Saturday, September 26, 2020

គំនិតបែបអត្តនោម័តិ?



អ្នកនិពន្ធ គឺ​ត្រូវតែ​ជា​អ្ន​កផ្សុំា​ខ្លួន​នឹង​ការពិត ព្រោះ​មានតែ​ការពិត​មួយ​គត់ ដែល​អាច​ដឹកនាំ​អ្នកអាន​ឱ្យ​ចាកចេញ​បាន​ពី​ទ្រុង​មាស​នៃ​ការបោកប្រាស់។ គុណភាព​នៃ​សម្តី​របស់​មនុស្ស គឺជា​សម្តី​ពិត សម្តី​ស្មោះត្រង់ និង​សម្តី​ដែល​និយាយ​មាន​ចេតនា​ចង់ឱ្យ​អ្នកដទៃ​ល្អ ប្រៀប​ដូចជា​គុណភាព​នៃ​សំណេរ គឺ​ស្ថិតនៅ​ត្រង់​ការពិត​ឬសច្ចភាព។ ក្នុង​ការ​ខ្ជាក់​គំនិត​បែប​ទស្សនៈ វា​ជា​គំនិត​ដែល​ស្ថិតនៅ​កណ្តាល​រវាង​ត្រូវ​និង​ខុស ពេញចិត្ត​ពី​អ្នកដទៃ​និង​ស្អប់ សច្ចភាព​និង​កលមាយា ពិត​និង​ក្លែងក្លាយ។ ចន្លោះ​នេះ​ជា​ចន្លោះ​ដែល​អ្នកអាន​ត្រូវ​ប្រើការ​គិតពិចារណា​ដោយខ្លួនឯង ដោយ​យក​លទ្ធផល​សង្គម​មក​វាស់វែង។ ការ​សរសេរ ទោះ​យើង​ចង់​សរសេរ​បក​ស្រាយ​ទ្រឹ​ស្តី ឬបង្ហាញ​គំនិត​បែប​ណា​ក៏បាន​ដែរ សំខាន់​ឱ្យ​តែ​វិជ្ជមាន នាំ​ប្រយោជន៍​រួម និង​អាច​ពិចារណា​សមស្រប​តាម​ហេតុផល​ជាក់ស្តែង។ តើ​ត្រូវ​ឬខុស អ្នកណា​ជា​អ្នក​កំណត់ ឬត្រូវ​បាន​វាស់វែង​ដោយ​អ្វី​?

 

អ្នកនិពន្ធ គួរណា​តែ​ធ្វើខ្លួន​ឱ្យ​ដូចជា​អ្នកនយោបាយ​ល្អ ជា​បុគ្គល​មាន​គោលការណ៍ គិត​ប្រយោជន៍​រួម មានចិត្ត​មេត្តា​សាបព្រោះ​គ្រាប់ពូជ​សង្គម និង​ដាច់ខាត​ត្រូវតែ​ជា​មនុស្ស​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់លាស់​ជាង​អ្នកដទៃ។ នៅពេល​ណា​នរណា​ម្នាក់​យល់​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ច្បាស់លាស់ គឺ​យើង​ពុំ​អាច​ចោទ​បុគ្គល​នោះ​ថា​អត្តនោម័តិ​ឬមានះ​ទេ។ អត្តនោម័តិ​ក្នុង​ន័យ​អក្សរ​សាស្រ្ត គឺជា​ការយល់ឃើញ​ដោយ​គំនិត​នៃ​ខ្លួនឯង។ របៀប​នៃ​ការ​សរសេរ​របស់ខ្ញុំ​ភាគច្រើន ខ្ញុំ​បាន​បញ្ចូល​នូវ​គំនិត​ខ្លះ​នៅ​ខាងដើម ឬខាងចុង​ថា ជា​គំនិត ឬទស្សនៈ​សម្រាប់​ពិចារណា ជាពិសេស​ទស្សនៈ រមែង​ស្ថិតនៅ​ចន្លោះ​ត្រូង​និង​ខុស​។ ឥរិយាបថ​នេះ មិន​ខុសពី​ឥរិយាបថ​របស់​អ្នកប្រាជ្ញ​ចិន ឡៅ ជឺ ដែល​សរសេរ​គម្ពីរ​តៅ (Toa Te Ching​) តៅ​ក្លែងក្លាយ គឺជា​តៅ​ដែល​អាច​និយាយ​រៀបរាប់​ប្រាប់​អ្នកដទៃ​បាន [...]។ បើ​បាន​អាន​ដល់​ចប់​គម្ពីរ​តៅ តែ​លុះ​ត្រលប់​មក​អាន​ទំព័រ​ដើម​វិញ គឺ​យើង​នឹង​ឃើញថា អ្នកនិពន្ធ​ប្រាប់​រួចហើយ​ថា <គំនិត​ដែល​សរសេរ​ចេញ​មក គឺ​មិន​ពិត​ទេ ព្រោះ​អាច​រៀបរាប់​ពន្យល់​ដល់​អ្នកដទៃ​បាន​>

