​ល្អ​បំផុត គឺ​បង្រៀន​តាមរយៈ​សកម្មភាព បង្រៀន​តាមរយៈ​លទ្ធផល ដ្បិត​វា​ល្អ​ជាង​ទ្រឹ​ស្តី ជាពិសេស​មនុស្ស​ដែល​មិន​ងាយ​ជឿ មានការ​ពិចារណា​ខ្ពស់ គឺ​កម្រ​នឹង​ជឿ​ដោ​យងាយៗ​នូវ​គំនិត​ណាមួយ​របស់​នរណា​ម្នាក់​ណាស់ ទោះ​គំនិត​នោះ​ត្រឹមត្រូវ​ក៏ដោយ។ អ្នកខ្លះ​ជា​បុគ្គល​ងាយ​នឹង​រៀនសូត្រ ឆាប់​ចេះ​ឆាប់​ដឹង ងាយ​នឹង​ទទួល ហើយ​បុគ្គល​បែបនេះ​មិន​ពិបាក​បង្រៀន​ទេ។ មនុស្ស​អាច​រស់​ព្រោះ​ចំណេះ ហើយក៏​អាច​ស្លាប់​ព្រោះ​ចំណេះ​ដែរ។ យើង​អាច​ទៅមុខ​ព្រោះ​ចំណេះ ហើយក៏​អាច​រាំងស្ទះ​ព្រោះ​ចំណេះ​ដែរ។ តើ​អ្វី​ជា​ភាព​ជាប់​គាំង​មិន​ឱ្យ​យើង​ទៅមុខ​?

ខ្ញុំ​មិន​លើកទឹកចិត្ត​ឱ្យ​យុវជន​ខ្លះ​ជាប់​គាំង​នឹង​ទ្រឹ​ស្តី ជជែក​ដោយ​គ្មាន​លទ្ធផលជាក់​ស្តែង​ទេ ដ្បិត​ឥរិយាបថ​នេះ វា​ងាយ​នឹង​បង្កជម្លោះ​នឹងគ្នា។ ចំណេះដឹង​ថ្នាក់​តក្កវិជ្ជា គឺ​មាន​លក្ខណៈ​សាហាវ​ត្រង់ថា ចង់​បកស្រាយ​បត់បែន ឬបំភាន់​ដាន​អ្នក​គិត​បែប​ណា​ក៏បាន​ដែរ​ ព្រោះ​សំខាន់​ឱ្យ​តែ​យើង​មាន​សមត្ថភាព​គិត​ខ្ពស់ និង​មាន​ទឡ្ហីករណ៍​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​លោក​យើង​នេះ វា​មានរឿង​ដែល​គិត​ហើយ ត្រឹមត្រូវ​ជាច្រើន តែ​ដល់ពេល​ធ្វើសកម្មភាព​ជាក់ស្តែង​វិញ វា​ទៅជា​មិន​អាច​បានផល​ក៏​មាន។ អ៊ីចឹង​ហើយ តើ​ជាប់​គាំង​កន្លែងណា​? ទ្រឹ​ស្តី​ពុទ្ធសាសនា​បាន​បែងចែក​បញ្ញា​ជា ៣ថ្នាក់។ បញ្ញា​បាន​មក​ពី​ការរៀនសូត្រ​ពី​អ្នកដទៃ ឬការ​ស្តាប់ ដែល​យើង​ហៅថា សុត្ត​មយ​បញ្ញា​។ បញ្ញា​ដែល​បាន​មក​ពី​ការពិចារណា​ឃើញ​ដោយខ្លួនឯង ដែល​យើង​ហៅថា ចិន្តា​មយ​បញ្ញា​។ បញ្ញា​ដែល​កើត​ចេញពី​ការ​ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ដែល​យើង​ហៅថា ភាវនា​មយ​បញ្ញា​។ កាលណា​និយាយ​ពី ភាវនា​មយ​បញ្ញា​ គឺ​យើង​ត្រូវ​សម្គាល់​ត្រង់ថា វា​គឺជា​បញ្ញា​ដែល​កើត​ចេញពី​ការ​បដិបត្តិ​ធម៌​ជាក់ស្តែង ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ហើយ​បញ្ញា​នេះ​គឺ​ពុំមែន​បាន​មក​ដោយសារតែ​ការ​អាន​សៀវភៅ ឬការ​ឮអ្នកដទៃ​និយាយ​ពី​ចំណេះដឹង ដែល​ជា​បញ្ញា​ថ្នាក់​សុត្ត​មយ​បញ្ញា​, ឬការ​សញ្ជឹងគិត​ដោយ​គ្មាន​ការ​ពិសោធ​ជាក់ស្តែង