Sunday, July 19, 2015

មេរៀន​ជីវិត​១៥ ចំណុច​​ដែល​លោក​គួរ​រៀន​ មុន​ឈាន​ចូល​ដល់​​អាយុ ៣០


នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ ៣០ ឆ្នាំ អ្នក​អាច​នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​ភាព​ជោគ​ជ័យ​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​មុន​ពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​នេះ​ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៅ​មុន​ពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​នេះ​ តើ​អ្នក​ត្រូវ​ដឹង​និង​រៀន​អ្វី​ខ្លះ​ ? ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង ១៥ ដែល​អ្នក​ត្រូវ​ស្វែង​យល់ ។

១) មាន​ការ​អប់រំ​ល្អ​​ប្រសើរ​ជាង​មាន​សញ្ញាប័ត្រ

អ្នក​ត្រូវ​ដឹង​ថា​ទទួល​បាន​ការ​អប់​រំ​ពី​សាលា​រៀន​ជា​មួយ​នឹង​សញ្ញា​ប័ត្រ​ដែល​អ្នក​ទទួល​បាន​មិន​ប្រាកដ​ពិត​ជា​​អាច​ធ្វើ​ឲ្យ​អ្នក​ជោគ​ជ័យ​នោះ​ទេ ព្រោះ​ការ​អប់​រំ​ក្នុង​សាលា​មាន​ដែន​កំណត់។ ប៉ុន្តែ​សម្រាប់​ការ​អប់​រំ​ក្នុង​ជីវិត​ជាក់​ស្តែង​វិញ​គ្មាន​ដែន​កំណត់​នោះ​ទេ ហើយ​ការ​អប់រំ​ប្រភេទ​នេះ​អាច​នាំ​អ្នក​កាន់​កាន់​ភាព​ជោគ​ជ័យ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ ។

២) មាន​លុយ​មិន​អាច​ដោះ​ស្រាយ​គ្រប់​បញ្ហា​បាន​ទេ 

បញ្ហា​នៅ​ក្នុង​ជី​វិត​ជាក់​ស្តែង​ដែល​កើត​ឡើង​គឺ​មិន​អាច​ដោះ​ស្រាយ​ដោយ​លុយ​បាន​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​តែ​គ្រាន់​ថា​មាន​លុយ​អាច​ផ្តល់​ជម្រើស​ច្រើន​ដល់​អ្នក ។ សុភមង្គល​គ្រួសារ​ ការ​ងារ​ដែល​ជា​ចំណូល​ចិត្ត​ និង​មិត្ត​ភក្តិ​ស្មោះត្រង់​គឺ​មិន​អាច​ប្រើ​លុយ​ដើម្បី​នាំ​យក​មក​នោះ​ទេ​ ។

៣) អ្នក​ត្រូវ​ដឹង​ថា​ពេល​វេលា​សុទ្ធ​តែ​មាន​កំណត់ 

ពេល​វេលា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ដែល​ដើរ​ទៅមុខ​គឺ​ជា​របស់​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​ឲ្យ​វា​នៅ​នឹង​មួយ​កន្លែង​ដើម្បី​ចាំ​អ្នក​នោះ​ទេ​ ។ ប៉ុន្តែ​​អ្នក​ត្រូវ​តែ​​​​ធ្វើ​ឲ្យ​ពេល​វេលា​ទាំង​នោះ​មាន​តម្លៃ​គ្រប់​វិនាទី​ទាំង​អស់ សម្រាប់​ជីវិត​របស់​អ្នក​ ។

…បើ​អនុវត្ត​តាម​​​គោលការណ៍​​ចំនួន ៩នេះ នឹង​អាច​ជួយ​ឲ្យ​លោក​អ្នក​​​ក្លាយ​ជា​អ្នក​មាន​មុន​អាយុ​៣០បាន​…

៤) ត្រូវ​ដឹង​ថា​ទស្សនៈ​ អ្នក​ដទៃ​មក​លើ​ខ្លួន​អ្នក​មិន​មែន​ជា​បញ្ហា​​នោះ​ឡើយ 

ការ​ដឹក​នាំ​ជីវិត​ និង​គ្រប់​គ្រង​លើ​ផ្លូវ​ដើរ​ទៅ​ថ្ងៃ​មុខ​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ប្រ​សើ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ ជាជាង​ឲ្យ​អ្នក​ដ៏​ទៃ​មក​កំណត់​គោល​ដៅ​ជីវិត​ និង​ជា​អ្នក​សម្រេច​ចិត្ត​ជំនួស​អ្នក ។

៥) ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​

នៅ​ពេល​ដែល​អ្នក​កាន់​តែ​ធំ​ និង​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​អ្នក​នឹង​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ងាយ​ឲ្យ​អ្នក​ផ្សេង​មក​រារាំង​អ្នក​បាន​ ។ ភាព​លំបាក​ទាំង​ឡាយ​ក៏​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​កាន់​តែ​ខ្លាំង​ ។

៦) អោយ​តម្លៃ​លើ​ក្រុម​គ្រួសារ

នៅ​ពេល​ដែល​អ្នក​ធំ​ឡើង​អ្នក​នឹង​ដឹង​ថា​គ្រួ​សារ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំង​អស់​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​កំហុស​ធំ​ប៉ុណ្ណា​ក៏​ដោយ​ ក៏​ពួក​គេ​តែង​តែ​អត់​ទោស​ឲ្យ​អ្នក​ជា​និច្ច​ ។

៧) អ្នក​ត្រូវ​យល់​ពី​សារៈសំខាន់​នៃ​ការ​អភ័យ​ទោស

អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ហេតុ​ផល​ច្រើន​ដើម្បី​បញ្ចៀស​នូវ​រឿង​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​រសាយ​ចេញ​ពី​ចិត្ត​ ។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​ការ​អត់​អោន​និង​ការ​ភ័យ​ទោស​គឺ​ជា​រឿង​មាន​តម្លៃ​បំ​ផុត​ដែល​មនុស្ស​គ្រប់​រូប​ពិបាក​នឹង​ធ្វើ ។

៨) គោល​ដៅ​ជីវិត​ ពិត​ជា​មិន​​អាច​កើត​​ឡើង​​តាម​ការ​គ្រោង​ទុក

នៅ​ពេល​ដែល​អ្នក​នៅ​វ័យ​ក្មេង​អ្នក​តែង​មាន​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ធ្វើ​អ្វីមួយ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​ អ្នក​នឹង​អាច​ដឹង​ថា​ភាព​ជោគ​ជ័យ​ដែល​អ្នក​ចង់​បាន​ទាំង​នោះ​​មិនមែន​សុទ្ធតែ​​អាច​កើត​​ឡើង​តាម​​ពេល​វេលា​ដែល​អ្នក​គ្រោង​ទុក​នោះ​ទេ ។

៩)  អ្នក​មិន​អាច​ផ្លាស់​ប្តូ​អ្វី​មួយ​​បាន​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​​នោះ​ឡើយ​

ការ​ព្រួយ​បារម្ភ​ពី​អ្វី​មួយ​មិន​អាច​ជួយ​ផ្លាស់​ប្តូ​អនាគត​បាន​ទេ ប៉ុន្តែ​ការ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ទើប​ជា​ដំណោះ​ស្រាយ​ ដូច​ជា​ការ​លើក​ទឹក​ចិត្ត និង ជា​ការ​ផ្តល់​ក្តី​សង្ឃឹម ។

១០) រៀន​ឲ្យ​ទស្សនៈ​ពី​ភាព​ជោគ​ជ័យ​ដោយ​ខ្លួន​ឯង​

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​ ៣០ ឆ្នាំ អ្នក​នឹង​មាន​​​និយម​ន័យ​ផ្សេងៗ​ទៅ​លើ​ភាព​ជោគ​ជ័យ​ ដោយ​អ្នក​នឹង​យល់​ថា​វា​មិន​អាច​កើត​ឡើង​ដោយ​សារ​លុយ​ប៉ុណ្ណោះ​ទេ​ ដោយ​ផ្នែក​ខ្លះ​អាច​កើត​ឡើង​ទំនាក់​ទំនង​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ​  និង​ការ​មាន​សន្តិភាព​ផ្ទាល់​ខ្លួន​ ។

…នៅ​អាយុ​ក្រោម ៣០ លោក​អ្នក​គួរ​តែ​ចំណាយ​ពេល​ឲ្យ​មាន​តម្លៃ​ វិនិយោគ​លើ​បំណង​ប្រាថ្នា ៥ យ៉ាង​​នេះ…

១១) មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​នោះ​ទេ​

អ្នក​ត្រូវ​ស្វែង​យល់​ពី​មូល​ហេតុ​ថា​ហេតុ​អ្វី​អ្នក​មិន​គួរ​អាត្មា​និយម​ចំពោះ​ខ្លួន​ឯង​ ហើយ​អ្នក​ត្រូវ​តែ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​និង​បង្ហាញ​ទស្សនៈ​របស់​អ្នក​មក​ក្រៅ និង​រៀន​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​មនុស្ស​ខាង​ក្រៅ ។

១២) យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​អ្នក​និយាយ​ និង​របៀប​នៃ​ការ​និយាយ

អ្នក​ត្រូវ​ដឹង​ថា​រាល់​ពាក្យ​ដែល​អ្នក​និយាយ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិពល​ និង​ មាន​សារៈ​សំខាន់​ ចំពោះ​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​ ព្រោះ​សំដី​របស់​អ្នក​អាច​មាន​ទាំង​ផល​វិជ្ជមាន ​និង​អវិជ្ជមាន​ដែល​ជួយ​អ្នក​ស្វែង​រក​ឃើញ​ឥទ្ធិពល​ក្នុង​ពាក្យ​សម្តី​របស់​អ្នក ។

១៣) ភាព​សប្បាយ​អាច​កើត​ឡើង​ពី​​ទី​កន្លែង​ដែល​អ្នក​មិន​បាន​​រំពឹង​ទុក 

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​អ្នក​នឹង​អាច​ពេញ​ចិត្ត​ចំពោះ​​វត្ថុ​សាមញ្ញ​កាន់​តែ​ច្រើន​ គឺ​ជា​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​នូវ​ភាព​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​ ។

១៤) ជីវិត​កាន់​តែ​មាន​តម្លៃ​នៅ​ពេល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់ 

នៅ​ពេល​ដែល​អ្នក​មាន​លុយ​នៅ​ក្នុង​ដៃ​មួយ​ចំនួន​ក្នុង​វ័យ​ ២០ ឆ្នាំ អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​នូវ​ពេល​ដែល​អ្នក​មាន​លុយ​ចំនួន​ដដែល​នេះ​នៅ​ក្នុង​វ័យ​ ៣០ ឆ្នាំ ដោយ​អ្នក​នឹង​យល់​នូវ​សារៈ​សំខាន់​ និង​តម្លៃ​នៃ​លុយ​ ដែល​អ្នក​ត្រូវ​ចំណាយ​ឲ្យ​ត្រូវ​ខ្ទង់ ។

១៥) រៀន​ផ្តល់​តម្លៃ​ឲ្យ​បាន​ច្បាស់​ទៅលើ​ពាក្យ​ថា​មិត្តភាព

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​ចំណង​មិត្ត​ភាព​មិន​គួ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ ។ នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​ ៣០ អ្នក​អាច​នឹង​ចំណាយ​ពេល​ទៅលើ​មនុស្ស​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​តែ​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ ស៊ាន សំបុក
ប្រភពៈ http://www.thebnews.com/

សីលធម៌ចំពោះស្វាមីភរិយា



សុភមង្គល​នៃ​ជីវិត​គូស្វាមី​ភរិយា តាម​ទស្សនៈ​ពុទ្ធសាសនា គឺ​ស្ថិត​នៅ​លើ​សេចក្តី សុខ​នៅ​ក្នុង​គ្រួសារ​របស់ ខ្លួន ដែល​ហៅ​ថា​ សុខ​កាយ សប្បាយ​ចិត្ត ។ សុខ​កាយ គឺ ការ​ដែល​មិន​មាន​ជម្ងឺតម្កាត់​ផ្សេងៗ រាងកាយ​រឹងមាំ អវៈយវៈ ទាំង​អស់​មាន​សុខភាព មាំមួន ធើ្វ​ការងារ​បាន​គ្រប់​យ៉ាង​ទាំង​អស់។  សុខកាយ​ម្យ៉ាង​ទៀត​គឺ​ការ​ដែល​មាន បច្ច័យ ៤ គ្រប់​គ្រាន់ គឺ​មាន​ម្ហូប​អាហារ​ត្រឹមត្រូវ​តាម​ក្បួន​អនាម័យ មាន​សំលៀក បំពាក់ មាន​ផ្ទះ​សំបែង​និង មាន​ថ្នាំ​សំរាប់ ព្យាបាល​ជម្ងឺ។ សេចក្តី​សុខ​ខាង​កាយ​នេះ ជា​សេចក្តី​សុខ​ដែល​គេ ស្គាល់​គ្រប់​គ្នាហើយ​ដែល​គ្រួសារ​នីមួយ​ៗ​តែង​ប្រាថ្នា​។​ តែ សេចក្តី​សុខ​ប្រភេទ​នេះ មិន​ទាន់​គ្រប់​គ្រាន់​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​សុភមង្គល ទេ។ ហេតុ​បាន​ជា​ដូចេ្នះ ព្រោះ​ថា​បើ គ្រួសារ​(ស្វាមីភរិយា)នោះ​មាន​បច្ច័យ​៤​គ្រប់​គ្រាន់ មែន​តែ​អ្នក​ជា​មនុស្ស​ដែល ខ្វះ​សីល​ធម៌ ខ្វះ​ការ​កក់ក្តៅ​ក្នុង​ក្រុម​គ្រួសារ ប្តី​ប្រពន្ធ កូន​ប្រព្រឹត្ត​តែ​អំពើ​អបាយ​មុខ​ដែល​លោក ហៅ ថា ឆ្កួត​ស្រា ឆ្កួត​ស្រី ឆ្កួត​ល្បែងពាលា នោះ​ជីវិត​ស្វាមី​ភរិយា នឹង​មិន មាន​សេចក្តី​សុខ​ឡើយ។

អ្នក​មាន​ទ្រព្យ​ច្រើន តែ​ជួន​កាល​អ្នក​មិន​មាន​សេចក្តី​សុខ ដេក​លក់​ស្រួល​ស្មើ​នឹង ជីវិត​គូស្វាមីភរិយា​ខ្លះ​ដែល​ក្រទ្រព្យ សម្បត្តិ តែ​ចេះ​ស្រលាញ់​គ្នា​ល្អូកល្អឺន រស់​នៅ​ជា មួយគ្នា ក្នុង​សុខ​ដុមភាពឡើយ​។​ ដូច្នេះ សេចក្តី​សុខ​ខាង ផ្លូវ​ចិត្ត​ទើប​ជា​​សេចក្តី​សុខ ដែល​សំរាប់​បន្ថែមទៅ​លើ​សេចក្តី​សុខខាង​ផ្លូវកាយ ដើម្បី​ឲ្យសុភមង្គល​ខាង​ជីវិត​គូ ស្វាមី ភរិយា​មាន​តុល្យ​ភាព។

អត្ថបទ​ត​ទៅនេះ គឺ​ជា​កម្រងទស្សនៈ​ពុទ្ធសាសនា ដែល​បាន​ដកស្រង់​យក​អន្លើ ខ្លះ ពី​គម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើ​ខ្លះ​ទៀត​​ពី​សៀវភៅ «ជីវិត​អពាហ៌ពិពាហ៌» របស់​លោក​ធម្មបណ្ឌិត​ហេង មណី​ចិន្តា​និង​ពី​ច្បាប់​ផ្សេង​ៗ មក រៀប​រៀង និង​ពន្យល់ សេចក្តី​​ទុក​ជា​គតិណើរលើ​វិថី​ជីវិត​ដែល​សែន​លំបាក។  តម្លៃ​សីល​ធម៌​ចំពោះ ស្វាមី ភរិយា មាន​អ្វី​ខ្លះ​ដែល គួរ​សិក្សា និង​អនុវត្ត?