 

ខ្ញុំ​សូម​បកស្រាយ​ពី​ហេតុផល​ដែល ឡៅ ជឺ ធ្វើបែប​នេះ គឺ​ព្រោះតែ​សភាព​នៃ​គំនិត វា​រមែង​ងាយស្រួល​គិត តែ​សភាព​នៃ​ការអនុវត្ត រមែង​ពិបាក​បន្តិច។ ពាក្យ​ងាយស្រួល ងាយ​យល់ តែ​ពិបាកធ្វើ។ ពាក្យពេចន៍​សាមញ្ញ តែ​មនុស្ស​ធ្វើតាម​មិនបាន។ ទ្រឹ​ស្តី​ពុទ្ធនិយម​បាន​បង្រៀន​ពី​សេរីភាព​នៃ​ការ​ជឿ ការ​គិត ឬការ​ស្របតាម ឬការយល់​តាម។ ខ្ញុំ​សុំ​សង្ខេប​ចំណុច​ខ្លះ​ទាក់ទង​នឹង​គម្ពីរ​កាលាម​សូត្រ ដែល​មាន​ដូចជា ការ​ឮតៗ​គ្នា ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​ផ្អើល​តាម​ហ្វូង មាន​មនុស្ស​ច្រើន ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​ប្រៀបផ្ទឹម​ឃើញថា​ត្រូវ​ដូច​នឹង​គម្ពីរ ឬសៀវភៅ​ណាមួយ ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​កាត់​ន័យ​យក ឬការ​ដៅ​ស្មាន​ៗតាម​បែប​អនុមាន ក៏​ជឿ​ថាត្រូវ​ឬខុស។ ប៉ុន្តែ​ខុស​ឬត្រូវ វា​អាស្រ័យតែ​ទៅលើ​លទ្ធផល​ដែល​បាន​អនុវត្ត​គំនិត ដ្បិត​បើ​លទ្ធផល​ល្អ គឺ​ហៅថា ត្រូវ​ ឬបើ​លទ្ធផល​អាក្រក់ គឺ​ហៅថា ខុស​។ ក្នុងចំណោម​ទស្សនៈ​វិទូ​ក្រិក​បុរាណ​ទាំងប៉ុន្មាន ខ្ញុំ​ពេញចិត្ត​នឹង​គំនិត​របស់​សូ​ក្រាត ដែល​ស្រដៀង​ព្រះពុទ្ធ ព្រោះ​សូ​ក្រាត​ឱ្យ​តម្លៃ​ទៅលើ​ការពិចារណា​ខុសត្រូវ​ដោយខ្លួនឯង​របស់​មនុស្ស​ម្នា​ក់ៗ។ សូ​ក្រាត​ជា​អ្នកប្រាជ្ញ​ដែល​បដិសេធ​ខ្លួនឯង​ថា​គ្រូ ឬជា​អ្នកបង្រៀន​អ្នកដទៃ ដ្បិត​ដោយ​មូលហេតុ​លោក​យល់ថា គរុកោសល្យ ឬក្បួន​ក្នុង​ការ​បង្រៀន គឺ​ត្រូវ​ជំរុញ​ឱ្យ​មនុស្ស​ប្រើប្រាស់​សមត្ថភាព​គិត​ដោយខ្លួនឯង និង​រៀន​ដោយខ្លួនឯង​

 

