Wednesday, February 28, 2018

ប្រកបខ្លួនក្នុងក្ដីខ្ជិល មានទោស ៦ យ៉ាង


(បទកាព្យ ៧)
-    មិនធ្វើការដោយអាងថា
       ពេលនេះរងាខ្លាំងពេកណាស់
-    បើថ្ងៃក្ដៅមេឃស្រឡះ
       ក៏ថាក្ដៅណាស់ត្រូវតែឈប់ ។
-   ថាពេលនេះល្ងាចពេកហើយ
       កុំអាលធ្វើឡើយក្រែងលោយប់
-    ថាព្រឹកពេកបង្អង់ឈប់
       ចាំល្ងាចព្រលប់សឹមបង្ហើយ ។
-    ថាឃ្លានពេកត្រូវស៊ីសិន
       ឥឡូវបាយឆ្អិនកុំរាន់ឡើយ
-    ស្រេកពេកចាំផឹកហើយ
       កុំប្រញាប់ឡើយធ្វើការនេះ ៕

ដដ.ទំ.៤១០

       

សេពគប់តែនឹងមិត្តបាប មានទោស ៦ យ៉ាង


(បទកាព្យ ៧)
-    អ្នកលេងល្បែងស៊ីសង
       ចូលចិត្តចងមិត្តពួកល្បែង
-    អ្នកល្បែងស្រីរកគ្នាឯង
       ជាអ្នកលេងល្បែងស្រីដូចគ្នា ។
-   ពួកអ្នកលេងល្បែងស៊ីផឹក
       គប់រកប្រមឹកស្រាពាលា
-    អ្នកឆបោកជននានា
       គប់រាប់រកគ្នាអ្នកបោកក្លែង ។
-    អ្នកក្លែងបោកចំពោះមុខ
       យកចិត្តដាក់ទុកនឹងគ្នាឯង
-    អ្នកឆក់យកទ្រព្យស្ដែង
       ខិតខំខ្នះខ្នែងគប់រកគ្នា ៕



លេងល្បែងភ្នាល់ស៊ីសង មានទោស ៦ យ៉ាង


(បទកាព្យ ៧)
-    អ្នកឈ្នះល្បែងតែងអូសយក
       ទ្រព្យធនគេមកឥតកោតក្រែង
-    អ្នកលេងចាញ់លង់ក្នុងល្បែង
       នោះនឹងស្វះស្វែងចងពៀរទុក ។
-   វិនាសអស់ទ្រព្យធន
       អ្នកលេងគង់គន់ឃើញនូវមុខ
-    ពាក្យអ្នកលេងគេមិនទុក
       ចិត្តយកជាមុខស្មរបន្ទាល់ ។
-    មិត្តដែលគេមិនលេងល្បែង
       គេលះបង់ឯងលែងធ្វើស្គាល់
-    ពួកអ្នកលេងល្បែងភ្នាល់
       លុះដល់ខ្លួនទាល់ហ៊ានលួចលាក់ ៕



ដើរមើលល្បែងមហោស្រព មានទោស ៦ យ៉ាង


(បទកាព្យ៧)
-    មានលេងល្បែងរាំទីណា
       ខំត្រាច់យាត្រាទៅទីនោះ
-    នឹងស្វះស្វែងដើរចំពោះ
       ទៅទីណានោះមានច្រៀង ។
-   មានប្រគំកូតនៅទីណា
       ត្រាច់ចរយាត្រាទៅទីនោះ
-    មានរឿងព្រេងស្វែងរកចំពោះ
ទៅទីណានោះស្ដាប់រឿងព្រេង ។
-    ចម្រៀងទះដៃទីណា
       នោះត្រាច់យាត្រាទៅមើលលេង
-    បើឮសូរសព្ទភ្លេង
       គេលេងទីណាទៅទីនោះ ៕

ដើរលេងយប់គ្រប់កន្លែងមានទោស ៦ យ៉ាង


(បទកាព្យ ៧)
-   អ្នកដែលដើរលេងខុសកាល
       មិនបានអភិបាលខ្លួនអាត្មា
-   អ្នកដើរលេងខុសវេលា
       បុត្តភរិយាខានគ្រប់គ្រង ។
-   មិនបានថែរក្សាទ្រព្យ
       នាំឲ្យអភ័ព្វកើតសៅហ្មង
-   គេនឹងរង្គៀសនឹងខ្លួនផង
       នាំមានសៅហ្មងច្រើនប្រការ ។
-   ពាក្យពោលក្លែងបង្កាច់ខ្លួន
       ប្រកាន់តាមជួនមានហេតុណា
-   មានទោសច្រើនប្រការ
       ព្រោះតែអាត្មាដើរលេងយប់ ៕


