Saturday, August 29, 2020
Thursday, August 20, 2020
រឿងមិនដូចគ្នា
ញុំមិនខ្លាំងពូកែឡូយឆាយ
ខ្ញុំមិនមែនល្អលើសលប់
ហើយខ្ញុំក៏មិនបានទៅមើលស្រាយអ្នកណាដែរ
ព្រោះដឹងច្បាស់ថា
កាលណាត្រូវគេមើលងាយវាឈឺចាប់
អ្នកណាចង់ខ្លាំង អ្នកណាចង់ពូកែ
មានក្រប៉ុនណា ក៏ស្រេចតែលោកទៅចុះ
ខ្ញុំសុំត្រឹមតែនៅក្នុងផ្លូវរបស់ខ្ញុំ។
ភ្ញាក់ឡើងជាមួយធម្មជាតិ
មានបាយបីពេល មិនឈឺក្បាលហាលថ្ងៃ
ជីវិតនេះពិតជាមានសេចក្តីសុខស្ងប់ហើយ ។
ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗ
សុទ្ធតែដើរឆ្លងកាត់ព្យុះភ្លៀងមកដូចគ្នា ទម្រាំបានមកដល់ថ្ងៃនេះ។
ប៉ុន្តែទោះបីក្រោមដំបូលមេឃតែមួយ ក៏កម្រិតបរិមាណនៃទឹកភ្លៀង
ហើយនឹងសភាពរាងកាយមនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ
កុំប្រៀបធៀប
អ្នកណាធ្ងន់ធ្ងរជាងអ្នកណា
អ្នកណាពិបាកជាងអ្នកណា
ប្រសិនបើអ្នកមិនបានស្ថិតក្នុងស្ថានការណ៍នោះទេ
អ្នកក៏គ្មានថ្ងៃយល់ពីអារម្មណ៍មួយនេះក្នុងពេលនោះដូចគ្នា។
ដូចនេះ
កុំចេះតែហ៊ានគិតជំនួស ហ៊ានសន្មត និងហ៊ានអារកាត់ថា
" គ្រាន់តែប៉ុណ្ណឹង
ហេតុអ្វីមិនអាចធ្វើបាន "
"រឿងប៉ុណ្ណឹង"
របស់អ្នកអាចមិនមែនជា
"រឿងប៉ុណ្ណឹង"របស់មនុស្សម្នាក់ទៀត
៕
Friday, August 14, 2020
ទំនុកចិត្តលើចំណេះដឹង
មនុស្សយើងម្នាក់ៗមានគោលបំណងចង់ចេះចង់ដឹងដូចៗគ្នា
ហើយការប្រើប្រាស់ចំណេះដឹង គឺដើម្បីទៅរកសេចក្តីសុខនៃជីវិតឱ្យខ្លួនឯង
ឬឱ្យគ្រួសារ ឬឱ្យសង្គមជាតិ។ ចំណុចដំបូងបំផុត គឺការស្វែងរកចំណេះដឹងឱ្យខ្លួនឯង។
បើមានចំណេះដឹងហើយ
គឺយើងនឹងអាចមានឱកាសច្រើនក្នុងការស្វែងរកសេចក្តីសុខឱ្យខ្លួនឯង។
លទ្ធភាពដែលអាចឱ្យយើងស្វែងរកសេចក្តីសុខឱ្យខ្លួនឯងបាន គឺជាការមួយដ៏ប្រសើរ
ដោយហេតុថា “យ៉ាងហោចណាស់
យើងមិនបានក្លាយទៅជាអ្នកនាំទុក្ខដល់អ្នកដទៃ”។ ប៉ុន្តែការដ៏ប្រសើនេះ
គឺជាការប្រសើរក្នុងកម្រិតមួយប៉ុណ្ណោះ បើធៀបនឹងបុគ្គលដែលមានចំណេះដឹង
ហើយប្រើប្រាស់ចំណេះដឹងបានជាទីពឹងដល់ជនដទៃ។ យើងអាចប្រៀបធៀបបានថា “មនុស្សដែលពុំបានអំពល់ទុក្ខដល់អ្នកដទៃ
គឺជាអ្នកប្រសើរ។ រីឯអ្នកដែលមានចំណេះដឹងហើយ
ហើយអាចបានជាទីពឹងចំពោះជនដទៃដ៏ច្រើន គឺជាជនដ៏ប្រសើរជាង។
ចំណេះដឹងដែលទុកបម្រើតែប្រយោជន៍ខ្លួនឯង អាចចាត់ទុកថាជាចំណេះអាត្មានិយម”។
ក្នុងសង្គម
យើងអាចឈ្វេងយល់ជាមេរៀនពីបុគ្គល ៣ប្រភេទ៖ ប្រភេទទី១ គឺអ្នកចេះដឹង
ចេះឈឺចាប់នឹងសេចក្តីឈឺចាប់របស់ជនទន់ខ្សោយដទៃ
ហើយក៏កើតមានចិត្តចង់ឈឺឆ្អាលជួយ។ ប្រភេទទី២ គឺជាអ្នកចេះដឹង
ដែលឃើញសេចក្តីអាក្រក់កើតឡើងក្នុងសង្គម តែមិនហ៊ានឈឺឆ្អាល។ ប្រភេទទី៣
គឺជាអ្នកមិនចេះដឹង តែចេះឈឺចាប់ ហើយចេះឈឺឆ្អាល។
កម្សោយពីធម្មជាតិនៃចំណេះដឹង
គឺអាចធ្វើឱ្យមនុស្សចេះដឹងបាត់បង់នូវគុណធម៌ម្យ៉ាងដ៏សំខាន់
ដែលគុណធម៌នោះ វាជាគុណធម៌នៃសេចក្តីក្លាហាន។ បុគ្គលដែលជាអ្នកមិនចេះដឹង
រមែងមានសេចក្តីក្លាហាន ព្រោះមិនដឹង រីឯអ្នកចេះដឹង រមែងគ្មានសេចក្តីក្លាហាន
ព្រោះបាត់គុណធម៌នៃសេចក្តីក្លាហាននេះឯង។ អ្នកមិនដឹង
តែហ៊ានលះបង់សេចក្តីសុខប្រឈមនឹងគ្រោះថ្នាក់ដោយមិនគិតពីខ្លួនឯង
គឺមិនប្រសើរដូចអ្នកចេះដឹង មានសេចក្តីក្លាហានហ៊ានលះបង់សេចក្តីសុខខ្លួនឯង
ទោះបីដឹងថាខ្លួននឹងជួបគ្រោះថ្នាក់ក៏ដោយ។
តើអ្វីជាភាពមានប្រៀបលើអ្នកដទៃរបស់អ្នកចេះដឹង?