I. នាទី និង​សីល​ធម៌​ស្វាមី ចំពោះ​ភរិយា
ភរិយា, តាម​អត្ថន័យ, គឺស្ត្រីដែល​ស្វាមី​ត្រូវ​ចិញ្ចឹម, ត្រូវ​អនុគ្រោះ។ ការអ​នុគ្រោះ របស់​ស្វាមី​ចំពោះ​ភរិយា លោក បាន​ចែក​ធម្មៈ ៥ប្រការ សំរាប់​អនុវត្តគឺៈ

១‍. ស្រលាញ់​ភរិយា​ដ៏​ស្មោះ ដោយ​ប្រើ​​សំដី​ទន់ភ្លន់ ផ្អែមល្ហែម ទៅ​កាន់ ភរិយា, មិន​ប្រើ​ពាក្យ​សំដី​គ្រោតគ្រាត ទៅ កាន់​ភរិយា។
២. មិន​បៀតបៀន, មិន​មើល​ងាយ​​មើល​ថោក​ភរិយា ។
៣. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា (មិន​ក្បត់​ភរិយា) ។
៤. ប្រគល់​កិច្ចការ​សព្វ​យ៉ាង​នៅ​ក្នុង​ផ្ទះ អោយ​ទៅ​ភរិយា​កាន់​កាប់។
៥. ផ្គត់ផ្គង់​សំលៀក​បំពាក់ គ្រឿង​អលង្ការ​សម​គួរ​ដល់​ភរិយា។

ស្វាមី​ក៏​ត្រូវ​យល់ដឹង និង​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់ភរិយា ក្នុង​ឋានៈ​ជា ស្រី និង ជាភេទ​ទន់​ខ្សោយ គឺៈ​ ទុក្ខ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត នៅ​ពេលមាន​គភ៌ មិន អាច​ប្រើ​ឥរិយាបទ​ទាំង៤ (ដេក ដើរ ឈរ អង្គុយ) និង​ប្រកបកិច្ច ការ​បាន​ស្រួល, ទុក្ខ​នៅ​ពេល ឆ្លង​ទន្លេ​ប្រសូត​បុត្រ...។

II. នាទី និង​សីលធម៌​ភរិយា ចំពោះ​ស្វាមី
ក) ក្នុង​​ឋានៈ​ជា​ភរិយា
គប្បី​យល់​ដឹង​សីល​ធម៌ ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ
១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ មាន​បាយទឹក​ជា​ដើម​ដោយ​ផ្ចិតផ្ចង់, មើល រៀប​ចំ​ឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យ​មានសណ្តាប់​ធ្នាប់​រៀប​រយ​ស្អាត​បាត មានអនាម័យ ដូច​សុភាសិត​ថា «ដំណេក​ដេក​ជា​ខ្នាត  អោយ សំអាត​សំអាង​ជា ទើប ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្តី» ។
២. សង្គ្រោះ​ញាតិ​ខាងស្វាមី និង​ញាតិ​ខាង​ខ្លួន ឲ្យ​បាន​ស្មើ​មុខ​គ្នា រួម​ទាំង​បដិសណ្ឋារ កិច្ច ចំពោះ​បុគ្គល​ដែល​ស្វាមីរាប់​អាន ពេល​ដែល​ជន​នោះ​មក​ដល់ផ្ទះ។
៣. ថែទាំ​ទុក​ដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​បាន​មក, របស់​បាត់​ត្រូវ​តាម​រក, របស់ ចាស់​ត្រូវ​ជួស​ជុល ប្រើ, និង​ត្រូវ​ចេះ​ប្រមាណ ក្នុង​ការ​ប្រើទ្រព្យសម្បត្តិ ។

ត្រង់នាទី ទី៣ នេះ នារី​ជា​ភរិយា​ត្រូវចង​ចាំ​ពាក្យ​បុរាណ​ថាៈ
«ប្តី​ជា​អ្នក​រក ទ្រព្យធន​បាន​មក   ប្រពន្ធ​ទុក​ដាក់​ចាស់​ទុំ​បូរាណ   បាន​ពោល​បញ្ជាក់    អោយ​នាង​អោយ​អ្នក  ចង​ចាំ​គ្រប់​ប្រាណ។   សំណាប​យោង​ដី រី​ឯ​ស្រី​ៗ  យោង​ប្រុស សាមាន្យ (សាមញ្ញ)  ទោះ​មារយាទ​ខ្សោយ  ក៏​ដោយ​បើ​បាន  ស្រី​មាន​សន្តាន  ខ្ជាប់​ខ្ជួន​មួន​មាំ ។    តែង​បាន​ចំរើន  ទ្រព្យា​កើត​កើន  ព្រោះ​ស្រី​ថែ​ទាំ    ចាត់​ចែង​ទុក​ដាក់   ចេះ​លាក់​សន្សំ  សង្វាត​ខិត​ខំ រក្សា​ឲ្យ​គង់ » ។  « ខ្លែង​ហើរ​ដ្បិត​ខ្យល់  នាយ​ថ្កើង​ដ្បិត​ពល  រក្សា​ឲ្យ​សុខ   ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក   ដ្បិត​ភរិយា​ជា » ។
៤. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ( មិន​ក្បត់​ចិត្ត​ស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និង​ប្រឹង​ប្រែង​ជានិច្ច​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ព្រោះ​ខ្លួន​មាន នាទី​ជា « មេផ្ទះ, មេ​កិច្ចការ​ជា​ធំ​​ក្នុង​គ្រួសារ» ។​

ខ) របៀប​រស់​នៅ​របស់​ស្ត្រី (១)
នារី​ពេល​មាន​ស្វាមី​គប្បី​ចង​ចាំ​គឺៈ

           ១) ភ្លើង​ក្នុង​កុំ​នាំ​ចេញ​ក្រៅ,
           ២) ភ្លើង​ក្រៅ​កុំ​នាំ​ចូល​ក្នុង,
           ៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ,
           ៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ,
           ៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី​មិន​អោយក្តី,
           ៦) ត្រូវ​អង្គុយ​ដោយ​ស្រួលបួល,
           ៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល,
           ៨) ត្រូវ​ដេក​ដោយ​ស្រួល​បួល,
           ៩) ត្រូវ​បូជា​ភ្លើង  ឬ​បំរើ​ភ្លើង,
           ១០) ត្រូវ​ថ្វាយបង្គំ​ទេវតា​ក្នុង​ផ្ទះ ។

សេចក្តី​ពន្យល់ៈ
១) ភ្លើង​ក្នុង​កុំនាំ​ចេញ​ក្រៅ ។  មានន័យថា រឿង​រ៉ាវ​ណា​ដែល​សៅ​ហ្មង​ក្តៅ​ក្រហាយ មិនល្អ អាក្រក់ ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុម​គ្រួសារ​ខ្លួន, មាតាបិតាខ្លួន មិន ត្រូវ​នាំ​ចេញ​ទៅ​ផ្សាយ ដើរប្រាប់​គេ​ប្រាប់​ឯង ដោយ​ហោច​ទៅ​សូម្បី តែ​សាច់​ញាតិ​ខ្លួន ឡើយ។

២) ភ្លើង​ក្រៅ​កុំនាំ​ចូល​ក្នុង ។ មាន​ន័យ​ថា រឿង​ណា​ដែល​មិនល្អ មិនមាន ប្រយោជន៌ ជា​រឿង​ក្តៅក្រហាយ ហើយ មិន​ទាក់​ទង​នឹង​សាច់​រឿង​របស់​ខ្លួនទេ មិន គប្បី​នាំ​ចូល​​មក​ក្នុង​ផ្ទះ អោយ​ក្រុម​គ្រួសារ​បាន​ទទួល​ការ​ក្តៅក្រហាយ​ផងដែរ​នោះ ទេ។​ ទោះ​ជា​រឿង ក្តៅ​ក្រហាយ​នោះ​ទាក់​ទង​ទៅ​នឹង​កេរ្តិ៎ឈ្មោះ និង​ផល​ប្រយោជន៍ របស់​គ្រួសារ ឬ​ស្វាមី​ខ្លួន​ក្តី ក៏​ត្រូវ​រក​ឱកាស​និយាយ​ដែរ​ដើម្បី​កុំ​ឲ្យ​ក្តៅ​ទាំង​រឿង ក្តៅ ទាំង​មនុស្ស​ទៀត ។ មាន​ភរិយា​ខ្លះ ឃើញ​ស្វាមី​មក​ពី​ធើ្វការ​ហត់នឿយ ឬ​មាន​រឿង មុខ​មិន​ស្រួល​មក​ដល់​ផ្ទះ​មិន​ទាន់​ទាំង​ដាក់​គូថ​អង្គុយ​ផង ក៏​ស្រាប់​តែ​នាំ​យក​រឿង អាក្រក់​រឿង​ក្តៅ​ក្រហាយ​ទៅ​ពិត​ទូល​បញ្ឆេះ​ធ្វើឲ្យ​ស្វាមី​ដែល​កំពុង​ស្រួល​ៗ​នោះ ក្តៅ​ក្រហាយ ឆេះ​ភ្លាម​មួយ​រំពេច ។ ប្រការ​នេះនាង​ជាភរិយា​គួរ​យល់​ដឹង ។

៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ ។ មាន​អ្នក​មក​ខ្ចី​ទ្រព្យ​បើ​ជឿ​ទុក​ចិត្ត​ថា​នឹង​សង​វិញ សឹម​អោយ​ខ្ចី ។

៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ ។ បើ​មាន​អ្នក​មក​ខ្ចីទ្រព្យ​នោះ មិន​គួរ​ទុក​ចិត្ត​ថា​សងវិញ​ទេ មិន​ត្រូវ អោយ​ខ្ចី​ទេ ។ បើ​អោយ​ខ្ចី​ត្រូវ​គិត​ថា របស់​នោះ ទុក​ដូច​ជា​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ ។

៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី មិន​អោយ​ក្តី ។ ត្រូវ​តែ​អោយ​ដោយ​សង្ឃឹម ថា​សង​វិញ ឬ​មិន​សង​វិញ ដូច ជា​បងប្អូន​​ដែល​យើង​ត្រូវ​តែ​ជួយ​ដោះ​ទុក្ខ​ធុរៈ មួយ ទៀត​បាន​ដល់​ការ​ដាក់​ទាន​ដល់​ស្មូម​យាចក​រួម​ទាំងការ​ធ្វើ​បុណ្យទាន ដែល​ត្រូវ​ធ្វើជា ប្រពៃណី​របស់​យើង ។

៦) ត្រូវ​អង្គុយដោយ​ស្រួល​បួល ។ ត្រូវ​អង្គុយ​ដឹង​ខ្ពស់​ដឹង​ទាប,​ អង្គុយ​ប្រយ័ត្ន ប្រយែង មិន​ច្រងេង​ច្រងាង យះ​ដៃ​យះ​ជើង... ។

៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល ។ ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​អាហារ គឺ បរិភោគ​អោយ​ដឹង​មុន​ក្រោយ បរិភោគ​ជា​មួយ អ្នក​ណា ពេល​ណា​គួរ​បរិភោគ...។

