Thursday, January 25, 2018

កម្រងពាក្យន័យជ្រៅ ត្រូវចិត្តគ្រប់គ្នា

អង្គ ២របស់ទូកគឿងក្នុងសមុទ្រ


១) ទូកដែលគឿងក្នុងមហាសមុទ្រ ដែលមានផ្ទៃទឹកញាប់ញ័រគឹកកងដោយរលកតូចធំ ក៏ជាប់ណែននៅមិនរួចរបូតទៅទិសផ្សេងៗឡើយ ។
២) អណ្ដែតឡើងលើមិនបាន តែលិចស្រឹមទៅក្នុងទឹកជ្រៅ ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
១) ទប់រាំងរាចិត្តដែលមានរាគៈ ទោសៈ មោហៈ ដូចខ្សែរលកទឹកមកគ្របសង្កត់ហើយ ច្រើនតែធ្លាក់ទៅក្នុងអំណាចអកុសលវិតក្កៈ ដម្កល់ចិត្តខ្ជាប់ខ្ជួនក្នុងកុសលវិតក្កៈទាំងឡាយ មិនឲ្យរសាប់រសល់ទៅមក ។
២) កាលគ្រាមាន លាភ យស សរសើរ សុខ ជាដើម ក៏មិនឡើងជោរទៅមក ដល់គ្រាសាបសូន្យចាកលាភ យស សរសើរ សុខ ជាដើម ក៏មិនអាក់អន់ស្រពន់ចិត្ត គប្បីតាំងចិត្តឲ្យខ្ជាប់ខ្ជួន មិនរញ្ជួយទៅតាមអំណាចឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ៕

អង្គ ២របស់ពូជស្រូវ


១) ស្រូវមានប្រមាណតិច ដែលបុគ្គលសាបព្រោះទុកក្នុងស្រែមានដីជីជាតិល្អ មានភ្លៀងបង្អុរចុះមកធ្វើឲ្យជោកឫសនិងសន្លឹកជានិច្ច ពូជស្រូវនោះក៏បង្កើតបានផលជាច្រើន ។
២) ពូជស្រូវដែលបុគ្គលព្រោះសាបទុកក្នុងស្រែ ដែលបានគាស់រានល្អហើយ រមែងដុះលូតលាស់ល្អដោយរួសរាន់ ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
១) សីលដែលរក្សាល្អហើយ ជាអនុបុព្វបដិបទា ដែលអាចឲ្យផលជាច្រើន តាំងអំពីមនុស្សសម្បត្តិ សួគ៌សម្បត្តិ ហើយជាបច្ច័យឲ្យបានសម្បត្តិព្រះនិព្វាន តាមសមគួរដល់ការប្រតិបត្តិនោះៗផង ។
២) ទប់រាំងរាចិត្តទុក នៅក្នុងទីស្ងាត់ ជម្រះចិត្តឲ្យស្អាតថ្លាដោយសតិប្បដ្ឋាន គឺដំកល់ចិត្តឲ្យខ្ជាប់នៅក្នុងកាយ វេទនា ចិត្ត និងធម៌ ហើយឧស្សាហ៍ពិចារណាឲ្យឃើញតាមសភាវៈពិត ទាល់តែចិត្តស្ងប់កើតបញ្ញាជាហេតុនាំមកនូវផលដ៏ល្អប្រពៃ ដោយឆាប់ដូចជាពូជស្រូវ ដែលគេបានព្រោះសាបក្នុងដីស្រែ ដែលមានជីជាតិល្អហើយដូច្នេះដែរ ៕

អង្គ ២ របស់ស្វា


១) អាស្រ័យនៅនឹងទីកន្លែងដូចជាដើមឈើធំ ដ៏ស្ងប់ស្ងាត់ មានមែកធាងត្រឈឹងត្រឈៃសាយចេញទៅ ជាលំនៅល្មមការពារសេចក្ដីភិតភ័យរបស់ខ្លួនបាន ។
២) ដើរក្រោកអង្គុយនោះចំពោះជួរដើមឈើណា លុះដល់វេលាព្រលប់យប់ ក៏ឈប់ដេកនៅនឹងដើមឈើនោះឯង ។
ប្រៀបដូចអ្នកប្រតិបត្តិ ដែលប្រកបដោយអង្គសម្បត្តិ ២ ប្រការគឺ៖
១) នឹងនៅទីណានីមួយ គប្បីរើសរកសេពគប់សព្រហ្មចារី ដែលមានសេចក្ដីខ្មាស មានសីលជាទីស្រឡាញ់ មានកល្យាណធម៌ ជាពហូសូត្រ ទ្រទ្រង់ធម៌មុខគួរឲ្យស្រឡាញ់ គួរគោរព គួរសរសើរ ណែនាំប្រៀនប្រដៅឲ្យស្គាល់ល្អស្គាល់អាក្រក់ សំដែងគុណនិងទោសតាមពិត ដឹកនាំក្នុងផ្លូវល្អ ឲ្យមានចិត្តក្លាហានរីករាយក្នុងផ្លូវប្រតិបត្តិ កាលបើបានមិត្តសព្រហ្មចារីបែបនេះ ទើបសេពគប់ទុកជាកល្យាណមិត្ត នៅអាស្រ័យជាមួយផង ។
២) បែរមុខសំដៅព្រៃណា ក៏គប្បីដើរឈរចង្រ្កម ដេក អង្គុយ ចំរើនសតិប្បដ្ឋាន មានកាយក្នុងកាយ មានវេទនាក្នុងវេទនា មានចិត្តក្នុងចិត្ត និងមានធម៌ក្នុងធម៌ នៅក្នុងព្រៃនោះ ៕

Wednesday, January 24, 2018

អង្គ២របស់សត្វក្អែក


១) មានសេចក្ដីរង្កៀសសង្ស័យជុំខ្លួន ប្រយ័ត្នខ្លួនដើរហើររកស៊ី ។
២) ជួបប្រទះចំណីណានីមួយ គឺសាកសព ឬកាកសំណល់អាហារចំណី ក៏ស្រែកហៅពួកញាតិក្អែកផងគ្នាមកស៊ីជាមួយគ្នា ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
១) មានសេចក្ដីរង្កៀសខ្ពើមអំពើទុច្ចរិត សង្រួមឥន្ទ្រិយដោយសតិដ៏ខ្ជាប់ខ្ជួន តាំងចិត្តរក្សាការពារទ្វារទាំង ៦ មានភ្នែក ច្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត គ្រប់ឥរិយាបថ ។
២) បានលាភសក្ការៈយ៉ាងណាៗ ដែលប្រកបដោយធម៌ ដែលកើតឡើងដោយធម៌ ដោយហោចទៅគ្រាន់តែដុំបាយក្នុងបាត្ររបស់ខ្លួន ក៏គាប់ចិត្តបែងចែកលាភនោះៗ ដល់ពួកសព្រហ្មចារីដ៏មានសីលទាំងឡាយ មិនហួងហែងបរិភោគតែម្នាក់ឯង ៕