ក្នុងសង្គមនីយមួយៗ
មនុស្សម្នាក់ត្រូវបានកំណត់ថាល្អ ឬអាក្រក់ ត្រូវ ឬខុស ទៅតាមបញ្ញត្តិនៃច្បាប់
បញ្ញត្តិនៃប្រពៃណី បញ្ញត្តិទំនៀមទំលាប់ និងបញ្ញត្តិវប្បធម៌។
អ្នកខ្លះព្យាយាមធ្វើអ្វីមួយ ដើម្បីឱ្យតែបានឈ្មោះថា “ខុសពីអ្នកដទៃ” តែអ្នកចេះដឹងពិតប្រាកដ
គឺពឹងលើភាពត្រឹមត្រូវ ច្រើនជាងសភាពតាមគេតាមឯង។
មានគ្នាច្រើនពុំប្រាកដថាត្រូវទេ រីឯមានគ្នាតិចក៏ពុំប្រាកដថាខុសដែរ ដ្បិតសំខាន់គឺគុណភាពនៃចំណេះដឹង។
អ៊ីចឹងហើយទើបមានទ្រឹស្តីបែបប្រជាធិបតេយ្យមួយលើកឡើងថា “សន្លឹកឆ្នោតត្រឹមតែ
១ សន្លឹក នៃពលរដ្ឋដែលមានចំណេះដឹងពិតប្រាកដម្នាក់
វាមានតម្លៃខ្ពស់ជាងសន្លឹកឆ្នោត ១០០ សន្លឹក នៃពលរដ្ឋដែលអវិជ្ជា ១០០ នាក់”។ តម្លៃនៃលទ្ធិប្រជាធិបតេយ្យ
តម្លៃនៃការចូលរួមពិតប្រាកដ គឺត្រូវវាស់វែងដោយគុណភាពនៃចំណេះដឹង
តែមិនមែនជារង្វាស់នៃបរិមាណច្រើនទេ។ ចំពោះយុវជនដែលស្រឡាញ់សង្គម
បើសិនជាចេះសង្កេតមើលកម្រិតចំណេះដឹងពលរដ្ឋនៅមូលដ្ឋាន រហូតដល់កម្រិតនិស្សិត
គឺយើងនឹងឃើញពីកម្រិតនៃចំណេះដឹង។ សម្រាប់ខ្ញុំ ពេលណាសង្កេតមើលយូរៗទៅ
ទើបដឹងថា “មិនដឹងថាយើងត្រូវចំណាយពេលវេលាច្រើនប៉ុនណា
ដើម្បីអាចកសាងមូលធនមនុស្សឱ្យស្គាល់ខ្លួនឯង
និងចេះប្រឹងប្រែងដើម្បីអ្នកជំនាន់ក្រោយ”។
តើអ្វីខ្លះដែលខ្ញុំបានឃើញជាក់ស្តែងក្នុងសង្គម?
សម្រាប់គ្រូបង្រៀន
សម្តីអប់រំដល់សិស្ស គឺស្មើនឹងសកម្មភាពធ្វើជាក់ស្តែងមួយ។
សម្រាប់បព្វជិតសាសនា ពាក្យសម្តីទន់ភ្លន់ដែលមានចិត្តល្អជាចេតនា
គឺស្មើនឹងសកម្មភាពជាក់ស្តែងមួយ។ សម្រាប់យុវជន ការមិនទាស់ទែងគ្នាហួសប្រមាណ
ឬការជួយកែលំអគ្នាក្នុងន័យស្ថាបនា ដែលមានចិត្តល្អជាចេតនា
គឺស្មើនឹងការធ្វើសកម្មភាពជាក់ស្តែងមួយ។ សម្រាប់អ្នកនិពន្ធ
ការស្វែងរកចំណេះដឹងថ្មីៗមកសាបព្រោះក្នុងសង្គម
ដែលមានចិត្តបរិសុទ្ធចង់ឱ្យសង្គមរីកចម្រើន គឺជាសកម្មភាពជាក់ស្តែងមួយ។
សម្រាប់អ្នកនយោបាយ ការកៀងគរមនុស្សឱ្យចេះសាមគ្គីគ្នាគ្នា
ដែលមានចិត្តចង់កសាងសង្គមជាចេតនាល្អ
គឺចាត់ទុកថាជាសកម្មភាពជាក់ស្តែងដ៏ប្រសើរមួយ។ ចេតនាគឺជាប្រធាននៃអំពើទាំងឡាយ។
កម្មគឺជាប្រធាននៃផលទាំងឡាយ។ ផលគឺជាផ្លែផ្កាដែលបានមកពីចេតនា
និងបានមកពីកម្ម ឬសកម្មភាពជាក់ស្តែង។ ប្រធានបទនេះ
បើសរសេររៀបរាប់ពីហេតុខាងដើម បកស្រាយពីបច្ច័យបង្កើតហេតុ
គឺវាអាចវែងអន្លាយបន្តិច។ ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់បំផុត
គឺជាបញ្ហាយុវជន។ ការត្រៀមខ្លួនរបស់យុវជន
គឺជារឿងដ៏សំខាន់បំផុតសម្រាប់កិច្ចការកសាងសង្គមនាពេលខាងមុខ។
តើយុវជនគួរត្រៀមខ្លួនអ្វីខ្លះ?
ដោយសារតែចំណងជើងនៃប្រធានបទ
ខ្ញុំដាក់ថា “ទំនុកចិត្តលើចំណេះដឹង”, អ៊ីចឹងអ្វីដែលខ្ញុំនឹងចែករំលែកជាគតិសម្រាប់ពិចារណា
ក៏វាទាក់ទងនឹងចំណេះដឹងផងដែរ។ អ្នកដែលបានគិតមុនគូរ ពេលណាចូលខ្លួនមកអនុវត្តសកម្មភាពជាក់ស្តែង
គឺនឹងបង្កបញ្ហាពីតូចទៅធំ។ ដើមដៃដំបូងនៃការងារដែលយុវជនទូទៅគួរធ្វើ
គឺដាក់ចិត្តដាក់កាយខិតខំរៀនសូត្រយកចំណេះដឹង ប្រឹងគិតពិចារណា
ហ្វឹកហាត់អប់រំចិត្តឱ្យឆាប់ចាស់ទុំ យល់ការរាក់ជ្រៅ ជាពិសេសទាក់ទងនឹងបញ្ហាសង្គមវិជ្ជា
និងនយោបាយ។ កាលណាយើងមិនយល់ពីសង្គម មិនយល់ពីជម្រៅនៃនយោបាយ
គឺយើងនឹងក្លាយទៅជាឧបករណ៍នយោបាយ។ ព្រះពុទ្ធសម្តែងថា “សេចក្តីបរិសុទ្ធ
ត្រូវធ្វើដោយខ្លួនឯង”។ ធម៌នេះ
គឺបង្រៀនមនុស្សឱ្យចេះពឹងលើខ្លួនឯងដើម្បីនឹងធ្វើសេចក្តីបរិសុទ្ធដល់ខ្លួនឯង
ហើយគ្មានអ្នកណាម្នាក់អាចធ្វើជំនួសយើងបានឡើយ។
ក្នុងទ្រឹស្តីមួយទៀតដែលនិយាយពីការបូជា ដែលធ្វើនូវកិរិយាពីរប្រភេទ៖
ទី១ គឺអាមិសបូជា និងទី២ គឺបដិបត្តិបូជា។ ការបូជាប្រភេទទី១
គឺជាប្រភេទនៃកិរិយាបូជានូវគ្រឿងសក្ការៈ ទៀន ធូប ផ្កា
និងការបូជាប្រភេទទី២
ជាប្រភេទកិរិយាបូជាដោយការប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវតាមធម៌វិន័យ។
ការបូជាដ៏ប្រសើរបំផុត គឺជាការបដិបត្តិតាមធម៌វិន័យ។
តើអ្វីជាលក្ខណៈនៃយុវជនដែលស្រឡាញ់សង្គម?