៨)ត្រូវ​ដេក​ដោយ​ស្រួល​បួល។ គឺ​ការ​រៀប​ចំ​ដំណេក​អោយ​បាន​សមរម្យ​ស្រួល​បួល​រួម​ទាំង​ការ​ត្រៀម​វត្ថុ​ចាំ​បាច់​ ខ្លះ ពេល​ចូល​ដេក​កុំ​ឲ្យ​ពិបាក​ងើប​ដើរ​ឆ្ងាយទៅ​យក ។ ទំនៀមខ្មែរ​ពី​ដើម មុន​ដេក​ភរិយា ត្រូវ​មូរ​បារី អប់​ទឹក​ផ្តិល​ដាក់​ចុង​ជើង។  ក្នុង​រឿង​សិរី ៣ប្រការ​របស់ធម្មបាលមាណព  ដែល​ដោះ​ប្រស្នាជា​មួយ​កបិល​មហាព្រហ្ម បាន អធិប្បាយថាៈ  ពេល​ព្រឹក​សិរី​នៅ​មុខ  ដូច្នេះ​ត្រូវ​លុប​មុខ,  ពេល​ថ្ងៃ​សិរី​នៅ​ទ្រូង  ត្រូវ​លាប​ស្រឡាប​ដើម​ទ្រូង,  ពេល​ល្ងាច សិរី​នៅ​ជើង  ត្រូវ​លាង​ជើង​មុន​ពេល​ចូលដេក​  ។ ម្យ៉ាង​ទៀតៈ
= មិន​ត្រូវ​កន្លង​ជើង​ប្តី​ឬ​ខ្លួន​ប្តី ព្រោះ​ខ្មែរ​ប្រកាន់​ថា​ប្រុស​ៗ​មានគ្រូបាធ្យាយ កំណើត កាន់ ឬ​បើ​ប្តីជា​អ្នក​រៀន មន្តអាគម ក៏​នឹង​សាប​អស់។
= ត្រូវដេក​នៅ​ខាង​ឆ្វេង​ស្វាមី ឯ​ក្បាលដំណេក គួរដាក់​នៅ​ទិស​ខាង​ត្បូង ព្រោះ « ត្បូង » ប្រែ​ថា​ក្បាល ។
= គួរ​មើល​ឲ្យ​បាន​ច្បាស់​ពេល​ដេក មិន​ត្រូវ​បែរ​ជើង​ទៅ​រកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូប​ទេ ព្រោះ​ដូច​ជា​យើង​យក​ជើង​ទៅ​ធាក់​លោក​អញ្ចឹង ។
= ត្រូវ​ដេកប្រយ័ត្ន​ប្រយែង ក្រែង​លេច​កេរ្តិ៍ខ្មាស់ ឬ​ពេល​ងើប​ពី​ដេក​របូត​សំពត់ ជាដើម ។ ខ្មែរ​មាន​ទំនៀម​ថា  « ប្រពន្ធ​ត្រូវ ដេក​ក្រោយ​ប្តី និង​ភ្ញាក់ មុន​ប្តី​ » ព្រោះ លោក​យល់​ថា ប្តី​ធ្វើ​ការ​នឿយហត់​ពី​ថ្ងៃ ហើយ​ឯ​ប្រពន្ធ​នៅ​ផ្ទះ ដូច្នេះ​ត្រូវ​មើល ខុស ត្រូវ​រៀប​ចំទុក​ដាក់​ចានក្បាន​ឲ្យ​ហើយ, មើល​ទ្វារ​បង្អួច​ក្រែង​បិទ​មិន​ជិត, មើល​ភ្លើង ក្រែង​រាល​ឆេះ ។ល។ លុះ​ភ្ញាក់​ត្រូវ​ភ្ញាក់​មុន ព្រោះ​ម្យ៉ាង ដើម្បី​កុំ​ឲ្យ​ឃើញ​សភាព​មិន រៀបរយ​របស់​សំពត់​ខោ​អាវ​ពេល​ដេក និង​រៀប​ចំអាហា រពេល​ព្រឹក​សំរាប់​ស្វាមី​ផង​​ព្រម​ទាំង​បោសច្រាស​ផ្ទះ​សំបែង​​ឲ្យ​បាន​ស្អាត​បាត​ស្រេច​បាច់​ហើយ ម្យ៉ាង​ទៀត ក៏​មិន​គប្បី​ដេក​កណ្តាល​វាល​ដែរ ត្រូវ​មាន​អ្វី​បិទ​បាំង ឬ​ជាទី​កំបាំង​ភ្នែក​អ្នក​ផង ។

៩) ត្រូវ​បូជា​ភ្លើង ឬ​បំរើ​ភ្លើង ។ ក្នុង​ទីនេះ​បាន​ដល់​ស្វាមី​ដែល​ភរិយា​ត្រូវគោរព​បំរើ ប្រណិប័តន៌ ថ្នាក់​ថ្នម​រួម​ទាំង​ការ បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​ភេទ​ផង​ដែរ ។ ភ្លើង​នេះ​បើ​យើង​បូជា ឬ​បំ់រើ​មិន​ល្អ វា​នឹង​អាច​រលាក ឬ​ឆេះ​ដល់​នាង​ជា ភរិយាពិត ប្រាកដ ។

១០) ត្រូវ​ថ្វាយ​បង្គំ​ទេវតា​ក្នុង​ផ្ទះ។ ទេវតា​ក្នុង​ផ្ទះ​នេះ បាន​ដល់​មាតាបិតា​របស់​ខ្លួន​ក្តី របស់​ស្វាមី​ក្តី ដែល​យើង​នៅ​ជា​មួយ, និង​មួយ​ទៀត បាន​ដល់​គ្រឿង​សក្ការ​បូជា​ក្នុង​ផ្ទះ ដែល​យើង​ជឿ​គោរព​បូជា ។ ការ​បំរើ​មាតា​បិតា ការ​គោរព ប្រណិប័តន៍​លោក ថ្វាយ បង្គំ​លោក រមែង​បាន​នូវ​អានិសង្ស​និង​សេចក្តី​សុខ​ជាពន់​ប្រមាណ ព្រោះ​ព្រះសម្មា សម្ពុទ្ធ ​លោក​បាន​មាន​ពុទ្ធ​ដី​កា​ថាៈ មាតា​បិតា​ជា​ព្រះព្រហ្ម​របស់​កូន​ផង ជា​ទេវតា ដើម​ផង ជា​គ្រូ​ផង និង​ជា​អហុនេយ្យ​បុគ្គល របស់​កូន​ផង កូន​ណា​គោរព​បូជា បុណ្យ រមែង​កើត​ដល់​កូន​ប្រុស​ស្រី​នោះ​មិនដាច់ ។

ក្រៅ​ពី​ឱវាទ​ទាំង ១០ នេះ នៅ​មាន​ឱវាទផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា ពាក្យ​ទូន្មាន​ចំពោះ​ស្ត្រី​ដែល​នឹង ត្រូវ​មាន​ស្វាមី ។ ជា​ពិសេស នៅ​ក្នុង​រឿង​វិធូរបណ្ឌិត ជាតក នៅ​ពេល​ដែល​នាង​វិមលា ដែល​ជា​មហេសី​ស្តេច​នាគ​ផ្តាំដល់​បុត្រី គឺ​នាង ឥរន្ទវតី មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ស្វាមី​​គឺ​បុណ្ណកយក្ស។អ្នក​ប្រាជ្ញបណ្ឌិត​យើង បាន​រៀបរៀង​តែង​ពាក្យ​កាព្យ​ឡើង​ឈ្មោះ​ថា « ច្បាប់ស្រី » មាន​លំនាំ​ជាបទ ភុជង្គ លីលា ដែល​ខ្មែរ​យើង​និយម​អោយ​កូន​ស្រី ទន្ទេញ​ណាស់ ។​

ដំណើរ​រួម​រស់​នៃ​ស្វាមី​ភរិយា មិន​មែន​សំរាប់​តែ​សេចក្តី​សុខ​ស្រួល​ទាំង​ផ្លួវកាយ​ទាំង ផ្លូវចិត្ត​នៅ​ក្នុង​ផ្ទះ​មួយ​ជា​មួយ គ្នា​ប៉ុណ្ណោះ​ទេ ។ គូ​ស្វាមី​ភរិយា ត្រូវ​ចេះ​ឆ្លៀត​ទាញ យក​ប្រយោជន៍​អំពី​ភាព​ស្និទ្ធស្នាល​នៃ​ការ​រួមរស់​ជាមួយ​គ្នា​នេះ ជួយ​ណែនាំ រំលឹក ដាស់​តឿន​គ្នា​ឲ្យ​បណ្តុះ​ចិត្ត​គំនិត​មាន​ជំនឿ​ក្នុង​ព្រះសាសនា, ឲ្យ​ចេះ​ប្រយ័ត្ន មិន បណ្តោយ​ឲ្យ​ធ្លាក់​លង់​ទៅ​ក្នុង​អបាយ​មុខ​ណា​មួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការ សេពគប់​រក​មនុស្ស​អាក្រក់​ជា​មិត្ត ជា​ដើម​ដែល ជា​ហេតុ នាំ​ឲ្យវិនាស​ទាំង​ទ្រព្យ ទាំង ខ្លួនប្រាណ ។

មាន​ស្វាមី​ភរិយា​ចំណាស់​មួយ​គូ ដែល​ជាប់​ឈ្មោះ​ថា​ជា​ស្វាមីភរិយា​ឧត្តម​បាន​ទៅ ថ្វាយ​បង្គំ​ព្រះពុទ្ធ ហើយ​​ទូល​សួរ ថាៈ បពិត្រពះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះករុណា​បាន គ្នា​ជា​ប្តីប្រពន្ធ ក្រោយ​ពេល​ដែល​បាន​ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេងៗ ដូចគ្នា ហើយយើង ខ្ញុំ​ស្គាល់​តែ​សេចក្តី​សុខ​ពុំ​ដែល​មាន​រឿង​ហេតុ​មោះ​ហ្មង​អ្វី​នឹង​គ្នា​ម្តង​ណា​ទេ។ សូម​ព្រះ អង្គ​មេត្តា​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង ថា​តើ​យើង​ខ្ញុំត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អាច​នឹង​បាន ជួប​គ្នាទៀត​នៅ​ជាតិក្រោយ ។

ព្រះពុទ្ធទ្រង់​ត្រាស់​តប​ប្រកប​ដោយ​គតិ​បណ្ឌិត​ថាៈ
បើ​អ្នក​ទាំង​ពីរ​មាន​ជំនឿសាសនា​ដូច​គ្នាបេះបិទ (សមសទ្ធា),​ បើ​អ្នក​ទាំង​ពីរ​ទទួល យក​សេចក្តី​ទូន្មាន​ព្រះសាសនា​តាម​របៀបដូច​គ្នា​បេះបិទ (សម​សីលា), បើ​អ្នក​ទាំង ពីរ​សាងកុសល​ទាន​ដូចគ្នា (សមចាគា), បើ​អ្នក​ទាំងពីរ​មាន​ការសិក្សា​អប់រំ និង​វៃឆ្លាត ប្រហាក់ប្រហែល​គ្នា (សមបញ្ញា)... ទៅ​ជាតិ​ក្រោយទៀត អ្នក​ទាំង​ពីរ​នឹង​បានប្រកប ដោយ​ចិត្ត​ដូច​គ្នាទៀត ពោល​គឺ នឹង​អាច​ជួបគ្នា​គ្រប់​ៗ​ជាតិ​ជា​មិន ខាន។

ដក​ស្រង់​រៀបរៀង​និង​និពន្ធ​ដោយ​លោក ឱម ខែម​
(១) ឱវាទ ១០ យ៉ាង​របស់​ធនញ្ជ័យ​សេដ្ឋី ដែល​ផ្តាំ​ចំពោះ​នាងវិសាខា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​នៅ​ខាង ស្វាមីនាង, ជាឱវាទ ទាក់​ទង​ទៅ​នឹង​ចរិយារ​បស់​ភរិយា, សូម​នាំ​មក​ចុះ​ជា​គតិ​ជូន​ព្រោះជា​របស់​មាន​សារៈ សំខាន់ ហើយ​ក៏​ជាទីនិយម​បំផុត​នៃ​វប្បធម៌ និង​អរិយធម៌ខ្មែរ។

ប្រភពៈ http://www.5000-years.org/

រឿងកូន៤នាក់មិនបំរើឪពុក


ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។

លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។

វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាលោកត សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។

លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។

ប្រភពៈ និទានព្រេងខ្មែរ

រដ្ឋនិងសាសនា


មូលហេតុនាំឲ្យកើតសាសនា 

ក្នុងយុគសម័យព្រេងនាយ នៅពេលមនុស្សជួបប្រទះបញ្ហានិងបាតុភូតផ្សេង ៗខាងធម្មជាតិដែលខ្លួនមិនអាចស្វែងរកចម្លើយ ឬ ពាក្យអធិប្បាយណា ៗបានដោយវិធីការនៃហេតុផល ឬ វិទ្យាសាស្រ្ត ក៏ច្រើនតែកើតសេចក្តីភ័យខ្លាច ឬ មិនស្រឡះចិត្តក្នុងការរស់នៅ ដោយហេតុថា មនុស្សក្នុងសម័យបុរាណនោះនៅខ្វះសេចក្តីយល់ដឹងច្រើន ឬ អាចហៅថានៅជាអនារ្យជននៅឡើយ ទើបព្យាយាមស្វែងរកទីពឹងផ្លូវចិត្តតាមដែលអាចធ្វើទៅបាន ។ 
ពិធីកម្ម ឬ ការបដិបត្តិខ្លះទើបកើតឡើងដើម្បីបូជាបាតុភូតខាងធម្មជាតិទាំងនោះ ដូចជា
-បូជាខ្មោចព្រាយបិសាច 
-បូជាភ្លើង​ ដែលហៅថា បូជាព្រះអគ្និ, បូជាខ្យល់ ដែលហៅថា បូជាព្រះពាយ ឬ ព្រះវាយោ,  បូជាដួងច័ន្ទ ដែលហៅថា បូជាព្រះច័ន្ធ ,​បូជាដួងអាទិត្យ ដែលហៅថា បូជាព្រះអាទិត្យ,បូជាទន្លេ,ស្ទឹង សមុទ្រ ឬ បូជាសត្វ ជាដើម
-បូជាព្រះអាទិទេព,ព្រះជាម្ចាស់ ឬ ព្រះអាទិករ,បូជាព្រះឥន្ទ,ព្រះព្រហ្ម ។ល។
 ការបូជាអ្វី ៗទាំងអស់នោះប្រើពាក្យសូធ្យដែលមនុស្សច្នៃឡើងទាំងវត្ថុផ្សេង ៗ ឬ ទាំងជីវិតមនុស្ស ឬ ជីវិតសត្វផ្សេង ៗ ដោយនឹករំពឹងថា ការបូជារបស់ខ្លួននឹងធ្វើឲ្យបាតុភូតដែលខ្លួនភ័យខ្លាចនោះកើតសេចក្តីពេញចិត្តពេញថ្លើម នៅពេលធ្វើ ឬ បដិបត្តិពិធីកម្មនោះ ជារឿយ ៗទៅ ក៏ក្លាយទៅជាផ្នែកមួយនៃវិថីជីវិត ឬ កើតជាប្រពៃណី និង ទំនៀមទម្លាប់ នៅទីបំផុត ក៏ក្លាយជាសាសនាប្រភេទទេវនិយម គឺជាសាសនាដែលកើតឡើងដោយសទ្ធា ឬ ជំនឿសុទ្ធឥតអាស្រ័យចំណេះដឹង ហេតុផល ឬ តក្កៈណា ៗទេ ។ 
សាសនាប្រភេទទេវនិយមទើបជឿនិងប្រកាន់មាំក្នុងអត្ថិភាពនៃខ្មោចព្រាយបិសាច ព្រះអាទិទេព ព្រះជាម្ចាស់ ដោយជឿថា អ្វីទាំងអស់នេះមានអានុភាពលើលោកនិងជីវិតរបស់ខ្លួនឯង មនុស្សក្នុងសម័យបុរាណបានសាងគោលការណ៍,ពាក្យប្រៀនប្រដៅ ឬ ពិធីកម្មផ្សេង ៗឡើងដើម្បីឲ្យអនុជនជំនាន់ក្រោយយកតម្រាប់តាម ឬ បដិបត្តិតាម ។