ដែល​ស្ថិត​ក្នុង​បញ្ញា​ថ្នាក់​ចិន្តា​មយ​បញ្ញា​ទេ។ ពុទ្ធភាសិត​បាន​លើកឡើង​ថា បញ្ញា​ជា​ពន្លឺ​ភ្លឺ​ក្នុង​លោក។ បញ្ញា​រមែង​កើត​ព្រោះ​ការ​ហ្វឹកហាត់​។ បញ្ញា​ដែល​កើត​ពី​ការ​ហ្វឹកហាត់​ជាក់ស្តែង​នេះ គឺជា​បញ្ញា​ដែល​នាំ​ចិត្ត​ឱ្យ​រួច​រដោះ មានចិត្ត​ឥស្សរៈ ឬវិមុត្តិ​ចិត្ត។

នេះ​ជាលំដាប់​នៃ​ដំណាក់កាល​នី​មួយ​ៗរបស់​បញ្ញា ដែល​បញ្ញា​ទី១ អាច​មិន​ពិត ព្រោះ​បាន​ត្រឹមតែ​ស្តាប់ ឬរៀនសូត្រ​ពី​គេ ឬយើង​ហៅថា​ជា​ចំណេះដឹង​ខ្ចី​ពី​អ្នកដទៃ។ បញ្ញា​ទី២ មិន​ពិត ព្រោះ​វា​ត្រឹមតែ​ជា​ការ​គិត និង​ការយល់ឃើញ ដែល​កើត​ចេញពី​ការពិចារណា​ដោយខ្លួនឯង​បែប​អត្តនោម័តិ ឬអាច​និយាយ​ថាបើ​ត្រឹមត្រូវ ក៏​ត្រឹមត្រូវ​ក្នុង​ថ្នាក់​តក្កវិជ្ជា ដែល​មិនទាន់​ឈាន​ដល់​ការ​ពិសោធ​ជាក់ស្តែង​ដោយខ្លួនឯង​ដែរ។ បញ្ញា​ទី៣ គឺ​អាច​ពិត​សម្រាប់​ខ្លួន​យើង ព្រោះ​យើង​បាន​ហ្វឹកហាត់​ដោយខ្លួនឯង ពិសោធ​ឃើញ​ដោយខ្លួនឯង ហើយ​លទ្ធផលជាក់​ស្តែង​របស់​យើង គឺ​យើង​ទទួល​បានចិត្ត​សន្តិភាព ឬវិមុត្តិ​ចិត្ត​ពី​បញ្ញា​ថ្នាក់​ចម្រើន​ភាវនា​នេះ។ ដល់​ដំណាក់កាល​នេះ យើង​នឹង​ចាប់បាន​ធម៌​មួយទៀត គឺ​ធម៌​មិន​ប្រមាថ ព្រោះ​ការ​ពិសោធ​ចិត្តត្រង់​កន្លែង​នេះ គឺ​ម្នា​ក់ៗ​ដែល​ដល់​ចំណុច​នេះ តែង​មាន​បទ​ពិ​សោ​ធខុស​ៗគ្នា រសជាតិ​ផ្សេង​ពីគ្នា ហើយ​មិន​អាច​ថា​អ្នកដទៃ​ខុស ឬយើង​ត្រូវ ឬអ្នកដទៃ​ត្រូវ ឬយើង​ខុស​ឡើយ។ តើ​យុវជន​យើង​មួយចំនួន​ជាប់​កន្លែងណា​? អ្នកខ្លះ​អះអាង​ថា​អ្វី​ដែល​ខ្លួន​បាន​យល់ វា​ត្រឹមត្រូវ ហើយ​អ្វី​ដែល​អ្នកដទៃ​យល់ គឺ​មិន​ត្រឹមត្រូវ។ គ្រូ​អញ​ត្រូវ គ្រូ​អ្នកដទៃ​ខុស។ បែបនេះ​ក៏​ឈ្លោះ​គ្នា ហើយ​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី១ គឺ​សុត្ត​មយ​បញ្ញា (មិន​ពិត ព្រោះ​មិនទាន់​ឈាន​ដល់​ថ្នាក់​ពិសោធ​ឃើញ​ដោយខ្លួនឯង​)។ អ្នកខ្លះ​ទៀត​ជាប់​គាំង​ត្រឹម​ការពិចារណា​ថា ត្រូវ​តាម​បែប​ឡូហ្ស៊ីក យល់ថា​អ្វី​ដែល​ខ្លួន​គិត គឺ​ត្រឹមត្រូវ ព្រោះ​វា​ជាក់ស្តែង ហើយ​អ្នកដទៃ​មិន​ត្រឹមត្រូវ។ ការ​គិត​របស់​អញ​ត្រូវ ព្រោះ​អញ​បាន​រៀន​ច្រើន បាន​គិត​ច្រើន ហើយក៏​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី២ គឺ​ចិន្តា​មយ​បញ្ញា (មិនទាន់​ដល់​ថ្នាក់​ពិសោធ​)។