Tuesday, February 27, 2018

ផឹកសុរាឬមេរ័យមានទោស ៦ យ៉ាង



(បទកាព្យ ៧)
-     វិនាសអស់ទ្រព្យធនធាន
          អ្នកផឹកស្រាបានឃើញភ្នែកឯង
-    កើតប្រកែកឈ្លោះទាស់ទែង
          ចំរើនច្រើនស្ដែងជាអនេក ។
-     បណ្ដាលជារោគនានា
          មានកើតឡើងជាងងឹតភ្នែក
-     កើតនិន្ទាជាអនេក
          គេត្មះតាមភ្នែកគេឃើញនោះ ។
-     កេរ្តិ៍ខ្មាសដែលខ្លួនធ្លាប់លាក់
          ក៏បង្ហាញជាក់ភ្នែកគេស្មោះ
-     កម្លាំងប្រាជ្ញាថមថយអស់
          នេះទោសរបស់អ្នកផឹកស្រា ៕

         

Monday, February 19, 2018

អបាយមុខ ធម៌ជាប្រធាននៃសេចក្ដីវិនាស ៦ យ៉ាង


(កាព្យបទ ៧)

_    ផឹកសុរាឬមេរ័យ
          រឿយៗសព្វថ្ងៃដែលជាបាទ
          ជាហេតុទីតាំងក្ដីប្រមាទ
          នាំឲ្យមិនស្អាតកើតឧបទ្រព ។
_    ដើរលេងយប់គ្រប់កន្លែង
          ស្វះស្វែងខ្នះខ្នែងដើរឥតឈប់
          តាមដោយច្រកល្ហកវេលាយប់
          នាំខ្លួនឧបទ្រពកើតសៅហ្មង ។
_    ដើរមើលល្បែងមហហោស្រព
          នាំឲ្យខាតទ្រព្យខូចចិត្តផង
          ចូរកុំមើលល្បែងតែងសៅហ្មង
          កើតទោសទុក្ខផងដល់អាត្មា ។
_    បានលេងល្បែងភ្នាល់ស៊ីសង
          នាំចិត្តមួហ្មងកើតវេរា
          ដោយទោសព្រោះលេងល្បែងនានា
          ជាហេតុពាធាគ្នាទៅមុខ ។
_    សេពគប់តែនឹងមិត្តបាប
          ដែលនាំដុនដាបអង្គឲ្យទុក្ខ
          ឲ្យទោសច្រើនក្រៃតទៅមុខ
          ពុំដែលបានសុខខ្លួនសោះឡើយ ។
_    ប្រកបខ្លួនក្នុងក្ដីខ្ជិល
          ជាហេតុរិចរិលគ្រប់មុខហើយ
          បានទុក្ខរោលរាលមិនមានស្បើយ
          មិនគួរត្រេកឡើយនូវអបាយ ៕


ដដ.ទំ.៤០៨

មិត្តមានសេចក្ដីអនុគ្រោះមាន ៤ ពួក


(កាព្យបទ ៧)

-     ឮថាមិត្តបង់របស់
          ចិត្តគ្មានសោមនស្សត្រេកអរឡើយ
-    ឮថាមិត្តចំរើនហើយ
          ចិត្តគ្មានកន្តើយជួយត្រេកអរ ។
-     បានហាមមនុស្សថ្លែងទោសមិត្ត
          មិនឲ្យប្រព្រឹត្តនិយាយត
-     សរសើរគេថាចិត្តល្អ
          ដែលឮគេសរសើរគុណមិត្ត ។
          មិត្តទាំង ៤ នេះមានសង្គ្រោះ
          គួរស្មោះចំពោះអស់ពីចិត្ត
          ត្រូវចងស្នេហាឲ្យបានស្និទ្ធ
          យកធ្វើជាមិត្តតទៅហោង ៕