ចំណេរកាលតមក នៅពេលមនុស្សមានចំណេះដឹងច្រើនឡើង និងសង្គមមានសេចក្តីចម្រើនទាំងខាងសតិបញ្ញាទាំងខាងវិធីការនៃហេតុផល សាសនាមួយប្រភេទទៀតដែលមិនជឿរឿងការបូជាខ្មោចព្រាយបិសាច  ទេវតា ព្រះជាម្ចាស់ជាដើម ទើបកើតឡើង សាសនាប្រភេទក្រោយនេះ ហៅថា សាសនាប្រភេទអទេវនិយម បានដល់ សាសនាដែលជឿចំពោះដំណើរការនៃធម្មជាតិយ៉ាងមានហេតុផល និងជឿចំពោះសក្តានុពលរបស់មនុស្ស ។
សាសនាក្នុងសង្គមមនុស្សសព្វថ្ងៃ មាន ២ ប្រភេទធំ ៗ គឺ សាសនាប្រភេទទេវនិយម និង សាសនាប្រភេទអទេវនិយម
  •  ដើមកំណើតរបស់សាសនាប្រភេទទេវនិយម គឺ កើតមកពីសេចក្តីភ័យខ្លាច ការព្រមចុះញ៉ម និងការបូជាអ្វីៗដែលខ្លួន​ឯង​ភ័យខ្លាចដោយមិនអាស្រ័យលើហេតុផល ឬ ការពិសោធណា ៗ ។
  • ដើមកំណើតរបស់សាសនាប្រភេទអទេវនិយម គឺ  កើតមកពីសេចក្តីសង្ស័យ ការមិនព្រមចុះញ៉មចំពោះអ្វី ៗដែលខ្លួនឯងសង្ស័យនោះ ទើបស្វែងរកចម្លើយដោយសតិបញ្ញាឬវិធីការនៃហេតុផលជាមុនសិនហើយទើបមានជំនឿជាក្រោយ ។ 

បាតុភាពមួយដែលមានបដិបក្ខភាព គឺ នៅពេលសង្គមមានសេចក្តីចម្រើនទាំងចំណេះដឹង សេដ្ឋកិច្ច សង្គមជាដើមរហូតដល់បច្ចុប្បន្ន ប៉ុន្តែសាសនាប្រភេទទេវនិយមភាគច្រើនមានវិធីការខាងជំនឿដែលជ្រុលនិយម និងអាងសេចក្តីសក្តិសិទ្ធិនៃអ្វី ៗដែលខ្លួនឯងប្រកាន់ជឿ ហើយក៏ផ្ទេរផ្លាស់ជំនឿជឿកាន់នោះពីជំនាន់មួយទៅជំនាន់មួយដោយមិនព្រមទទួលយកវិធីការខាងហេតុផលទៅលុបលាងសេចក្តីងប់ងុលនោះទេ ទើបស្ថិតនៅបែបនោះរហូតដល់សព្វថ្ងៃ និងនៅមានមនុស្សជាច្រើននៅជឿស៊ប់នៅឡើយ ។ 



គោលបំណងពិតប្រាកដរបស់សាសនា 

ក្នុងយុគសម័យបុរាណ សាសនាជាធ្នាក់ប្រើសម្រាប់បំបាត់សេចក្តីភ័យខ្លាចរបស់មនុស្ស ព្រោះហេតុថា យុគសម័យនោះ មនុស្សនៅខ្វះសេចក្តីយល់ដឹងអំពីជីវិតនិងបាតុភូតផ្សេង ៗ របស់ផែនដី  តាមសភាវគតិ នៅពេលមនុស្សមិនដឹងអ្វីមួយ គេក៏ខ្លាចញញើតអ្វីនោះ ព្រោះថា សេចក្តីភ័យខ្លាចកើតមកពីសេចក្តីមិនយល់ដឹង(ignorance អវិជ្ជា) ជាពិសេស អំពីសេចក្តីស្លាប់ និង ជីវិតបរលោក(ជីវិតក្រោយពីសេចក្តីស្លាប់) សេចក្តីស្លាប់ប្រៀបដូចជាបាតុភូតបិទមុខសម្រាប់មនុស្ស សាសនាក្នុងសម័យបុរាណ ជាពិសេស សាសនាប្រភេទទេវនិយម ច្រើនតែបង្រៀនមនុស្សឲ្យផ្ញើសេចក្តីសង្ឃឹមនឹងព្រះអាទិទេព ដោយបង្រៀនមនុស្សឲ្យបូជាអ្វី ៗគ្រប់យ៉ាងចំពោះព្រះអាទិទេពដើម្បីសេចក្តីសុខរបស់ខ្លួនក្នុងឋានសួគ៌ សមដូចពាក្យថា In  God We Trust យើងជឿ​ទុកចិត្តលើព្រះអាទិទេព គឺ ផ្ញើទំនុកចិត្ត ឬ សេចក្តីសង្ឃឹមលើព្រះអាទិទេព វាអាចជាប្រលោមលោក ឬ ចិត្តសាស្រ្តល្អិតល្អន់ក៏បាន  ​ព្រោះថាមនុស្សនៅខ្វះសេចក្តីយល់ដឹងនិងមានសេចក្តីភ័យខ្លាច ​ទើបចុះញោមនិងសុខចិត្តជឿចំពោះពាក្យប្រៀនប្រដៅទាំងនោះ ប៉ុន្តែនៅពេលសង្គមមានវឌ្ឍនភាពច្រើនឡើង ជាពិសេស សាសនាប្រភេទអទេវនិយមបានចាប់កំណើតឡើងក្នុងសង្គម គោលបំណងនៃការជឿកាន់សាសនាទើបមិនកំណត់នៅត្រឹមតែបំបាត់សេចក្តីភ័យខ្លាច និង ការផ្ញើសេចក្តីស្រមើស្រមៃទៅទុកនឹងព្រះអាទិទេពដើម្បីសោយសុខក្នុងឋានសួគ៌ក្រោយពីសេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែគោលបំណងថ្មីក៏កើតឡើងយ៉ាងសមហេតុសមផលនិងគួរឲ្យអារម្មណ៍ នោះ គឺ ការស្វែងរកសច្ចធម៌ និង ការអភិវឌ្ឍប្រាជ្ញាស្មារតីដោយអាស្រ័យលើគោលនៃហេតុផលឬគោលវិទ្យាសាស្រ្ត ជាពិសេស ក្នុងព្រះពុទ្ធសាសនា ។ 

សាសនាព្រះពុទ្ធជាសាសនាដែលបដិសេធអត្ថិភាពនៃព្រះអាទិទេពយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុត ប៉ុន្តែផ្តោតបង្រៀនមនុស្សឲ្យយល់ច្បាប់ធម្មជាតិឬច្បាប់សច្ចធម៌ដោយហេតុផល និងបង្រៀនមនុស្សឲ្យជឿចំពោះសក្តានុពល ឬ សមត្ថភាពរបស់ខ្លួនឯង ព្រោះថា តាមធម្មជាតិ មនុស្សមានសក្តានុពលច្រើនយ៉ាងក្នុងខ្លួនឯង បើគេដឹងឬយល់សក្តានុពលនោះហើយអភិវឌ្ឍវាយ៉ាងសមរម្យ ជីវិតក៏ស្ថិតនៅក្នុងកណ្តាប់ដៃរបស់គេខ្លួនឯង មិនមែនស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្វីដទៃទេ សាសនាព្រះពុទ្ធទើបគេចាត់ទុកថាមានដំណើរកាវិវឌ្ឍន៍ខាងទស្សនវិជ្ជានិងបញ្ញាកម្រិតខ្ពស់ហួសសាសនាបុរាណដទៃដែលនៅងុបងល់នឹងអំណាចរបស់ព្រះអាទិទេពរហូតដល់សព្វថ្ងៃ ។ 

សទ្ធា និង ហេតុផល 

សទ្ធារបស់មនុស្សចាត់ជាអំណាចមួយដែលអាចកើតឡើងខាងក្នុងចិត្តនិងអាចត្រាច់ចរទៅសព្វកន្លែងបាន សទ្ធាទាំងជាឫសគល់ ទាំងជាចំណុច​ចាប់ផ្តើមនៃការផ្លាស់ប្តូរទាំងពួងក្នុងសង្គមមនុស្ស ព្រោះការដែលមនុស្សចាប់ផ្តើមនឹងធ្វើអ្វីមួយ គេតែងជឿឬមានសទ្ធាចំពោះមគ្គវិថីនោះជាមុនសិន នៅពេលគេជឿជាក់ក្នុងមគ្គវិថីនោះហើយ គេតែងតែធ្វើអ្វី ៗនោះបានយ៉ាងពេញសក្តានុពល ហើយលទ្ធផលនៃទង្វើរបស់មនុស្សនោះធ្វើឲ្យពិភពលោកក្លាយជាសភាពដូចសព្វថ្ងៃនេះឯង ។ 
សទ្ធាដែលកើតពីបញ្ញាតែងបង្កបង្កើតថាមពលវិជ្ជមាន បណ្តាលឲ្យមានអភិវឌ្ឍនកម្មឬវឌ្ឍនកម្មយ៉ាងជាក់ស្តែង មានន័យថា សទ្ធានេះកើតឡើងក្រោយពីដំណើរការនៃបញ្ញាឬហេតុផល ។ 


ចំណែកខាងសទ្ធាដែលប្រាសចាកបញ្ញាឬប្រាសចាកហេតុផលតែងបង្កបង្កើតថាមពលអវិជ្ជមាន បណ្តាលឲ្យមនុស្សគិត និយាយ ធ្វើ និង រស់នៅដោយសេចក្តីងុបងល់ ព្រោះខ្វះសេចក្តីត្រិះរិះពិចារណាអ្វី ៗតាមគោលហេតុផលនៃសច្ចភាព សទ្ធានេះច្រើនតែកើតមុនដំណើរការនៃបញ្ញាឬហេតុផល បើគេនិយាយអាងហេតុផលណាមួយ គេច្រើនតែអាងក្នុងក្រមខណ្ឌនៃសទ្ធារបស់ខ្លួន គ្មានអ្វីថ្មីមកជំនួសឡើយ ព្រោះសទ្ធាងុបងល់នោះបានគ្របសង្កត់ដំណើរការនៃហេតុផលផ្សេង ៗយ៉ាងជាប់ណែន ។
ក្នុងសង្គមមនុស្ស គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ បាតុភូតផ្សេង ៗទើបមានច្រើន មនុស្សក៏ជាផលសំខាន់មួយដែលកើតមកពីបាតុភូតផ្សេង ៗទាំងនោះ សទ្ធានិងហេតុផលទើបលាយឡំគ្នាទៅតាមឫសគល់នៃជំនឿ វប្បធម៌ និងបរិបទរបស់មនុស្សម្នាក់ ៗ ឬ ក្រុមនីមួយ ៗ ។ 

សេចក្តីពិតនិងសេចក្តីស្រមើស្រមៃ 

គុណតម្លៃរបស់សាសនា គឺ អាចដឹកនាំពាំយួរមនុស្សឲ្យដើរទៅកាន់សេចក្តីពិតខ្ពង់ខ្ពស់ដោយបញ្ញាដ៏ជាក់ច្បាស់បាន ឯគ្រោះថ្នាក់របស់សាសនាដែលអាក្រក់បំផុត គឺ ការបង្ខាំងឬបញ្ឆបញ្ឆោតមនុស្សឲ្យស្ថិតនៅក្នុងអន្លង់នៃសេចក្តីស្រមើស្រមៃ ឬ សេចក្តីងុបងល់ដោយគ្មានថ្ងៃណារួចផុតដោយប្រាជ្ញាយល់ច្បាស់ឡើយ ។
សេចក្តីពិតខ្ពង់ខ្ពស់ នៅទីនេះ សំដៅដល់  សេចក្តីពិតតាមច្បាប់ធម្មជាតិ ឬ គោលសច្ចធម៌ មិនមែនសេចក្តីពិតបែបសម្មតិកម្ម ឬ សេចក្តីពិតបែបមនោគតិរបស់បុគ្គលណាម្នាក់ទេ  ព្រោះបើទោះជាសង្គមនុស្សមានដំណើរការវឌ្ឍនភាពច្រើនប៉ុនណាក៏ដោយ ក៏វឌ្ឍនភាពទាំងអស់នោះមិនអាចគេចផុតពីសេចក្តីពិតខ្ពង់ខ្ពស់នៃធម្មជាតិបានទេ ។ 
សេចក្តីពិតនៃធម្មជាតិអាចយល់ឬចូលដល់បានដោយដំណើរការនៃហេតុផល ឬវិទ្យាសាស្រ្ត ព្រោះសេចក្តីពិតនេះមានតក្កៈក្នុងខ្លួនឯង ហើយចាប់កំណើត ប្រព្រឹត្តទៅឬផ្លាស់ប្តូរទៅកាន់ទីបញ្ចប់យ៉ាងចុះរបៀប ធម្មជាតិណាចាប់កំណើតមកយ៉ាងមានហេតុផល ធម្មជាតិនោះអាចពិសោធបានដោយដំណើរការនៃហេតុផល ។ 

មនុស្សច្រើនតែជាប់ផុងក្នុងសេចក្តីស្រមើស្រមៃទាំងតាមផ្លូវចិត្តរបស់ខ្លួនទាំងតាមពាក្យរៀបរាប់របស់អ្នកដទៃ ព្រោះសេចក្តីស្រមើស្រមៃអាចដឹកនាំមនុស្សទៅយ៉ាងពានត្រោកពានព្រៃដោយគ្មានដែនកំណត់ ហើយអ្វីដែលមនុស្សត្រូវគេអូសទាញទៅនោះមិនមែនជាជីវិតពិតទេ គ្រាន់តែជាលំនឹកបីតិមួយគ្រាប៉ុណ្ណោះ ។ 
ទោះបីសេចក្តីស្រមើស្រមៃខ្លះត្រូវបានតាក់តែងដោយពិធីកម្មនិងពាក្យប្រៀនប្រដៅដ៏ប្រិតប្រៀងអាចអូសបន្លាយពេលវេលាយូរជាងជីវិតរបស់មនុស្សម្នាក់ក៏ដោយ ក៏ប៉ុន្តែនៅពេលដង្ហើមចុងក្រោយរបស់គេបានផុតរលត់ទៅ នៅពេលនោះសេចក្តីស្រមើ​ស្រមៃនោះក៏ផុតរលត់ទៅតាមដែរ ទោះបីសេចក្តីស្រមើស្រមៃនោះត្រូវផ្តល់ឲ្យអ្នកដទៃក្លាយជាការបន្តវេនក៏ដោយ ក៏មិនអាចប្រឈប់ទីប្រចប់នៃបច្ចេកបុគ្គលបានដែរ ព្រោះអ្វីដែលគ្មានឫសគល់ពិតប្រាកដមិនអាចជាឫសគល់ស្ថិតស្ថេររបស់អ្វីមួយបានទេ ពេលវេលាជាគ្រឿងញែកឫសគល់មិនពិតប្រាកដនោះជានិច្ច ។ 
នៅពេលទីបញ្ចប់នៃជីវិតមកដល់ សេចក្តីស្រមើស្រមៃទោះបីល្អល្អះយ៉ាងណា ក៏មិនអាចជាប់តាមឬបុកទម្លុះអន្លង់មរណៈទៅប្រលោមដួងចិត្តរបស់គេក្នុងបរលោកបានទេ ។ 