ចំពោះ​អ្នកខ្លះ​ទៀត រំជើបរំជួល​នឹង​ចំណេះដឹង​ផង និង​រំជើបរំជួល​ពី​សន្តិភាព​ចិត្ត​ដែល​រួច​រដោះ​ផង ហើយក៏​កើត​ចិត្ត​ប្រមាថ​ថា មានតែ​អញ​ទេ ដែល​ត្រូវ​ដាច់គេ ព្រោះ​ចំណេះ​ខួរក្បាល​ក៏​អញ​មាន ចិត្ត​ដែល​រួច​រដោះ​ក៏​អញ​មាន​ ហើយ​អញ​មាន​គ្រប់គ្រាន់។ នេះ​ជា​អ្វី​ដែល​បាន​មក​ពី​បញ្ញា​ចុងក្រោយ ជា​ភាវនា​មយ​បញ្ញា តែ​គ្រប់គ្រង​ខ្លួន​មិនបាន។ ពី​លំដាប់​មួយ​នៃ​បញ្ញា ទៅ​លំដាប់​មួយ​នៃ​បញ្ញា គឺ​វា​តែង​ធ្វើ​ឱ្យ​យើង​ជាប់​គាំង​រហូត ស្ទើរតែ​មិនដល់​ចំណុច​គោលដៅ។ យុវជន​យើង​ខ្លះ ឈ្លោះ​គ្នា​តាំងពី​ចេញដំណើរ​លើកដំបូង ឬអ្នកខ្លះ​ឈ្លោះ​គ្នា​ក្នុង​បញ្ញា​ថ្នាក់​គំនិត ឬអ្នកខ្លះ​ឈ្លោះ​នៅត្រង់​ការ​ពិសោធ​ឃើញ។ អ្ន​កទ្រឹ​ស្តី​មាន​ច្រើន តែ​អ្នក​ពិសោធ​ឃើញ​ដល់​គោលដៅ គឺ​កម្រ។ យើង​ឈ្លោះប្រកែក​គ្នា​នៅត្រង់​ថ្នា​ក់​ទ្រឹ​ស្តី។ ខ្ញុំ​មិនមែន​មិន​លើកទឹកចិត្ត​ឱ្យ​ឈ្លោះ​ទេ តែ​គ្មាន​ទ្រឹ​ស្តី​ឯណា​ឈ្នះ​លទ្ធផលជាក់​ស្តែង​ឡើយ។ ខុស ឬត្រូវ គឺ​ត្រូវ​ចាំ​មើល​លទ្ធផល ទើប​សុក្រឹត​ជាង។ បើ​និយាយ​គ្នា​មិន​ស្តាប់ គឺ​មានតែ​ធ្វើ​ឱ្យ​មើល ដោយ​កុំ​និយាយ​អ្វី​ទាំងអស់។ ធម្មជាតិ​មនុស្ស​ដែល​មានចំណេះ​ដឹង​ថ្នា​ក់​ទ្រឹ​ស្តី​នេះ គឺ​មានចិត្ត​ចចេស ព្រោះ​ចិត្ត​មិនបាន​អប់រំ​ឱ្យ​ល្អ។ ក្នុង​ស្ថានភាព​ប្រកួតប្រជែង​ឈ្នះ​ចាញ់ តើ​អ្នក​ដែល​មានចិត្ត​ចចេស មាន​លក្ខណៈ​បែប​ណា​? ការប្រកួត​ប្រជែង​ថ្នា​ក់​ទ្រឹ​ស្តី ជាពិសេស​កម្រិត​ក្នុង​បរិវេណ​តក្កវិជ្ជា គឺ​មនុស្ស​មាន​សមត្ថភាព​ស្វែងរក​ទឡ្ហីករណ៍ និង​ទ្រឹ​ស្តី​គ្រប់គ្រាន់​ក្នុង​ការប្រកួត។ នេះ​ជា​អំណាច​នៃ​ខួរក្បាល​ដែល​មាន​ទិន្នន័យ ការ​គិត ការវិភាគ ចិត្ត​សាស្រ្ត និង​ព័ត៌មាន​គ្រប់គ្រាន់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ស្ថិតនៅ​លើ​ខ្លាំង​ខ្សោយ ដ្បិត​អ្នកណា​ពូកែ គឺ​ស្មើនឹង​ខ្លាំង តែ​អ្នកណា​ខ្សោយ គឺ​ប្រាកដជា​ចាញ់ ដែល​ប្រៀប​ដូចជា​សង្គមសត្វ។ តើ​សង្គមសត្វ​យ៉ាងណា​?