អង្គ២របស់ខ្លាឈ្មោល


១) ខ្លាឈ្មោលជាសត្វលាក់ខ្លួនពួនក្នុងទីស្ងាត់ ចាំលោតចាប់ពួកសត្វម្រឹគស៊ីជាអាហារ ។
២) សត្វណានីមួយ ដែលវាចាប់បានហើយ បើដួលទៅខាងឆ្វេងក៏មិនព្រមស៊ី ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ២ ប្រការគឺ
១) សេពសេនាសនៈដ៏ស្ងាត់ ចំរើនភាវនាលុះត្រាតែស្ទាត់ជំនាញក្នុងអភិញ្ញា ៦ មានសំដែងឫទ្ធិបាន១ ត្រចៀកទិព្វ១ ដឹងចិត្តអ្នកដទៃ១ ភ្នែកទិព្វ១ រឭកជាតិបាន១ និងធ្វើអាសវៈឲ្យអស់បាន១ ។
២) មិនបរិភោគភោជនាហារ ដែលសម្រេចមកដោយមិច្ឆាជីវៈ ដែលព្រះពុទ្ធទ្រង់ត្មះតិះដៀល និងដែលកើតមកអំពីអនេសនកម្ម មានធ្វើគ្រូទោះទាយ ស្ដោះផ្លុំ  មើលជំងឺជាដើម យ៉ាងដូចខ្លាដំបងមិនព្រមស៊ីសត្វ ដែលដួលទៅខាងឆ្វេង ដូច្នោះដែរ ៕

អង្គ១របស់ក្អម


ក្អមដែលមានទឹកពេញប្រៀប ទុកជាមានគេគោះក្ដី ក៏មិនមានឮសូរសព្ទរំពងឡើយ ។
ប្រៀបដូចអ្នកប្រតិបត្តិបានដល់ថ្នាក់កល្យាណជនពេញទី ឬមួយបានសម្រេចអរិយមគ្គអរិយផលហើយ ក៏មិនបានអួតអាងប្រកាសប្រាប់គេឯង ទាំងមិនជាប់ចិត្តនឹងលាភសក្ការៈ ដែលកើតឡើងតាមធម្មតា ព្រោះតែគុណវិសេសនោះ ជាអ្នកកំចាត់បង់នូវមានះបានហើយ កំចាត់បង់នូវអំនួតបានហើយ ជាអ្នកត្រង់ទៅត្រង់មក មានវាចាផ្អែមទន់ត្រជាក់ មានកាយមិនរឹងត្អឹងក្រអើតក្រទម ជាអ្នកមានសភាពរៀបរយជានិច្ច ៕

អង្គ១ របស់ទារកបៅដោះ


សភាវៈរបស់ទារក រលឹកឡើងចង់រកតែបៅដោះ ស្រែកយំអង្វរសុំដោះម្ដាយបៅតាមសេចក្ដីស្រេកឃ្លានរបស់ខ្លួន ។
ប្រៀបដូចជាបុគ្គលអ្នករក្សាប្រយោជន៍របស់ខ្លួនទុក ជាអ្នកគាប់ចិត្តតែក្នុងប្រយោជន៍ខ្លួន ឧស្សាហ៍សាកសួរការសង្ស័យ គាប់ចិត្តប្រកបសេចក្ដីព្យាយាមត្រូវ នៅក្នុងទីសេនាសនៈស្ងាត់ នៅរួមនឹងអ្នកចេះដឹងទាំងឡាយ សេពគប់កល្យាណមិត្តទុកជាគូរួមសុខរួមទុក្ខក្នុងករណីយកិច្ចទូទៅ ៕

អង្គ១របស់សត្វពីងពាងធ្វើសំបុក


សត្វពីងពាង ហូតទាញសរសៃក្រាលសំណាញ់នៅក្បែរផ្លូវ បើមានរុយឬមមង់ហើរទៅប៉ះជាប់នៅនឹងសំណាញ់នោះ ពីងពាងក៏ចាប់ខាំសត្វដែលជាប់នៅនឹងសំណាញ់នោះស៊ីជាអាហារ ។

ប្រៀបដូចអ្នកប្រតិបត្តិ ចំរើនសតិប្បដ្ឋាន ៤ មានកាយក្នុងកាយ វាទនាក្នុងវេទនា ចិត្តក្នុងចិត្ត និងធម៌ក្នុងធម៌ ដូចជាសរសៃពីងពាងហើយ បិទទ្វារទាំង ៦ មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត បើមានកិលេសដូចជាសត្វរុយកើតឡើង ក៏គប្បីកំចាត់បង់ដោយសតិប្បដ្ឋាននោះភ្លាមទៅ ៕

Tuesday, January 23, 2018

អង្គ១របស់ពស់ថ្លាន់



ពស់ថ្លាន់ ជាសត្វធំ មានខ្លួនធំ ទុកជាមានពោះស្ងួតក្រៀមជាច្រើនថ្ងៃ ព្រោះតែស្វែងរកអាហារមិនបានពេញក្ដី កាលបើធាត់ធំពេញបន្ទុកហើយ តែងចិញ្ចឹមជីវិតឲ្យល្មមតែរាងកាយទ្រទ្រង់នៅបានប៉ុណ្ណោះ ។

ប្រៀបដូចអ្នកប្រតិបត្តិ បំពេញព្យាយាមខ្វល់ខ្វាយដើរបិណ្ឌបាត អាស្រ័យដុំបាយរបស់អ្នកស្រុក មានបំណងតែដុំបាយដែលគេឲ្យ វៀរចាកដាំស្លដោយខ្លួនឯង ស្វែងរកអាហារឲ្យបានពេញពោះបានដោយក្រ សូម្បីបានអាហារមកច្រើនក្ដីណា ក៏ឆាន់តែល្មមប្រមាណ ដល់ត្រាបានអាហារភោជនតិចត្រឹមតែ ៤-៥ម៉ាត់ ក៏យកមកច្របល់ច្របាច់លាយជាមួយទឹកឆាន់ (ល្មមតែទ្រទ្រង់ជីវិតិន្រ្ទីយ៍ឲ្យគង់វង់ប្រព្រឹត្តទៅបានស្រួលប៉ុណ្ណោះ) ៕