សូ​ក្រាត ពោល​ថា ខ្ញុំ​ពុំ​មាន​សមត្ថភាព​បង្រៀន​នរណា​ម្នាក់​ពី​ចំណេះដឹង​អ្វីមួយ​ទេ តែ​ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​ឱ្យ​មនុស្ស​គិត​ដោយខ្លួនឯង [ប្រើប្រាស់​សមត្ថភាព​នៃ​ការ​គិត​ពិ​ចា​រណារ​រកហេតុផល​]។ ដោយហេតុនេះ​ហើយ ទើប​ទស្សនវិជ្ជា​របស់​សូ​ក្រាត គឺជា​ការបង្កើត​សំណួរ និង​ប្រើប្រាស់​ពាក្យ ចម្ងល់ ឬការ​មន្ទិល​ ជាគោល​ដែល​ជា​មធ្យោបាយ​នៃ​ការរៀនសូត្រ។ នេះ​ជា​គំនិត​សម្រាប់​ពិចារណា​មួយ ហើយក៏​ជា​ផ្លូវ​នៃ​ការ​រីកចម្រើន​សង្គម​ដែរ ដែល​ផ្ទុយពី​សង្គម​ខ្មែរយើង គឺ​មនុស្ស​ចូលចិត្ត​បង្ហាត់​បែប​បង្គាប់បញ្ជា​ឱ្យ​គិតទៅ​តាមរបៀប​ដែល​អ្នកបង្រៀន​យល់ថា​ត្រូវ។ ក្នុង​គំនិត​របស់​អ្នកប្រាជ្ញ​ឥណ្ឌា អូស្ហូ (Osho​) បាន​បង្ហាញ​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​នៃ​មនុស្សលោក​ខាងលិច​និង​លោក​ខាងកើត ដ្បិត​ម្ខាង​ៗគឺ​ពាក់កណ្តាល។ ម្ខាង​គឺជា​ក្រុម​ដែល​ឱ្យ​តម្លៃ​លើ​ការអនុវត្ត​និយម ឬវិទ្យា​សាស្រ្ត រី​ឯម្ខាងទៀត​ឱ្យ​តម្លៃ​លើ​ចិត្ត​វិញ្ញាណ ឬពិភព​នៃ​ចិត្ត (Spirituality​)។ បើ​ចំពោះ​ខ្មែរយើង​វិញ មាន​បញ្ហា​ខ្លះ គឺ​ងុប​ងល់​ដោយ​អវិជ្ជា​នឹង​រឿង​ដែល​មើល​មិនឃើញ​នឹង​ភ្នែកទទេ។ ចរិត​អ្នក​តក្កៈ ឬច​រិត​អ្នក​វិទ្យាសាស្រ្ត គឺ​ឱ្យ​តម្លៃ​ទៅលើ​អ្វី​ដែល​ភ្នែក​មើលឃើញ ឬអ្វី​ដែល​ជា​រូបធាតុ តែ​អ្នក​ចិត្ត​វិញ្ញាណ ឬអ្នក​យល់​ពី​ព្រលឹង ឱ្យ​តម្លៃ​លើ​អ្វី​ដែល​ភ្នែក​សាច់​មើល​មិនឃើញ។ ចំណុច​នេះ គឺ​ចំណុច​នៃ​ការយល់​ម្ខាង​ម្នាក់ តែ​អ្នកមាន​ប្រៀប គឺ​អ្នកមាន​ចំណេះដឹង យល់ដឹង​ច្បាស់​ខាង​លោកិយ​ផង ហើយ​យល់ដឹង​ច្បាស់​ផ្នែក​ចិត្ត​វិញ្ញាណ​ថែមទៀត។

 