យុវជនដែលមានមនោសញ្ចេតនាពិតចំពោះសង្គម
គឺត្រូវឱ្យតម្លៃចំណេះដឹងឱ្យខ្ពស់ជាងអ្វីៗផ្សេងទៀត។ ក្រៅពីចំណេះដឹង
គឺត្រូវឱ្យតម្លៃសាមគ្គីភាពនិងផលប្រយោជន៍រួម។ យើងត្រូវយកចំណេះដឹងជាឧបាយ
ជាអាវុធ ដើម្បីកសាងសាមគ្គីភាព ព្រោះបើគ្មានសាមគ្គីភាពទេ
គឺយើងនឹងពុំអាចធ្វើការងារសំខាន់ៗឱ្យសម្រេចនូវជោគជ័យបានឡើយ។
ការប្រាកដថាចំណេះដឹងដែលយើងមាន វាអាចត្រូវឬខុស លុះត្រាណាតែយើងជាអ្នកសិក្សារៀនសូត្រ
ប្រឹងប្រែង គិតល្អិតល្អន់ម្តងហើយម្តងទៀត
និងប្រើចិត្តឧបេក្ខាក្នុងការពិចារណា។ កាលបើចំណេះដឹងយើងនៅទាប
គឺមានតែផ្លូវទាស់ ដ្បិតពេលណាយើងជជែក ឬបង្ហាញទស្សនៈ។
ខ្ញុំនិយាយអំពីការជជែកគំនិត ឬទស្សនៈ
តែមិនមែននិយាយពីការឃើញព្រឹត្តិការណ៍សង្គមទេ
ដ្បិតព្រឹត្តិការណ៍សង្គមជាក់ស្តែង យើងឃើញយ៉ាងណា
គឺវាប្រាកដជាយ៉ាងហ្នឹងហើយ។ បើសិនជាយើងប្រឹងប្រែង ចេះអត់ធ្មត់ សំងំរៀនស្ងៀមស្ងាត់
និងប្រើឱកាសដ៏ល្អនេះរៀនឱ្យបានច្រើន អានឱ្យបានច្រើន
ខិតខំពិចារណាឱ្យបានច្រើន
វានឹងឱ្យយើងកាត់បន្ថយការទាស់ទែងនឹងយុវជនដទៃទៀត។ អ្នកឆ្លាត
អ្នកត្រឹមត្រូវ គឺជាអ្នកអនុវត្តជាក់ស្តែង ដែលមានចេតនាសំខាន់តែម្យ៉ាងគត់
គឺ “បានលទ្ធផល
និងជាលទ្ធផលសម្រាប់ប្រយោជន៍”។ ចេតនានៃអត្ថបទនេះ
គឺខ្ញុំចង់ឱ្យយុវជនយើងមួយចំនួន
ងាកចិត្តមកចាប់អារម្មណ៍លើការសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង គិតឱ្យទូលាយ
បង្វឹកចិត្តឱ្យដូចមហាសមុទ្រ ហើយកាត់បន្ថយការត្រឹមតែទាស់ទែងគ្នានូវពាក្យសម្តីគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ
យើងពុំអាចភ្លេចសង្គមទេ។ ពេលណាយើងមានចំណេះដឹងច្បាស់លាស់ហើយ
ហើយប្រាកដថាចំណេះដឹងរបស់យើងពិតត្រឹមត្រូវហើយ
ទោះយើងទាស់ក៏មិនទាន់ហួសពេលដែរ។ គិតសង្គម ប្រឹងរៀន!!
ដើមឈើ
ដើមឈើពឹងខ្លួនឯងជាមុន
ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹង ឲ្យដល់អ្នកដទៃ
។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួន
រហូតទាល់តែបានដល់នូវសេចក្តីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន
រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។ មនុស្សនិងសត្វទាំងឡាយ
សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងតែពីគ្រឿងស្លៀកដណ្តប់
ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារបរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗ
រាប់មុខមិនអស់ ។ មនុស្សយើងកើតមកដើម្បីសាងខ្លួនឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា
និងសត្វលោកទាំងឡាយ ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ
ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ និងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់
ចំពោះកម្តៅថ្ងៃបាន ។ មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង
ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយនៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ
គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង ។ ស្លឹកឈើនៅពេលដែលធំពេញទី
ក៏រមែងផ្លាស់ប្តូរពីពណ៌ខៀវបៃតង មកជាពណ៌លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី
។ មនុស្សយើងក៏នឹងដល់នូវភាពមិនទៀងទាត់នៃជីវិត កើត ចាស់ ឈឺ
ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា
មនុស្សយើងកាលបើដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីឲ្យមនុស្សកើតមកក្រោយៗបំពេញកិច្ចការ