អង្គ១របស់ឈ្លើង



សត្វឈ្លើង ទាមមនុស្សឬសត្វណា ក៏ចាប់តោងមនុស្សឬសត្វនោះយ៉ាងជាប់ខ្ជួន ហើយបឺតស្រូបយកលោហិតចំអែតផ្ទៃ ។
ប្រៀបដូចអ្នកប្រតិបត្តិ គប្បីចាប់យកអារម្មណ៍ណាមួយមកទុកជាប់មាំនៅក្នុងចិត្ត ពិចារណាឲ្យឃើញច្បាស់ដោយពណ៌សណ្ឋានដោយនិមិត្ត ហើយគប្បីជញ្ជក់យករសគឺវិមុត្តឲ្យបាន ៕

អង្គ១របស់ក្អែក


សត្វក្អែកកាលស្រែកយំឡើង តែងប្រាប់ហេតុល្អឬអាក្រក់ មុខគួរឲ្យខ្លាចដល់មនុស្សដទៃ ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលនឹងសំដែងធម៌ដល់ជនដទៃ គប្បីសំដែងហេតុផលទាំងល្អទាំងអាក្រក់ ឲ្យមានឡាក់ឋានជាគ្រឿងអាងឲ្យអ្នកស្ដាប់មានសេចក្ដីសង្វេគតក់ស្លុត ហើយឲ្យមានចិត្តសប្បាយរីករាយក្នុងការប្រតិបត្តិតាមធម៌ ៕

អង្គ១របស់សត្វចាប


សត្វចាប នៅអាស្រ័យនឹងផ្ទះអ្នកដទៃ មិនដែលកាន់យក ឬលួចយករបស់អ្វីមួយនៅក្នុងផ្ទះនោះឡើយ មានចិត្តទៀងទាត់ ច្រើនទៅដោយសញ្ញា(ការចាំ) ។

ប្រៀបដូចអ្នកប្រតិបត្តិ កាលនឹងចូលទៅកាន់ត្រកូលណានីមួយ មិនគប្បីកាន់យកនិមិត្ត ក្នុងបុគ្គលនិងរបស់អ្វីមួយក្នុងត្រកូលនោះៗ ទោះជាបុរស ស្ត្រី ទីដេក ទីអង្គុយ គ្រឿងឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់ផ្សេងៗ គប្បីជាអ្នកមធ្យ័តប្រយ័ត្នខ្លួន តាំងសមណសញ្ញាឲ្យប្រាកដច្បាស់ទុកក្នុងចិត្តជានិច្ច ៕

អង្គ១ របស់ស្ការ


សត្វស្ការ កាលចូលទៅជិតពស់ វាតែងយកថ្នាំលាបខ្លួនវាជាមុនហើយ ទើបចូលទៅចាប់ខាំពស់ ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលចូលទៅជិតបុគ្គលដែលច្រើនទៅដោយកំហឹងឃោរឃៅ ហើយជាអ្នកតែងមានការឈ្លោះវិវាទគ្នា គ្របសង្កត់សន្តានចិត្តផង ក៏យកថ្នាំគឺមេត្តាលាបឲ្យសព្វខ្លួនហើយ រំលត់កំហឹងខឹងឃោរឃៅជាដើមនោះចេញ ធ្វើសន្តានរបស់ខ្លួននឹងជនទាំងឡាយ ឲ្យត្រជាក់ស្រួលដោយមេត្តាភាវនា ៕


កម្ពុជាសុរិយា ភ្នំពេញ ១៩៤៣ ភ.២ ទំ.២៧២

Monday, January 22, 2018

អង្គ១របស់ខ្ទួយ


ខ្ទួយមានកន្ទុយជាអាវុធ មានកន្ទុយងស្ទើតត្រេចទៅ ។
ប្រៀបដូចអ្នកប្រតិបត្តិ មានប្រាជ្ញាញាណជាអាវុធ លើកប្រាជ្ញាញាណឡើងកំចាត់កិលេស បន្ទោបង់កិលេសដោយលំដាប់ បើកងកិលេសនៅមាន ក៏តាំងចិត្តតស៊ូដោយវិធីសំលៀងអាវុធ គឺញាណឲ្យមុតស្រួចទាល់តែអាចកំចាត់កងកិលេសបានជ្រះស្រឡះ ភ័យទាំងពួងក៏មិនអាចញាំញីគ្របសង្កត់បាន ៕


Sunday, January 21, 2018

អង្គ១របស់កណ្ដុរ


កាលត្រេចរង្គាត់ទៅកាន់ទីណាមួយ តែងប៉ុនប៉ងស្វែងរកតែអាហារមួយយ៉ាងប៉ុណ្ណោះ ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលត្រេចទៅកាន់ទីណានីមួយ ក៏ប៉ុនប៉ងខ្ជាប់ខ្ជួននៅក្នុងយោនិសោមនសិការៈតែមួយ ទោះបីងើយមើលងាកទៅម្យ៉ាងឆ្វេងខាងស្ដាំ ក៏ធ្វើចិត្តឲ្យខ្ជាប់នៅក្នុងធម៌ដោយឧបាយប្រាជ្ញាតែម្ខាងប៉ុណ្ណោះ ៕

អង្គ១របស់កណ្ដៀរ


យកដីមកកជាដំបូក លាក់ខ្លួនពួននៅខាងក្រោមស្វែងរកអាហារបរិភោក្ដា ។
ប្រៀបដូចអ្នកប្រតិបត្តិ ធ្វើសីលសំវរៈទុកដូចជាដំបូកជាគ្រឿងកំបាំងកាយ បិទទ្វារគឺចិត្តរួចសឹមត្រេចរង្គាត់ទៅ ក៏នឹងឆ្លងផុតភ័យទាំងឡាយទាំងពួងបាន ៕


អង្គ១របស់អ្នកធ្វើការ


អ្នកធ្វើការដែលពូកែ តែងគិតដូច្នេះថា អញធ្វើការឲ្យគេដោយបំណងថ្លៃឈ្នួលឲ្យបានច្រើន អញមិនគួរខ្ជឹលច្រអូស ធ្វេសប្រហែសការរបស់គេទេ គួរតែពិចារណាឲ្យគត់មត់ជាមុនសិនសឹមធ្វើ ទើបបានការយ៉ាងល្អ ។

ប្រៀបដូចអ្នកប្រតិបត្តិ ខំពិចារណាកាយដែលកើតឡើង អំពីធាតុ ៤ គឺដី ទឹក ភ្លើង ខ្យល់ ឲ្យរឿយៗ ដោយសេចក្ដីមិនប្រមាទ មានស្មារតីខ្ជាប់ខ្ជួន រលឹកដឹងខ្លួន មានចិត្តខ្ជាប់ខ្ជួនទៀងទាត់ នៅក្នុងអារម្មណ៍តែមួយ ក៏នឹងផុតរបូតចាកទុក្ខទាំងឡាយទៅបាន ៕