ដដ.ទំ.៤០៨

មិត្តណែនាំប្រាប់ប្រយោជន៍មាន ៤ ពួក


(កាព្យបទ៧)
-     ហាមមិត្តខ្លួនមិនឲ្យធ្វើ
          នូវកម្មអំពើជាវេរា
-    នាំឲ្យធ្វើបុណ្យនានា
          ដែលជាអំពើបុណ្យកុសល ។
-     បាននាំស្ដាប់ធម៌ទេសនា
          ដែលមិត្តអាត្មាមិនដែលស្គាល់
-     ប្រាប់ផ្លូវសួគ៌ផ្លូវមគ្គផល
          ឲ្យបានដឹងដល់ពួកមិត្តនោះ ។
          មិត្តទាំង ៤ នេះមិត្តថ្លាថ្លៃ
          មិត្តប្រសើរក្រៃជួយសង្គ្រោះ
          ណែនាំប្រយោជន៍យ៉ាងខ្ពង់ខ្ពស់
          គួរសេពមិត្តនោះកុំខានឡើយ ៕

ដដ.ទំ.៤០៧

          

Saturday, February 17, 2018

មិត្តរួបរួមក្ដីសុខទុក្ខមាន ៤ ពួក


(កាព្យបទ ៧)
-     ប្រាប់ការណាកំបាំងជិត
          ដល់ជនជាមិត្តឲ្យដឹងដាន
-    បិទការណាដែលមិនបាន
          ប្រាប់ដល់ខ្លួនប្រាណប្រុងការពារ ។
-     បើការក្រមានដល់មិត្ត
          មិនមានគំនិតលះបង់គ្នា
-     បានចេញមុខជួយការពារ
          ប្ដូរសាច់ឈាមគ្នាប្រយោជន៍មិត្រ ។
          មិត្តទាំង ៤ នេះមិត្តមាំមួន
          គួរនឹងប្ដូរខ្លួនប្ដូរជីវិត
          យកធ្វើជាមិត្តយ៉ាងជិតស្និទ្ធ
          ថែរក្សាចិត្តគ្នាទៅហោង ៕


ដដ.ទំ.៤០៧

មិត្តមានឧបការៈ មាន ៤ ពួក


(កាព្យបទ ៧)

-     បើឃើញមិត្តភ្លាត់ភ្លាំងកាយ
          ចូលមកខ្វល់ខ្វាយថែរក្សា
-    បើមិត្តធ្វេសក្នុងទ្រព្យណា
          នោះជួយរក្សាទ្រព្យមិត្តឲ្យ ។
-     បើមិត្តមានភ័យតក់ស្លុត
          ក៏មិនបានរត់ចោលគ្នាឡើយ
-     មិត្តត្រូវការរកទ្រព្យហើយ
          គ្មានគេចកែឡើយយកឲ្យមិត្ត ។
          មិត្តទាំង ៤ នេះមិត្តប្រសើរ
          មានហើយគួរដើរចូលទៅជិត
          រាប់អានស្រឡាញ់គ្នាយ៉ាងស្និទ្ធ
          យកធ្វើជាមិត្តកុំខានឡើយ ៕

ដដ.ទំ.៤០៧


កល្យាណមិត្ត មិត្តល្អតាមគោលដើមមាន ៤ ពួក


(កាព្យបទ៧)

-     មិត្តមានឧបការៈ
          គឺមិត្តជាអ្នកជួយឧបត្ថម្ភ
          បើខ្លួនភ្លាត់ភ្លាំងក្នុងបាបកម្ម
          រំឭកឲ្យចាំជាក់ឡើងបាន ។
-    មិត្តរួបរួមក្ដីសុខទុក្ខ
          គឺមិត្តចេញមុខមកផ្ទាល់ប្រាណ
          ជួយរក្សាខ្លួនសព្វភូមិឋាន
          ហៅមិត្តកល្យាណរកបានក្រ ។
-     មិត្តណែនាំប្រាប់ប្រយោជន៍
          ច្រើនតិចដោយហោចឲ្យតែល្អ
          ប្រយោជន៍ផ្លូវលោកឬផ្លូវធម៌
          មិត្តនេះរកក្រកំដរខ្លួន ។
-     មិត្តមានក្ដីអនុគ្រោះ
          ចិត្តស្មោះចំពោះចេញចំនួន
          បានជួយស្រោចស្រង់សង្រ្គោះខ្លួន
          មិត្តមានក្ដីស្ងួនយ៉ាងចំណាប់ ។
          មិត្ត ៤ ពួកនេះចំណានល្អ
          ត្រឹមត្រូវតាមធម៌មិត្តពេញច្បាប់
          បើមានទីណាគួរប្រញាប់
          យកជាមិត្តឆាប់កុំខានឡើយ ៕