ជាបន្តក៏យ៉ាងនោះដែរ ។ គ្រប់យ៉ាងមានការប្រែប្រួលជានិច្ចឲ្យតែជាសង្ខារធម៌ ។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់មនុស្សសត្វទាំងឡាយ។
មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ ។
ដើមឈើជាធម្មជាតិ មាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។
គួរមើលដើមឈើជាតួយ៉ាង បានជាភស្តុតាងដាស់តឿនចិត្តដើមឈើទ្រាំក្តៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជម្រក ៕
Cr. អ.គ.ប.ស.វ
គិតថា នឹងមានសេចក្ដីសុខ
ពេលឃ្លាន អាហារគឺជាសេចក្តីសុខ ហូបឲ្យឆ្អែតល្មមៗនុ៎ះ
នឹងមានសេចក្តីសុខ ។
ពេលស្រេក ទឹកគឺជាសេចក្តីសុខ
ក្រេបមួយៗកុំឲ្យហួសហេតុនុ៎ះ នឹងមានសេចក្តីសុខ ។
ពេលក្រ លុយគឺជាសេចក្តីសុខ ចាយវាយឲ្យសមរម្យល្មមៗប្រមាណនុ៎ះ
សេចក្តីសុខនឹងកើតមានឡើង ។
ពេលហត់នឿយ ការបានសំរាកកាយចិត្ត ហ្នឹងហើយគឺជាសេចក្តីសុខ
សំរាកឲ្យបានគ្រប់គ្រាន់នុ៎ះ នឹងមានសេចក្តីសុខ ។
ពេលងងុយ ការបានគេងគឺជាសេចក្តីសុខ
ពេលដែលលង់លក់បានស្កប់ស្កល់ បន្ទាប់ពីភ្ញាក់ហ្នឹងហើយគឺជាសេចក្តីសុខ ។
ពេលមានស្នេហា ការបានចាប់ដៃគ្នា គឺជាសេចក្តីសុខ
រួមផ្សំនឹងការយកចិត្តទុកដាក់ចំពោះគ្នានុ៎ះ នឹងធ្វើឲ្យភាគីទាំងពីរមានសេចក្តីសុខ ។
ពេលបែកគ្នា ការនឹកគឺជាសេចក្តីសុខ មិនខឹង
មិនមួរម៉ៅ មិនក្តៅក្រហាយហ្នឹងហើយ គឺជាបុគ្គលអ្នកមានសេចក្តីសុខ ។
ជីវិតរបស់យើងត្រូវបានកំណត់ដោយទង្វើរបស់យើង
បើទោះបីខ្លួនមានជឿថា ព្រហ្មលិខិតជាអ្នកជួយកំណត់ក៏ដោយ តែវានៅតែកើតចេញពីទង្វើរបស់យើងដោយខ្លួនឯងដដែល
។
សេចក្តីសុខកើតចេញពីចិត្ត
មិនមែនស្ថិតលើមជ្ឈដ្ឋានខាងក្រៅ ទោះបីថាមជ្ឈដ្ឋានខាងក្រៅមានចំណែករួមផ្សំក្នុងការបង្កើតសេចក្តីសុខក៏ដោយ
។ តែបើចិត្តគ្មានសេចក្តីសុខ ទោះមជ្ឈដ្ឋានជុំវិញពោរពេញទៅដោយសេចក្តីរីករាយយ៉ាងណាក្តី
ក៏មិនអាចមានសេចក្តីសុខកើតឡើងសម្រាប់យើងដដែល ។
Cr. ព្រះចន្ទ-La Lune
Tuesday, August 4, 2020
អនុទិនទស្សនជីវិត ២០
ប្រភពកំណើតដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង
បិតាជាអ្នកផ្ដល់កំណើត មាតាជាអ្នកបង្កើតយើងមកក៏ពិតមែន
តែការឲ្យកំណើតនិងការបង្កើតយើងមកបានត្រឹមតែរូបកាយប៉ុណ្ណោះ ចំណែកចិត្ត
និងគុណសម្បត្តិផ្លូវចិត្តជារបស់យើងផ្ទាល់ខ្លួនដែលបញ្ជូនបន្តគ្នារាប់រយ រាប់ពាន់ជាតិមកហើយ
។ មាតាបិតារមែងសង្ឃឹមចង់ឲ្យកូនល្អ ចង់ឲ្យកូនឆ្លាតវៃ ចង់ឲ្យកូនខ្ពង់ខ្ពស់ដូចគ្នាៗទាំងអស់
តែចុះហេតុអ្វីមិនបានគ្រប់គ្នាអ៊ីចឹង? ក៏ព្រោះតែម្នាក់ៗមានកម្មជារបស់ខ្លួនជាប់មកនោះឯង
ប្រសិនបើមាតាបិតាកំណត់ជីវិតរបស់កូនបាន ប្រហែលជាកូនគ្រប់គ្នាគ្មានអ្នកណាល្ងង់ គ្មានអ្នកណាក្រនុ៎ះទេ
។
អនុទិនទស្សនជីវិត ១៩
ពូជពង្សផៅសន្តានដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង
ព្រោះវាមិនបែកចេញពីខ្លួនរបស់យើងទេ វាជាប់តាមយើងទៅគ្រប់ទីកន្លែង ប្រសិនបើកម្មល្អក៏ជួយឧបត្ថម្ភអបស្ទបជួយបើកភ្លើងខៀវឲ្យយើងទៅដោយស្រួល
តែបើកម្មអាក្រក់ក៏រង់ចាំស្ទាក់កាត់រារាំងធ្វើឲ្យយើងប្រព្រឹត្តទៅដោយមិនស្រួលឡើយ
ចេះតែកើតក្ក្ដៅដីក្រហាយ ចេះតែបង់ខាត រកស៊ីមិនចំណេញ រៀនមិនចប់ ព្រោះតែភ្លើងក្រហម គឺមានកម្មអាក្រក់ ។
ចំណែកខាងសាច់ញាតិបងប្អូនផៅសន្តានខាងក្រៅនោះ មិនអាចជាប់តាមគ្នាទៅបានគ្រប់ទីកន្លែងទេ
ជួលកាលជួបគ្នាមិនដល់ ១០-២០ ឆ្នាំផងក៏បែក អ្នកខ្លះទៀតក៏មិនបានជួបគ្នា
ប៉ុន្តែកម្មរបស់យើងជាប់តាមយើងទៅគ្រប់ទីកន្លែង គ្រប់ជាតិភព
សមដូចព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងថា "កម្មពន្ធុ_កម្មជាពូជពង្សផៅសន្តានរបស់យើង"
។
សំណេរបែបខ្ចីអំណាច?
សំណេរបែបខ្ចីអំណាច?