យើង​អាច​ក្រឡេក​មើល​ថយក្រោយ​នា​សម័យ​អាណាចក្រ​ខ្មែរ ។ ខ្ញុំ​មិនសូវ​ចង់​សរសេរ​សំណេរ​បែប​ចិត្ត​វិញ្ញាណ​ទេ ព្រោះ​វា​ពិបាក​យល់ ហើយ​ក៏មិន​អាច​យល់​ដល់​ដែរ ​សម្រាប់​អ្នក​គ្មានការ​ពិសោធ។ ប្រធានបទ​ដែល​ចង់​បង្ហាញ គឺជា​បញ្ហា​អត្តនោម័តិ ឬមិន​អត្តនោម័តិ។ បញ្ហា​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ទាស់ទែងគ្នា គឺ​ការ​ចង់ឱ្យ​អ្នកដទៃ​យល់​ដូច​ខ្លួន​យល់ ឬបើជា​មេដឹកនាំ​វិញ គឺ​ចង់ឱ្យ​ពលរដ្ឋ​គិត​តាមរបៀប​ខ្លួន​គិត។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​យល់ តែង​ដឹង​ថា លើ​លោក​យើង​នេះ យើង​មិន​អាច​បង្ខំ ឬធ្វើ​ឱ្យ​នរណា​ម្នាក់​យល់​ដូច​យើង​បានទេ លុះត្រាតែ​បុគ្គល​នោះ​បាន​ពិចារណា​យល់​ដល់​ដោយខ្លួនឯង​រួចហើយ​។ ទោះជាយ៉ាងណា​ក៏ដោយ អ្វី​ដែល​យើង​បាន​ធ្វើ គឺ​ធ្វើរួចហើយ។ យើង​បាន​តាំងចិត្ត​ដោយចេតនា​ល្អ​ប្រាប់​នូវ​អ្វី​ដែល​យើង​យល់ រី​ឯអ្នកដទៃ​យល់ស្រប ឬមិន​យល់ស្រប​តាម វា​លែង​ក្លាយទៅជា​រឿង​របស់​យើង​ទៀតហើយ។ ជា​ការចែក​រំលែក​បន្ថែម ជាពិសេស​ចំពោះ​យុវ​ជនក្រោយៗ​, សង្គម​យើង​មាន​វប្បធម៌​ចាស់ ដែល​ពិបាក​នឹង​ហែល​ឆ្លង​ឱ្យ​ផុត ទាំង​វប្បធម៌​នៃ​ការ​គិត ការ​និយាយ ការប្រព្រឹត្តិ និង​ការណ៍​ដែល​ហៅថា​ត្រូវ ឬខុស។ ក្នុង​ការកំណត់​អ្វីមួយ​ថាត្រូវ ឬខុស គឺ​យើង​ត្រូវ​ពិចារណា​ពឹង​ផ្នែក​ទាំង​លើ​ផ្នែក​តក្ក​ហេតុ ឬហេតុផល ឬឡូហ្ស៊ីក និង​ពឹង​ផ្អែក​លើ​ផ្នែក​ចិត្ត​វិញ្ញាណ មនសិការ និង​ជាពិសេស​ផ្នែក​ចិត្ត​សាស្រ្ត។

 

បញ្ហា​ខ្លះ វា​ត្រូវ​ក្នុង​បរិបទ​នៃ​ការ​គិត​ផ្នែក​ហេតុផល តែ​បែរជា​ខុស​ក្នុង​បរិបទ​ចិត្ត​វិញ្ញាណ ឬដួង​ព្រលឹង។ រី​ឯបញ្ហា​ខ្លះទៀត វា​ត្រូវ​ក្នុង​បរិបទ​ចិត្ត​វិញ្ញាណ ឬដួង​ព្រលឹង ឬមនសិការ តែ​វា​ខុស​ក្នុង​បរិបទ​ហេតុផល ឬតក្កវិជ្ជា។ យើង​ត្រូវ​ព្យាយាម​ថ្លឹង​ឱ្យ​ស្មើរវាង​ការពិចារណា និង​ការ​ពាល់​ដោយចិត្ត​ខាងក្នុង។ យើង​ត្រូវ​យល់​ឱ្យ​ត្រូវ (ជាផ្នែក​ខាងក្នុង​ចិត្ត ឬ Right understanding​) និង​ពិចារណា​តាម​ហេតុផល​ឱ្យ​ត្រូវ (ជាផ្នែក​គំនិត​តក្កៈ ឬ Right thought​) ព្រោះ​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង វា​តែង​យឹត​យោងគ្នា ប្រៀប​ដូចជា​ព្រលឹង​និង​កាយ​ត្រូវ​ពឹង​គ្នា​អ៊ីចឹង​ដែរ។ បើ​ចិត្ត​ពាល់​មិន​ត្រូវ គឺ​មានហេតុ​ផល​តម្រង់ ឬបើ​ហេតុផល​គិត​ត្រូវបែប​តក្កៈ តែ​ខុសពី​ចិត្ត គឺ​ចិត្ត​យល់​ត្រូវ​នឹង​តម្រង់​ការ​ត្រិះរិះ។ ទុក្ខ​អរិយ​សច្ចៈ ដែល​ព្រះសម្មា​សម្ពុ​ទ្ធបាន​សម្តែង គឺ​ពុំ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​នា​សម័យនេះ​ជ្រាប​ដល់​សន្តាន​នៃ​ចិត្ត​ទេ ដ្បិត​មនុស្ស​ខ្លះ​ហាក់ដូចជា​ឱ្យ​តម្លៃ​អ្វី​ដែល​មិនមែនជារបស់ខ្លួនឯង ច្រើនជាង​អ្វី​ដែល​ជា​របស់ខ្លួនឯង​ពិតប្រាកដ។ មូលហេតុ គឺ​ប្រហែលជា​មាន​ពីរ៖ ទី១ ព្រោះ​មនុស្ស​មាន​អវិជ្ជា និង​តណ្ហា ជាការ​ដឹកមុខ​, និង​ទី២ ព្រោះ​មនុស្ស​មានតែ​វិជ្ជា តែ​ពុំ​អាច​ប្រយុទ្ធ​ឈ្នះ​តណ្ហា​ខ្លួនឯង​បាន។ វិជ្ជា​ដែល​ពុំ​អាច​ទៅដល់​ការ​ពិសោធ គឺ​កម្រ​នឹង​ប្រយុទ្ធ​ឈ្នះ​តណ្ហា​ខ្លាំង​ណាស់។ ការ​ឈ្នះ​អ្នកដទៃ​មិន​ពិបាក​ដូច​ការ​យកឈ្នះ​ខ្លួនឯង​ទេ។ តើ​យើង​ទទួលអារម្មណ៍​បែបនេះ​? គំនិត​ដែល​យើង​គិត​យល់ មិន​ប្រាកដ​ថា​ពាល់ រី​ឯគំនិត​ដែល​យើង​អាច​ពាល់ត្រូវ ក៏​មិន​ប្រាកដ​ថា​យើង​អាច​គិត​យល់​ដែរ។ សម​ហេតុផល ឬពាល់ ឬពាល់​ផង សម​ហេតុផល​ផង​?