សាសនានិងនយោបាយ 

បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ 
អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើបមានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរនយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន ។ 
ទាំងសាសនាទាំងនយោបាយសុទ្ធតែមានប្រភពមកពីកន្លែងតែមួយ គឺ សទ្ធារបស់ប្រជាជន គ្រាន់តែមានសេចក្តីលម្អិតផ្សេងខ្លះប៉ុណ្ណោះ គឺ សាសនាជាជម្រើស ប៉ុន្តែនយោបាយជាសេចក្តីចាំបាច់  ព្រោះថា ជីវិតមនុស្សឬពលរដ្ឋត្រូវរស់នៅក្នុងសង្គម ត្រូវប្រឈមមុខនឹងបញ្ហានិងលក្ខខណ្ឌជាច្រើន ហេតុនោះអាយុជីវិតមហាជនសព្វថ្ងៃទើបពឹងអាស្រ័យទៅលើរដ្ឋទាំងដោយផ្ទាល់និងប្រយោល ។

ទោះជាយ៉ាងណាក៏ដោយ សាសនាក៏ត្រូវពឹងអាស្រ័យទៅលើរដ្ឋដើម្បីទ្រទ្រង់ស្ថានភាពរបស់ខ្លួនឯងក្នុងសង្គមយ៉ាងស្របច្បាប់ ដែរនិងដើម្បីមិនឲ្យទទួលរងសេចក្តីគំរាមកំហែងពីហេតុបច្ច័យនានា នៅពេលជាមួយគ្នានោះ រដ្ឋក៏ត្រូវពឹងអាស្រ័យទៅលើអំណាចរបស់សាសនាដែលជាប្រភពសទ្ធារបស់ប្រជាជនយ៉ាងច្រើនដែរ ហេតុនោះទើបអាចនិយាយបានថា គ្រឹះអំណាចរបស់រដ្ឋគឺជាផ្នែកមួយនៃគ្រឹះអំណាចរបស់សាសនា និងគ្រឹះអំណាចរបស់សាសនាក៏ជាផ្នែកមួយនៃគ្រឹះអំណាចរបស់រដ្ឋ ។  

ទោះបីសម័យបច្ចុប្បន្នមានរដ្ឋជាច្រើនព្យាយាមបំបែកសាសនាចេញពីអំណាចរដ្ឋក៏ដោយ ក៏ប៉ុន្តែនោះគ្រាន់តែជា​ការបំបែក​ក្នុងរូបបែបប៉ុណ្ណោះ ក្នុងផ្លូវគំនិតឬចិត្តវិញ្ញាណ សាសនានៅតែជាប់ទាក់ទងនឹងនយោបាយជានិច្ចមិនច្រើនក៏តិច ។ 
មានសំណួរសំខាន់មួយថា តើសាសនាគួរចូលទៅពាក់ព័ន្ធនឹងនយោបាយឬទេ? ចម្លើយអាស្រ័យនៅត្រង់ថា គោលទស្សនវិជ្ជា​របស់សាសនា​នោះមានហេតុផលនិងមានប្រយោជន៍ចំពោះការកសាងធនធានមនុស្សរបស់រដ្ឋបានល្អប៉ុនណា កម្រិតណា?
សាសនាដែលបង្រៀនមនុស្សឲ្យងុបងល់គ្មានហេតុផល ក៏ធ្វើឲ្យរដ្ឋងុបងល់គ្មានហេតុផលដែរ ចំណែកខាងសាសនាដែល​បង្រៀន​មនុស្សឲ្យឆ្លាតឈ្លាសវៃនិងមានហេតុផល ក៏ធ្វើឲ្យរដ្ឋឆ្លាតឈ្លាសវៃនិងមានហេតុផលដែរ ។
សង្គមអឺរ៉ុបសម័យកណ្តាលបានទទួលមេរៀនដ៏ឈឺចាប់ខ្លោចផ្សាយ៉ាងយូរអង្វែងជាមួយនឹងអំណាចរបស់គ្រិស្តសាសនាដែលជ្រប់​ជ្រុលងុបងល់នឹងអំណាចរបស់ព្រះជាម្ចាស់និងក្រុមបុគ្គលខ្លះដែលអាងថាជាទូតតំណាងរបស់ព្រះជាម្ចាស់ រហូតដល់អភិវឌ្ឍនកម្ម​ខាងសតិបញ្ញាឬចំណេះដឹងថ្មី ៗស្ទើរកើតឡើងមិនបាន ព្រោះថានៅពេលណាចិន្តវិទូឬទស្សនវិទូណាសាងទ្រឹស្តីថ្មី ៗឡើងមក​ ជាពិសេស ទ្រឹស្តីខាងវិទ្យាសាស្រ្ត ហើយទ្រឹស្តីនោះទៅទើសទាស់នឹងព្រះគម្ពីរគ្រិស្តសាសនា ចិន្តវិទូឬទស្សនវិទូនោះច្រើនតែត្រូវ​គ្រិស្ត​សាសនា​ដាក់ទោសទណ្ឌ ដូចជា ការចាប់ឃុំខ្លួន ឬ នាំយកទៅដុតទាំងរស់ជាដើម ។ 
យុគសម័យកណ្តាលរបស់សង្គមអឺរ៉ុបចាត់ជាយុគសម័យដែលគ្រិស្តសាសនាមានអំណាចគ្របសង្កត់អំណាចរដ្ឋ និងត្រូវបានចាត់ទុកថាជា យុគសម័យងងឹត ពោលគឺ យុគសម័យងងឹតខាងសតិបញ្ញា ត្បិតថា អ្នកមានអំណាចដែលងុបងល់នឹង​ព្រះអាទិទេពបានបិទខ្ទប់ផ្លូវចម្រើនខាងសតិបញ្ញាមិនឲ្យកើតឡើងតាមការរកឃើញរបស់ចិន្តវិទូឬទស្សនវិទូនានា ។

ដោយសារការប្រណាំងប្រជែងផ្នែកសាសនា សង្គ្រាមសាសនាដែលហៅថា សង្រ្គាមបូជនីយកិច្ច (Crusade) ទើបផ្ទុះឡើងរវាង​គូបដិបក្ស​សំខាន់ ២ គឺ សាសនាគ្រិស្ត និង សាសនាឥស្លាម សង្រ្គាមនេះបានសាង​ហាយនភាព​​​យ៉ាងធំធេង ជាលទ្ធផល ធ្វើឲ្យសាសនាគ្រិស្តថមថយ​អំណាច​ចុះ​យ៉ាងខ្លាំង​រហូតដល់ទីបំផុត អំណាចរបស់សាសនាគ្រិស្តត្រូវបានបំបែកចេញពីអំណាចរដ្ឋយ៉ាងច្បាស់លាស់និងដាច់ខាត ។
រដ្ឋផ្សេងៗក្នុងសង្គមអឺរ៉ុបទើបចាប់ផ្តើមរើខ្លួនចេញពីសាសនាគ្រិស្ត​មកកាន់សេចក្តីចម្រើនរុង​រឿង​ម្តង​​ទៀត ដែលហៅថា យុគសម័យរស់ឡើង​វិញនៃ​សិល្បៈ(Renaissance) ការថមថយចុះខ្សោយឥទ្ធិពល​របស់​គ្រិស្តសាសនាធ្វើឲ្យសង្គមអឺរ៉ុប​ចាប់ផ្តើមចម្រើនលូតលាស់​យ៉ាងឆាប់​រហ័ស ។
ឃើញថា បើសង្គមអឺរ៉ុបបណ្តោយឲ្យសាសនាគ្រិស្តដែលឈ្លក់វង្វេងនឹងព្រះអាទិទេពមានអំណាច​ខាងនយោបាយដូចយុគសម័យ​កណ្តាលតទៅ​ទៀត អភិវឌ្ឍនកម្មផ្សេងៗគង់នឹងមិនអាចកើតឡើងបានទេ ទោះបី​សាសនាគ្រិស្តក្នុងសង្គមអឺរ៉ុបនៅមានក៏ដោយ ក៏ប៉ុន្តែត្រូវបានគាបសង្កត់​និងកៀរកៀស​ឲ្យស្ថិត​នៅក្នុង​ទីតាំងសមគួររហូតដល់សាសនាគ្រិស្តត្រូវរៀបចំនយោបាយថ្មីដើម្បីអូសទាញប្រជាជន​ក្នុងរដ្ឋដទៃដែលមិនស្គាល់​សាសនាគ្រិស្តឲ្យក្លាយ​ជាសាសនិកគ្រិស្តដើម្បីបានជាកម្លាំងតតាំងអំណាចរដ្ឋនិងបានជាកម្លាំងតតាំងសាសនាឥស្លាមដែលជាគូសត្រូវរបស់ខ្លួន  ហេតុនោះ សាសនាគ្រិស្តទើប​មានអង្គការចាត់តាំងច្បាស់លាស់​សម្រាប់អូសទាញប្រជាជនក្នុងរដ្ឋដទៃ ជាពិសេស រដ្ឋកំពុងអភិវឌ្ឍដែល​ប្រជាជនក្នុងរដ្ឋនោះ​ភាគច្រើន​នៅខ្វះ​ខាត​ខាង​ជីវភាពនៅឡើយ ។

សាសនារបស់ជនជាតិភាគតិច


កាលណា រដ្ឋមួយមានការបាក់បែកញែកជាបក្សជាពួកឬមានចលាចលដល់ថ្នាក់ហិង្សាកើតឡើងក្នុងចំណោមប្រជាជន កាលនោះចំណុចសំខាន់ មួយដែលច្រើនតែលើកយកមកជាប្រធានបទ គឺ ភាពផ្សេងគ្នាក្នុងការគោរពកាន់សាសនា បញ្ហាបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែវាបានកើត ឡើងតាំងពីបុរាណកាលមកម្លេះ ព្រោះរដ្ឋនីមួយ ៗតែងតែជាចំណុចរួមរបស់ប្រជាជនចម្រុះជ័រជាតិ ចម្រុះសាសនា និង ចម្រុះវប្បធម៌ ។
នៅពេលណា ជនជាតិភាគតិចក្នុងរដ្ឋមួយទទួលរងការគំរាមកំហែងឬទទួលរងអយុត្តិធម៌ខាងសង្គម ទោះរឿងតូចឬធំក៏ដោយ ជនជាតិភាគតិចទាំងនេះ ច្រើនតែមានកំណួចអាប់(inferiority complex)កឡើងខាងក្នុងចិត្តដ៏ទន់ជ្រាយរបស់ពួកគេ មានន័យថា រឿងតូចតាចអាចក្លាយជារឿងធំដុំជាងធម្មតាក្នុងមនោសញ្ចេតនារបស់ជនជាតិភាគតិច ដែលតាមពិតជារឿងធម្មតាសម្រាប់មនុស្សទូទៅ ។
 កំណួចអាប់ច្រើនតែដក់ជាប់ក្នុងចិត្តរបស់មនុស្សដែលអាប់ឱនឱកាស អាប់ឱនអំណាចតថ្លៃ ឬ មិនបានទទួលយុត្តិធម៌តាមការគួរដូចយ៉ាងមនុស្ស ភាគច្រើន និងនៅពេលណាពួកគេមានលំនឹកថា ជីវិតរបស់ខ្លួនគ្មានច្រកចេញឬមិនអាចស្វែងរកឱកាសដ៏ប្រសើរ ពីរដ្ឋបាននិងទទួលរងការធ្វើទុក្ខបុក ម្នេញពីមនុស្សភាគច្រើនជាប្រចាំ នៅពេលនោះ ភក្តិភាពចំពោះរដ្ឋក៏សាបរលាបចុះ  ថែមមានមនុស្សចាំញុះញង់ដល់អយុត្តិធម៌ដែលបានទទួល ពីរដ្ឋជារឿយ ៗ និងនាំយកប្រធានបទរឿងសាសនាមកជាបុព្វហេតុសំខាន់ទៀត នៅពេលនោះ គំនិតគិតក្បត់ឬប្រព្រឹត្តខ្លួនហាក់ជាសត្រូវរបស់ រដ្ឋក៏កើតឡើងបាន   ហេតុនោះ  សាសនាជាតិឬសាសនាដែលប្រជាជននិយមរាប់អាន ទើបត្រូវទទួលបានការការពារនិងការឧបត្ថម្ភពីរដ្ឋជានិច្ច ទាំងដោយផ្ទាល់ និងប្រយោល ទាំងនេះក៏ដើម្បីស្ថេរភាពខាងជំនឿ ដែលជាកត្តាសំខាន់បំផុតក្នុងស្ថេរភាពរួមរបស់រដ្ឋ សូម្បីតែសាសនារបស់ ជនជាតិភាគតិច ក៏រដ្ឋមិិនអាចមើលរំលងបានទេ ។
ទោះបីដំណើរការខាងធម្មជាតិមិនអាចសាងអ្វី ៗឲ្យស្មើគ្នាបានក៏ដោយ ក៏ប៉ុន្តែអសមភាពឬអសមានភាពទាំងនោះអាចប្រព្រឹត្តទៅតាមស្ថានភាព ចំពោះរបស់ខ្លួនបាន ស្ថានភាពខាងសង្គមមិនអាចគេចផុតពីនិយាមនោះបានទេ​ ។ 
មានន័យថា រដ្ឋត្រូវបណ្តោយឲ្យជនជាតិភាគតិចទាំងពួងអាចទ្រទ្រង់ជិវិតទៅតាមវប្បធម៌និងសាសនារបស់ពួកគេបាន ដរាបណាសាសនានិងវប្បធម៌ ទាំងនោះមិនទៅបំផ្លាញស្ថេរភាពរបស់សាសនានិងវប្បធម៌គោលរបស់មនុស្សភាគច្រើន ។
ប៉ុន្តែនៅពេលណា ជនជាតិភាគតិចប្រព្រឹត្តខ្លួនជាមហន្តភ័យធ្ងន់ធ្ងរចំពោះស្ថេរភាពរបស់សុខមាលភាពនិងស្ថេរភាពរបស់មនុស្សភាគច្រើន នៅពេលនោះ រដ្ឋត្រូវតែសម្រេចចិត្តរើសយកការការពារមនុស្សភាគច្រើនយ៉ាងស្វាហាប់ ព្រោះធម្មជាតិរបស់សង្គមតែងស្ថិតនៅបានដោយ សារស្ថេរភាពរបស់មនុស្សភាគច្រើន រដ្ឋមិនអាចបណ្តោយឲ្យមនុស្សភាគតិចបំផ្លាញស្ថេរភាពរបស់មនុស្សភាគច្រើនបានទេ ទាំងនេះជាចរិយធម៌ ឬ មនោសញ្ចេតនានោះក៏ទេ ប៉ុន្តែនេះសំដៅដល់សេចក្តីរួចរស់ឬសេ្ថរភាពរបស់រដ្ឋទាំងមូល ។