[គួរអានសម្រាប់ស្មេរសង្គម]
យុវជនដែលបានអានអត្ថបទនេះ
គឺប្រៀបដូចទទួលបានពន្លឺមួយដែលអាចបើកផ្លូវបង្ហាញឱ្យយើងទទួលបានគំនិត
វិធីសាស្រ្ត ឧបាយ និងសិល្បៈក្នុងការបញ្ចេញគំនិត
ឬការយល់ឃើញរបស់ខ្លួនតាមរយៈសំណេរ។ គំនិតរបស់ខ្ញុំតាំងពីដើមរៀងមក
ខ្ញុំហាក់នៅមានចិត្តស្ទាក់ស្ទើរក្នុងការចែករំលែកនូវឧបាយនៃការសរសេរអត្ថបទបែបនេះ។
មូលហេតុ គឺដោយសារតែខ្ញុំបារម្ភខ្លាចថា “ស្មេរដែលចរិតមិនទាន់ចាស់ទុំ
នឹងប្រើប្រាស់ឧបាយសរសេរអត្ថបទបែបនេះខុសផ្លូវ
ដោយពុំបានគោរពទៅតាមគោលការណ៍សុចរិតធម៌ សីលធម៌ គុណធម៌ និងផលប្រយោជន៍រួម”។
វិជ្ជាជាអំណាច តែបើវិជ្ជារណបអំណាច គឺហៅថា “ពាល”។
វិជ្ជាអាចត្រលប់ទៅជាពាល បើកាលណាមនុស្សប្រើប្រាស់ចំណេះដឹងខុសសីលធម៌
និងមិនគិតគូរពីគោលការណ៍នៃប្រយោជន៍រួម។ ចំណេះវិជ្ជា បើកាន់តែខ្ពស់
គឺកាន់តែគ្រោះថ្នាក់ ដោយមិនថាជាគ្រោះសម្រាប់សង្គម
ឬជាគ្រោះថ្នាក់សម្រាប់ខ្លួនឯងទេ
ដ្បិតបើយើងប្រើមិនស្របនឹងគោលការណ៍ត្រឹមត្រូវ។ មនុស្សមានវិជ្ជា
កាលបើមិនមានសេចក្តីល្អក្នុងខ្លួនទេ
គឺនឹងយកវិជ្ជាទៅប្រើប្រាស់ក្នុងផ្លូវខុសជាក់ជាមិនខាន។
តើហេតុអ្វីខ្ញុំនិយាយពីសេចក្តីល្អខាងក្នុង សុចរិតធម៌ សីលធម៌ គុណធម៌
មុនចូលដល់ខ្លឹមសារអត្ថបទ?
ចម្លើយនៃសំណួរខាងលើនេះ
គឺត្រូវឆ្លើយបែបចោទសួរត្រលប់ទៅវិញថា “តើហេតុអ្វីយើងចង់ក្លាយខ្លួនទៅជាអ្នកនិពន្ធឬជាស្មេរ?” សំណួរដែលបានសួរ
គឺជាចម្លើយ។ ការធ្វើកិច្ចការអ្វីមួយ គឺត្រូវការហេតុផលសមស្រប
ជាហេតុផលពិតប្រាកដ មិនមែនហេតុផលបែបស្រោបសម្បកដូចឈើគ្មានខ្លឹម។
កិច្ចការដែលលំបាកបំផុត វាជាកិច្ចដែលធ្វើយកមែនទែន
ធ្វើដោយមានបុព្វហេតុត្រឹមត្រូវ ធ្វើដោយពិតប្រាកដ
មិនមែនធ្វើតាមអារម្មណ៍ចង់តែម្យ៉ាងទេ។ កិច្ចការដែលងាយបរាជ័យបំផុត
គឺជាការងារដែលយើងចង់ធ្វើក្នុងន័យផ្សេង ជាពិសេសចង់ ព្រោះឃើញប្រយោជន៍
ចង់បានមុខមាត់ ចង់ល្បីឈ្មោះ ចង់ព្រោះតណ្ហា។
តើយើងចង់ធ្វើជាអ្នកនិពន្ធព្រោះអ្វី? តើយើងចង់សរសេរព្រោះអ្វី?
តើងារជាអ្នកនិពន្ធ មានប្រយោជន៍អ្វីចំពោះយើង ឬក៏ចំពោះសង្គម
ឬក៏មានប្រយោជន៍អ្វីខ្លះដល់យើងផង និងដល់សង្គមផង? តើយើងបានត្រៀមខ្លួនរួចរាល់កម្រិតណា?
តើយើងមានឆន្ទៈពិតកម្រិតណា? តើយើងហ៊ានប្រឈមនឹងបញ្ហាជាក់ស្តែងកម្រិតណា?
តើយើងស្គាល់ខ្លួនឯងច្បាស់ក្នុងកម្រិតណា? មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គឺយើងត្រូវសួរខ្លួនឯងឱ្យអស់។
បើយើងកាន់តែសួរខ្លួនឯងបានច្រើនប៉ុនណា
យើងក៏ដឹងចម្លើយច្រើនប៉ុណ្ណោះដែរ។ តើអ្វីជាសំណេរបែបខ្ចីអំណាច
ឬខ្ចីឥទ្ធិពលអ្នកដទៃ?
សំណេរបែបខ្ចីអំណាច
វាប្រៀបដូចជាការជជែកដេញដោលផ្ទាល់មាត់ ដែលពាក់ព័ន្ធនឹងការធ្វើឱ្យអ្នកដទៃសុខចិត្តស្របតាម
ឬមិនស្របតាម។ ពេលយើងចង់និយាយពីប្រធានបទមួយ តើយើងត្រូវធ្វើបែបណា
ទើបអ្នកដទៃជឿតាម និងស្របតាម? មែនទែនទៅ វិធីសាស្រ្តសរសេរបែបនេះ
វាក៏មិនខុសគ្នាពីការជជែកដេញដោលផ្ទាល់នោះដែរ។ ការជជែកដេញដោលទាំងឡាយ
គឺក្នុងគោលបំណងធ្វើឱ្យអ្នកស្តាប់ទទួលយល់ស្រប
ឬមិនយល់ស្របនូវអ្វីដែលយើងចង់បង្ហាញឬអះអាង។ ក្នុងសំណេរខ្ចីអំណាច
គឺអ្នកនិពន្ធត្រូវការអំណាច ៣ធំៗ៖ អំណាចទី១ គឺអំណាចនៃទឡ្ហីករណ៍ (power
of argument) ដែលមានលក្ខណៈជាភស្តុតាងជាក់ស្តែង ស្ថានភាពជាក់ស្តែង
កាលៈទេសៈជាក់ស្តែង ប្រកែកមិនបាន។ បើសរសេរពីប្រវត្តិសាស្រ្ត
គឺត្រូវរកភស្តុតាងជាក់ស្តែងមកបង្ហាញ ទីតាំងកើតហេតុជាក់ស្តែងមកអះអាង
ឬជាវត្ថុតាងជាក់ស្តែងមកធ្វើជាទឡ្ហីករណ៍។ អំណាចទី២ គឺអំណាចនៃឥទ្ធិពល
ឬអាជ្ញា (power of authority) ដែលសំដៅទៅលើការប្រើប្រាស់គំនិតរបស់អ្នកមានឥទ្ធិពលក្នុងសង្គមបុរាណឬសម័យ។
គំនិតរបស់អ្នកមានឥទ្ធិពល អាចជាអ្នកប្រាជ្ញ មនុស្សមានអំណាច
មនុស្សដែលសង្គមទទួលស្គាល់។ អំណាចទី៣ គឺជាអំណាចនៃការបញ្ចុះបញ្ចូល (power
of persuasion) ឬការលួងលោមអ្នកអានឱ្យជឿតាម ឱ្យស្របតាម
ឬប្រឆាំងអ្វីដែលបានលើកមកបង្ហាញ។ ការសរសេរសំណេរខ្ចីអំណាច
គឺត្រូវមានធាតុទាំងបីខាងលើ ដ្បិតបើយើងចង់សរសេរពីអ្វី
គឺត្រូវមានគំនិតគាំទ្រ យកកាលៈទេសៈជាក់ស្តែងមកបង្ហាញ
ដែលអាចឱ្យអ្នកអានគាំទ្រ និងបញ្ចុះបញ្ចូលបែបចិត្តសាស្រ្តរុញឱ្យអ្នកអានយល់ស្រប
ឬមិនយល់ស្របតាមចេតនារបស់យើង។ ក្នុងនាមជាអ្នកនិពន្ធ
ហេតុអ្វីត្រូវការឧបាយក្នុងការសរសេរ?