អង្គ១របស់ក្ដោង


តែទ្រទ្រង់ទុកនៅខ្សែយោង រ៉កនិងសន្លឹកក្ដោង ។
ប្រៀបដូចជាបុគ្គលប្រកបដោយសតិ និងសម្បជ្ជញ្ញៈ ដឹងខ្លួនក្នុងខណៈធ្វើ ក្នុងខណៈនិយាយ និងក្នុងខណៈគិតប្រចាំនៅជានិច្ច ដូច្នោះ ៕

អង្គ១របស់ដើមភ្លៅនាង


ដុះងក្ងក់នៅក្រោមដី កាលបើចាស់ពេញទីហើយ ក៏ដុះផុះញែកបំបែកដីឡើងមក ដល់១០០ហត្ថក៏មាន ឬជាងនេះក៏មាន ។
ប្រៀបដូចអ្នកប្រតិបត្តិ ដែលស្វែងរកសាមញ្ញផល ៤ គឺ សោតាបត្តិផល  លះសំយោជនៈបានបី ១ សកទាគាមិផល លះសំយោជនៈបានបី ហើយនឹងធ្វើឲ្យរាគៈ ទោសៈ មោហៈស្រាលស្ដើង ១ អនាគាមិផល លះសំយោជនៈខាងក្រោមបានប្រាំ១ និងអរហត្តផល លះសំយោជនៈខាងលើដទៃទៀតបានប្រាំ ១, បដិសម្ភិទា ៤ គឺ បញ្ញាបែកធ្លាយក្នុងអត្ថ១ ក្នុងបញ្ញាបែកធ្លាយក្នុងធម៌១ បញ្ញាបែកធ្លាយក្នុងនិរុត្តិ១ និងបញ្ញាបែកធ្លាយក្នុងបដិភាណ(ឆ្លៀវឈ្លាស)១,  អភិញ្ញា ៦ គឺ សំដែងឫទ្ធិបាន១ ត្រចៀកទិព្វ១ ដឹងចិត្តអ្នកដទៃ១ ភ្នែកទិព្វ១ រឭកជាតិបាន១ និងធ្វើអាសវៈឲ្យអស់បាន១ ព្រមទាំងសមណធម៌ក្នុងព្រៃស្ងាត់ដូច្នោះ ៕

អង្គ១ របស់ឃ្លោក


ធម្មតាឃ្លោករមែងបោះដៃទៅតោងស្មៅ ឈើស្ងួតឬវល្លិ៍ វារឡើងលើវត្ថុនោះៗ ចំរើនលូតលាស់ល្អ ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រាថ្នានឹងធ្វើខ្លួនឲ្យបានចំរើនលូតលាស់យ៉ាងក្រៃលែងក្នុងព្រះអរហត្ត គប្បីតាំងចិត្តចាប់យកព្រះអរហត្តជាអារម្មណ៍ ឲ្យដូចជាវល្លិ៍ឃ្លោកដែលមានដៃដូច្នោះ ។


អង្គ១របស់ប៉ី(ខ្លុយ)


អនុលោមតាមផ្លូវមាត់ដែលគេផ្លុំ សូរមិនបែកខ្ចាត់ខ្ចាយទៅទីឯទៀត ។
ប្រៀបដូចជាបុគ្គលដែលអនុលោមតាមនវង្គសត្ថុសាសនា ដែលសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានសំដែងទុកល្អហើយ ដំកល់ខ្លួននៅក្នុងកម្មមិនមានទោស ស្វែងរកតែសមណធម៌ប៉ុណ្ណោះ ៕


អង្គ១ របស់ខ្លាញី


មានផ្ទៃពោះតែម្ដង ហើយមិនចូលទៅជិតគូឈ្មោលតទៅទៀត ។
ប្រៀបដូចជាអ្នកប្រតិបត្តិ សំឡឹងមើលឃើញចុតិបដិសន្ធិ គឺការច្យុតទៅចាប់បដិសន្ធិថ្មីទៀត ជាដំណើរគួរខ្លាច ព្រោះច្របូកច្របល់ទៅដោយទុក្ខវេទនាយ៉ាងពន្លឹក មានសុខត្រឹម១ដង្ហើម តោងពទុក្ខជាវេលាយូរ តោងវិលវល់ដោយជាតិ ជរា ព្យាធិ មរណៈមិនចេះចប់​ ទើបរាងចាលមិនចង់ជួបប្រសព្វ តាំងចិត្តបំពេញយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ថានឹងមិនចាប់បដិសន្ធិក្នុងភពថ្មីទៅទៀត ៕

អង្គ១ របស់កង្ហែន




កាលបើមានសត្រូវចូលមកជិត ក៏ពង់កន្ទុយឲ្យធំឡើង តស៊ូសត្រូវនឹងកន្ទុយនោះ មិនថយរត់គេចចេញ ។
ប្រៀបដូចជាអ្នកប្រតិបត្តិ កាលកិលេសកើតឡើង ក៏គង់ចំរើនសតិប្បដ្ឋានទាំង ៤ គឺ -មានកាយជាអារម្មណ៍ ពិចារណាឃើញកាយក្នុងកាយ -មានវេទនាជាអារម្មណ៍ ពិចារណាឃើញវេទនាក្នុងវេទនា -មានចិត្តជាអារម្មណ៍ ពិចារណាឃើញចិត្តក្នុងចិត្ត និង-មានធម៌ជាអារម្មណ៍ ពិចារណាឃើញធម៌ក្នុងធម៌ ។ ដោយសេចក្ដីព្យាយាម មានសម្បជញ្ញៈ មានសតិគប្បីកម្ចាត់នូវអវិជ្ជា ទោសមនស្សក្នុងលោកនេះចេញបាន និង តស៊ូច្បាំងនឹងកម្លាំងកិលេសទាំងពួងដោយសតិប្បដ្ឋានទាំង ៤ នេះដូចជាកន្ទុយកង្ហែនដូច្នេះ ៕


អង្គ១ របស់សត្វលា


មិនចេះរើសដំណេក ក្នុងទីណាក៏ដេកបាន ហើយដេកមិនយូរពេក មិនច្រើនពេក ។
សេចក្ដីនេះ ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយសេចក្ដីព្យាយាមមិនរើសដំណេក មានព្យាយាមមិនប្រមាទក្នុងបធានទាំង ៤ គឺ-ព្យាយាមមិនឲ្យបាបកើតឡើងក្នុងសន្តាន ១ -ព្យាយាមលះបង់បាបដែលកើតឡើងហើយ ១ -ព្យាយាមធ្វើកុសលឲ្យកើតឡើងក្នុងសន្តាន ១ -ព្យាយាមរក្សាកុសលដែលកើតឡើងហើយ មិនឲ្យសាបសន្យទៅវិញ ១ ៕