កុំខ្វល់ពីសម្ដីអ្នកដទៃមើលងាយអី



កុំខ្លាចការចាប់ផ្តើមជាថ្មី

កុំខ្វល់ពីខ្សែភ្នែកនៃការពេបជ្រាយពីអ្នកដទៃ

ដរាបណាជីវិតថ្លៃ នៅតែដកដង្ហើមដោយច្រមុះខ្លួនឯង

 

ជារឿងដែលគួរឲ្យសោកស្តាយ

អ្នកដទៃមិនទុកឱកាសឲ្យយើង

តែគួរឲ្យសោកស្តាយជាងហ្នឹង

គឺយើងមិនទុកឱកាសឲ្យខ្លួនឯង

 

ធាតជាកញ្ចក់មិនចេះមើលស្រាលអ្នកទេ

តែបើអ្នកខ្វះភាពជឿជាក់ អ្នកនឹងមើលស្រាលខ្លួនឯង

 

អ្នកដែលឆ្លាតពូកែពិតប្រាកដ មិនមែនជាអ្នកឈ្នះក្នុងជម្លោះទេ តែគឺអ្នកដែលចេះដកខ្លួនចេញពីការវិវាទតាំងតែចាប់ផ្តើម

 

អ្នកដែលប្រើជីវិតបានពេញថ្លៃបំផុត

គឺអ្នកដែលបានធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ

មិនមែនអ្នកដែលបានធ្វើនូវអ្វីដែលអ្នកដទៃចង់ឲ្យធ្វើទេ

 

កុំធ្វើជាមនុស្សឆ្លាតតែពិកាចិត្ត

ទោះជាសាមញ្ញជនមិនអាត្មានិយមមែនពិត តែមានញាតិមិត្តពេញស្រុកពេញភូមិ

 

គ្មានអ្នកណាល្អឥខ្ចោះគ្រប់មួយរយភាគរយទេ

មើលតែខ្មៅដៃទៅនៅមានជ័រលុបឲ្យកែឡើងវិញបាន

 

អ្នកណាគេពេបជ្រាយមើលស្រាលយើងក៏តាមតែគេទៅ

សូត្រតែបាលីឲ្យជាប់មាត់ទៅថា មិនមើលងាយខ្លួនឯងទៅបានហើយ

 

ត្រឹមតែមានឱកាសបានចែករំលែក បែងចែកគ្នាគិតទៅរកផ្លូវល្អនោះ ជីវិតខ្ញុំបវរល្អក្រៃពេកហើយ ៕

ការប្រព្រឹត្តិតាមកាលរបស់បុគ្គលពីរប្រភេទ?

 