អ្នកដែលអាចមានសមត្ថភាពសរសេរសំណេរបែបខ្ចីអំណាចបាន
លុះត្រាតែជាស្មេរដែលមានចំណេះដឹងច្រើនគួរសម ដឹងប្រភពគំនិតយ៉ាងសម្បូរបែប
បានស្រាវជ្រាវគំនិតច្រើនប្រភព មានការចងចាំនូវគំនិតនានាច្បាស់លាស់ល្អ
ចេះស្គាល់កាលៈទេសៈជាក់ស្តែង
ព្រមទាំងអាចច្របាច់គំនិតជាមួយកាលៈទេសៈសង្គមបញ្ចូលគ្នា
រួចហើយវិភាគបានស៊ីជម្រៅរហូតបង្កើតបានជាគំនិតថ្មីដែលអាចពិចារណាបាន។
ខ្ញុំនឹងសាកល្បងបកស្រាយក្នុងន័យចិត្តសាស្រ្ត
ឬធម្មជាតិនៃចិត្តរបស់មនុស្ស។ សត្វមាន់ចូលចិត្តអង្ករ ឬចំណីលើដី
ដ្បិតទោះបីយើងយកដុំមាសទៅបោះលើដី
តែសត្វមាន់នឹងជ្រើសរើសយកគ្រាប់អង្ករ។
ចំពោះធម្មជាតិនៃមនុស្សក៏ស្រដៀងគ្នាដែរ ដ្បិតបើមនុស្សណាមានលក្ខណៈបែបណា
មានចរិតបែបណា មានចំណង់ចំណូលចិត្តបែបណា ខ្លួនគេក៏នឹងពេញចិត្តចាប់យក
ឬជ្រើសរើសរបស់នោះទៅតាមចិត្តខាងក្នុងរបស់ខ្លួន។ ឧទាហរណ៍ មានមនុស្ស៣នាក់
ជាអ្នកមើលរឿងសាមកុកដូចគ្នា ហើយម្នាក់ៗសុទ្ធតែមានចរិតលក្ខណៈដែលជាសន្តានខុសៗគ្នា។
បើមនុស្សម្នាក់ជាមនុស្សមានល្បិចច្រើន មានកិរិយាជាមនុស្សមានកល
កាលបើបានមើលរឿងសាមកុក គឺនឹងចាប់យកចំណុចល្បិចកលពីក្នុងរឿង, ឬបើមនុស្សណាមានចរិតលក្ខណៈជាមេដឹកនាំ
ក៏នឹងមើលឃើញចំណុចនៃភាពជាអ្នកដឹកនាំ ហើយចាប់យកចំណុចនៃភាពជាអ្នកដឹកនាំពីក្នុងរឿង។
ប៉ុន្តែបើអ្នកណាម្នាក់មានចរិតលក្ខណៈជាអ្នកសាសនា
គឺនឹងមើលឃើញចំណុចអប់រំផ្លូវចិត្តពីក្នុងរឿង។
នេះជាឧទាហរណ៍ដ៏ងាយយល់អំពីចរិតធម្មជាតិ ឬសន្តាននៃមនុស្សម្នាក់ៗ។
ជាធម្មជាតិមនុស្ស បុគ្គលគិតអ្វី គឺនឹងនិយាយនោះ។ បុគ្គលនិយាយបែបណា
នឹងផ្ចង់កាយវិការធ្វើនូវសកម្មភាពនោះ។ បុគ្គលធ្វើនូវសកម្មភាពណា
គឺនឹងមានវាសនាបែបនោះ។ តើមានទំនាក់ទំនងគ្នាបែបណារវាងគំនិត
និងមនុស្សដែលបង្ហាញគំនិត?
លើលោកយើងនេះ
ពុំមានបុគ្គលណាម្នាក់អាចបដិសេធថា “មិនបានរៀនសូត្រពីអ្នកប្រាជ្ញ
ឬបុគ្គលពីអតីតកាលទេ
ពីព្រោះពុំមានបុគ្គលណាម្នាក់កើតមកចេះស្រាប់សោះឡើយ។
មនុស្សដែលបដិសេធគម្ពីរក្បួនខ្នាតចោល ច្រើនជាមនុស្សគិតអ្វី ធ្វើអ្វីតាមទំនើងចិត្ត
គ្មានផែនការ គ្មានគោលការណ៍...”។
ក្នុងការសិក្សារៀនសូត្រ យើងជាមនុស្សសម័យថ្មី
រមែងរៀនសូត្រតៗគ្នាពីអ្នកជំនាន់មុន
ឬពីអ្នកចេះដឹងដែលបានស្លាប់បាត់ហើយ។ ក្នុងពិភពនៃសំណេរ
ឬចំណេះដឹងពិភពលោកទាំងអស់ យើងត្រូវមើលប្រភពដើមនៃវប្បធម៌ ឬសាសនា
ដ្បិតដោយសារសង្គមខ្លះមានវប្បធម៌ប្រកាន់យកសាសនាព្រះពុទ្ធ អ៊ីចឹងទើបសំណេរ
ឬចំណេះដឹង ឬរបៀបរបបសង្គម ក៏មានព្រលឹងបែបពុទ្ធនិយមដែរ។
បើប្រភពវប្បធម៌ជាគ្រិស្តសាសនា គឺសំណេរ ចំណេះដឹង ការផ្សព្វផ្សាយ ឬផ្នត់គំនិត
ឬរបៀបរបបរស់នៅ ក៏មានព្រលឹងបែបគ្រិស្តសាសនាដែរ។
តួយ៉ាងដូចជាអ្នកប្រាជ្ញខ្មែរយើងពីបុរាណសម័យ ដែលទទួលឥទ្ធិពលពីឥណ្ឌា
និងពីទ្រឹស្តីពុទ្ធនិយម ក៏មានព្រលឹងបែបពុទ្ធនិយម
ឬផ្នត់គំនិតបែបព្រហ្មញ្ញសាសនាដូចគ្នាដែរ។
គំនិតទាំងឡាយនឹងត្រូវបានច្នៃប្រតិដ្ឋ និងនវានុវត្តន៍ (Innovation) ឱ្យត្រូវតាមសម័យកាល និងសមស្របតាមកាលៈទេសៈសង្គមជាក់ស្តែង។
នេះមានន័យថា “គំនិតចាស់
បូកនឹងគំនិតថ្មី បង្កើតបានជាលទ្ធផលដោយឡែកផ្សេងមួយទៀត
និងអាចប្រើការណ៍បានក្នុងកាលជាក់ស្តែង”។
តើអ្វីជាស្នូលគំនិត ឬសម្បកគំនិត? នៅពេលណាយើងបានសិក្សាពីចរន្តគំនិត
ប្រភពគំនិត និងកាលៈទេសៈគំនិត គឺយើងនឹងចេះស្ទាបស្ទង់ ច្នៃប្រតិដ្ឋ
គិតបែបថ្មី លៃឱ្យគំនិតរត់ចេញទៅដល់ខួរក្បាលមនុស្ស