ប្រភពៈ http://www.khmerbuddhism.ca/







ពាក្យថា ធម៌


ពាក្យថា ធម៌ មានអត្ថន័យច្រើនយ៉ាង តាមគម្ពីរអភិធានប្បទីបិកា ត្រង់គាថាទី ៧៨៤ មានអត្ថន័យ ១៤ យ៉ាង គឺ
ធម្មោ សភាវេ បរិយត្តិបញ្ញា-
ញាយេសុ សច្ចប្បកតីសុ បុញ្ញេ 
ញេយ្យេ គុណាចារសមាធីសូបិ
និស្សត្តតាបត្តិសុ ការណាទយោ.
សព្ទថា ធម៌ ប្រព្រឹត្តទៅក្នុងអត្ថ គឺ
១​ សភាវៈ​ សភាព ឬ សភាវធម៌
២ បរិយត្តិធម៌ ការសិក្សារៀនសូធ្យ
៣ បញ្ញា សេចក្តីយល់ដឹងច្បាស់
៤ ញាយធម៌ សេចក្តីសមគួរ
៥ សច្ចធម៌ សេចក្តីពិត
៦ បកតិធម៌ ភាពប្រក្រតី
៧ បុណ្យ
៨ ញេយ្យធម៌
៩ គុណធម៌
១០ អាចារៈ កិរិយាប្រព្រឹត្ត មារយាទ
១១ សមាធិ
១២ និស្សត្តតា សភាពមិនមែនសត្វ និស្សត្តនិជ្ជីវធម៌ សភាពមិនមែនសត្វមិនមែនជីវៈ
១៣ អាបត្តិ
១៤ ហេតុ
និងតាមគម្ពីរអដ្ឋកថាធម្មបទ មានអត្ថន័យបន្ថែម ៦ ​ទៀត គឺ
អយញ្ហិ ធម្មសទ្ទោ សភាវបរិយត្តិបញ្ញាញាយសច្ចបកតិបុញ្ញញេយ្យសមាធិគុណនិស្សត្តនិជ្ជីវតាបត្តិវិការបច្ចយបច្ចយុប្បន្នហេតុ-  វិសយបញ្ញត្តិនិព្វានាទិអនេកត្ថប្បភេទោ. ក៏សព្ទថា ធម៌ នេះ មានអត្ថន័យផ្សេង ៗច្រើនជាដើមថា
១ វិការធម៌
២ បច្ចយធម៌
៣ បច្ចយុប្បន្នធម៌
៤ វិសយធម៌
៥ បញ្ញត្តិធម៌
៦ និព្វានធម៌
ឃើញថា ពាក្យថា ធម៌ តាមគម្ពីរក្បួនខ្នាតព្រះពុទ្ធសាសនាមានអត្ថន័យច្រើនយ៉ាងប៉ុន្តែរួបរួមមកបាន ២០ យ៉ាងដូចដែល​បាន​រៀប​រាប់​មកនុះឯង ។

Saturday, July 18, 2015

រឿងខ្លី : “សិស្សបីនាក់ និងផ្លែឪឡឹក” បង្កប់អត្ថន័យអប់រំ យ៉ាងជ្រាលជ្រៅ


ថ្ងៃនេះលោកគ្រូបានធ្វើការពិសោធន៍លើសិស្សទាំងបីនាក់ ដោយឲ្យពួកគេដើរទៅក្នុងចម្ការឪឡឹកមួយហើយស្វែងរកផ្លែឪឡឹកណាដែលធំជាងគេរួចបេះយកមកឲ្យគ្រូ ។ លក្ខខណ្ឌក្នុងការប្រលងនេះ សិស្សទាំងបីមានរយ:ពេល៣០នាទីដូចគ្នា ហើយមិនត្រូវដើរត្រឡប់ក្រោយឡើយ ។ ក្រោយពេលស្តាប់ការណែនាំរបស់លោកគ្រូហើយ សិស្សទាំងបីក៏ចាប់ផ្តើមបេសកកម្មរបស់ខ្លួន ។

– សិស្សទី១ : នៅតាមផ្លូវក្នុងចម្ការគេបានប្រទះឃើញផ្លែឪឡឹកជាច្រើនសុទ្ធតែធំៗ និងទុំល្អប្រហែលៗគ្នា គេមិនដឹងថាគួរសម្រេចបេះយកផ្លែណាមួយឡើយ ដើរបណ្តើរស្រមៃបណ្តើរ ហើយគិតថានៅខាងមុខប្រហែលជាមានផ្លែឪឡឹកធំជាងនេះទៀតមិនខាន ទីបំផុតពេលដែលដើរទៅដល់ចុងចម្ការ គេនៅតែមិនអាចបេះផ្លែឪឡឹកបាននៅឡើយ ។
– សិស្សទី២ : ពេលដែលដើរទៅមុខបានប៉ុន្មានជំហាន គេបានឃើញផ្លែឪឡឹកមួយយ៉ាងធំចំឡែកហើយបេះយកមក ក្នុងចិត្តត្រេកត្រអាលខ្លាំងណាស់គិតថាខ្លួននឹងឈ្នះគេក្នុងការប្រកួតនេះហើយ ។ ដើរបណ្តើរឱបផ្លែឪឡឹកបណ្តើរសប្បាយរីករាយផង ភ្លេចខ្លួនគេក៏បានជំពប់ជើងនឹងថ្មមួយដុំហើយដួលរបូតជ្រុះផ្លែឪឡឹកពីដៃធ្លាក់បែកអស់ គេខឹងខ្លាំងណាស់ហើយគិតថាគ្មានផ្លែឪឡឹកណាធំជាងនេះទៀតទេ គេបានដើរទៅមុខយ៉ាងលឿនសំដៅច្រកចេញនៃចម្ការដោយមិនបានស្វែងរកបេះផ្លែឪឡឹកផ្សេងទៀតឡើយ ។
– សិស្សទី៣ : នៅក្នុងចម្ការដ៏ធំល្វឹងល្វើយគេមិនបានប្រទះផ្លែឪឡឹកឡើយសូម្បីតែមួយ ។ គេយកដៃអេះក្បាលងឿងឆ្ងល់ហើយដើរទៅមុខដោយមិនបានសម្លឹងរកមើលឪឡឹកដែលមានផ្លែជាប់នឹងដីហើយត្រូវបាំងបិទដោយស្លឹកគ្របជិតពីលើឡើយ ។ គេដើររហូតផុតចម្ការដោយដៃទទេ ។

ក្រោយមកសិស្សទាំងបីក៏បានមកជួបលោកគ្រូវិញទាំងអស់គ្នា ។ លោកគ្រូសួរថា តើឯណាផ្លែឪឡឹកដែលគ្រូឲ្យសិស្សទៅរក? ពួកគេបានឆ្លើយរៀបរាប់ប្រាប់លោកគ្រូតាមដំណើររឿងដែលពួកគេបានជួបប្រទះក្នុងចម្ការឪឡឹក ។
ស្តាប់សិស្សពណ៌នាចប់ហើយ លោកគ្រូពន្យល់ប្រាប់ពួកគេថា : គ្រូឲ្យសិស្សទាំងអស់គ្នាធ្វើការសម្រេចចិត្តបេះផ្លែឪឡឹកនេះព្រោះគ្រូចង់ឲ្យសិស្សចេះធ្វើការប្រៀបធៀប និងធ្វើការសម្រេចចិត្តក្នុងផ្លូវជីវិតរបស់សិស្សម្នាក់ៗ ។ ក្នុងជីវិតរស់នៅរបស់មនុស្សយើងទាំងអស់គ្នាសុភមង្គលមិននៅឆ្ងាយពីដៃរបស់យើងឡើយ ប៉ុន្តែមនុស្សមួយចំនួនបានដើរហួសឬស្រវ៉ាចង់ចាប់យកអ្វីដែលនៅឆ្ងាយពីដៃរហូតធ្វើឲ្យពួកគេចំណាយពេលសឹងមួយជីវិតនៅតែមិនអាចរកសុភមង្គលក្នុងចិត្តឃើញនៅឡើយ ។ លោភ: ទោស: មោហ: ធាតុទាំងបីក្នុងចិត្តនេះហើយដែលធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់អវិជ្ជា ។ ការពិតទៅគ្មានអ្នកដឹងថាក្នុងចម្ការនេះ ផ្លែឪឡឹកដែលធំជាងគេនៅកន្លែងឡើយ ឯជីវិតរស់នៅក៏មិនខុសគ្នាដែរតើអ្នកណាអាចដឹងថាសុភមង្គលធំបំផុតក្នុងជីវិតមនុស្សគឺនៅត្រង់ណានោះ ? សេចក្តីស្ងប់ និងព្រំដែននៃភាពគ្រប់គ្រាន់ក្នុងចិត្តមនុស្សនៅត្រង់ណា ត្រង់នោះហើយគឺជាសុភមង្គលពិតប្រាកដរបស់មនុស្ស ៕

និពន្ធដោយ លោក ប៊ុន ពិសី , ២០១៤
ប្រភពៈ http://videos.khmer-note.com/

សុវត្ថិភាពទាំងអស់គ្នា


សូម្បីតែសត្វក៏ពាក់មួកសុវត្ថិភាពដែរ ធ្វេីជាមនុស្សកុំអោយចាញ់សត្វណា smile emoticon
ប្រភពFB

ស្រីៗសុទ្ធតែត្រូវការរបស់មានតម្លៃពីមនុស្សដែលខ្លួនស្រឡាញ់ឬ?

តើស្រីៗសុទ្ធតែត្រូវការរបស់មានតម្លៃពីមនុស្សជាទីស្រលាញ់ទាំងអស់រឺ?បើមើលតាមរឿងនេះមនុស្សស្រីទាំងអស់មិនដូចគ្នាទេ។

នៅក្នុងរឿងស្នេហា មនុស្សស្រីតែង ជាអ្នកដែលទាមទារខ្ពស់ ពីមនុស្សប្រុស ដែលនាងស្រលាញ់ ។ ប៉ុន្តែមិនមែនអោយតែការ ទាមទារទាំងនោះ សុទ្ធតែមានន័យថានាង ទាមទារសំភារៈប្រើប្រាស់ ដែលមានតំលៃថ្លៃៗនោះទេ ។ អ្វីដែលនាងត្រូវការ អាចជារឿងដែលអ្នក ពិបាកនឹងផ្តល់អោយ ជាងការដែលនាង ទាមទារអោយអ្នកទិញរបស់ប្រើប្រាស់ ដែលមានតំលៃថ្លៃទៅទៀត ។ អ្នកអាចគិតថា នាងជាមនុស្ស ដែលពិបាកផ្គប់ចិត្តណាស់ ប៉ុន្តែអ្នកត្រូវចាំថា មនុស្សស្រីពិបាកបំផុត គឺជាមនុស្សស្រីមួយចំនួនដែល ប្រាថ្នាតែសំភារៈនិយម តែមិនប្រាថ្នាចំនុចល្អ របស់អ្នកទៅវិញទេ ។ ហើយខ្ញុំជឿជាក់ថា ចំនុចមួយចំនួន នៅខាងក្រោមនេះ គ្រប់មនុស្សស្រីដែល ស្រលាញ់អ្នកស្មោះ និង ចង់បង្កើតក្រុមគ្រួសារតូចមួយ ដែលមានសុភមង្គលជាមួយអ្នក តែងតែទាមទារ ចង់បានពីអ្នក៖

១. ខ្ញុំមិនត្រូវការសំភារៈនិយមទេ ខ្ញុំមិនត្រូវការឲ្យអ្នកជាកូនសេដ្ឋី ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកមានការងារមួយ ដែលមានចំណូលនឹងនរ និងមានគម្រងសំរាប់ជីវិតអ្នក មិនមែនចាំតែពឹង លើមនុស្សស្រី រឺឪពុកម្តាយរបស់អ្នកនោះទេ។

២. ខ្ញុំមិនប្រកាន់ទេបើ អ្នកមើលតារាស្រីស្អាតៗ រឺ ជួនកាលលួចសរសើរ ស្រីម្នាក់នោះមាន រាងស្អាត ស្រីម្នាក់នោះមុខស្អាត តែហាមដាច់ខាតអង្គុយ មើលរូបថតសង្សារចាស់ ហើយនឹកដល់អស្សាវរិ៍យចាស់ៗទាំងនោះ។

៣. សង្ឃឹមថាអ្នកយល់ចិត្តខ្ញុំបន្តិច ខ្ញុំមិនត្រូវការអោយអ្នកទិញរបស់ថ្លៃៗនោះទេ ប៉ុន្តែ អ្វីដែលខ្ញុំចង់បាននោះ គឺការយកចិត្តទុកដាក់ពីអ្នក ។ អ្នកដឹងថាខ្ញុំចូលចិត្តអ្វី និង មិនចូលចិត្តអ្វី ដូច្នេះនៅពេលអ្នកទៅផ្សារទិញសំភារៈប្រើប្រាស់ អ្នកឃើញរបស់ដែល ខ្ញុំចូលចិត្ត គួរណាតែទិញផ្ញើរខ្ញុំផង ព្រោះធ្វើបែបនេះ គឺគេហៅថាការមានទឹកចិត្ត និង ភាពភ្ញាក់ផ្អើល ហើយអាចថាជាភាពរ៉ូមែនទិច ដែលអ្នកផ្តល់អោយខ្ញុំ ។