Saturday, January 20, 2018

រឿងដាស់តឿនចិត្តចំពោះលោកធម៌


ដំណាលសេចក្ដីថាៈ ព្រះបាទមិលិន្ទទ្រង់ចោទដណ្ដឹងសួរអង្គរបស់យុថ្កាថា តើមានប៉ុន្មាន? ព្រះនាគសេនត្ថេរតបថា មានអង្គ ២ ដោយបរិយាយថា បពិត្រមហារាជ ធម្មតាយុថ្ការមែងនឹងលិចចុះក្នុងភក់ទប់ទល់នាវាមិនឲ្យកំរើកញាប់ញ័រដោយរលក ខ្យល់ព្យុះដែលបក់បោកមកត្រូវ ហើយរក្សានាវាមិនឲ្យរសាត់អណ្ដែតទៅកាន់ទិសផ្សេងៗបាន ដូចម្ដេចមិញ បពិត្រមហារាជ ព្រះយោគាវចរលោកកំណត់ចិត្តរបស់លោកមិនឲ្យចិត្តរសាត់អណ្ដែតទៅកាន់អារម្មណ៍ផ្សេងៗ ដោយរលកគឺរាគៈ ទោសៈ មោហៈ មកប្រហារឡើយ ដូចជាយុថ្កាដែលទប់ទល់នាវាឲ្យនឹងនៅក្នុងមហាសមុទ្រដូច្នេះដែរ នេះជាអង្គទី ១ ។

មួយទៀតមហារាជ ធម្មតាយុថ្កាមិនឃ្លេងឃ្លោងលិចនៅតែក្នុងទឹកជំរៅ ១០០ ហត្ថខ្លះ (២០០ ហត្ថខ្លះ) ទប់ទល់នាវាឲ្យនឹងនៅ ដូចម្ដេចមិញ ព្រះយោគាវចរមិនឃ្លេងឃ្លោងក្នុងលាភ យស សក្ការៈ រាប់អានថ្វាយបង្គំ កោតក្រែងឡើយ លោកដំកល់ចិត្តរបស់លោកឲ្យនឹងននៅក្នុងបច្ច័យ ៤ គ្រាន់តែល្មមនឹងចិញ្ចឹមជីវិតប៉ុណ្ណោះ ដូចជាយុថ្កាដែលទប់ទល់នាវាឲ្យនឹងនៅក្នុងមហាសមុទ្រដូច្នេះដែរ នេះជាអង្គទី ២ ។

សមដូចភាសិតរបស់ព្រះសារីបុត្ត លោកពោលទុកថាៈ ធម្មតាយុថ្កាមិនឃ្លេងឃ្លោង តែងនឹងលិចចុះក្នុងទឹកសមុទ្រ យ៉ាងណាមិញ អ្នកទាំងឡាយកុំឃ្លេងឃ្លោងលិចចុះក្នុងលោក និងសក្ការៈឡើយ ដូចជាយុថ្កាដូច្នោះឯង ៕


ស. កម្ពុជសុរិយា គ.ស. ១៩៤៣ ភាគ១ ក.១៦ ទំ.១៤
ច.គោលគំនិតល្អដើម្បីជីវិត

Friday, January 19, 2018

ជីវិតពិតៗ ជាលំបាក


ជីវិតដ៏ពេញលេញមួយ ជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិ ។ ពេលខ្លះវាពិបាកលេប យើងមិនចង់សាកភក្សទេ ប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទាំងលំបាក ។ ជីវិតជួបតែរឿងរ៉ាវពិតជាធ្ងន់ពិបាករែកពន់ តែបើយល់ថា ពិបាកខ្លាំង ចុះហេតុអ្វីយើងមិនទម្លាក់ចោលអំរែក ដែលមិនសូវសំខាន់ចោលខ្លះ…?

ធ្លាប់ឈឺចាប់ ធ្លាប់សើចសប្បាយ ធ្លាប់បាត់បង់ ធ្លាប់ត្រូវគេបោះបង់ ធ្លាប់ត្រូវគេសើចចំអកមើលងាយ ប៉ុន្តែពាក្យថាធ្លាប់ហ្នឹងហើយ ដែលជាបទពិសោធ ដើម្បីឲ្យយើងមានកម្លាំងស៊ូបន្តរស់បានរហូតមកដល់ថ្ងៃនេះ ។

ពាក្យបីម៉ាត់ ដែលយើងគ្រប់គ្នាគួរតែយកទៅជាប់តាមជីវិតគឺ ញញឹម សង្ឃឹម តស៊ូ ។ ញញឹមចំពោះអតីតដែលបានផ្ដល់នូវមេរៀនដ៏ល្អៗ, សង្ឃឹមក្នុងពេលបច្ចុប្បន្ន ដែលយើងអាចអាចធ្វើវា និងតស៊ូ  ដើម្បីសម្រេចក្ដីសុបិនឲ្យក្លាយជាការពិតក្នុងពេលអនាគត ។


Tuesday, January 16, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៧)


កិលេសមិនមែនមានគ្រាន់តែទោសម្យ៉ាងទេ កិលេសក៏មានគុណបានដូចគ្នាដែរ ព្រោះហេតុនេះទើបជាការលំបាកណាស់ ដែលយើងទាំងឡាយនឹងលះបង់កិលេសបាន ភាន់វង្វេងច្រឡំខុស ភាន់ច្រឡំចងរុំរិតនៅត្រាំជាមួយនឹងទោស ហាក់ដូចជាគុណរបស់កិលេស ។

ព្រះលោកនាថជាទីពឹងដ៏ខ្ពង់ខ្ពស់រួចផុតពីកណ្ដាប់ដៃនៃមារមច្ចុ ខ្ពស់ឧត្តមថ្លៃថ្លាគ្មានអ្វីធៀបប្រដូចបាន វាហាក់ដូចជារឿងគុណរបស់កិលេសអ៊ីចឹង ព្រះពុទ្ធសាសនាប្រកាន់ថា ជាទោស ឲ្យឈ្មោះថា ជាកិលេស ហើយសម្រាប់ព្រះពុទ្ធសាសនាជាទោសទាំងអស់ មិនមែនជាគុណអ្វីឡើយ ។

គុណដែលពិតនៅក្នុងព្រះពុទ្ធសាសនា តាមពាក្យពុទ្ធោវាទនៃសម្ដេចព្រះបរមគ្រូសាស្តាចារ្យអរហំសម្មាសម្ពុទ្ធជាម្ចាស់មានត្រឹមតែម្យ៉ាងគត់ គឺគុណដែលកើតពីការលះបង់កិលេស លះបានតិច បានគុណតិច លះបានច្រើន បានគុណច្រើន លះកិលេសបានទាំងអស់ ក៏បានគុណមិនអាចគណនារៀបរាប់អស់បាន ។