ខ្ញុំ​នឹង​លើកយក​ល្បើក​មួយ គឺ​និទាន​ពី ស្លឹកត្រចៀក​ទន្សាយ (The Hare and his Ears​) ដែល​និយាយ​ពី​សឹង្ហ​ត្រូវរបួស​មួយ​ក្បាល។ សឹង្ហ​ដែល​មិនដឹង​ត្រូវ​ម្រឹគ​ណា​វាយប្រហារ​ឱ្យ​របួស​ទេ​, វា​ក៏​បញ្ញា​ត្តិ​ឱ្យ​សត្វ​មាន​ស្នែង​ទាំងឡាយ​ចេញពី​ព្រៃ​ដែល​ជាទី​ឋាន​វា​គ្រប់គ្រង។ ដោយ​កំហឹង​ផង ដោយ​ការឈឺចាប់​ផង សឹង្ហ​បាន​បណ្តេញ​សត្វ​ពពែ​ញី​ឈ្មោល គោឡើងក ក្ដាន់ ប្រើស រមាំង​...ឱ្យ​ចេញពី​ព្រៃ​ជាបន្ទាន់។ និយាយ​ពី​ទន្សាយ​មួយ​ក្បាល ដោយហេតុថា​ភ័យ​ខ្លួន ក៏បាន​ចេញពី​ព្រៃ​ដូច​នឹង​សត្វ​ដទៃទៀត​ដែរ។ ពពែ​សួរ​ថា បង​សភា​ទន្សាយ តើ​បង​ចេញ​ធ្វើអ្វី បើ​បង​គ្មាន​ស្នែង​ផង​? ទន្សាយ​តប​ថា ស្នែង និង​ស្លឹកត្រចៀក​របស់ខ្ញុំ វា​ដូចតែ​គ្នា​ទេ ពីព្រោះ​បើ​ម្រឹគ​ចង់​ដាក់ទោស​ខ្ញុំ គឺ​វា​នឹង​ចោទ​ថា​ស្លឹកត្រចៀក​របស់ខ្ញុំ គឺជា​ស្នែង​មិនខាន​។ និទាន​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​អំណាច​នៃ​អ្នកមាន​ចំណេះដឹង​តក្កវិជ្ជា​ពូកែ ដ្បិត​បើ​ចង់​ចោទ​អ្នកណា​ម្នាក់​ថា​ខុស គឺ​នឹង​រក​វិធី​ចោទ​ដ៏​ត្រឹមត្រូវ ហើយ​ឡូហ្ស៊ីក​ទៀត។ សរុប​ចុងក្រោយ គោលបំណង​នៃ​អត្ថបទ​នេះ គឺ​ចង់ឱ្យ​យុវជន​យើង​ប្រឹងប្រែង​រៀនសូត្រ ផ្អាក​ការ​ឈ្លោះ​ទាស់ទែង​ក្នុងករណី​មិន​ចាំបាច់ ជាពិសេស​បើ​ជម្លោះ​មិន​មានប្រយោជន៍ ឬត្រឹមតែ​ជា​ប្រយោជន៍​អាត្មានិយម។ ផ្ទុយទៅវិញ ប្រឹងប្រែង​រៀនសូត្រ រហូត​អាច​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​ក្លាយទៅជា​លទ្ធផលជាក់​ស្តែង។ កាត់បន្ថយ​ជម្លោះ​ថ្នាក់​គំនិត ឬទ្រឹ​ស្តី តែ​សាបព្រោះ​សកម្មភាព និង​លទ្ធផលជាក់​ស្តែង។ អត្ថបទ​នេះ​សម្រាប់​ពិចារណា ដ្បិត​បើ​ខុស គឺជា​ការទទួលខុសត្រូវ​របស់​ស្មេរ​៕

No comments:

Post a Comment