ក្នុង​សមរភូមិ​សង្គ្រាម ចិត្តមេត្តា​ត្រូវ​ទុកចោល ដាវ​កាំបិត​គ្មាន​ភ្នែក ដ្បិត​បើ​យើង​គ្មាន​សមត្ថភាព​សម្លាប់​សត្រូវ គឺ​សត្រូវ​នឹង​សម្លាប់​យើង​វិញ។ នេះ​ជា​ល្បែង​ចាញ់​មួយ​-ឈ្នះ​មួយ ឬត្រូវតែ​មាន​មួយ​ស្លាប់​-មាន​មួយ​រស់ គ្មាន​ជម្រើស​ឈ្នះ​-ឈ្នះ​ទេ។ តើ​ហេតុអ្វី​ទើបបាន​ជា​ឃោរឃៅ​យ៉ាង​ដូច្នោះ​? ការណ៍​នេះ​ពុំ​អាច​ហៅថា​ជា​ការណ៍​ឃោរឃៅ​ទេ តែ​វា​ជា​ក្រឹត្យក្រម​នៃ​ច្បាប់​ធម្មជាតិ។ ក្នុង​នយោបាយ ក្បាល​និង​កន្ទុយ គឺ​មនុស្ស​អាច​ស៊ី​បាន​ដូចគ្នា សំខាន់​ឱ្យ​តែ​ស៊ី​កើត។ យើង​តែង​តែឮ​ទ្រឹ​ស្តី ឆ្មា​ស ឆ្មា​ខ្មៅ មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​វា​អាច​ចាប់​កណ្តុរ​បាន​។ ក្នុង​ឥរិយាបថ​យុទ្ធ​សាស្រ្ត អ្នកនយោបាយ​អាច​សម្រាប់​មនុស្សម្នាក់ តែ​ត្រូវតែ​រក្សា​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​នាក់។ ក្នុង​ន័យ​សេចក្តី​សុខ​មនុស្ស​ដ៏​ច្រើន គឺ​មនុស្សម្នាក់​ត្រូវតែ​ហ៊ាន​លះបង់​ខ្លួន​ដោយ​មិន​ស្តាយស្រណោះ។ មុន​ពេល​ឡើង​ប្រដាល់ កីឡាករ​ប្រដាល់ ត្រូវ​ឱន​គោរព ឬសំពះ​គូប្រកួត​ដែល​ខ្លួន​នឹង​ដាល់​យក​ចាញ់​ឈ្នះ។ តើ​គំនិត​នេះ​បង្ហាញ​បែប​ណា​?

 

ជ័យជម្នះ​របស់​ក្សត្រ​ក្នុង​គ្រា​សង្គ្រាម គឺ​ការពារ​នរ​គមិន​ឱ្យ​សត្រូវ​ឈ្លានពាន​បាន។ រី​ឯជ័យជម្នះ​ក្រោយ​សង្គ្រាម គឺ​រៀបចំ​ប្រទេស​ឱ្យ​រុងរឿង​រីកចម្រើន ប្រជាជន​មាន​ហូប​មាន​ចុក​គ្រប់គ្រាន់ គ្មាន​ទំនាស់​ផ្ទៃក្នុង។ នេះ​ហើយដែល​យើង​ហៅថា ទំនួល​ខុសត្រូវ​ ដែល​គ្មាន​អ្នកណា​អាច​បន្ទោស​បានទេ។ ខ្ញុំ​សុំ​ចូល​មក​បញ្ហា​កីឡាប្រដាល់​វិញ ដែល​មុន​ប្រដាល់ គឺ​មាន​វប្បធម៌​ឱន​គោរព តំណាង​ទឹក​ចិ​ត្ត​រៀង​ៗខ្លួន​ដោយ​ស្មោះ។ សម្រាប់​មនុស្ស​ដែល​ចិត្តទូលាយ​មែនទែន​, គោរព គឺ​ត្រូវតែ​គោរព ហើយ​គោរព​ចេញពី​ចិត្ត​ដ៏​ស្មោះ​សទៀ​តផង តែ​ដល់ពេល​វាយ ក៏​មិន​អាច​បន្ធូរដៃ​បាន​ដែរ។ ពេល​វាយ គឺ​ត្រូវតែ​ប្រឹង​ឱ្យ​មែនទែន យកឈ្នះ​ឱ្យ​ខាន​តែ​បាន ដ្បិត​គ្មាន​អ្នកណា​ត្រូវ​អាណិត​អ្នកណា​ទេ ព្រោះ​វា​ជា​ទំនួល​ខុសត្រូវ។ មនុស្ស​ដែល​អាច​យល់​ច្បាស់​ពី​ទំនួល​ខុសត្រូវ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​សភាព​ចិត្តជា​បុគ្គល​ស្គាល់​ខ្លួនឯង។ រី​ចំពោះ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង គឺ​តែង​វង្វេង​ដោយសារតែ​មនោសញ្ចេតនា ឥត​គិត​ប្រយោជន៍​រួម និង​បោះបង់​ទំនួល​ខុសត្រូវ​ចោល។ តើ​អ្វី​ជា​ការប្រព្រឹត្តិខ្លួន​ឱ្យ​សម​តាមកាល​?