ឬចរិតមនុស្សក្នុងសង្គម។ ជាធម្មតា សំណេរដែលល្អ គឺត្រូវការគំនិតល្អ
ពីព្រោះគំនិតជាខ្លឹមនៃសំណេរ
ប្រៀបដូចជាខ្លឹមមនុស្សស្ថិតនៅត្រង់ចំណេះវិជ្ជា។
រីឯវិធីសាស្រ្តខ្ជាក់គំនិត
ឧបាយបង្ហាញគំនិត គឺប្រៀបនឹងសម្បកសម្រាប់ស្រោបគំនិត។
ពេលណាយើងមានគំនិតច្រើន យើងអាចខ្ជាក់គំនិតតាមឧបាយជាច្រើនដូចជា
តាមរយៈកំណាព្យ តាមរយៈប្រលោមលោក តាមរយៈអត្ថបទពាក្យរាយ តាមរយៈការនិយាយ
តាមរយៈការឆ្លាក់ជាចម្លាក់។ គំនិតស្នូល គឺនៅតែជាគំនិតស្នូល
រីឯវិធីបញ្ជ្រាបគំនិត គឺមានច្រើនរបៀប ប្រៀបដូចជាដើមត្នោតមួយដើម
ដ្បិតបើយើងចង់យកផ្លែទៅធ្វើនំក៏បាន ឬយកស្លឹកទៅប្រក់ដំបូលផ្ទះក៏បាន
ឬយកដើមទៅធ្វើឈើក៏បាន ឬកៀបយកទឹកត្នោតក៏បាន ឬកូរធ្វើជាស្ករត្នោតក៏បាន។
ខ្ញុំចង់ប្រៀបធៀបនឹង “គំនិតមេ
ឬខ្លឹមគំនិត ឬស្នូលគំនិត” ដ្បិតថាបើទោះបីយើងចង់យកគំនិតទៅបង្ហាញជាលក្ខណៈប្រលោមលោកក្តី
ឬកំណាព្យក្តី ឬជាអត្ថបទបែបណាក៏បានដែរ តែអ្វីដែលសំខាន់ គឺគំនិតស្នូល
ឬខ្លឹមគំនិតខាងក្នុងឯណោះទេ ដែលជាព្រលឹង។ គំនិតស្នូល ឬគំនិតមេ
ឬខ្លឹមគំនិត ប្រៀបដូចជាវត្ថុធាតុដើម។ អ៊ីចឹងហើយទើបខ្ញុំមានទស្សនៈថា “អ្នកនិពន្ធ
ត្រូវតែជាអ្នកអានច្រើន សិក្សាស្រាវជ្រាវច្រើនប្រភព
និងយល់ពីកាលៈទេសៈប្រើប្រាស់គំនិតឱ្យបានត្រឹមត្រូវ”។
តើអ្វីជាខ្លឹមសារស្នូលនៃអត្ថបទនេះ? អ្នកប្រាជ្ញមានច្រើន
គំនិតមានច្រើន សាសនាមានច្រើន។ បើមុជជ្រៅក្នុងការសិក្សារៀនសូត្រ
មុជជ្រៅក្នុងការស្វែងរក មុជជ្រៅក្នុងការស្រាវជ្រាវ
និងមុជជ្រៅក្នុងការចំណាយពេលវេលាឈ្វេងយល់ គឺយើងនឹងជួបគំនិតយ៉ាងច្រើន
ប្រៀបដូចជាសមុទ្រដែលកម្រនឹងរីងស្ងួត។ បរិមាណដ៏ច្រើននៃគំនិតនេះហើយ
ទើបធ្វើឱ្យយើងមានជម្រើសចាប់យកគំនិតមកសរសេរ។ បើយើងជាមនុស្សល្អ
យើងនឹងចាប់យកគំនិតល្អៗដើម្បីសរសេរ តែបើយើងជាមនុស្សមិនល្អទេ
គឺយើងនឹងចាប់យកគំនិតមិនល្អមកសរសេរ។
សំណេរបែបខ្ចីអំណាចនេះ វាមានលក្ខណៈគ្រោះថ្នាក់សម្រាប់អ្នកនិពន្ធដែលមិនស្គាល់ខ្លួនឯង
មិនស្គាល់ចរិតមនុស្សក្នុងសង្គម និងមិនមានចំណេះដឹងសង្គមវិជ្ជាជាក់ស្តែង។
ធម្មជាតិអ្នកអានក្នុងសង្គមយើង គឺងាយលង់ជឿគំនិតទាំងឡាយណាដែលសន្មតថា
“ជាគំនិតបុគ្គលអ្នកល្បីៗ
ជាគំនិតអ្នកប្រាជ្ញ ជាគំនិតទស្សនវិទូ ជាគំនិតមេសាសនាធំៗ។ល។
ប៉ុន្តែតាមការពិចារណារបស់ខ្ញុំ គឺថា “មិនមែនឱ្យគំនិតអ្នកប្រាជ្ញ
គឺសុទ្ធតែត្រូវទាំងអស់ទេ។ គំនិតខ្លះ វាមិនខុសទេ
តែខុសតែកាលៈទេសៈជាក់ស្តែងប៉ុណ្ណោះ។ គំនិតខ្លះទៀតមិនត្រឹមត្រូវទាំងអស់ទេ
តែវាអាចត្រូវបានតែមួយ ឬពីរកាលៈទេសៈប៉ុណ្ណោះ”។
ការអានសំណេរបែបខ្ចីអំណាច គឺត្រូវការអ្នកអានដែលចេះពិចារណាខ្ពស់បំផុត
ហើយអ្នកនិពន្ធខ្លួនឯង
ក៏ត្រូវជាអ្នកមានការសិក្សាស្រាវជ្រាវបែបស៊ីជម្រៅផងដែរ។
ក្នុងនាមជាអ្នកនិពន្ធ យើងត្រូវដឹងថា “គំនិតណាគួរយកមកសាបព្រោះក្នុងសង្គម
ហើយគំនិតណា មិនគួរយកមកសាបព្រោះ។ ពេលណា គួរគំនិតណា អាចសាបព្រោះបាន ឬពេលណា
គួរគំនិតណា មិនគួរសាបព្រោះបានជាដើម”។
អ្នកនិពន្ធដែលសរសេរសំណេរបែបខ្ចីអំណាចអ្នកដទៃ ឬខ្ចីអំណាចអ្នកប្រាជ្ញ
គឺគួរតែព្យាយាមសិក្សាឈ្វេងយល់ឱ្យបានច្រើនពីជម្រៅសាសនា ទស្សនវិជ្ជា
ភាពជាអ្នកដឹកនាំ សង្គមវិជ្ជា
ច្បាប់ជាក់ស្តែងរបស់រដ្ឋ...ជាពិសេសគួរអានព្រះត្រៃបិដកខ្មែរ (Tipiṭaka), អានគម្ពីរប៊ីប
(Bible), អានគម្ពីរគួរអាន (Quran) ឈ្វេងយល់ពីភាសិត ឬគំនិតក្នុងព្រហ្មញ្ញសាសនា។ល។ តើអ្នកនិពន្ធបែបណា
គួររៀនសរសេរសំណេរបែបខ្ចីអំណាច?