៤. មនុស្សប្រុសដែល ចេះគោរពចាស់ទុំ មិនថាជាឪពុកម្តាយអ្នក ឬ ឪពុកម្តាយខ្ញុំទេ ពេលបុណ្យទាន ត្រូវចេះទៅលេងគាត់ ទិញរបស់បន្តិចបន្តួច ជូនលោក ហើយ មិនត្រូវថាគាត់ជាមនុស្សចាស់រអ៊ូច្រើន បង្ហាញកាយវិការមិនពេញចិត្តរបស់អ្នក ដាក់គាត់នោះទេ អ្នកត្រូវដឹងថាថ្ងៃណាមួយ អ្នកក៏ក្លាយជាមនុស្សចាស់ម្នាក់ដែរ ដូចគាត់ដែរ ។

៥. ខ្ញុំមិនស្អាតដូចទេពអប្សរទេ ហើយខ្ញុំក៏មិនត្រូវការឲ្យអ្នកស្អាតដូចតារាដែរ តែអ្នកត្រូវចេះស្អាតបាត ទាំងក្នុងការរស់នៅ ទាំងការស្លៀកពាក់ ។

៦. ជួនកាលការឈ្លោះប្រកែកគ្នា មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ។ វាអាចជាការយល់ចិត្តកាន់តែច្បាស់ ។ ម្យ៉ាងវិញទៀត វាក៏ជារសជាតិមួយបែប ដែលធ្វើអោយជីវិតយើង កាន់តែមានន័យថែមទៀត ។ បន្ទាប់ពីឈ្លោះគ្នា ខ្ញុំសង្ឃឹមថាស្មាររបស់អ្នក អាចអោយខ្ញុំផ្អែកគ្រប់ពេលវេលា មិនបោះបង់ខ្ញុំចោលនោះទេ ។

៧. ពេលខ្លះអ្នកក៏គួរតែចេះធ្វើ រឿងរ៉ូមែនទិចអោយខ្ញុំ រំភើបចិត្តផងបានទេ ។ អាចយូៗនាំខ្ញុំ ទៅដើរកំសាន្តនៅ កន្លែងឆ្ងាយៗម្តង ។ បើមានឳកាស សូមនិយាយថា «បងស្រលាញ់អូន» ខ្ញុំមិនត្រូវការកុលាប ៩៩៩ទងទេ គ្រាន់តែមួយទងក៏ធ្វើឲ្យ ខ្ញុំរំភើប និងមានសុភមង្គលបានដែរ ។

៨. ខ្ញុំមិនបិទសិទ្ធសេរីភាពរបស់អ្នកទេ ប្រសិនបើថ្ងៃណាមួយ អ្នកត្រឡប់មកផ្ទះយប់ ដោយសារតែទៅ ផឹកស្រាជាមួយមិត្តភក្តិ របស់អ្នកនោះ ។ ប៉ុន្តែសូមអ្នក call មកប្រាប់ខ្ញុំឲ្យបានដឹងផង កុំឲ្យខ្ញុំបារម្ភពីអ្នក ហើយ ខ្ញុំគ្រាន់តែសុំអ្នក កុំស្រវឹងដល់មិនស្គាល់ផ្លូវត្រឡប់មកផ្ទះ ។

៩. ខ្ញុំក៏មានពេលមិនសប្បាយចិត្ត រឺ មិនចង់ធ្វើអ្វីទាំង ហើយក៏ មិនចង់ស្តីរកអ្នកណាទាំងអស់ ។ ពេលនោះអ្វីដែលខ្ញុំ ចង់បានពីអ្នក គឺគ្រាន់តែសុំឲ្យអ្នកអង្គុយក្បែរខ្ញុំ ដោយស្ងាត់ៗ ហើយនិយាយយ៉ាងខ្លី ថាកុំបារម្ភអីមានបងនៅទីនេះ នៅក្បែរអូនគ្រប់ពេល ។ ហើយក៏មិនចាំបាច់សួរដេញដោលច្រើននោះដែរ ។

១០. មនុស្សស្រីមនុស្សប្រុស គឺដូចគ្នាតែងតែមានពេលនឿយហត់ បាក់ទឹកចិត្ត ។ ប្រសិនបើអ្នកជួបបញ្ហាបែបនេះ សូមអ្នកប្រាប់ខ្ញុំ បើទោះជាស្មាររបស់ខ្ញុំ មិនធំដូចស្មាររបស់អ្នក ប៉ុន្តែខ្ញុំនឹងនៅក្បែរអ្នក អោយអ្នកខ្ចីស្មារ ផ្អែកដោយមិនរំខានអ្នកទេ ៕

អ្វីដែលនាងចង់បាន តើអ្នកអាចផ្ដល់អោយនាងបានទេ? វាមិនមែនជារឿងងាយ តែខ្ញុំជឿថាវាក៏មិនមែនពិបាកនឹងផ្ដល់អោយដែរ ! ដើម្បីមនុស្សដែលខ្លួនស្រលាញ់ខ្ញុំជឿថាអ្នកនឹងអាចធ្វើបាន ។

ឆ្លាក់ក្បាច់លើដៃគួរឲ្យចាប់អារម្មណ៍



















អ្នកវិទ្យាសាស្ត្រវិលក្បុងពេលសាកសពងើបពីមជ្ឈូសដើរមកផ្ទះវិញ


អ្នកវិទ្យាសាស្ដ្រវិលក្បុងពេលសាកសពងើបឡើងពីមឈូសដើរមកផ្ទះ

ក្រុមអ្នកវិទ្យាសាស្ដ្រវិលក្បុងមិន អាចបកស្រាយបាននូវមូលហេតុដែល សាកសពស្លាប់យូរថ្ងៃ រលេះរលួយសាច់ អស់នៅអាចងើបចេញពីក្ដារមឈូស ដើរមកផ្ទះធម្មតាធ្វើឱ្យមនុស្សជាច្រើន ភ័យតក់ស្លុតស្លន់ស្លោ រត់បាតជើងស ព្រាត ។ ចំណែកជនជាតិ តូរ៉ាចា នៅ ឥណ្ឌូនេស៊ី បណ្ដាគ្រូមន្ដអាគមន៍អុមអាម ដែលធ្វើឱ្យខ្មោចងើបពីមឈូសដើរទៅ ផ្ទះមានតាំងពីយូរលង់ណាស់មកហើយ។

គ្រូមន្ដអាគមន៍អូមអាមមានតាំងពីបុរាណកាល

ជនជាតិ តូរ៉ាចា (Toraja) ជាក្រុម ជនជាតិដើមភាគតិច រស់នៅតំបន់ភ្នំ ភាគខាងត្បូង ខេត្ដស៊ូឡាវេស៊ី ប្រទេស ឥណ្ឌូនេស៊ី ។ ជាច្រើនឆ្នាំកន្លងមក តំបន់ ដីដែលជនជាតិតូរ៉ាចារស់នៅ ត្រូវកាត់ ផ្ដាច់នៅឯកោ គ្មាននរណាម្នាក់ទៅដល់។ មន្ដអាគមន៍ធ្វើឱ្យសាកសពដាក់ក្នុងក្ដារ មឈូសកប់ក្រោមដីជាច្រើនថ្ងៃអាច ដើរមកផ្ទះបានក្លាយជាពាក្យចរចាម អារ៉ាម ដោយសារតែពលរដ្ឋមិនបានទៅ ដល់ទីនោះ ប៉ុន្ដែនៅពេលដែលបានដឹង ការពិតធ្វើឱ្យមនុស្សជាច្រើនបះរោម ព្រឺសម្បុរគ្រប់ៗគ្នា ។ ពលរដ្ឋដែលមាន វ័យចាស់បំផុតនៅក្នុងក្រុមជនជាតិ តូរ៉ា ចា បាននិយាយថា ការធ្វើមន្ដអាគមន៍ ឱ្យសាកសពងើបដើរមកផ្ទះនោះមាន តាំងពីបុរាណកាលមកម្ល៉េះ ។ នៅពេល នោះ មានសង្គ្រាមស៊ីវិលកើតឡើងរវាង ក្រុមជនជាតិ តាណាតូរ៉ាចា នៅភាគ ខាងលិច នឹងជនជាតិ តានាតូរ៉ាចា នៅ ភាគខាងកើត ។ ជនជាតិដែលនៅភាគ ខាងលិចបានចាញ់នៅក្នុងសង្គ្រាមហើយ ត្រូវគេសម្លាប់ចោលស្ទើរតែទាំងអស់។ ក្នុងពេលជាមួយគ្នានោះ ក្រុមជនជាតិ តានាតូយ៉ាចានៅខាងកើតមានអ្នកស្លាប់ តិចជាង ហើយសាកសពទាហានត្រូវ បានគេសែងយកមកផ្ទះ ភូមិស្រុកដើម្បី រៀបចំពិធីតាមទំនៀមទម្លាប់ ។

ផ្ទុយទៅវិញ ក្រុមជនជាតិ តាណាតូរ៉ា ចា ភាគខាងលិចដែលចាញ់សង្គ្រាម ត្រូវគេសម្លាប់ជិតអស់ មិនអាចសែង សាកសពត្រឡប់មកភូមិ ស្រុកវិញបាន ទើបក្រុមជនជាតិនោះដែលនៅសេស សល់បានធ្វើពិធីប្រើមន្ដអាគមន៍ហៅ ខ្មោចទាំងអស់នោះដើរត្រឡប់មកផ្ទះ វិញដោយខ្លួនឯង ។ ចាប់តាំងពីពេល នោះមក ជនជាតិ តាណាតូរ៉ាចា រក្សា ខ្ជាប់នូវមន្ដអាគមន៍បញ្ជាខ្មោចជារៀង រហូតមកទល់បច្ចុប្បន្នកាល ។ ប៉ុន្ដែ ពេលនេះគ្រូមន្ដអាគមន៍អាចធ្វើរឿង នោះបាន លុះត្រាតែមានសំណើរបស់ សាច់ញាតិ បងប្អូនសាកសពដែលស្លាប់ ហើយនោះ ។

ការរក្សាសាកសពនៅដដែល

ចាប់តាំងពីឆ្នាំ១៩០៥ ក្រុមអ្នកវិទ្យា សាស្ដ្របានរកឃើញសាកសពដែលនៅ មានរូបរាងពេញលេញដដែល មិនរលួយ ឬបំផ្លាញពេលកប់យ៉ាងយូរហើយនោះ។ ចំណុចដែលគេចាប់អារម្មណ៍នោះគឺ សាកសពមិនបានប្រើប្រាស់ជាតិគីមីក្នុង ការរក្សានោះឡើយ ប៉ុន្ដែអាចនៅស្ថិត ស្ថេរបាន ។ ក្រុមអ្នកវិទ្យាសាស្ដ្រមាន ការសង្ស័យថា មានសារធាតុអ្វីម្យ៉ាង ដែលជួយការពារសាកសពមិនឱ្យរលួយ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រមិនអាចរក ឃើញសារធាតុនោះឡើយ ។

ចំណែកពលរដ្ឋនៅក្នុងតំបន់បានឱ្យ ដឹងថា ពិធីបញ្ចុះសាកសពរបស់ជនជាតិ តាណាតូរ៉ាចា ធ្វើតាមបែបប្រពៃណី ពិសេសជាមូលហេតុអាចរក្សាសាក សព ក៏ដូចជាការបញ្ជាសាកសពឱ្យដើរ មកផ្ទះ មានតែនៅក្នុងតំបន់ ម៉ាសាម៉ា ប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ។ នៅ ពេលដែលអ្នកភូមិជនជាតិខាងលើស្លាប់ គេរុំសាកសពតែជាមួយសម្លៀកបំពាក់ ហើយដាក់ចូលក្នុងក្ដារមឈូស រួចសែង ទៅកន្លែងបញ្ចុះរបស់ក្រុមជនជាតិខាង លើ ។

ចំណុចពិសេសរបស់ជនជាតិ តាណា តូរីចា គឺសាកសពដែលដាក់ក្នុងមឈូស នោះ គឺកប់បញ្ឈេរនៅជើងភ្នំ ដោយគេ ឃួងផ្ទាំងថ្ម សមល្មមសម្រាប់ដាក់ មឈូស ។ ចំណុចមួយដែលគេងាយ យល់ គឺពេលធ្វើដំណើរទៅជិតដល់តំបន់ កប់ខ្មោចឈរ គេមិនធុំក្លិនស្អុយឡើយ ដោយសាកសពដែលកប់បញ្ឈរនោះ ស្ងួត ក្រៀមទាំងអស់។ សាកសពយូរឆ្នាំ ហើយ ពេលងើបដើរចេញពីមឈូស សូម្បីតែរោមភ្នែក រោមចិញ្ចឹម សក់នៅដដែល ។ ចំណែកផ្ទៃមុខ ផ្លាស់ប្ដូរទាំង ស្រុង ។

ពលរដ្ឋដែលរស់នៅទីនោះបានឱ្យដឹង ថា ការដែលរក្សាសាកសពបានស្ងួតមិន ស្អុយរលួយបែបនេះដោយសារតែកប់ បញ្ឈរនៅក្នុងផ្ទាំងថ្មមានសារធាតុម្យ៉ាង អាចជួយការពារសាកសព ។ មួយវិញ ទៀតសាកសពដែលកប់ក្នុងថ្មភ្នំអាច បញ្ចៀសបានពីឥទ្ធិពលអាកាសធាតុខាង ក្រៅ ។ ដោយការរក្សាសាកសពនៅ ដដែល ទើបគ្រូមន្ដអាគមន៍អាចបញ្ជា ឱ្យដើរមកផ្ទះបាន ហើយបើរលួយ ឆ្អឹង របូតចេញពីគ្នានោះ ក៏មិនអាចធ្វើបាន ឡើយ ។

កន្លងក្រុមជនជាតិភាគតិចនៅទី នោះព្រួយបារម្ភយ៉ាងខ្លាំងពីពេលវេលា ដែលសាកសពត្រូវដើរមកផ្ទះ អាចនឹង ត្រូវងាប់ម្ដងទៀតនៅតាមផ្លូវ ប្រសិន បើដើរមកជួបមនុស្សចម្លែក គេប្រាកដ ជាភ័យខ្លាច ហើយអាចនាំគ្នាវាយសំពង ក៏ថាបាន ។ ទាំងនោះហើយបានជារាល់ ពេលធ្វើមន្ដអាគមន៍ហៅសាកសពដើរ មកផ្ទះ តែងតែជួលគ្រូមន្ដអាគមន៍ដើរ ពីក្រោយជាមួយសាកសព ទីមួយដើម្បី ការពារ មួយទៀតដើម្បីជួយនាំផ្លូវដើរ ឆាប់ដល់គោលដៅ ។ សាកសពដើរមក ផ្ទះដោយខ្លួនឯងមិនថា នៅផ្លូវជិត ឬ ឆ្ងាយនោះឡើយក្រោយពេលធ្វើមន្ដ អាគមន៍ ។ នៅពេលដែលមាននរណា ម្នាក់និយាយទៅកាន់សាកសពដែល កំពុងដើរនោះ សាកសពប្រាកដជាដួល រលំភ្លាមៗ មិនអាចបន្ដដំណើរទៅផ្ទះ បានឡើយ ហើយការធ្វើមន្ដអាគមន៍ជា ថ្មី ក៏អស់ស័ក្ដិសិទ្ធដែរ ។ ដូច្នេះពេលធ្វើ ដំណើរមកផ្ទះរបស់សាកសព ពិតជា មានឧបសគ្គច្រើន នៅពេលដែលជួប មនុស្សរស់សួរនាំ ។ ដើម្បីកាត់បន្ថយ ឧបសគ្គខាងលើ គ្រូមន្ដអាគមន៍តែងតែ នាំសាកសពដើរផ្លូវវៀង ផ្លូវស្ងាត់ គ្មាន មនុស្សឆ្លងកាត់ ។

ធ្វើឱ្យសាកសពចេះដើរដោយវិធីណា?

ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងតែវិល ក្បុងដោយរកចម្លើយមិនឃើញថា ហេតុអ្វីបានជាគ្រូមន្ដអាគមន៍អាចបញ្ជា សាកសពដើរមកដល់ផ្ទះបានដោយខ្លួន ឯង? ចម្លើយដែលគេចាត់ទុកថាសម ស្របបំផុតនោះគឺ គ្រូមន្ដអាគមន៍អាច ប្រើប្រាស់សារធាតុម្យ៉ាងដូចជាម្សៅ ដើម្បីធ្វើឱ្យអ្នកស្លាប់នោះរស់ឡើងវិញ ក្នុងលក្ខណៈគ្មានវិញ្ញាណ ក្នុងរយៈពេល មានកំណត់អាចដើរទៅផ្ទះដោយខ្លួនឯង។

សារធាតុម្សៅដែលគេប្រើប្រាស់ទៅ លើសាកសពមានជាតិពិសយ៉ាងខ្លាំង ដោយម្សៅនោះគេយកចេញពីសត្វដែល មានពិស ដូចជាពីងពាងពិស ខ្យារដំរី ស្បែកគីង្គក់...។ បើមនុស្សរស់ប៉ះចំសារ ធាតុនោះប្រាកដជាស្លាប់មិនខាន ។ ផ្ទុយ ទៅវិញ ចំពោះសាកសព ជាតិពិសនោះ វាមានប្រសិទ្ធភាពផ្សេង វាអាចធ្វើឱ្យ សរសៃ រាងកាយដំណើរការឡើងវិញ ។ នៅពេលដែលម្សៅពិសគេផ្លុំទៅលើ សាកសព វាជួយឱ្យប្រព័ន្ធសរសៃប្រសាទ សាកសពធ្វើសកម្មភាពដោយគ្មាន វិញ្ញាណ ដូចជាម៉ាស៊ីនអ៊ីធចឹងដែរ ។ ជា ធម្មតា ប្រភេទម្សៅពិសនោះជួយឱ្យគ្រូ មន្ដអាគមន៍ធ្វើឱ្យសាកសពរស់ឡើង វិញក្នុងរយៈពេល៣ថ្ងៃ ជាពេលវេលា គ្រប់គ្រាន់ដើម្បីធ្វើដំណើរមកផ្ទះ ។ ប្រសិនបើគ្រូមន្ដអាគមន៍ចង់ឱ្យសាក សពនោះរស់បានយូរ គេត្រូវលាយម្សៅ ក្នុងកម្រិតផ្សេង ។

ប៉ុន្ដែមានមនុស្សជាច្រើនមិនពេញ ចិត្ដនឹងចម្លើយខាងលើឡើយ ដោយ គ្រាន់តែជាការបកស្រាយរបស់ក្រុម អ្នកវិទ្យាសាស្ដ្រតែប៉ុណ្ណោះ ។ ការបញ្ជា ឱ្យសាកសពដើរមកផ្ទះមានតែពិធីមន្ដ អាគមន៍តែប៉ុណ្ណោះ ។

នៅពេលនេះ ជនជាតិ តាណាតូរ៉ាចា ក៏មិនដែលបានឃើញសាកសពដើរមក ផ្ទះ ដោយគ្មាននរណាម្នាក់ស្នើ ឬតម្រូវ ឱ្យធ្វើមន្ដអាគមន៍បែបនេះ ។ ក្រុមជន ជាតិភាគតិចខាងលើព្រួយបារម្ភថា មិន យូរនោះឡើយ មន្ដអាគមន៍បញ្ជាសាក សពឱ្យដើរត្រឡប់មកផ្ទះនឹងត្រូវបាត់ បង់ គ្មានអ្នកបន្ដវេន មានតែនៅក្នុងរឿង និទាន ឬភាពយន្ដប៉ុណ្ណោះ ។ គ្រួសារជា ច្រើននៅទីនោះគ្មានប្រាក់គ្រប់គ្រាន់ សម្រាប់ជួលគ្រូមន្ដអាគមន៍បញ្ជាឱ្យ សាកសពមកផ្ទះនោះឡើយ ។

មកទល់ពេលនេះ ការដែលបញ្ជា សាកសពឱ្យដើរមកផ្ទះដោយខ្លួនឯង នៅ តែជាអាថ៌កំបាំងដដែលសម្រាប់ក្រុម អ្នកវិទ្យាសាស្ដ្រឥណ្ឌូនេស៊ី ក៏ដូចជានៅ លើពិភពលោកទាំងមូល ៕




ប្រភព FB

រឿងកែ្អក១ជាកែ្អក១០




កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ចិតយ៉ាងល្អ​មិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា "អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់"។ អាខិលឆ្លើយថា "ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?"។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា "ដូរក៏ដូរ " ។​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា "ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ" ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា "ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ" ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថា "ដណ្តាំបាយទៅអញ បានផ្អក " ប្រពន្ធថា "បានផ្អកពីណា?"។ អាខិលថា "ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់"។ ប្រពន្ធ ក៏ពេញចិត្តនឹកថា "ប្តីចេះធ្វើកាំបិតដូរផ្អក" ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយកកាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅក្នុង ដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា "យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?" ។ ប្តីថា "ក្រែងត្រីពោ" ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វក ដឹងជាក់ជាអាចម៏មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។ និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា "អាចម៏មួយពាងដូរបានដាវ1ដែរ " ទទួលខឹងនឹង ឆែ្កវាច្រាសស្លឹកគ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវនេះ ខ្លីកំប៊ិច គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើចទាំងពីនាក់ សើចហើយប្រាប់ប្រពន្ធថា "ប្រាជ្ញអានេះ ស្មើនឹងអញៗ ទៅបបួលវាធ្វើសំឡាញ់ គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ"។ លុះទៅប្រទះនឹងអាខិល ដើរពីនាយ សើចពព្រាយនិយាយសួរថា "ឯងទៅណា? "។ អាខិលឆ្លើយថា "អញមកសុំឯងធ្វើសំឡាញ់"។ អាមួយក៏ថា "អញមក សុំឯងធ្វើក្លើដែរ" ហើយក៏សុខចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុង បូជាថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា "អ្នកណា ស្លាប់បានជាគេយំ?" គេប្រាប់ថា "មហាសេដ្ធីស្លាប់"។ អាទាំងពីនាក់គិតគ្នាថា "ឯងត្រូវកែ្លងសំបុត្រ1ច្បាប់ ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង"។ អាមួយក៏ទៅបន្លំដេកដូចគំនិត។ អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៍ កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែងសូត្រឲ្យ គេស្តាប់ថា សំបុត្រពីមហាសេដ្ធីមកប្រាប់ថា "ចៅខូចកំសត់តាំងពីតូចជាកូនធម៍ ឥឡូវអាពុកជរាហើយ កូនអើយចូរ! ទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ"។ កូនចៅប្រុសស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខា សេដ្ធី ។ អាខូចឆ្លើយថា "ខ្ញុំសូមសន្យានឹងអស់កូនចៅ អញ្ចើញទៅហៅ ទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំកែ្លងបព្ឆោតទេ"។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយថា "អើ!"។ កូន សួរថា "ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?" អាខិលឆ្លើយថា "អើ! កូនអញឈ្មោះអាខូចវាមកហើយឬ?"។ កូនឆ្លើយថា "ទានប្រុស ! មកហើយ "។ អាខិលថា "អើ! មើលយករទេះមួយធំ ក្របីមួយនឹម ទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ វាល់ផ្ទុកក្នុងរទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ"។ កូនចៅស្រីប្រុសចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅអស្ចារ្យ ឥឡូវនឹងបើក្តារឲ្យ ច្បាស់ ចាស់ៗហាមប្រាមថា "មើលមុខខ្មោច​មិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់ យកសំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ ផ្លុកទៅឲ្យ​អាខូចអាខិល បង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា "យើងបានទ្រព្យ​របស់តែទាស់ឃ្លានបាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង"។ អាមួយព្រម ហើយ អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យតែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសំឡាញ់ គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក ហើយយក​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យកបាយ​ស៊ីមិនដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។ ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេកត្រាំទឹកនៅទីនោះទៅ។ ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ នឹកម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះ បើលៃលកយក​ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា "បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុកជារបស់ខ្លួន បើនិយាយ អ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៏ដើម្បីឲ្យសុខខ្លួន"។ គិតហើយទៅដល់ផ្ទះក៏ កុហកប្រាប់ប្រពន្ធថា "អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរចេញពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវាបែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយ គ្មានទាំងសាក្សី​បានដឹងនឹងអាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក"។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា "មានកែ្អកពីហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់ "មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា កែ្អក៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់ចាត់ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់ត្រាស់សួរថា "មែនឬមិនមែន"។ បុរសក្រាបទូលថា " ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្តព្រោះ​ដ្បិតឃើញទ្រព្យច្រើន"។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម រទេះយកទៅ​ថ្វាយសេ្តចៗសេ្តច​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។

ប្រភពៈ https://km.wikipedia.org/wiki

គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ


គុណ​និង​ទោស​នៃ​ការ​​ប្រើប្រាស់​​ទ្រព្យ​សម្បត្តិ

ភោគៈ (ទ្រព្យ​សម្បត្តិ)​ជា​វត្ថុធាតុ​ឬ​ធនធាន​មួយដែល​មនុស្សអោយ​តំលៃបំផុត ជា​ពិសេស​គឺមាសប្រាក់​ឬឧបករណ៍​ប្រើប្រាស់។

ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវ​ព្យាយាម​​ ស្វះស្វែង​រក​ដោយ​កម្លាំងកាយនិងចិត្ត ទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច? ។ព្រោះ តែគុណ​តម្លៃ​និង​គុណ​សម្បត្តិ​របស់វា។ ​ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរ​ដែល មនុស្ស​យើង​គួរតែ​ពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណសម្បត្តិ និង គុណវិបត្តិ។​

គុណវិបត្តិ
ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃ គេត្រូវធ្វើ ការ នឿយហត់​ទាំង​យប់​ថ្ងៃដោយច្រើនអន្លើ ប៉ុន្តែពេលបាន​មក​ហើយបែរជាមិនស្គាល់ តម្លៃ របស់វា។គេចាយ​ប្រើប្រាស់​ខុសវិធី គោលបំណង ឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគ​លោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយ​ជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិ មិនគប្បីចំពោះមនុស្សសត្វ​ផងដែរ។​​ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស​់​ក្នុងអំពើ​​អបាយ​មុខ​ទាំង​ឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារ​ទាំង​មូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថា​គុណវិបត្តិនៃ​ការប្រើប្រាស់​ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​សម្តែង​ថា «អ្នកដែលជាប់​ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​

«មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ  បរិភោគច្រើនពេកទៅ   ទុក្ខមក​នៅ​មិនរ​សាយ​» ។

គុណសម្បត្តិ
ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិង សង្គមផង ទើប​នៅជាសុខ។​

វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ
១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ
២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ
៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ
៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នក​ដែល​ចែក​ឋាន​ទៅ​ហើយ,បង់ពន្ឋដារអោយរដ្ឋ,​ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតា​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រ​ខ្សត់​ព្រម​ដោយ​ធ្វើ​បុណ្យ​អោយ​ទាន​តាម​ជំនឿ​សាសនា​ដែល​ខ្លួន​គោរព​រាប់អាន និងប្រ​តិបត្តិតាម។ ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យ​សម្បត្តិ​យក​ទៅ​ប្រព្រឹត្ដិ​អំពើ​អបាយ​មុខ​ទាំងឡាយ​ណា ដែលជា​ហេតុនាំ​មកនូវ​សេចក្ដី​​វិនាស។

ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា
១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បម្រុងមាតាបិតា ញាតិអោយ​នៅជាសុខ
២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគ​ទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី
៣.មួយចំណែកបម្រុ​ង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព​ ឬសន្សំ​សំចៃ​ ដើម្បីប្រើ​ប្រាស់ក្នុងថ្ងៃតទៅខាងមុខ
៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។

«បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់​ដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាស​ម្ពុទ្ធត្រាស់​សម្តែង​ថា «មាន​ចំនួនតិចណាស់ក្នុងលោកនេះ»។​

ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុង​កាម​និង​ភោគៈ​ទាំង​ឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់ក្នុងកាមទាំងឡាយ មិន​ដឹង​នូវ​ទោស​ដែល​ប្រព្រឹត្តល្​មើស​ដូច​ជា​ពួក​ម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វ​នោះរមែង​មាន​សេច​ក្ដី​​ក្ដៅក្រហាយ​ក្នុង​កាល​​ជាខាងក្រោយ ព្រោះថា ផល​នៃ​កម្ម​នោះ​ជា​ផលលាមក​»។​

«សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។​ (ស.សំ. ស.អប្បសូត្រទី៦.ទ.២១២)​                                

មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ  បែងចែក ចាយវាយស្គាល់ហេតុផល
ការពារមុខក្រោយ កោយ​យក​ផល  ទោស​មិន​កើត​ដល់​ព្រោះសម្គាល់​ (តម្លៃ) ​ទ្រព្យ។


ប្រភពៈ http://www.5000-years.org/kh/read/354