លោភៈ សេចក្ដីល្មោភលោភលន់ កិលេសមួយកងនេះមានទោសហាក់ដូចជាមានគុណ ប្រាកដច្បាស់ជាងកិលេសកងទោសៈ សេចក្ដីក្រេវក្រោធ ច្រលោតតោតតូង ច្រលោងខាម និងកងមោហៈ សេចក្ដីស្រវឹង ឈ្លក់វង្វេង ងងឹតងងល់ មិនដឹងទិសតំបន់ មិនដឹងគុណទោស បាបបុណ្យ ល្អអាក្រក់ សខ្មៅ ធ្វើបាបគិតថាបានផលជាសុខ ធ្វើបុណ្យគិតថាបានផលជាទុក្ខ ឋានសួគ៌នរកគ្មាន លោកខាងមុខមិនមានជាដើម ។ លោភៈចិត្តៗដែលកើតឡើងគិតទៅដល់ការចង់បានទ្រព្យសម្បត្តិ មាសប្រាក់ វត្ថុគ្រប់យ៉ាង ធ្វើតាមវិធីសមលោភ លោភតាមកម្រិតកម្លាំងស្មង កម្លាំងចំណេះដឹង កម្លាំងប៉ិនប្រសព្វរបស់ខ្លួន និងតាមវិធីវិសមលោភចិត្តៗ ដែលលោភលន់ចង់បានលើសពីសមត្ថភាព លទ្ធភាពដែលមាន គិតចង់បានរំពៃសម្លឹងមើលទ្រព្យសម្បត្តិដែលអាចដណ្ដើមយកមកបាន ដោយវិធីខុសច្បាស់ទម្លាប់ មានកិបកេងប្រវញ្ចរឹបអូសជិះជាន់ កុហកឆបោក លួចឆក់ប្លន់តាមទំនើងរបស់ចិត្តខ្លួន ដោយមិនគិតដល់នៃអំពើបាប យ៉ាងនេះជាទោសរបស់លោភ ។

ការលោភលន់បែបនេះ មើលទៅហាក់ដូចជាគុណ ព្រោះជាការបានដូចជាលាភសំណាង លាភផលដែលកើតចេញពីទង្វើទុច្ចរិត ដែលប្រកបធ្វើដោយសេចក្ដីលោភលន់ ដែលកើតឡើងពីសេចក្ដីលោភ បុគ្គលដែលសមប្រាថ្នាដែលបានកើតឡើងពីសេចក្ដីលោភ រមែងឃើញទោសជាគុណ ។

តែពេលកើតទោសជាទោសដែលកើតចេញពីរឿងដែលមានទោសដូច្នេះ ថ្ងៃមួយទោសនោះរមែងឲ្យផលច្បាស់ដល់បុគ្គលអ្នកធ្វើ អ្នកប្រព្រឹត្ត អាចឆាប់ឬយឺតយូរ តែជាផលអាក្រក់នៃបាបកម្ម ។ កម្មដែលមានទោស រមែងឲ្យផលមិនល្អមែនពិត ជាផលល្អបានពីការភូតភរឆបោក កិបកេងប្រវញ្ចគេនោះក៏មិនមែនទេដែរ ។

ទោសដែលមានជាក់ជាប្រាកដគឺនៅពេលមួយត្រូវបានគេចាប់ទាន់ជាន់កែងបាន ត្រូវខ្លួនមកទទួលទោសពីសេចក្ដីលោភ ដែលមើលទៅហាក់ដូចជាគុណ ព្រោះបានវត្ថុតម្រូវការមុន នេះទើបជាហេតុបាំងបិទមិនឲ្យឃើញពីទោសនៃសេចក្ដីលោភ ដែលកងកិលេសចម្បង ដែលលោកចាត់ទុកជាលំដាប់ទី១ក្នុងកិលេសសំខាន់ទាំង ៣ កង ។

កិលេសសំខាន់ទាំងលោភៈ ទាំងទោសៈ និងទាំងមោហៈ មិនមានគុណ មានតែទោសតែម្យ៉ាងគត់ ផ្ទុយទៅវិញសេចក្ដីមិនលោភ មិនប្រទូសរ៉ាយ មិនឈ្លក់វង្វេង មិនមានកិលេសសំខាន់ទាំង ៣ កងនេះ មានគុណក្រៃក្រាសបំផុត លើគុណដទៃទាំងឡាយទាំងពួង គុណនោះជាហេតុនាំឲ្យផុតអន្លងទុក្ខទាំងពួងគ្រប់ពេល មិនមានទុក្ខណាត្រឡប់មកកើតឲ្យជួបជួនតទៅទៀតបានឡើយ ។

ទុក្ខនៃភាពចាស់ជរា ភាពឈឺចាប់ និងការស្លាប់ ទុក្ខនៃសេចក្ដីព្រាត់ប្រាសនិរាសពីវត្ថុជាទីស្រឡាញ់ជាទីពេញចិត្ត ទុក្ខនៃសេចក្ដីត្រូវការជួបជួនជាមួយវត្ថុមិនជាទីស្រឡាញ់មិនជាទីពេញចិត្ត មិនត្រូវបានប្រទះគប់ប្រសព្វតទៅទៀតសូម្បីតែបន្តិច តើសេចក្ដីសុខមានប៉ុនណាទៅដែលបានកើតចេញពីសេចក្ដីមិនមានលោភ មិនខឹងក្រោធ មិនឈ្លក់វង្វេង? គួរណាតែយើងគ្រប់គ្នាទុកឱកាសយកពេលវេលាមកគិតពិចារណឲ្យបានវែងឆ្ងាយ និងស៊ីជម្រៅ បានមួយថ្ងៃបន្តិចៗប្រសើរជាងដែលអត់បានគិតអ្វីសោះថា ការមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីទុក្ខ ការមិនមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីសុខ ។