ដដ.ទំ. ៤០៦  

Friday, February 16, 2018

ជីវិតនេះតិចណាស់


(កាព្យបទ៧)

ជីវិតសត្វលោកមានតិចណាស់
បញ្ជាក់យ៉ាងច្បាស់ព្រះពុទ្ធដីកា
ដាស់តឿនទូន្មានរាល់រូបា
ឲ្យកើតប្រាជ្ញាស្មារតី ។
កុំឲ្យប្រមាទក្នុងជីវិត
ព្យាយាមតាំងចិត្តទាំងយប់ថ្ងៃ
ដុសខាត់សម្អាតកាយវចី
លកលៃបំពេញបុណ្យកុសល ។
ធ្វើទុកឲ្យហើយសម្រាប់ជីវិត
ឈ្មោះប្រសើរពិតមានភោគផល
នៅពេលស្លាប់ទៅមិនបាច់ឆ្ងល់
មានបុណ្យកុសលតម្កល់ទុក ៕

ស.ស. ជីវិតកថា ព.ស. ២៥៥៤ គ.ស. ២០១០ ទំ.៦៩
រ.មិញ សាវ៉ាន


មិត្តនាំឲ្យអន្តរធានមាន ៤ ពួក


(កាព្យបទ៧)
-     មិត្តនាំឲ្យផឹកសុរា
          ដែលជាហេតុការណ៍កើតឧបទ្រព
-    មិត្តនាំឲ្យដើរលេងយប់
          តាមច្រកល្ហកគ្រប់ទីកន្លែង ។
-     មិត្តនាំដើរមើលមហោស្រព
          នាំឲ្យខ្លួនជាប់ចិត្តក្នុងល្បែង
-     មិត្តនាំខ្លួនដើរស្វះស្វែង
          ទៅរកលេងល្បែងភ្នាល់ស៊ីសង ។
          មិត្ត ៤ ពួកនេះមិនមែនមិត្ត
          សេពគប់ខូចចិត្តខាតទ្រព្យផង
          កុំរួមសុខទុក្ខខុសបំណង
          បំណាច់ខ្លួនប៉ងយកសុខអើយ ៕

ដដ.ទំ. ៤០៦


មិត្តបានខាងតែអែបអប មាន ៤ពួក


(កាព្យបទ ៧)
-     បើមិត្តធ្វើអំពើបាប
          ក៏ព្រមហើយប្រាប់ថាត្រូវហើយ
-    បើធ្វើបុណ្យជាតោះតើយ
          ក៏ថាល្អហើយត្រូវធ្វើទៅ ។
-     សរសើរគុណមិត្តទៅមុខ
          ធ្វើហាក់រួមទុក្ខសុខពេកកូវ
-     និយាយដើមកេរ្តិ៍អាស្រូវ
          ក្នុងពេលមិត្តទៅបាត់ពីមុខ ។
          មិត្តទាំង ៤ នេះមិនមែនមិត្ត
          កុំឈមឈរជិតនាំមានទុក្ខ
          មានទោសដល់ខ្លួនឥតបានសុខ
          ប្រៀបដូចជ្រាំភក់ត្រូវវៀរចេញ ៕


ដដ.

Thursday, February 15, 2018

មិត្តល្អត្រឹមតែវាចាមាន ៤ ពួក


(កាព្យបទ៧)

-     ជួបមុខមិត្តពោលវាចា
          ថាខ្លួនប្រាថ្នាឲ្យរបស់
-    ពោលតែមាត់ឥតសប្បុរស
          ថាឆ្នាំនេះអស់ចាំឆ្នាំក្រោយ ។
-     បើមិត្តធ្វើអំពើណា
          ក៏ពោលវាចាចាក់បណ្ដោយ
-     ល្អនូវមុខអាក្រក់ក្រោយ
          មិត្តនេះនាំធ្លោយថ្លស់អស់ខ្លួន ។
          មិត្តទាំង ៤ នេះល្អតែមាត់
          ចិត្តឥតទៀងទាត់អត់ក្ដីស្ងួន
          កុំទៅសេពគប់នៅចួបចួន
          នាំឲ្យថ្លស់ខ្លួនខូចអាសារ ៕

ដដ.