 

ក្នុង​សង្គម​យើង យុវជន​ត្រូវ​ចេះ​បែងចែក​ចរិតមនុស្ស​សំ​ខាន់​ៗពីរ​ប្រភេទ ដែល​ប្រភេទ​ទី១ គឺ​ចរិត​អ្នកនយោបាយ និង​ប្រភេទ​ទី២ គឺ​ចរិត​អ្នកសាសនា។ ជាក់ស្តែង ខ្ញុំ​មិន​ចង់​វែកញែក​ពី​រឿង​ពីរ​នេះ​ទេ ព្រោះ​យល់ថា​ក្រែងលោ​មាន​ប៉ះពាល់​អារម្មណ៍។ ប៉ុន្តែ​ជា​ការចែក​រំលែក​សម្រាប់​ជា​ចំណេះដឹង​ពិ​ចា​រណា និង​ជា​ប្រយោជន៍​ដល់​យុវជន ជាពិសេស​បើ​យើង​ដឹង គឺ​យើង​នឹង​ចេះ​បែងចែក​ចរិតមនុស្ស ​រវាង​អ្នកសាសនានិង​អ្នកនយោបាយ ដោយ​ឈរ​លើ​កាលៈទេសៈ​ជាក់ស្តែង​។ បើ​និយាយ​ក្នុង​ន័យធៀប នយោបាយ គឺជា​ធាតុ​រូប។ កាលណា​មាន​រូប គឺ​មានទុក្ខ ហើយ​ទុក្ខ​នេះ​ជា​បញ្ហា​សង្គម។ រី​ឯ​សាសនា គឺជា​ធាតុ​នាម។ នយោបាយ គឺជា​កាយ រី​ឯសាសនា គឺជា​ព្រលឹង។ អ្នកនយោបាយ​គ្រប់គ្រង​រូបរាងកាយ ការរស់នៅ ជីវភាព​សង្គម។ ចំពោះ​អ្នកសាសនា គឺ​បំពាក់​ដួង​ព្រលឹង ថែរក្សា​ផ្លូវចិត្ត អប់រំ​មនោ និង​ធ្វើ​យ៉ាង​ណាឱ្យ​បរិស័ទ​មាន​សន្តិភាព​ផ្លូវចិត្ត។ នយោបាយ ក៏​សង្គម​អត់​ពុំ​បាន ហើយ​សា​សា​នា​ក៏​សង្គម​អត់​ពុំ​បាន។ បើ​អ្នកសាសនា និង​អ្នកនយោបាយ ជា​បក្ស​ពួក​តែមួយ មាន​ទំនាក់ទំនង​នឹង​​គ្នា​ជា​ប្រព័ន្ធ គឺ​បុគ្គល​ទាំងពីរ​ប្រភេទ​នេះ​នឹង​ក្លាយ​ទៅជា​​អ្នក​បត់​សង្គម​ផ្តាច់​មុខ។ តើ​យើង​ត្រូវ​បែងចែក​ចរិត​អ្នកនយោបាយ និង​អ្នកសាសនា​ដោយ​របៀបណា​?

 