ការលះកិលេសក្រក្រៃណាស់ ព្រោះហេតុអ្វី ឬសូម្បីតែពិចារណាឲ្យបានច្បាស់ រមែងបានជ្រួតជ្រាបយល់ល្មមសមគួរថា ការលះកិលេសពិបាកណាស់ ព្រោះតែនាំគ្នាផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទៅលះកិលេសរបស់អ្នកដទៃ មិនផ្តោតអារម្មណ៍យកចិត្តទុកដាក់លះកិលេសខ្លួនឯងឡើយ ទើបកិលេសដាក់ចុះដុសឡើងពេញទាំងផ្ទះទាំងស្រុកទាំងប្រទេសទាំងសកលលោករាល់ថ្ងៃ ទាល់តែបិទបាំងរាំងជិតពន្លឺរស្មីនៃព្រះពុទ្ធសាសនា ពន្លឺរស្មីនៃព្រះធម៌ពាក្យអប់រំទូន្មានប្រៀនប្រដៅរបស់ព្រះលោកនាថសាស្ដាចារ្យដែលជាព្រះបរមគ្រូរបស់ពពួកព្រហ្ម ឥន្ទ ទេវតា និងមនុស្សដ៏សេសច្រើនឡើងគ្រប់ពេលគ្រប់វិនាទី ៕




បញ្ហាចាស់បុរាណ ១១ ខ ពាក្យកាព្យ


បញ្ហាបុរាណមានដប់មួយ
សូមនាំដំរួយផ្ដើមជាន័យ
ទាំងហេតុទាំងផលសមុទ័យ
កែលៃលោកធម៌ឲ្យភ្លឺជាក់ ។

_     ថាស៊ីប៉ុន្មានមិនបាត់ចង់
_     ដេកច្រើនភ្លើនអង្គមិនចេះភ្ញាក់
_     ឱបរិតកូនខ្ចីឥតបីដាក់
_     ស្រឡាញ់អ្នកដទៃជាងអាត្មា ។

_     ជាប់ជ្រួលច្រវាក់ភក្រ្តស្រស់ស្រាយ
_     គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា
_     វង្វេងផ្លូវមិនសួរនរណា
_     តនឹងបច្ចាឥតអាវុធ ។

_     ការខ្លីសញ្ញាថាការវែង
១០_   ខំយកធ្មេញឯងបកដូងហុត
១១_   រត់ពីក្រពើចុះសមុទ្រ
          បញ្ហានេះពុទ្ធភាសិត ។
         
បញ្ហាខាងលើនេះ
          ស្មេរមិនសរសេរបកស្រាយពន្យល់សេចក្ដីឡើយ
          ទុកជាប្រស្នាអ្នកឯណាមួយនឹងបានឈ្វេងយល់
          ទុកជាទុនសម្រាប់អប់រំចិត្ត ។

អប់រំដោយ
គ្រូបាន-តេង
ស.ស.កម្ពុជសុរិយា ១៩៤៣ ភាគទី១ ក.១៦ ទំ.១១៤


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៦)


“...មើលចិត្តខាងក្នុង ភាវនាខាងក្នុង ខាងក្រៅមានសកម្មភាពទៅបែបណា វាជារឿងរបស់ខាងក្រៅ
រឿងរ៉ាវខ្លះអាចដោះស្រាយកែកុនបាន តែរឿងខ្លះទៀតមិនអាចទៅដោះស្រាយកែកុនបានឡើយ បណ្ដាលមកពីផលនៃកម្ម ដែលមនុស្សគ្រប់គ្នាបានសាងសន្សំទុករៀងៗខ្លួនពីមុនមក មិនដឹងជាប៉ុន្មានជាតិកំណើតមកហើយទេ ក៏មកដល់ពេលនេះត្រូវខ្លួនមកទទួលផលកម្មដែលខ្លួនបានធ្វើទុកយ៉ាងនោះ តើមានអ្នកណាមកដោះស្រាយឲ្យបានទៅហ្ន៎? គឺយើងខ្លួនយើងត្រូវមកដោះស្រាយក្នុងចិត្តយើងហ្នឹងឯង មិនឲ្យវាកើតទុក្ខ ក្ដៅក្រហាយ សោកសៅ ជាមួយពាក្យនិន្ទារិះគន់មូលបង្កាច់បង្ខូចលាបពណ៌ដាក់ឲ្យយើង ។ សារជាតិ ភ្លើងគឺវាក្ដៅខ្លាំងទៅប៉ុនណា ក៏វាជារឿងរបស់ភ្លើង បើសិនជាយើងមិនយកដៃទៅលូកទៅប៉ះទៅពាល់ទៅចាប់ទៅកាន់ តើឲ្យវាក្ដៅបានយ៉ាងដូចម្ដេច វាក្ដៅនៅតែត្រង់ភ្លើង ខ្លួនយើងនេះមិនក្ដៅឡើយ

អប់រំដោយ
លោកឪ ស៊ិម ពុទ្ធាចារោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៥)


"...មនុស្សដែលមានបុណ្យនោះ បុណ្យរមែងចាំចូលមកជួយស្រាប់ហើយ
គ្រាន់តែបើកឱកាសឲ្យចូលមកជួយ គឺបើកចិត្តខ្លួនឯងទទួល
ការបើកចិត្តទទួលគឺជាការបើកអារម្មណ៍ដែលហ៊ុំព័ទ្ធចេញមកសូម្បីតែមួយខណៈក៏ដោយ
ដោយសតិដែលកំណត់ចិត្តតាមវិធីសាស្ត្ររបស់ព្រះពុទ្ធជាម្ចាស់
ពេលបុណ្យមានឱកាសចេញព្រូចូលមកដល់ចិត្ត ឬផុសចេញឡើងបាន
ចិត្តក៏ត្រឡប់ជាមានសេចក្ដីសុខយ៉ាងក្រៃលែង អារម្មណ៍ទាំងឡាយ
ដែលធ្លាប់ឃើញថា ល្អ ឬអាក្រក់ ក៏ក្លាយទៅជារឿងធម្មតារបស់លោក..." ។

អប់រំដោយ
ញាណសំវរ

ឈប់ធ្វើអត្តឃាតខ្លួនឯងបានយ៉ាងម៉េច?


ការធ្វើអត្តឃាតខ្លួនឯង កើតឡើងពីមូលហេតុច្រើនប្រការ តែមូលហេតុចម្បងគេ ដែលអាចនាំឲ្យបុគ្គលនោះឈានដល់ដំណាក់កាលធ្វើអត្តឃាតខ្លួនឯងនោះ កើតពីរោគសោកសៅក្រៀមក្រំចិត្ត ។ មនុស្សដែលកើតជំងឺសោកសៅក្រៀមក្រំចិត្ត នឹងមានអារម្មណ៍ធុញថប់ចិត្តយ៉ាងខ្លាំងស្ទើរតែគ្រប់យ៉ាងនៅក្នុងជីវិត ធុញទ្រាន់នឹងជីវិតក្នុងការរស់បន្ត ។ ការសោសៅក្រៀមក្រំចិត្តខ្លាំងឡើងៗ អាចធ្វើឲ្យកើតគំនិតគិតថា ខ្លួនឯងខុស គ្មានតម្លៃ និងគិតចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោង ។ ការស្លាប់នេះទុកដូចជាច្រកចេញ ឬដំណោះស្រាយបញ្ហាក្នុងមួយរយៈពេលខ្លី ដើម្បីគេចចេញពីបញ្ហាប្រឈមមុខ ។ គំនិតរបស់បុគ្គលដែលចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោងនេះ មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាអ្វីបានឡើយ ជីវិតងងឹតសូន្យស៊ុង និងខកចិត្តអស់សង្ឃឹម តែការពិតមិនមែនកើតដូច្នេះឯណា ។ អាការរបស់រោគសោកសៅក្រៀមក្រំចិត្ត ចាប់ផ្ដើមពីអាការស្រាលៗ ហើយវិវត្តទៅរកធ្ងន់យ៉ាងឆាប់រហ័ស អាចសង្កេតតាមដានបាន ដូចមានសេចក្ដីខាងក្រោម៖