ការអានសៀវភៅ ឬគម្ពីរសាសនាបានច្រើន
វាជួយអ្នកនិពន្ធឱ្យយល់ពីកាលៈទេសៈនៃគំនិត
ការមិនប្រកាន់មាំហួសចំពោះគំនិត។ ឧបាទាន ឬការប្រកាន់មាំ
គឺជាគ្រឿងនាំឱ្យមនុស្សអវិជ្ជា កើតក្តីប្រមាថសាសនាដទៃ
ជាប់ក្នុងទ្រុងមាសនៃគំនិត ចេញមិនផុតទៅដល់ព្រៃនៃឥស្សរភាពជីវិត
ដូចទស្សនៈបែបពុទ្ធនិយមខ្មែរយើងថា “មានអវិជ្ជា ជាប្រភព
ងងឹតដូចយប់ គ្រប់វេលា”។ អ្នកនិពន្ធវ័យក្មេង
គួរសរសេរសំណេរបែបនេះជាដំបូង ពីព្រោះនេះជាវិធីរៀនសូត្រម្យ៉ាងដែរ
ដែលយើងអាចរៀនសរសេរផង ថ្នឹកនឹងការរៀនគិតផង និងរៀនស្រាវជ្រាវផង។
ក្នុងស្ថានភាពខ្លះទៀត “ពេលណាយើងមានគំនិតច្រើន ដឹងប្រភពគំនិតច្រើន
ពូកែស្រាវជ្រាវ ទោះយើងចង់សរសេរខ្ចីអំណាចអ្នកប្រាជ្ញក៏បាន
ឬចង់សរសេរបែបគំនិតខ្លួនឯងក៏បានដែរ”។ ក្រៅពីនេះ
សម្រាប់បញ្ញវន្តថ្នាក់ខ្ពស់
គឺប្រហែលជាចូលចិត្តការសរសេរបែបសំយោគគំនិតច្រើនជាង
[គំនិតខ្លះមិនឆ្ងាយពីគំនិតបុរាណៗ ឬខ្លឹមគំនិតពីអតីតកាលទេ
តែអាចខុសពាក្យពេចន៍ ឬដូចវិធីតែងកំណាព្យ កវីជំនាញខាងពាក្យណែងណង
រណ្តំចុងជួន ពីរោះពីសា...]។ ទោះយើងជាអ្នកនិពន្ធក៏ដោយ ឬជាអ្នកអានក៏ដោយ
ឬជាអ្នករៀនសូត្រក៏ដោយ គឺត្រូវប្រកាន់គោលការណ៍ “ធ្វើទង្វើជាក់ស្តែង” ក្រោយពីមានចំណេះដឹងហើយ
ចៀសវាងការទាស់ទែងគ្នានឹងគំនិត។ គំនិតច្រើន
គឺពិបាករកខុសរកត្រូវឱ្យប្រាកដណាស់ តែលក្ខខណ្ឌដែលកំណត់ថាគំនិតមួយត្រូវពិតប្រាកដ
គឺជាលទ្ធផលល្អនៃការអនុវត្តន៍គំនិត។ នៅចន្លោះគំនិត និងលទ្ធផល គឺជាសកម្មភាព។
សង្គមប្រជាធិបតេយ្យ
គឺត្រូវការការចូលរួមធ្វើ តែមិនមែនចូលរួមឈ្លោះទេ។
រកឱកាសធ្វើសកម្មភាពជាក់ស្តែង បើយើងជាអ្នកមានចំណេះដឹង។ មនុស្សគ្រប់គ្នាចង់និយាយ
ដ្បិតអ្នកខ្លះយល់ថាសម្តីអាចបង្ហាញពីចំណេះដឹងរបស់ខ្លួន ប៉ុន្តែសំឡេងដែលឮបំផុត
គឺជាសំឡេងនៃសកម្មភាពជាក់ស្តែងឯណោះទេ។ ដើរបានច្រើន
ទើបដឹងថាផ្លូវវែងឆ្ងាយ។ អានបានច្រើន ទើបដឹងថាចំណេះដឹងមានច្រើន
ច្រើនរកតែថាមួយណាខុស មួយណាត្រូវ មួយណាល្អ មួយណាអាក្រក់ ពុំបាន។
អ្នកនេះថាការគិតនេះត្រូវ អ្នកខាងនោះថាគំនិតនេះខុស។ល។ ចុងក្រោយបំផុត
យើងមិនគួរយកចំណេះដឹង មកដាក់ឱ្យខ្ពស់ជាងតម្លៃនៃបេះដូងដ៏បរិសុទ្ធទេ។
សូមឱ្យអត្ថបទនេះក្លាយទៅជាប្រយោជន៍សម្រាប់យុវជនដែលមានបំណងចង់ក្លាយទៅជាអ្នកនិពន្ធ។
ខ្ញុំសូមបញ្ជាក់ម្តងទៀតថា “តម្លៃនៃចំណេះដឹង
គឺស្ថិតនៅលើសីលធម៌ សុជីវធម៌រស់នៅ គុណភាពនៃជីវិត
និងការបានជាទីពឹងចំពោះអ្នកជំនាន់ក្រោយ”។
ប្រឹងរៀនសូត្រ ធ្វើយ៉ាងណាឱ្យស្គាល់ខ្លួនច្បាស់ ដឹងផ្លូវខ្លួនឯងត្រូវទៅ
ព្រោះបើមិនអ៊ីចឹងទេ យើងនឹងវង្វេង។ ប្រឹងប្រែងរៀន ប្រឹងប្រែងស្រាវជ្រាវ
សហការគ្នា ធ្វើការសំខាន់៕