ចរិត​អ្នកនយោបាយ ថ្វី​ដ្បិតតែ​បម្រើ​ពលរដ្ឋ តែ​ដើម្បី​បម្រើ​មនុស្ស​បាន​​ច្រើន ពេលខ្លះ​ទំនង​មាន​ឥរិយាបថ​ស្មោក​​គ្រោគបន្តិច។ ពេលខ្លះ​ទៀត ​ដោយបើ​សង្គម​មួយ​ដឹកនាំក្រុម​ផ្តាច់​ការ ឬក្រុម​គ្រួសារនិយម រមែង​ធ្វើ​ឱ្យ​យុត្តិធម៌​បាត់បង់ មិន​ឈរ​លើស​ច្ច​ភាព។ ស្ថានភាព​ដែល​ពលរដ្ឋ​រងទុក្ខ​វេទនា​ដោយសារតែ​ការ​ធ្វើនយោបាយ​មិន​បម្រើ​ជាតិ​បែបនេះ សឹងតែ​អ្នកខ្លះ​យល់ថា ចង់ឱ្យ​មាន​ពាល​ស៊ី​ពាល​ ព្រោះ​ការប្រព្រឹត្តិ​សេចក្តី​បរិសុទ្ធ​នៅ​ទីកន្លែង​ដែល​មិន​សមគួរ គឺ​បាន​មកវិញ​ត្រឹមតែ​ភាព​បរាជ័យ ប្រៀប​ដូចជា​បុគ្គល​ធ្វើល្អ​ខុស​មនុស្ស រមែង​មិន​មាន​​ប្រយោជន៍អ្វី​ឡើយ។ នេះ​គ្រាន់តែ​ជា​គំនិត​សិក្សា​ទូទៅ​អំពី​ចរិត​នយោបាយ​ប៉ុណ្ណោះ។ ពេល​យើង​ងាក​មក​​សង្កេតមើល​ចរិត​អ្នកសាសនា​វិញ គឺ​ទំនង​មាន​លក្ខណៈ​ខុសគ្នា​ស្ទើរ​តែ​ទាំងស្រុង។ អ្នកសាសនា ជាពិសេស​អ្នក​ចង់បាន​ឋានសួគ៌ រមែង​មានការ​ប្រព្រឹត្តិ​ទំនង​រកតែ​ឋានសួគ៌ ឋាន​សុខ​...។ សាសនា​ខ្លះ​ថ្កោលទោស​សង្គ្រាម។ អ្នក​សង្គ្រាម​ខ្លះ​ក៏​បួងសួង​សុំ​ឱ្យ​ខ្លួន​ធ្វើសង្គ្រាម​កាប់​សម្លាប់ ឈ្នះសត្រូវ​ក្នុង​សមរភូមិ​ប្រយុទ្ធ​​ផង​ដែរ។ ព្រះពុទ្ធ​សម្តែង​ថា ការ​កើតមក​ជា​មនុស្ស ជាម​ង្គល​ដ៏​ឧត្តម​។ មានជីវិត​កើតជា​មនុស្ស គឺជា​ឱកាស​ដ៏​ល្អ ដែល​អាច​ឱ្យ​មនុស្ស​ច្នៃ​ជីវិត​សាង​កម្ម​ល្អ​សម្រាប់​អនាគតជាតិ។

 

ជា​រួម​មក អត្ថបទ​នេះ​គឺ​សម្រាប់​ពិចារណា សង្កេតមើល​ចរិតមនុស្ស ជាពិសេស​អ្នកចេះដឹង ដោយ​មិនថា​អ្នកចេះដឹង​ក្នុង​មាគ៌ា​សាសនា ឬក្នុង​នយោបាយ​នោះ​ទេ។ ពេលណា​យើង​ចេះ​សង្កេត យើង​មើលឃើញ​ដោយហេតុ ព្រមទាំង​ធ្វើ​ឱ្យ​យើង​កាត់បន្ថយ​នូវ​ការ​ខឹង​សម្បា​ខុស​ទំនង ស្អប់​ស្រឡាញ់​តាម​អារម្មណ៍ ដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​សាសនា ឬដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​នយោបាយ។ ទង្វើ​ទាំងឡាយ​របស់​បុគ្គល​ម្នា​ក់ៗ គឺ​មាន​ចេតនា​ជា​ប្រធាន។ ដរាបណា​កាលៈទេសៈ​មិនទាន់​អំណោយផល​ទេ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​បង្ហាញ​ទង្វើ​ជាក់ស្តែង ដែល​ជា​ចេតនា​ខាងក្នុង​របស់​ខ្លួន​ឡើយ។ នៅពេល​ដែល​សង្គម​មិន​ស្រួល គ្មាន​អ្នកណា​ម្នាក់​អាច​រស់នៅ​បាន​សុខ​ស្រួល​ទេ។ ដូច្នេះហើយ ទើប​យើង​ឃើញ​ប្រវត្តិ​ជាហូរហែ​រម​កថា មាន​អ្នកសាសនា​ចេញ​មក​ចូលរួម​កសាង​សង្គម និង​ឈឺឆ្អាល​ពី​ការអប់រំ​មនុស្ស​ឱ្យ​គិត​សង្គម​មិន​តិច​ឡើយ កាល​បុរាណសម័យ​។ ខ្ញុំ​មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​អ្នក បាន​អាន​អត្ថបទ​នេះ​ហើយ អាច​យល់​ពី​ភាសា​ក្នុងចិត្ត​របស់ខ្ញុំ ឬពេលខ្លះ ខ្ញុំ​ក៏​បារម្ភ​ខ្លាច​ថា​អ្នកអាន អាន​ហើយ យល់​ខុសពី​អ្វី​ដែល​ខ្ញុំ​ចង់ឱ្យ​យល់​ផង​ក៏​មាន។ ជីវិត​ដែល​មាន​អារម្មណ៍​ថា សល់​ពេល​រស់នៅ​តិច ជិតដល់​ពេល​ស្លាប់ គួរតែ​ប្រើប្រាស់​ជីវិត​ឱ្យ​មានតម្លៃ​

____