១. អារម្មណ៍មិនសូវសប្បាយស្រស់ថ្លាដូចមុន មិនមានសេចក្ដីសុខសម្រាន្ត ធុញទ្រាន់ អស់សង្ឃឹម តប់ប្រមល់ និងសោសៅ ។
២. អស់ចំណាប់អារម្មណ៍ក្នុងរឿងផ្សេងៗ ធុញទ្រាន់រឿងដែលធ្វើឲ្យសប្បាយៗ មានក្ដីសុខ មិនចង់ធ្វើអ្វី មិនចង់ចេញទៅជួបជាមួយពីណា ។
៣. ធុញអាហារ ទម្ងន់ស្រក់លឿន (អ្នកខ្លះអាចស៊ីច្រើនដើម្បីបំបាត់ស្ត្រេស ធ្វើឲ្យឡើងទម្ងន់បន្ថែមទៀត) ។
៤. ដេកមិនលក់ លក់ដែរតែភ្ញាក់ៗ ឬភ្ញាក់លឿនជាងសព្វមួយដង ២-៣ម៉ោង ដេកទៅវិញមិនលក់ (អ្នកខ្លះអាចដេកច្រើនឡើង ក្រៅពីមិនចង់ធ្វើអ្វី ព្យាយាមដេកប៉ុន្តែដេកមិនលក់សោះ) ។
៥. រហិតរហៃអស់កម្លាំងកំហែង ទន់ដៃទន់ជើង ខ្លួនមិនចង់ធ្វើអ្វីទាំងអស់ ។
៦. គិតមិនរហ័ស ធ្វើចលនាមួយៗ មិនជឿជាក់លើចិត្តខ្លួនឯង មិនហ៊ានគិត ស្ទាក់ស្ទើរសម្រេចចិត្តលំបាក ។
៧. គ្មានសមាធិ តាំងចិត្តធ្វើការងារមិនបាន ឆាប់ភ្លេច ខ្សោយការចង់ចាំ ។
៨. គិតថាខ្លួនឯងគ្មានតម្លៃ ធ្វើខុស ធ្វើមិនបានល្អ គិតទៅលើខ្លួនឯងមិនល្អ ។
៩. គិតចង់ស្លាប់ និងព្យាយាមធ្វើអត្តឃាតខ្លួនឯង ។

ការព្យាបាលរក្សារោគសោកសៅក្រៀមក្រំ ជាការដោះស្រាយមូលហេតុនៃការចង់ធ្វើអត្តឃាតខ្លួនឯង ។ ជំងឺសោកសៅអាចព្យាបាលរក្សាឲ្យជាដាច់បានមិនមែនជារឿងអីត្រូវពិបាកឡើយ ដោយផ្អែកលើបច្ចុប្បន្នភាពនេះ យើងដឹងពីមូលហេតុរបស់វាថា កើតពីការធ្វើការងារនៃប្រព័ន្ធព័ត៌មានប្រសាទដែលមានផលចំពោះអារម្មណ៍ ។ ថ្នាំព្យាបាលជំងឺសោកសៅជួយឲ្យការងារនៃប្រពន្ធព័ត៌មានប្រសាទត្រឡប់មកជាប្រក្រតីវិញ មានអ្នកជំងឺ ៨០ % ព្យាបាលរក្សាបានជា ។

ប្រសិនបើយើងនៅមានមន្ទិលសង្ស័យថា មនុស្សជិតស្និទ្ធមានអាការប្រហាក់ប្រហែលជំងឺសោកសៅក្រៀមក្រំចិត្ត ដូចជា ទ្រមឹងត្រមក់ សញ្ជឹកសញ្ជឹង តោះតើយ ហីៗ មិននិយាយស្តី ស្រពឹកស្រពន់ តំអែតំអក់ ធ្វើអ្វីខុសពីសភាពដើម ការរៀនសូត្រ ឬធ្វើការងាររបស់ខ្លួន អ្នកខ្លះទៀតអាចប្រើពាក្យសម្ដី ដូចជា មានអារម្មណ៍ធុញទ្រាន់មិនដឹងជាចង់រស់ធ្វើអ្វីទេ” “ផ្ញើមើលថែកូនឲ្យផងឬដំណើរការគួរឲ្យអាណិតអាសូរថា មិនចង់មានជីវិតបន្តទៅទេ ដូចជា ធ្វើបណ្ដាំមរតកទុក ផ្ទេរទ្រព្យសម្បត្តិឲ្យកូនចៅ ជាដើម ។ យើងគួរផ្ដល់ការយកចិត្តទុកដាក់ព្រួយបារម្ភ សាកសួរអំពីអារម្មណ៍ គំនិត និងអាការរបស់ជំងឺសោកសៅក្រៀមក្រំចិត្តនេះ ជាការជួយសង្គ្រោះជាបឋម ធ្វើឲ្យមនុស្សដែលកំពុងសោកសៅ មានអារម្មណ៍ថា មានមនុស្សចេះព្រួយបារម្ភ ចេះមានមនុស្សយកចិត្តទុកដាក់ មានមិត្តភក្តិ មានទីពឹងពំនាក់ ជួយឲ្យអាការសោកសៅក្រៀមក្រំចិត្តល្អប្រសើរឡើងវិញ និងមិនចង់ធ្វើអត្តឃាតខ្លួនឯងឡើយ ។ ប្រសិនបើរកឃើញថា មានបុគ្គលណាមានអាការកើតរោគសោកសៅក្រៀមក្រំចិត្ត ៥ ប្រការ ខាងដើម គួរណែនាំឲ្យបុគ្គលនោះទៅជួបវិជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។ ការព្យាបាលជំងឺស្ត្រេសសោកសៅបានឆាប់លឿន និងអាចជួយការពារអ្នកជំងឺឲ្យរូចផុតពីការចង់ធ្វើអត្តឃាតខ្លួនឯងបាន ។